លោកប្រធានាធិបតី Donald Trump ប្រហែលជាបានកំណត់ឡើងវិញអំពីអ្វីដែលអាចទៅរួចចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង មិនថាវាជាការគំរាមកំហែងកម្ទេចប្រទេសទាំងមូលចោល ឬក៏ការក្លាយខ្លួនជាប្រធានាធិបតីសហរដ្ឋអាមេរិកទីមួយ ដែលបានជួប ហើយក្រោយមកថាបាន «ចូលចិត្ត» មេដឹកនាំកូរ៉េខាងជើង។ ប៉ុន្តែទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងអាចវិលទៅរកសភាពដូចដើមវិញនៅពេលឆាប់ៗខាងមុខនេះ។
លោក Joe Biden ដែលគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ បានសន្យាថា នឹងដោះស្រាយបញ្ហាជាមួយប្រទេសកូរ៉េខាងជើងតាមវិធីសាស្ត្រពីមុនយូរមកហើយ។ លោកក៏បានឲ្យសញ្ញាអំពីការវិលត្រឡប់ទៅរកទំនាក់ទំនងមួយដែលប្រឆាំងគ្នាវិញផងដែរ។ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Biden បានថ្លែងម្ដងហើយម្ដងទៀតថា លោក Kim Jong Un ជា «ជនផ្ដាច់ការ» និងជា «ជនឧក្រិដ្ឋ»។ ប្រទេសកូរ៉េខាងជើងបានតបមកវិញដោយហៅលោក Biden ថាជាបុគ្គល «ល្ងីល្ងើ» និង«មាន IQ ទាប»។
ទោះបីជាលោក Biden មិនបានថ្លែងដោយផ្ទាល់សំដៅលើប្រទេសកូរ៉េខាងជើងនៅក្នុងសុន្ទរកថាទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីកាលពីសប្ដាហ៍មុនក៏ដោយ ក៏លោកបានបង្ហើបថា បើសិនជាលោកជាប់ឆ្នោត លោកនឹងធានាថា «ថ្ងៃដែលព្យាយាមធ្វើឲ្យមានទំនាក់ទំនងល្អជាមួយនឹងជនផ្ដាច់ការ» នឹងគ្មានទៀតទេ។
លោក Biden និយាយថា លោកនឹងពង្រឹងទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង និងធ្វើការជាមួយនឹងសម្ព័ន្ធមិត្ត រួមទាំងប្រទេសចិនផងដែរ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងឲ្យធ្វើសម្បទានលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕