ក្រុមថ្នាក់ដឹកនាំសហជីពនិងបុគ្គលិកនៅកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) បានដាក់ពាក្យបណ្តឹងទៅក្រសួងការងារនៅព្រឹកថ្ងៃអង្គារនេះដើម្បីទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ជាបន្ទាន់ការកាត់បន្ថយបុគ្គលិក និងសុំឲ្យក្រុមហ៊ុនបញ្ឈប់ការបំភិតបំភ័យបុគ្គលិកតាមរយៈការកោះហៅឲ្យទៅជួបថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុន។
បើតាមពាក្យបណ្តឹងដែលមានស្នាមមេដៃបុគ្គលិកក្រុមហ៊ុនដែលជាសមាជិកសហជីពចំនួន២,០៤៩នាក់ក្រុមសហជីពនិងបុគ្គលិកបានលើកឡើងនូវចំណុចទាមទារមួយចំនួនទៀតរួមមានការអនុញ្ញាតឲ្យបុគ្គលិកបានត្រឡប់ទៅបម្រើការងារវិញនៅពេលក្រុមហ៊ុនបើកដំណើរការឡើងវិញ ហើយក្រុមហ៊ុនត្រូវផ្តល់ប្រាក់បំណាច់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវស្របតាមច្បាប់ដល់បុគ្គលិកដែលត្រូវបានបញ្ឈប់មួយចំនួននៅចុងឆ្នាំ២០២០ដល់មុនពេលប្រកាសកាត់បុគ្គលិក។
ក្នុងពាក្យបណ្តឹងដដែលនោះក្រុមសហជីពនិងបុគ្គលិក ក៏បានទាមទារឲ្យក្រុមហ៊ុនណាហ្គាវើលដ៍បន្តផ្តល់ឡើងវិញនូវប្រាក់បំណាច់អតីតភាពការងារនិងប្រាក់រំឭកបំណាច់អតីតភាពការងារជូនបុគ្គលិកទាំងអស់ដែលកំពុងបម្រើការងារនិងអនុវត្តវិធានសុខាភិបាលនៅកន្លែងការងារឲ្យបានត្រឹមត្រូវស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដនៅក្នុងក្រុមហ៊ុនកាស៊ីណូ NagaWorld ដែលជាសាខារបស់ក្រុមហ៊ុន NagaCorp។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា បុគ្គលិកជាង៥០០នាក់កំពុងបន្តតវ៉ាមិនចាកចេញពីការងារខណៈមានបុគ្គលិកជាច្រើនរយនាក់ទៀតត្រូវបានបង្ខំដោយក្រុមហ៊ុនឲ្យទទួលយកសំណងសម្រាប់ការចាកចេញ។
កញ្ញាថ្លែងថា៖ «អ្វីដែលខ្ញុំនិយាយថាពួកគាត់ត្រូវបានបង្ខំហ្នឹងគឺថានៅក្នុងសេចក្តីប្រកាសរបស់ក្រុមហ៊ុនហើយនៅក្នុងការណ៍ដែលគាត់ផ្ញើសារហៅបុគ្គលិកម្តងម្នាក់ទៅជួបក្រុមហ៊ុនមួយទល់នឹងមួយដោយមិនមានវត្តមានសហជីពអមគាត់ជាមួយគឺថា...នៅពេលដែលគេហៅគាត់ជួប ជួបជាមួយគ្នានោះគឺជួបជាមួយខាងតំណាងក្រុមហ៊ុនហ្នឹងគឺបើគាត់មិនព្រមទទួលយកទេពួកគាត់ហ្នឹងត្រូវបាត់បង់ប្រាក់សោហ៊ុយជំងឺចិត្ត»។
កញ្ញាបន្ថែមថាបុគ្គលិកដែលមិនស្ថិតក្រោមផែនការកាត់ចេញដោយក្រុមហ៊ុនប្រមាណ៧.០០០នាក់ផ្សេងទៀត កំពុងបារម្ភពីសុវត្ថិភាពការងារ ប្រសិនបើសហជីពត្រូវបានលុបបំបាត់ចេញពីក្រុមហ៊ុននោះ។
ប្រធានសហជីពរូបនេះបញ្ជាក់ថា៖ «បើសិនជាមិនមានវត្តមានសហជីពនៅទីនេះទេគឺពួកគាត់នឹងប្រឈមជាមួយនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មដូចអ្វីដែលយើងដឹងស្រាប់ដែលឆ្នាំ២០១៩បុគ្គលិកគាត់ផ្ទុះការតវ៉ាដោយសាររឿងប្រាក់ខែតិចដោយសារការកេងប្រវ័ញ្ចកម្លាំងពលកម្មហ្នឹងបូកផ្សំជាមួយនឹងអំពើហិង្សាការបៀតបៀនហើយនិងសុវត្ថិភាពនៅកន្លែងការងារចុងក្រោយ នៅចុងខែកុម្ភៈឆ្នាំ២០២១នៅពេលដែលមានការផ្ទុះកូវីដខ្លាំងហ្នឹងគឺថាក្រុមហ៊ុនអត់ព្រមបិទក្រុមហ៊ុនទេគាត់នៅចង់បើកអាជីវកម្មរកស៊ីរហូតទាល់តែមានករណីឆ្លងរហូតដល់[១៤]ករណី ទាល់តែមានការតវ៉ាពីបុគ្គលិកទើបពួកគាត់ព្រមឈប់ព្រមផ្អាកអាជីវកម្ម»។
យោងតាមសារជូនដំណឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលបុគ្គលិកមួយចំនួនទទួលបាន ពាក់ព័ន្ធនឹងការស្នើឲ្យលាឈប់ពីការងារនោះ ក្រុមហ៊ុនប្រាប់បុគ្គលិកថាក្រុមហ៊ុនចាប់ផ្តើមផែនការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ដែលពាក់ព័ន្ធនឹងជំហានមួយចំនួនដែលរួមមានផែនការកាត់បន្ថយបុគ្គលិកតាមរយៈការបញ្ចប់កិច្ចសន្យាការងារដោយការព្រមព្រៀងគ្នា។
សារជូនដំណឹងនោះមានន័យដើមថា៖ «ប្រសិនបើអ្នកជ្រើសរើសទទួលយកគម្រោងក្នុងការបញ្ចប់កិច្ចសន្យាដោយការព្រមព្រៀងនេះយើងនឹងផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដែលខ្ពស់បំផុតតាមច្បាប់ស្តីពីការងារជាធរមានដោយរាប់បញ្ចូលទាំងប្រាក់បំណាច់អតីតភាពការងារទាំងអស់ប្រាក់សោហ៊ុយជំងឺចិត្តអត្ថប្រយោជន៍ទៅតាមកិច្ចសន្យាការងារនិងអត្ថប្រយោជន៍នានា»។
ពាក្យបណ្តឹងរបស់ក្រុមសមាជិកសហជីពដែលដាក់ទៅក្រសួងការងារ ឲ្យដឹងថាចាប់តាំងពីខែមេសា ថ្នាក់ដឹកនាំក្រុមហ៊ុនណាហ្គាវើលដ៍បានដាក់គម្រោងបញ្ឈប់ការងាររួមដល់កម្មករនិយោជិតរហូតដល់១,៣២៩នាក់។ ក្នុងនោះមានកម្មករនិយោជិតរាប់រយនាក់ត្រូវបានជូនដំណឹងបញ្ចប់កិច្ចសន្យាការងារ ដោយក្រុមហ៊ុនបានផ្តល់នូវហេតុផលថាខ្លួនបាត់បង់ប្រាក់ចំណូលនិងខាតបង់ដោយសារវិបត្តិសាកលនៃជំងឺឆ្លងកូវីដ១៩ ដែលជាហេតុផលសហជីពមិនអាចទទួលយកបានឡើយ។
ពាក្យបណ្តឹងបន្ថែមថា៖ «ក្រុមហ៊ុនរកចំណូលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗប៉ុន្តែបុគ្គលិកបម្រើឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណូលទាបរស់នៅក្នុងជីវភាពលំបាកដែលស្តែងឡើងយ៉ាងច្បាស់ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ទោះបីកម្ពុជារងការរាតត្បាតជំងឺកូវីដ១៩នៅដើមឆ្នាំ២០២០ក៏ដោយក៏ក្រុមហ៊ុនណាហ្គារកបានចំណូលជិត៩០០លានដុល្លារនិងចំណេញសុទ្ធជាង១០០លានដុល្លារ។ជាក់ស្តែងចាប់ពីពាក់កណ្តាលឆ្នាំ២០២០រហូតមកកម្មករនិយោជិតធ្វើការស៊ីប្រាក់ឈ្នួលតាមចំនួនថ្ងៃដែលរៀបចំដោយថ្នាក់គ្រប់គ្រងតែប៉ុណ្ណោះ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍ លោក HeinDames តាមទូរស័ព្ទបានទេនៅថ្ងៃអង្គារនេះ។ វីអូអេក៏មិនអាចទាក់ទងសុំការអធិប្បាយពីលោក ជា សេងហុង ប្រធានការិយាល័យនៃនាយកដ្ឋានវិវាទការងារនិងលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារបានដែរ។
មន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់លោក ឃុន ថារ៉ូ ថ្លែងថា ក្រោយទទួលបណ្តឹងរបស់ក្រុមបុគ្គលិកនិងសហជីពរដ្ឋមន្ត្រីក្រសួងការងារនឹងមានពេល៤៨ម៉ោងដើម្បីចាត់មន្ត្រីមកផ្សះផ្សាវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍។
លោកថាក្រុមហ៊ុនកាស៊ីណូនេះមានចេតនាចង់បំបាត់សំឡេងសហជីព ដោយហេតុថាបញ្ជីឈ្មោះបុគ្គលិកដែលត្រូវកាត់ចេញនោះក៏មានឈ្មោះថ្នាក់ដឹកនាំសហជីពនិងក្រុមសកម្មជនសហជីពនៅក្នុងក្រុមហ៊ុន។
លោកឃុន ថារ៉ូ ថ្លែងថា៖ «ចុងក្រោយនេះគឺក្រុមហ៊ុនហ្នឹងគាត់មានចេតនាមួយទៀតនោះ គឺការបញ្ឈប់ទៅដល់ថ្នាក់ដឹកនាំសហជីពមានន័យថាបញ្ជីឈ្មោះរបស់បុគ្គលិកហ្នឹងមានដែលត្រូវគ្រោងក្នុងការបញ្ឈប់ហ្នឹងគឺមានទាំងឈ្មោះថ្នាក់ដឹកនាំសហជីពហើយដោយឡែកភាគច្រើនទៀតជាសកម្មជននៅតាមផ្នែកមួយៗដែលជាសកម្មជនសកម្មរបស់សហជីព»។
លោកឃុន ថារ៉ូ កត់សម្គាល់ថាស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ក៏មិនទាន់ចុះខ្សោយខ្លាំង ព្រោះក្រុមហ៊ុននៅបន្តរកបានប្រាក់ចំណេញក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ លោកបន្តថាផ្អែកលើស្ថានភាពហិរញ្ញវត្ថុនេះក្រុមហ៊ុនមិនគួរកាត់បន្ថយបុគ្គលិកដែលភាគច្រើនជាសមាជិកនិងថ្នាក់ដឹកនាំសហជីពនោះទេ។
បើតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយដែលចេញផ្សាយកាលពីកន្លងទៅ ក្រុមហ៊ុនណាហ្គាវើលដ៍ដែលចុះបញ្ជីក្នុងទីក្រុងហុងកុងបានរកប្រាក់ចំណេញប្រមាណ១០២លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ ទោះបីប្រទេសកម្ពុជាស្ថិតក្រោមការគំរាមកំហែងនៃការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ៕