ស្នាមញញឹម ភាពរីករាយ និងសេចក្ដីសង្ឃឹមរបស់ពលរដ្ឋខ្មែរអាមេរិកាំងរស់នៅតំបន់រដ្ឋធានី Washington រំលេចឡើងនៅក្នុងជំនួបក្រៅផ្លូវការមួយរវាងពួកគេ ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក William Heidtនិងភរិយា អ្នកស្រី Sotie Heidt នៅវត្តពុទ្ធិការាម ក្នុងរដ្ឋ Maryland កាលពីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ។
លោកឯកអគ្គរដ្ឋទូតសហអាមេរិកប្រចាំប្រទេសកម្ពុជាបានសម្ដែងការចាប់អារម្មណ៍នឹងការរៀបចំឲ្យមានជំនួបក្រៅផ្លូវការជាមួយប្រជាពលរដ្ឋខ្មែរអាមេរិកាំងនេះ។ លោក Heidt បាននិយាយថា សហគមន៍ខ្មែរ រីករាយក្នុងការពិភាក្សាគ្នាអំពីការរួមចំណែករបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសកម្ពុជា ស្របពេលពង្រឹងទំនាក់ទំនងរវាងគ្នា និងគ្នា។
លោក Heidt បានបញ្ជាក់ប្រាប់ VOA ថា៖
«សាររបស់ខ្ញុំទៅកាន់ពលរដ្ឋខ្មែរអាមេរិកាំង គឺថាប្រទេសកម្ពុជាកំពុងតែផ្លាស់ប្ដូរ។ នេះជាពេលវេលាសម្រាប់សហរដ្ឋអាមេរិកក្នុងការចូលខ្លួន មកធ្វើកិច្ចការអភិវឌ្ឍជាមួយកម្ពុជា។ នេះមិនមែនជាពេលដែលត្រូវឈរទៅម្ខាងនោះទេ។ មានការព្រួយបារម្ភជាច្រើនអំពីភាពក្រីក្រ និងស្ថានភាពនយោបាយនៅកម្ពុជា។ ប៉ុន្តែខ្ញុំបានព្យាយាមពន្យល់ទាំងអំពីចំណុចវិជ្ជមាន និងអវិជ្ជមានអំពីបញ្ហាទាំងនេះ»។
លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា៖
«យើងមាន ៣ ទៅ ៤ មធ្យោបាយ ដែលសហរដ្ឋអាមេរិកអាចព្យាយាម ធ្វើឲ្យកម្ពុជាឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវ។ ហើយសហគមន៍ខ្មែរអាមេរិកាំង គឺជាមធ្យាបាយដ៏សំខាន់បំផុតមួយ។ ទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋពិតជាមានសារសំខាន់ណាស់»។
លោក Heidt ក៏បានជួបជាមួយសហគមន៍ខ្មែរក្នុងទីក្រុង Seattle និងនៅភាគខាងជើង រដ្ឋCalifornia ផងដែរ។ ខណៈពេលដែលមានការទទួលស្គាល់ថា កម្ពុជាកំពុងស្ថិតក្នុងរបត់នៃការផ្លាស់ប្ដូរ លោក Heidt មានជំនឿយ៉ាងមុតមាំថា នេះគឺជាពេលវេលារបស់សហរដ្ឋអាមេរិកក្នុងចូលរួមឲ្យសកម្មជាងនេះ។
ជាញឹកញយប្រទេសកម្ពុជា រងការរិះគន់ពីសហគមន៍អន្តរជាតិទាក់ទងនឹងកំណត់ត្រានៃការរំលោភសិទ្ធិមនុស្ស។ ដូច្នេះបញ្ហាសិទ្ធិមនុស្សតែងតែស្ថិតនៅក្នុងរបៀបវារៈរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។
លោក Heidt បានបញ្ជាក់បន្ថែមថា៖
«ជាធម្មតា ប្រជាពលរដ្ឋខ្មែរអាមេរិកាំងបានផ្ដោតយ៉ាងខ្លាំងក្នុងការជួយដល់ប្រទេសកំណើតរបស់ពួកគេក្នុងផ្នែកមនុស្សធម៌ និងគម្រោងលើកស្ទួយសុខុមាលភាពប្រជាជន។ យ៉ាងណាក៏ដោយពួកគេក៏មានការព្រួយបារម្ភអំពីស្ថានភាពនយោបាយ និងបញ្ហាសិទ្ធិមនុស្ស។ នេះជាហេតុដែលខ្ញុំតែងតែលើកឡើងពីបញ្ហាទាំងនេះ នៅពេលដែលខ្ញុំធ្វើបទបង្ហាញ»។
អ្នកស្រីគិត សារ៉ា ជាអ្នកចូលរួមម្នាក់ក្នុងចំណោមអ្នកចូលរួមជាង ១០០ នាក់នៅក្នុងកម្មវិធីជំនួបក្រៅផ្លូវជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។ អ្នកស្រីប្រកាន់យកគុណតម្លៃនៃការរួមសាមគ្គីគ្នា និងការលើកកម្ពស់សំឡេងជំទាស់ ដើម្បីលទ្ធិប្រជាធិបតេយ្យអាចបោះជំហានទៅមុខបាននៅកម្ពុជា។
អ្នកស្រីសារ៉ាបាននិយាយថា៖
«យើងដឹងថា ការរួមសាមគ្គីគ្នា គឺជាផ្នែកសំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យ។ តើវិធីណាទៅ អាចជំរុញឲ្យមានលក្ខខណ្ឌនានា ដែលត្រូវការសម្រាប់ទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ? ខ្ញុំមិនទាន់ច្បាស់ថា យើងកំពុងស្ថិតនៅចំណុចមួយ ដែលយើងអាចនិយាយថា លទ្ធិប្រជាធិបតេយ្យកំពុងរីកចម្រើននៅឡើយទេ។ តើយើងរក្សាសំឡេងជំទាស់បានយ៉ាងដូចម្តេច? តើយើងជំរុញឲ្យមានកិច្ចពិភាក្សាពីគំនិតខុសប្លែកគ្នា ហើយមានអារម្មណ៍ថា មានសុវត្ថិភាព តាមរបៀបណា? មិនត្រឹមតែសុវត្ថិភាពរាងកាយប៉ុណ្ណោះទេ ថែមទាំងសុវត្ថិភាពផ្លូវចិត្តផងដែរ។ យើងត្រូវផ្ដល់សំឡេងនានា ដែលមានភាពចម្រុះគ្នា»។
អ្នកស្រីសារ៉ា ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់រស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ទំនាក់ទំនងអាមេរិក-កម្ពុជា គួរតែមានការពង្រឹង និងគាំទ្របន្ថែមពីនេះទៀត ស្របពេលដែលកម្ពុជាបន្តត្រូវការដឹកនាំផ្លូវ ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ។ អ្នកស្រីក៏បានទទួលស្គាល់ថា លោក William Heidt កំពុងប្រឹងប្រែងតាមលទ្ធភាព ដែលលោកអាចធ្វើបាន ដើម្បីតំណាងឲ្យសហរដ្ឋអាមេរិក និងពង្រឹងមូលដ្ឋានគ្រឹះដ៏ល្អមួយសម្រាប់លទ្ធិប្រជាធិបតេយ្យ។
អ្នកស្រីសារ៉ាបានបន្ថែមទៀតថា៖
«សាររបស់ខ្ញុំទៅកាន់ប្រជាពលរដ្ឋកម្ពុជាគឺថា មិនត្រូវបោះបង់ចោលក្តីសង្ឃឹមជាដាច់ខាត។ លោកអ្នកអាចរក្សាលំនឹងខ្លួនឯងបាន តាមរយៈការស្គាល់ពីភាពខ្លាំងរបស់ខ្លួនឯង។ យើងត្រូវផ្តល់អំណាចដល់អ្នកដទៃ ជាជាងប្រើអំណាចសង្កត់សង្កិនអ្នកដទៃ។ រួមគ្នា គឺយើងខ្លាំងជាងនេះ។ ហើយតើយើងគួរសាមគ្គីគ្នាយ៉ាងណា? តើយើងអាចធ្វើការរួមគ្នាដើម្បីសម្រេចអ្វីដែលយើងចង់បាន យ៉ាងដូចម្តេច? ទាំងនេះជាគោលដៅរួមមួយ។ ត្រូវកំណត់គោលដៅទាំងនោះ ហើយព្យាយាមសម្រេចឲ្យបាន។ សូមទុកចិត្តលើខ្លួនឯង ហើយបន្តមានក្តីសង្ឃឹម និងការចង់ចេះចង់ដឹង។ សូមស្វះស្វែងធ្វើ ហើយកុំខ្លាចឲ្យសោះ»។
ប្រធានវត្តពុទ្ធិការាម លោកទន់ សុវណ្ណ គិតថា កម្មវិធីជំនួបក្រៅផ្លូវការនេះជា ការផ្តល់កិត្តិយសពីសំណាក់លោកឯកអគ្គរដ្ឋទូត។ លោកចង់ឃើញមាន ការដោះស្រាយបញ្ហាទូទៅនៅកម្ពុជា ខណៈដែលលោកក៏បានអំពាវនាវឲ្យមានការបើកទូលាយឲ្យមានសេរីភាពជាងមុន និងការរិតត្បិតតិចជាងមុន។
«យើងចេះតែចង់ហើយ... រឿងនេះ ដោះស្រាយប្រទេសកម្ពុជាយើងអញ្ចឹងហើយ ពីព្រោះ ប្រទេសកម្ពុជាយើង ដូចជ្រាបស្រាប់ហើយ យើងនៅក្រជាងគេហ្នឹងណា យើងឃើញថា វាអ្នកមានគិតតែពីមាន អ្នកក្រគិតតែពីក្រ យើងស្រណោះស្រណោកទៅដល់អ្នកដែលគ្នាក្រីក្រ រកម្ហូបអាហារអីពិសារមិនបាននោះ ដែលអាហ្នឹងទាញអារម្មណ៍យើង គំនិតយើង បេះដូងយើង អាណិតនោះណា»។
លោកបានបន្ថែមថា៖
«ម៉្យាងទៀត យើងគិតធ្វើយ៉ាងម៉េច កិច្ចការយ៉ាងម៉េច ដើម្បីឲ្យមានសេរីភាព នៅខ្មែរយើង កាន់តែមានសេរីភាពឡើង ដើម្បីឲ្យថា កុំឲ្យមានអ្នកណាគេជិះជាន់ អ្នកណាមានកម្លាំងដើម្បីនឹងទៅបង្រ្កាបអ្នកដែលខ្សោយនេះ ហ្នឹងហើយ។ ខ្ញុំសង្ឃឹមថា ការចេះដឹងនៃយុវជនខ្មែរយើងហ្នឹង នឹងមានធ្វើឲ្យប្រទេសយើងហ្នឹង បានរីកចម្រើន»។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាក៏បាន ធ្វើបទបង្ហាញ ដែលបានឆ្លុះបញ្ចាំងពីការវិវត្ត និងបញ្ហានានា កើតមានឡើងនៅកម្ពុជា។
អ្នកសម្របសម្រួលកម្មវិធីមួយរូបនៅក្នុងកម្មវិធីជំនួបក្រៅផ្លូវការជាមួយលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា មានក្តី «រំភើប» ក្នុងការចូលរួមក្នុងកម្មវិធីនេះ។ បន្ទាប់ពីការធ្វើបទបង្ហាញដោយលោក William Heidt អំពីប្រទេសកម្ពុជា លោកគុយ ម៉ារ៉ុង បានមើលឃើញការអភិវឌ្ឍក្នុងកម្រិតមួយនៅកម្ពុជា។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា នៅថ្ងៃអនាគត ឆាកនយោបាយនៅកម្ពុជា អាចប្រែប្រួល ដោយសារសេរីភាព និងនយោបាយ គឺមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
លោក ម៉ារ៉ុង បាននិយាយថា៖
«ខ្ញុំសង្កេតឃើញខ្មែរយើងនៅទីនេះ មានការសប្បាយចិត្ត ហើយហ្នឹងឃើញពីការរីកចម្រើន មានការអភិវឌ្ឍខ្លះៗ នៅក្នុងស្រុកយើង ហើយលោកបានបង្ហាញពីរឿងបោះឆ្នោត ដែលនឹងទើបកន្លងមកនេះ ឃើញថា អាចនឹងមានការ ផ្លាស់ប្តូរអ្វីមួយទៅថ្ងៃមុខ ទៅតាមការដែលគេធ្វើស្ថិតិ មើលទៅហ្នឹង គឺថា ខ្មែរយើងនៅនោះ ចង់ឲ្យមានការស្រឡាញ់សិទ្ធិសេរីភាពប្រជាធិបតេយ្យ»។
លោកម៉ារុងបានអំពាវនាវឲ្យប្រជាជនកម្ពុជារួបរួមសាមគ្គីគ្នា ដើម្បីការពារអត្តសញ្ញាណជាតិ និងវប្បធម៌។ ស្របពេលដូចគ្នានេះដែរ លោកក៏បានបង្ហាញនូវឆន្ទៈក្នុងការតស៊ូដើម្បីសន្តិភាពផងដែរ។
លោក William Heidt បានស្បថចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥។ លោកគឺជា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដំបូងគេបង្អស់ ដែលមានភរិយាជាជនជាតិខ្មែរ៕