ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​កាស៊ីណូ​ណាហ្គាវើល​ស្វះស្វែង​រក​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន​៤០​ដុល្លារ​ក្នុង​មួយ​ខែ


ក្រុម​បុគ្គលិក​កាស៊ីណូ​នៃ​​ក្រុមហ៊ុនNaga World​ ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ចិញ្ចើម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​បង្ហាញសាធារណជន​​អំពី​ការ​ចង់បានប្រាក់​ឧបត្ថម្ភ​ចំនួន​៤០ដុល្លារ​ក្នុង​មួយខែ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/​VOA)​
ក្រុម​បុគ្គលិក​កាស៊ីណូ​នៃ​​ក្រុមហ៊ុនNaga World​ ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ចិញ្ចើម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​បង្ហាញសាធារណជន​​អំពី​ការ​ចង់បានប្រាក់​ឧបត្ថម្ភ​ចំនួន​៤០ដុល្លារ​ក្នុង​មួយខែ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២០​។ (ហ៊ុល រស្មី/​VOA)​

ក្រុម​បុគ្គលិក​កាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គា​វើល​(NagaWorld)​ជាង​១០០​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​នៅព្រឹក​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ដាក់​ញត្តិ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។​

ការ​ស្នើ​សុំ​របស់​បុគ្គលិក​ក្នុង​ផ្នែក​ល្បែង​របស់​ក្រុម​ហ៊ុន​ណាហ្គាវើល ​កើត​មាន​ឡើង​ក្រោយ​ក្រុមហ៊ុន​នេះ​បាន​ផ្តាច់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៥០​ភាគ​រយ​នៃ​ប្រាក់​ខែ​របស់​បុគ្គលិក​ដែល​ត្រូវ​បាន​ព្យួរ​ការងារ។ ​ ប្រាក់​ឧបត្ថម្ភ​នេះ​ ត្រូវ​បាន​ផ្តល់​ឲ្យ​បុគ្គលិក​ចាប់ពី​ខែ​មេសា​ដល់​ខែ​ឧសភា​ ក្នុង​ពេល​ដែល​កាស៊ីណូ​បាន​ផ្អាក​ដំណើរ​ការ​តាម​ការ​បញ្ជា​របស់​រដ្ឋាភិបាល​ឲ្យផ្អាក​អាជីវកម្ម​កាស៊ីណូ​ទូទាំង​ប្រទេស ​ចាប់​តាំង​ពី​ដើម​ខែ​មេសា ​ដោយ​សារ​តែ​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩។​

ការ​បិទ​កាស៊ីណូ​ណាហ្គា​វើល​ប៉ះពាល់​ការងារ​របស់​បុគ្គលិក​ដែល​ធ្វើ​ការ​ក្នុង​ផ្នែក​ល្បែង ​គឺ​មាន​ជាង​៣​ពាន់​នាក់។ ​

អ្នកស្រី​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើល​ប្រាប់​វីអូអេ​នៅក្រៅ​របង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជា្ជជីវៈ​ថា​ក្រុម​បុគ្គលិក​ជិត​៩០០០​នាក់​កំពុង​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ក្នុង​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ ​នៅ​ពេល​គ្មាន​ការងារ​ធ្វើ​ហើយ​៩០​ភាគរយ​នៃ​បុគ្គលិក​ទាំងនោះ​ត្រូវ​សង​បំណុល​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។​

«បុគ្គលិក​ដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ច្រើន​លើសលប់​នៅក្នុង​ក្រុមហ៊ុន​ណាហ្គា​វើល​ហ្នឹង​គឺពួក​គាត់​នៅ​តែ​បន្ត​បង់​បំណុល​ទៅ​ធនាគារ​ ហើយ​និង​មីក្រូ​ហិរញ្ញ​វត្ថុ។​អ៊ីចឹង​ អាប្រាក់​ដែល​គាត់​នៅ​សល់​បន្តិច​បន្តួច​ផ្សែផ្សំ​បាន​កាល​នៅ​មាន​ការងារ​ធ្វើ​ហ្នឹង​ គឺ​គាត់​ទុក​បម្រុង​ភាគច្រើន​ គឺ​បង់​ទៅ​ខាង​មីក្រូ​ហិរញ្ញ​វត្ថុ​ ហើយ​និង​ធនាគារ»។​

ក្រុម​ហ៊ុន​ណាហ្គា​វើល​បាន​ផ្អាក​អាជីវកម្ម​កាស៊ីណូ​របស់​ខ្លួន​ជាង​២​ខែ​មក​ហើយ ​ក្នុង​ពេល​មាន​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។ ​ក្រុមហ៊ុន​នេះ​នៅ​បន្ត​ដំណើរ​ការ​អាជីវ​កម្ម​សណ្ឋាគារ​របស់​ខ្លួន។ ​ ប៉ុន្តែ​បុគ្គលិក​សណ្ឋាគារ​ត្រូវ​ធ្វើការ​តាម​ចំនួន​ថ្ងៃ​ដែល​មាន​កម្រិត​ ពោល​គឺ​បុគ្គលិក​ម្នាក់​អាច​ធ្វើការ​បាន​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី ​ឈឹម​ ស៊ីថរ។​

ក្រុម​តំណាង​បុគ្គលិក​បាន​ប្រគល់​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ចំនួន​២.២៦៣​នាក់​ ជូន​លោក​ ណុន វណ្ណៈ​ អគ្គ​លេខាធិការ​រង​គណៈ​កម្មការ​ដោះស្រាយ​កូដកម្ម​និង​បាតុកម្ម​នៃ​ក្រសួង​ការងារ។​

អ្នក​ស្រី ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ NagaWorld និយាយ​ពីស្ថានភាព​បុគ្គលិកកាស៊ីណូ​នៃក្រុមហ៊ុន​ Naga World​នៅ ក្រៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទី​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)
អ្នក​ស្រី ​ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុម​ហ៊ុន​ NagaWorld និយាយ​ពីស្ថានភាព​បុគ្គលិកកាស៊ីណូ​នៃក្រុមហ៊ុន​ Naga World​នៅ ក្រៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទី​ក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ២០២០។ (ហ៊ុល រស្មី/VOA)

លោក ​ណុន វណ្ណៈ​ បាន​ប្រាប់​អ្នកស្រី​ឈឹម ស៊ីថរ​ និង​តំណាង​កម្មករ​ផ្សេង​ទៀត​ថា​ ក្រសួង​នឹង​ពិនិត្យ​សំណើ​របស់​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើល​តែ​មិន​បញ្ជាក់​ពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​អាច​ចាត់​ចែង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ ​ដូច​កម្មករ​ដែល​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ ​និង​ទេសចរណ៍​នោះ​ទេ។​

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុម​បុគ្គលិក​កាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គា​វើល​ បាន​ចេញ​មុខ​ស្នើ​សុំ​ការ​សង្គ្រោះ​ខាង​ហិរញ្ញ​វត្ថុ​ពី​រដ្ឋាភិបាល។​ក្រុម​បុគ្គលិក​ក៏បាន​ដាក់​ញត្តិ​មាន​ស្នាម​មេដៃ​ចំនួន​៣.១៨៣​នាក់​ ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​បន្ត​ប្រាក់​ឧបត្ថម្ភ​ផង​ដែរ។​

អ្នកស្រី ​រី សុវណ្ណឌី​អាយុ​៣៨​ឆ្នាំ​ ជា​បុគ្គលិក​កាស៊ីណូ​របស់​ក្រុមហ៊ុន​ណាហ្គា​វើល ​និយាយ​ថា​ ជីវភាព​របស់​អ្នក​ស្រី​ពេល​នេះ​កំពុង​ប្រឈម​ការ​លំបាក​យ៉ាង​ខ្លាំង​ ដោយសារ​តែ​គ្មាន​ប្រាក់​ចំណូល​ហើយ​មិន​អាច​រក​ការងារ​ផ្សេង​ធ្វើ​បាន​ ក្រៅ​ពី​ការងារ​ជា​បុគ្គលិក​កាស៊ីណូ​នេះ។​

«ឥឡូវ​ហ្នឹង​មាន​ន័យ​ថា​ អ៊ីចេះ​ ឥឡូវ​ហ្នឹង​ ក្រុមហ៊ុន​បិទ​អត់​មាន​លុយ​ឲ្យ​មួយ​រៀល​ទេ។​ រដ្ឋាភិបាល​ក៏​អត់​មាន​ជួយ​ដែរ​ ធនាគារ​គឺ​ទារ​លុយ​រហូត។​ អាហ្នឹង​អ្វី​ដែល​ពួក​ខ្ញុំ​កំពុង​ប្រឈម​មុខ»។​

VOA​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​ពី​លោក​Philip Lee ​ប្រធាន​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​ ណាហ្គា​វើល​បាន​ទេ​ទាំង​តាម​ទូរស័ព្ទ​និង​សារ​អេឡិចត្រូនិក​អ៊ីម៉ែល​នៅ​ថ្ងៃ​អង្គារ​នេះ។​

កម្មករ​និយោជិត​ក្រុម​ហ៊ុនណាហ្គា​វើល​ជាង​១០០​នាក់​ប្រមូល​ផ្តុំ​គ្នា​មកដាក់​ញត្តិ​ស្នើ​សុំ​ជំនួយពីរដ្ឋាភិបាល​និង​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុននៅខាងមុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​អំឡុង​ពេល​ដែល​ត្រូវ​បា​ព្យួរ​ការងារ​ក្នុង​ពេលដែល​មាន​ជំងឺ​កូវីដ១៩ ភ្នំពេញ ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
កម្មករ​និយោជិត​ក្រុម​ហ៊ុនណាហ្គា​វើល​ជាង​១០០​នាក់​ប្រមូល​ផ្តុំ​គ្នា​មកដាក់​ញត្តិ​ស្នើ​សុំ​ជំនួយពីរដ្ឋាភិបាល​និង​ប្រាក់​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុននៅខាងមុខ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​អំឡុង​ពេល​ដែល​ត្រូវ​បា​ព្យួរ​ការងារ​ក្នុង​ពេលដែល​មាន​ជំងឺ​កូវីដ១៩ ភ្នំពេញ ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

លោក​ ឃុន ថារ៉ូ​ មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅកាត់​ថាសង់​ត្រាល់​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរ​គិតគូរ​ដល់​បុគ្គលិក​កាស៊ីណូ​របស់​ក្រុមហ៊ុន​ ណាហ្គា​វើល​ឲ្យ​ដូច​ក្រុម​កម្មករ​និង​បុគ្គលិក ​ដែល​បាន​បាត់​បង់​ការ​ងារ​ឬ​ការងារ​ត្រូវ​បាន​ព្យួរ​ក្នុង​វិស័យ​ផ្សេង​ទៀត​ដូច​ជា​វិស័យ​កាត់​ដេរ​ និង​ទេសចរណ៍​ជាដើម។​

កាល​ពី​សប្តាហ៍​មុន ​ក្រសួង​ការងារ​បាន​ប្រកាស​ថា​រដ្ឋាភិបាល​បាន​បើក​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ និង​ទេស​ចរណ៍​ចំនួន​១៧.០៥២​នាក់​នៃ​រោងចក្រ​សហគ្រាស​ទាំង​៥០​ក្នុង​វិស័យ​កាត់​ដេរ​និង​ទេសចរណ៍។​ក្នុង​នោះ​ប្រាក់​ចំនួន​១៥​ដុល្លារ​សម្រាប់​ការ​ព្យួរ​ការងារ​រយៈ​ពេល​ពី​៧​ថ្ងៃ​ទៅ​១០​ថ្ងៃ​ប្រាក់​ចំនួន​៣០​ដុល្លារ​សម្រាប់​រយៈការ​ព្យួរ​ការងារ​ពី​១១​ថ្ងៃ​ទៅ​២០​ថ្ងៃ​និង​ប្រាក់​ចំនួន​៤០​ដុល្លារ​សម្រាប់​ការ​ព្យួរ​ការងារ​ចាប់​ពី​២១​ថ្ងៃ​ទៅ​១​ខែ។

អ្នកស្រី​ ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ដែល​ជួយ​បុគ្គលិក​ណាហ្គា​វើល​ និយាយ​ថា​ប្រសិន​បើ​រដ្ឋាភិបាល​មើល​រំលង​ពី​ការ​ស្នើសុំ​របស់​ក្រុម​បុគ្គលិក​កាស៊ីណូ ​នោះ​ ពួក​គេ​នឹង​ប្រឈម​នឹង​កង្វះ​អាហារ​ ស្រប​ពេល​ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​បំណុល​ផង​ដែរ៕

XS
SM
MD
LG