ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ប្រតិកម្ម​ពី​ម្ចាស់​ជំនួយ រដ្ឋាភិបាល​​ទម្លាក់​ចោល​គម្រោង​អភិវឌ្ឍន៍​​ក្បែរ​តំបន់​អង្គរ


រូបឯកសារ៖ ទិដ្ឋភាពប្រាសាទអង្គរវត្តនាពេលថ្ងៃរះ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៦។
រូបឯកសារ៖ ទិដ្ឋភាពប្រាសាទអង្គរវត្តនាពេលថ្ងៃរះ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៦។

រដ្ឋាភិបាលកម្ពុជា កាល​ពី​ថ្ងៃ​អង្គារ​ បាន​សម្រេច​មិន​ឱ្យ​ក្រុមហ៊ុន​ណាហ្គាខប​ (NagaCorp) បន្ត​អនុវត្ត​គម្រោង​សាងសង់​រមណីយដ្ឋាន​កែច្នៃ​ទ្រង់​ទ្រាយធំ​ នៅ​ក្បែរ​ឧទ្យាន​បុរាណ​អង្គរ​នោះ​ទេ ក្រោយពីមាន​ការ​បារម្ភ​ពី​ប្រទេស​ម្ចាស់​ជំនួយ​និង​ប្រតិកម្ម​ពី​សាធារណ​មតិ។

ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​មីនា ដោយបាន​លើក​ឡើង​ថា៖

«ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​មាន​ជំហរ​ស្របគ្នា​ជាមួយ​គណៈ​កម្មាធិការ​អាយ​ស៊ីស៊ី​អង្គរ​ (ICC-Angkor) និងយោបល់អ្នកជំនាញ​ការ Ad Hoc ហើយ​យល់​ឃើញ​ថា ​គម្រោង​អភិវឌ្ឍ​«បឹងអច្ឆរិយៈ​អង្គរ» ​ដែលបាន​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន Naga Group ពុំ​អាចអនុវត្ត​បាន​ទេ​នៅ​ក្នុង​បរិបទ​នេះ»។​

ក្រុមហ៊ុន​ណាហ្គាខប (NagaCorp Ltd.) ដែល​ចុះ​បញ្ជី​នៅ​ផ្សារ​ហ៊ុន​ហុងកុង (SEHK) បាន​ប្រកាសកាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ថា ​ខ្លួន​ទទួល​បាន​ការផ្ដល់​សិទ្ធិ​ជួល​ដី​ពី​រដ្ឋ​ទំហំ​ ៧៥ ​ហិកតា ចម្ងាយ ​៥០០ ម៉ែត្រ​ពី​តំបន់​ពីរ​ក្បែរ​ឧទ្យាន​បុរាណ​អង្គរ ដើម្បី​សាងសង់​គម្រោង «បឹង​អង្គរ​អច្ឆរិយៈ»។​

បើ​តាម​ណាហ្គាខប គម្រោង​ដែល​មាន​តម្លៃ​ ៣៥០ ​លានដុល្លារ​ និង​ដែល​មាន​ទំនាក់ទំនង​បោះ​ទុន​វិនិយោគ​ពី​ក្រុមហ៊ុនរដ្ឋ​ចិន​មួយ​នេះ រួម​មាន​សណ្ឋា​គារ​រាប់​រយ​បន្ទប់ តំបន់​ពាណិជ្ជកម្ម​ទេស​ចរណ៍​ឆាយណា​ថោន (ChinaTown) សួន​ទឹក សួន​រុក្ខជាតិ​កែច្នៃ​និង​ប្រព័ន្ធ​គូ​ទឹក​ទាក់ទាញ​ទេសចរ។​

តែ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ចុង​ខែ​មករា ក្រុម​អ្នក​ជំនាញ​នៃ​គណៈកម្មាធិការសម្រប​សម្រួល​អន្តរជាតិ​អង្គរ (ICC-Angkor) បាន​ជំទាស់​ «យ៉ាង​ជាក់​ច្បាស់»​ ទៅ​នឹង​ការ​អនុញ្ញាត​គម្រោង​នេះ។ នេះ​បើ​យោង​តាម​អង្គការ​យូណេ​ស្កូ។

លោក ស៊ុំ ម៉ាប់ រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បញ្ជាក់​ប្រាប់​វីអូអេ ​អំពី​ការ​សម្រេច​របស់​រដ្ឋាភិបាល​ ថា៖ «ក្នុង Press Release [សេចក្តី​ថ្លែង​ការណ៍] ហ្នឹង​ច្បាស់ហើយ​តើ អាហ្នឹង​មិន​អាច​អនុវត្ត​បាន បាន​ន័យ​ថា​ បដិសេធ​ហ្នឹង​ហើយ»។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​វប្បធម៌​រូបនេះ​ បាន​លើក​ឡើង​ថា​ក្រសួង​ទទួល​ឯកភាព​ពី​ធាតុ​ចូល​បាន​មកខាង ICC-Angkor និង​ក្រុម​ជំនាញ​ចំពោះ​កិច្ច ទៅ​លើ​ការ​បដិសេធ​គម្រោង​នេះ​ចោល។

«នេះ​គេ​យល់​រួម​គ្នា​ថា​វា​ធំ​ពេក ប្អូន វា​អត់​មាន​ខុស​អ្វី​ទេ ក៏​ប៉ុន្តែ​វា​ធំ​ពេក។ អា​មួយ​ស្ងប់​ស្ងៀម អា​មួយ​រាង រាង​ដូច​ធំ​ពេក​អ៊ីចឹង​ទៅ​ណា៎ វា​សប្បាយសប្បាយ​ពេក​អ៊ីចឹង​ណា​ប្អូន វា​ខុងត្រាស់​គ្នា»។

លោក Sardar Umar Alam តំណាង​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្ដែងការ​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​ការ​ឆ្លើយតប​តាមសារ​អេឡិចត្រូនិក​មក​កាន់​វីអូអេ លោក Alam បាន​រំឭក​អំពី​យន្តការ ​ICC និងសេចក្ដី​ណែនាំ​ប្រតិបត្តិការ​នៃ​សន្ធិសញ្ញា​បេតិក​ភណ្ឌ​ពិភពលោក ដែល​ចែង​អំពី​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្នាត​ធំ​ ដែល​ត្រូវ​រក្សា​តុល្យភាព​រវាង​ការ​អភិវឌ្ឍ​ដោយចីរភាព​និង​ការ​អភិរក្ស។

លោក Alam បាន​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖ «យូណេស្កូ​សម្ដែង​ការ​ពេញចិត្ត​យ៉ាង​ខ្ពង់ខ្ពស់​ ដែល​អាជ្ញាធរ​កម្ពុជា​នៅ​តែ​បន្ត​ការ​ប្ដេជ្ញា​ចិត្ត​ពេញ​លេញ ចំពោះ​ការ​អនុវត្ត​តាម​សន្ធិសញ្ញា​ស្ដីពី​បេតិកភណ្ឌ​ពិភព​លោក និង​បាន​ធ្វើ​ឱ្យ​ប្រាកដ​ថាការ​រក្សា​ការពារ​គុណ​តម្លៃជាសាកលដ៏​ល្អ​ឯក​របស់​អង្គរ​ នឹង​នៅ​តែ​ស្ថិត​នៅ​កណ្ដាល​បេះដូង​នៃ​រាល់​ដំណាក់​កាល​សម្រេច​ចិត្ត​នានា​នៃ​ទី​ស្ថាន​នោះ​និង​តំបន់​ជុំវិញ»។

នៅ​ពេល​ត្រូវ​បាន​សួរ​ឱ្យ​បញ្ជាក់​អំពី​ការ​អះអាង​របស់​ក្រុមហ៊ុន​ណាហ្គាខប ថា​ខ្លួន​ទទួល​បាន​ការ​ព្រម​ព្រៀង​អនុញ្ញាត​ឱ្យ​ជួល​ទី​តាំង​ដី ​៧៥ ​ហិកតា​នោះ លោក ស៊ុំ ម៉ាប់ រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ និង​បាន​ស្នើ​អ្នក​សារព័ត៌មាន​ឱ្យ​សួរ​ទៅ​កាន់​ក្រុមហ៊ុន​វិញ។

ក្រុមហ៊ុន​ណាហ្គាខប​មិន​ទាន់​ឆ្លើយ​តប​នឹង​សារ​អេឡិច​ត្រូនិក​របស់​វីអូអេ ដើម្បីសុំ​ការ​បំភ្លឺ​នៅ​ឡើយ​ទេ​គិតត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ។

ក្រុមហ៊ុន​ណាហ្គាខប មាន​លោក Chen Lip Keong មហា​សេដ្ឋី​ជនជាតិ​ម៉ាឡេស៊ី​ជាប់​សែ​ស្រឡាយ​ចិន ជា​ស្ថាបនិក​និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ។ លោក Chen អាយុ​ ៧២ ​ឆ្នាំ ទទួល​បាន​សញ្ជាតិ​ខ្មែរកាល​ពី​ចុង​ឆ្នាំ​ ២០២០ ​និង​មាន​ទ្រព្យ​ប្រមាណ​ ៤,៥ ​ពាន់​លាន​ដុល្លារ ជា​អ្នក​មាន​លំដាប់​ទី ៤ នៅ​ប្រទេសម៉ាឡេ​ស៊ី។ នេះ​បើ​យោង​តាម​ទស្សនាវដ្ដី Forbes។

ការ​ចេញ​ផ្សាយ​របស់ The Cambodia Daily កាល​ពី​ឆ្នាំ​ ២០១៧ ដែល​ទទួល​បាន​សារ​ឆ្លើយ​ឆ្លង​ទូរស័ព្ទ​ឯកជន​ដែល​បែក​ធ្លាយ​បង្ហាញ​ថា លោក Chen ទំនង​ជា​មាន​ចំណង​ទាក់ទង​ជាមួយ​សមាជិក​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ (VOD) បាន​ផ្សាយ​កាលពី​ខែវិច្ឆិកា ឆ្នាំ​មុនថា ទីតាំង​ដីដែល​ណាហ្គា​ខប​ប្រាថ្នា​ចង់​សាងសង់​អនុវត្ត​គម្រោង​ខាង​លើ​នេះ ​ធ្លាប់​ត្រូវ​បាន​ត្រួសត្រាយ​បញ្ចប់​ជម្លោះរ៉ាំរ៉ៃ​យូរ​ឆ្នាំ​ដោយ​លោក ហ៊ុន សែន កាលពី​ឆ្នាំ​ ២០១៥៕​

XS
SM
MD
LG