នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោក Yoshihide Suga បានសន្ទនាជាលើកដំបូងជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae In នៅថ្ងៃព្រហស្បតិ៍នេះ ដោយស្នើឲ្យប្រទេសទាំងពីរស្ដារឡើងវិញនូវទំនាក់ទំនងដែលប្រេះឆារ និងសហការគ្នា ដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយពីប្រទេសកូរ៉េខាងជើង។
ទំនាក់ទំនងរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីររបស់សហរដ្ឋអាមេរិកនេះ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងពេលមួយឆ្នាំចុងក្រោយនេះ ដោយសារបញ្ហាប្រវត្តិសាស្ត្រសម័យសង្គ្រាមនិងបញ្ហាពាណិជ្ជកម្ម ជាពិសេសទាក់ទិននឹងបញ្ហាដែលពលករកូរ៉េត្រូវបានបង្ខំឲ្យធ្វើការនៅក្រុមហ៊ុនជប៉ុន ក្នុងអំឡុងពេលជប៉ុនដាក់អាណានិគមលើឧបទ្វីបកូរ៉េពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥។
លោក Suga ថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំបានប្រាប់លោកប្រធានាធិបតី Moon Jae In ថា យើងមិនអាចទុកឲ្យទំនាក់ទំនងតឹងតែងខ្លាំងនៅពេលបច្ចុប្បន្ននេះរបស់យើងស្ថិតក្នុងស្ថានភាពដូចនេះនោះទេ»។
លោក Suga បន្ថែមដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជារវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺសំខាន់ ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត»។
លោក Moon Jae In ថា៖ «កូរ៉េខាងត្បូង និងជប៉ុនគឺជាមិត្តភក្ដិជិតស្និទ្ធ ដែលប្រកាន់តម្លៃមូលដ្ឋាន និងប្រយោជន៍យុទ្ធសាស្ត្រដូចគ្នា និងជាដៃគូដែលគួរតែសហការគ្នាដើម្បីសន្តិភាព និងវិបុលភាពរបស់ពិភពលោក និងតំបន់អាស៊ីឦសាន»៕