ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​កម្ពុជា​គោរព​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន


រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលរួមសន្និសីទសារព័ត៌មាននៅការិយាល័យអង្គការសហប្រជាជាតិប្រចាំរាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលរួមសន្និសីទសារព័ត៌មាននៅការិយាល័យអង្គការសហប្រជាជាតិប្រចាំរាជធានីភ្នំពេញ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន ទាក់ទង​នឹង​ការ​ធានា​នូវ​ការ​គោរព​សិទ្ធិ​បញ្ចេញ​មតិ យោបល់​និង​ការ​ប្រមូល​ផ្ដុំ​របស់​ពលរដ្ឋ។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​ការិយាល័យ​នៃ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ដែល​បាន​ចេញ​ផ្សាយ​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​នេះ។

លោកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ថា៖ «គេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ទាំង​ឡាយ ដោយ​គ្រាន់តែ​ផ្អែក​លើ​មូលហេតុ​នៃ​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​យោបល់ តាមរយៈ​ការ​ថ្លែង​សារ​នយោបាយ និង​ការ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​កិច្ចការ​សាធារណៈ​ឡើយ។ ប្រទេស​កម្ពុជា​ត្រូវ​តែ​គោរព​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន»។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​អាជ្ញាធរ​ខ្មែរ បាន​ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«‍រួម​គំនិត​ក្បត់» ទាក់​ទឹង​នឹង​ការ​គាំទ្រ​គម្រោង​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល។

អ្នក​ស្រី រ៉ូណា ស្មីត មាន​ប្រសាសន៍​ថា៖ «‍ការ​កើន​ឡើង​យ៉ាង​ឆាប់រហ័ស​នូវ​ចំនួន​នៃ​ការ​ចាប់ខ្លួន​និង​ការ​ចោទប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន»។

ប្រទេស​កម្ពុជា គឺ​ជា​រដ្ឋ​ភាគី​នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​ជា​ច្បាប់​អន្តរជាតិ​មួយ​តម្រូវ​ឱ្យ​ប្រទេស​ហត្ថលេខី ​គោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​នយោបាយ​និង​ការ​សម្ដែង​មតិ។

ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​យក​ពាក្យ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ មក​បង្ក​ឱ្យ​មាន​អស្ថិរភាព​ក្នុង​ប្រទេស​នោះ​ទេ៕

XS
SM
MD
LG