ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy នៅថ្ងៃសុក្រនេះ លើកឡើងពីការរំពឹងរបស់សហរដ្ឋអាមេរិកទៅលើរដ្ឋាភិបាលកម្ពុជា ថានឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាដែលមាននិន្នាការនយោបាយខុសពីរដ្ឋាភិបាលទាំងក្នុង និងក្រៅប្រទេស អាចចូលរួមដំណើរការនយោបាយដោយសេរី ដើម្បីសម្រេចឲ្យបាននូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ។
លោក Murphy ថ្លែងបែបនេះ ក្រោយជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Patrick Murphy ថ្លែងថា ថ្មីៗនេះមានការឃុំខ្លួនមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន។
លោកបញ្ជាក់ថា៖ «យើងសង្ឃឹមថាអាចមានមាគ៌ាឆ្ពោះទៅមុខមួយដែលអាចអនុញ្ញាតឱ្យប្រជាជនកម្ពុជាទាំងអស់ទាំងនៅទីនេះ ទាំងនៅក្រៅប្រទេស អាចចូលរួមក្នុងដំណើរការនយោបាយ មានសិទ្ធសេរីភាពដែលត្រូវបានគេគោរពទាំងស្រុង។ ការណ៍នោះនឹងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ»។
ក្រោយការថ្លែងរបស់លោក Patrick Murphy លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកឡើងថា រដ្ឋាភិបាលកម្ពុជានឹងពង្រឹងសុខសន្តិភាពនៅកម្ពុជា។
«យើងក៏បានជជែកពិភាក្សាបញ្ហាអ្វីដែលឯកឧត្តមបានលើកឡើងចុងក្រោយអម្បាញ់មិញនេះ ក្នុងក្របខណ្ឌព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសមួយកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូច្នេះយើងនឹងខិតខំធ្វើអ្វីៗ ដែលសមស្រប ដែលនាំឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ»។
ឆ្លើយតបនឹងសំណួររបស់ VOA ដែលសួរថា តើរដ្ឋាភិបាលអាចនឹងមានការជជែករកដំណោះស្រាយនយោបាយជាមួយគណបក្សប្រឆាំង ដូចក្រោយការបោះឆ្នោតឆ្នាំ២០១៣ ឬយ៉ាងណា លោក ស ខេង បញ្ជាក់ថា៖ «ខ្ញុំមិនទាន់អាចជម្រាបជូនបានទេ ប៉ុន្តែយើងនឹងខិតខំធ្វើអ្វីៗដែលមានផលប្រយោជន៍សម្រាប់ប្រទេសជាតិ»។
នៅថ្ងៃសុក្រនេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញការព្រួយបារម្ភចំពោះពីការរឹតត្បិតរបស់អាជ្ញាធរកម្ពុជាលើសេរីភាពក្នុងការធ្វើដំណើរ និងការជួបជុំ ក៏ដូចជាការដាក់ពង្រាយកម្លាំងយោធានៅតាមព្រំដែនកម្ពុជា-ថៃ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការ លោក Stephane Dujarric បញ្ជាក់តាមន័យដើមថា៖ «អគ្គលេខាធិការសង្កត់ធ្ងន់លើភាពចាំបាច់នៃការសន្ទនាដោយសន្តិវិធីក្នុងចំណោមអ្នកពាក់ព័ន្ធទាំងអស់ និងសម្រាប់បរិយាកាសនយោបាយអំណោយផល ដោយគ្មានការបំភិតបំភ័យការយាយី និងការភ័យខ្លាច»។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិមួយរូបដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយ បានប្រកាសពន្យារពេលផែនការនៃការវិលត្រឡប់របស់លោក ចូលទៅក្នុងប្រទេសកម្ពុជាវិញ បន្ទាប់ពីលោកអះអាងថា បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ (Thai Airways) មិនអនុញ្ញាតឱ្យលោកឡើងជិះយន្តហោះ ដែលលោកគ្រោងនឹងជិះពីទីក្រុងប៉ារីសប្រទេសបារាំង ឆ្ពោះទៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែវិច្ឆិកានេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចាត់ទុកការវិលត្រឡប់របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមជាថ្មីទៀតថា រដ្ឋាភិបាលរបស់លោកនឹងចាប់ខ្លួនក្រុមអ្នកគាំទ្រគណបក្សប្រឆាំងរូបណាដែលត្រៀមខ្លួនទៅទទួលស្វាគមន៍មាតុភូមិនិវត្តន៍លោក សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា។
យ៉ាងហោចណាស់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជា៦០នាក់ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពាក់ព័ន្ធនឹងបទរួមគំនិតក្បត់។
នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ បង្ហាញក្តីបារម្ភអំពីការបង្ក្រាបរបស់រដ្ឋាភិបាល។ អ្នកស្រីបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់និងការជួបប្រជុំ។
អ្នកស្រីបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះតាមន័យដើមថា៖
«គេមិនត្រូវអនុញ្ញាតឲ្យមានការចាប់ខ្លួនទាំងឡាយ ដោយគ្រាន់តែផ្អែកលើមូលហេតុនៃការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ តាមរយៈការថ្លែងសារនយោបាយនិងការធ្វើអត្ថាធិប្បាយទៅលើកិច្ចការសាធារណៈឡើយ។ ប្រទេសកម្ពុជាត្រូវតែគោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។
អ្នកស្រីបានជំរុញឲ្យរដ្ឋនានា ធ្វើការលើកទឹកចិត្តឲ្យមានកិច្ចសន្ទនាប្រកបដោយសន្តិវិធី ដើម្បីដោះស្រាយការខ្វែងគំនិតគ្នានិងគោរពដល់សេរីភាពក្នុងការធ្វើដំណើរ។ចំណែកសមាជិកព្រឹទ្ធសភាអាមេរិកពីរនាក់ គឺលោក Ed Markey និងលោក Dick Durbin បានស្នើឲ្យមានសេចក្តីសម្រេចទ្វេបក្សនៅសភាអាមេរិក ដោយអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិអាចវិលត្រឡប់ចូលប្រទេសកម្ពុជាវិញដោយ «សន្តិវិធី»៕