នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើគម្រោងមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក (AFCP) ជាង១២ម៉ឺនដុល្លារ សម្រាប់រយៈពេល៣ឆ្នាំក្នុងការរៀបចំបញ្ជីសារពើភណ្ឌនៃបេតិកភណ្ឌវប្បធម៌។
ការផ្តល់ទឹកប្រាក់នេះគឺដើម្បីជួយប្រជាជនកម្ពុជាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ តាមទីតាំងចំនួន២៤ ក្នុងខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង តាកែវ និងខេត្តត្បូងឃ្មុំ។
ក្នុងពិធីចុះហត្ថលេខានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកWilliam Heidt បានលើកឡើងថា មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកគឺជាការវិនិយោគមួយទៅលើប្រវត្តិសាស្រ្តវប្បធម៌របស់កម្ពុជា ជាពិសេសជាការវិនិយោគលើប្រជាជនកម្ពុជា ឲ្យពួកគេទទួលបានផលប្រយោជន៍យូរអង្វែងពីការអភិរក្ស។
លោកឯកអគ្គរដ្ឋទូតអាមេរិកមានប្រសាសន៍ថា៖
«យើងធ្វើការវិនិយោគទៅលើក្រុមអ្នកធ្វើការផ្នែកអភិរក្សវប្បធម៌ដែលរួមមានអ្នកបូរាណវិទ្យា អ្នកអភិរក្ស និងបុគ្គលិកកម្មករ។ យើងធ្វើការវិនិយោគទៅលើមនុស្សដែលរស់នៅជិតប្រាសាទទាំងនេះ ហើយយើងធ្វើការវិនិយោគទៅលើយុវជនដោយធ្វើការអភិរក្សប្រាសាទទាំងនេះដើម្បីឲ្យគេអាចបង្រៀននិងធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយ»។
លោកបន្ថែមថា អាមេរិកមានមោទនភាពក្នុងការជួយដល់ការខិតខំរបស់កម្ពុជា ដើម្បីការពារ ចងក្រងឯកសារនិងបង្ហាញដល់ក្រុមមនុស្សដទៃទៀតនូវបេតិកភណ្ឌដ៏ពិសេសរបស់កម្ពុជានិងជំរុញដល់គោលដៅដូចមានចែងក្នុងអនុស្សរណៈយោគយល់គ្នាស្តីពីសម្បត្តិវប្បធម៌រវាងអាមេរិក-កម្ពុជាឆ្នាំ២០០៣។
រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ថ្លែងថា ប្រាសាទបុរាណគឺជាសម្បត្តិរបស់មនុស្សជាតិទាំងមូល ដែលចាំបាច់ត្រូវចូលរួមថែរក្សានិងការពារ។ លោកស្រីបន្ថែមថា ថវិកាដែលទទួលបាននេះនឹងប្រគល់ទៅអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌ ដើម្បីយកទៅអភិវឌ្ឍនិងជួសជុលប្រាសាទនានាតាមប្រាសាទនៅភាគខាងត្បូងប្រទេសកម្ពុជា។
លោកស្រី ភឿង សកុណា បញ្ជាក់ថា៖
«យើងបានធ្វើរួមគ្នាជាមួយសហរដ្ឋអាមេរិកក្នុងការផ្សព្វផ្សាយនូវផ្ទាំងប៉ាណូ ផ្លាកសញ្ញាសម្រាប់ទប់ស្កាត់នូវការជួញដូរ និងការចរាចរណ៍វត្ថុបុរាណខុសច្បាប់ នៅតាមផ្លូវច្រកព្រំដែននានាហើយក៏បានផលិតខ្សែវីដេអូខ្លីៗសម្រាប់ផ្សព្វផ្សាយនៅតាមសហគមន៍នានា ដើម្បីផ្សព្វផ្សាយឲ្យប្រជាជនបានដឹងពីគ្រោះថ្នាក់ ពីការបាត់បង់ និងទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅតាមផ្លូវដោយខុសច្បាប់។ យើងក៏បានធ្វើផងដែរនូវការធ្វើបញ្ជីសារពើភណ្ឌតាមវត្ត តាមប្រាសាទ តាមឃ្លាំង ដើម្បីឲ្យវត្ថុបុរាណទាំងនោះចុះបញ្ជីបានត្រឹមត្រូវ»។
នេះជាការផ្តល់មូលនិធិទី១៨ ក្នុងរយៈពេល១៥ឆ្នាំ ដែលអាមេរិកបានចំណាយប្រាក់ចំនួន៣.៨លានដុល្លារអាមេរិកទៅលើកម្មវិធីទ្រទ្រង់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ដូចជាយុទ្ធនាការប្រឆាំងនឹងការលួចប្លន់វត្ថុបុរាណ ការវិភាគទិន្នន័យ ការអភិរក្សនៅតាមទីតាំងប្រាសាទនានា ដូចជាភ្នំបាខែង និងប្រាសាទអង្គរជាដើម៕