ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សហជីព​នៅ​រោងចក្រ Cinlon បន្ត​ស្នើ​សុំ​អន្តរាគមន៍ ក្រោយពី​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ


រូបឯកសារ៖ កម្មកររោងចក្រ ធ្វើដំណើរតាម​រថយន្ត​ដឹកកម្មករ​ទៅ​ធ្វើការ​នៅតាម​រោងចក្រ នៅខេត្តកំពង់ឆ្នាំង នាអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩។ កម្មករ​ភាគច្រើន បានពាក់ម៉ាស ក៏ប៉ុន្តែ​ពិបាក​រក្សា​គម្លាត​ពីគ្នា​។ ថត​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ កម្មកររោងចក្រ ធ្វើដំណើរតាម​រថយន្ត​ដឹកកម្មករ​ទៅ​ធ្វើការ​នៅតាម​រោងចក្រ នៅខេត្តកំពង់ឆ្នាំង នាអំឡុងពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩។ កម្មករ​ភាគច្រើន បានពាក់ម៉ាស ក៏ប៉ុន្តែ​ពិបាក​រក្សា​គម្លាត​ពីគ្នា​។ ថត​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

ក្រោយ​នាំ​គ្នា​រៀប​ចំ​ក្រុម​សហជីព​ឯករាជ្យ​មួយ​ដើម្បី​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​កម្មករ សមាជិក​សហជីព​បាន​ឱ្យ​ដឹង​ថា​ រោង​ចក្រ​ផលិត​កាបូប​មួយ​ឈ្មោះ​ Cinlon International ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ បាន​ប​ញ្ឈប់​មេដឹកនាំ​សហជីព ៣ ​នាក់​ពី​ការងារ។ បច្ចុប្បន្ននេះ ពួកគេ​កំពុង​តែ​តវ៉ា​សុំ​អន្តរាគមន៍ ដើម្បី​បាន​ចូល​ធ្វើ​ការងារ​វិញ។

សហជីព​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នោះ​មក​ពី​សហព័ន្ធ​សហជីព​ឯករាជ្យ ​កំពុង​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ (ILO) ដែល​គ្រប់​គ្រង​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ ឬ​ហៅ​ថា​ BFC។ នេះ​បើ​តាម​លិខិត​របស់​សហជីព ចុះ​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​ ២០២៣ ដែល​ផ្ញើ​ទៅ​កាន់​អង្គការ​អន្តរជាតិ​ខាង​ការងារ​នេះ។

មេដឹកនាំ​សហជីព​ទាំង​នោះ​ រួម​មាន​លោក ស្រឺ នាង អ្នកស្រី ប៊ូ រ៉ាត និង​លោក មួន សាម៉ុក ដែលធ្វើ​ការ​នៅ​រោង​ចក្រCinlon ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។

លិខិត​សហជីព​លើក​ឡើង​ថា ​ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល និង​ផ្សះ​ផ្សា​ដែល​រក​ចំណុច​រួម​មិន​ឃើញ នាយកដ្ឋាន​វិវាទ​ការងារ កាល​ពី​ថ្ងៃទី​ ៤ ខែកក្កដា ឆ្នាំ ​២០២២ បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​មួយ​នោះ​ទទួល​យក​ពួក​គេ​ទាំង​ ៣ ​នាក់​នោះ​ ចូល​ធ្វើ​ការ​ងារ​វិញ ហើយ​បង់​សង​ប្រាក់​ឈ្នួល​តាំង​ពី​ថ្ងៃ​ដែល​ពួកគេ​ត្រូ​វបាន​បញ្ឃប់​ពី​ការងារ ប៉ុន្តែ​រោងចក្រ​ Cinlon ​មិន​អនុវត្ត​តាម​ឡើយ។

ក្រោយ​មក ក្រុម​សហ​ព័ន្ធ​សហ​ជីព​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ CleverMade ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ណាឡើយ។

លិ​ខិត​នោះ​បញ្ជាក់​ថា៖ «ជា​លទ្ធផល​ក្រុមហ៊ុន​ Clevermade មិន​អើ​ពើ​និង​មិន​ខ្វាយ​ខ្វល់​ពី​សិទ្ធិ​របស់​កម្មករ​នយោជិត ជាពិសេស​បន្ថែម​ទៀត គឺ​ក្រុម​ហ៊ុន CleverMade ថែម​ទាំង​បាន​ចូលរួម​ចំណែក​ក្នុង​រំលោភ​សិទ្ធិ​របស់​កម្មករ​និយោជិត​នៅ​ប្រទេស​កម្ពុជា​ទៀត​ផង»។

វីអូអេមិន​អាចសុំការអត្ថាធិប្បាយ​ពីក្រុមហ៊ុន CleverMade តាម​សារអ៊ីម៉ែល​បាននៅឡើយទេ។

អ្នកស្រី ប៊ូ រ៉ាត អាយុ​ ២៨ ឆ្នាំ ជា​កម្មករ​នៅ​រោងចក្រ ​Cinlon ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ក្រោយ​បង្កើត​សហជីព​ក្នុង​រោងចក្រ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អ្នកស្រី និងមេដឹកនាំ​សហជីព​ផ្សេង​ទៀត នៅតែ​ត្រូវ​បាន​បញ្ឈប់​មិន​ឱ្យ​ធ្វើ​ការងារ​នៅ​រោងចក្រ​បន្ត​ទៀត ក្រោយ​ក្រុម​អ្នក​ស្រី​បាន​បង្កើត​សហជីព​នៅ​ក្នុង​រោងចក្រ។

បើ​តាម​ស្ត្រី​រូប​នេះ រោង​ចក្របាន​បញ្ជាក់​ថា​ ការ​បញ្ឈប់​នោះ ដោយ​សារ​តែ​មិន​មាន​ការងារច្រើន​ស​ម្រាប់​ពួក​គេធ្វើ។

ទោះ​ជាយ៉ាងណា អ្នកស្រី ប៊ូ រ៉ាត ចាត់​ទុក​ការបញ្ឈប់​ពី​ការងារ​នេះ ជា​ការ​រើស​អើង​សហជីព និង​អយុត្តិធម៌។ អ្នកស្រី​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ដោះស្រាយ​វិវាទ​ការងារ​មួយ​នេះ ពោល​គឺ​អនុញ្ញាត​ឱ្យ​អ្នកស្រី​បាន​ចូល​ធ្វើការ​ឡើង​វិញ។

អ្នក​ស្រី​បញ្ជាក់​ថា៖ «ជាចុង​ក្រោយ​ខ្ញុំ​សូម​សំណូម​ពរ​ទៅ​ដល់​ពូៗ​ដែល​គាត់​ធ្វើ​ការ​នៅ​ក្រសួង អធិ​ការ​ការងារ​ អធិការកិច្ច​ហ្នឹង សូម​ឱ្យ​គាត់​ជួយ​ជំរុញ​ ដើម្បី​ឱ្យ​ក្រុម​ហ៊ុន​ខាង​រោងចក្រ​ Cinlon ទទួល​ពួក​ខ្ញុំ​ចូល​ធ្វើ​ការងារ​វិញ ហើយ​នឹង​គោរព​តាម​គោលការណ៍​រោងចក្រ​ច្បាស់​លាស់។ ហើយ​សុំ​ឱ្យ​រោងចក្រ ​Cinlon គិត​ជា​ប្រាក់​កម្រៃ​ដែល​តាំង​ពី​បញ្ឈប់​ពួក​ខ្ញុំ​រហូត​មក​ដល់​ឥឡូវ»។

អ្នកស្រី​បន្ត​ថា ​ក្រោយ​មិន​មាន​ការងារ​ធ្វើ ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រី រង​ផល​ប៉ះ​ពាល់​ខ្លាំង ដោយ​សារ​ត្រូវសង​បំណុល​ធនាគារ និង​បង់​ថ្លៃ​សិក្សា​របស់​កូន។

លោក ស្រឺ នាង មេដឹក​នាំ​សហជីព​មួយ​រូប​ទៀត​ដែល​ត្រូ​វបាន​បញ្ឈប់​ពី​ការងារ​ដែរ លើក​ឡើង​ថា​ បន្ទាប់​ពី​ក្រុម​របស់​លោក​បាន​ជូន​ដំណឹង​ទៅ​រោង​ចក្រ ពាក់ព័ន្ធនឹង​ការ​បង្កើត​សហជីព ៥ ​ថ្ងៃ​ក្រោយ​មក រោង​ចក្រ​បាន​បញ្ចប់​ការងារ​របស់​ពួកគេ ដោយ​មិន​បាន​ជូន​ដំណឹង​អ្វី​ឡើយ។

បុរស​វ័យ​ ៣២ ​ឆ្នាំ​រូប​នេះ​ចាត់​ទុក​ការ​បញ្ឈប់​ពួក​គេ​បែប​នេះ ខុស​នឹង​ច្បាប់​ការងារ។ បើ​តាម​សហជីព រោងចក្រ​ក៏​បាន​ប្តឹង​ពួកគេ​ទៅ​នគរបាល​ពី​បទ​ញុះញង់​ផង​ដែរ ក្រោយ​មាន​ការ​តវ៉ា​របស់​កម្មករ​ផ្សេង​ទៀត​ប្រឆាំង​នឹង​ការ​បញ្ឈប់​សហជីព។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​សំណូ​មពរ​ឱ្យ​ខាង​ក្រសួង​ការ​ងារ​ឱ្យ​គាត់​ជួយ​ជំរុញ​ទៅ​រោងចក្រ​ហ្នឹង ឱ្យ​ពួក​ខ្ញុំ​បាន​ចូល​ធ្វើការ​វិញ​ ព្រោះ​វិវាទ​មួយ​នេះ គឺ​រង​សម្ពាធ​ខ្លាំង​ពី​រោងចក្រៗ​ប្តឹង​ទៅ​រក​ស្នង​ការ​ខេត្ត​ទៀត។ អ៊ីចឹង​ករណី​គាត់​ប្តឹង​ខ្ញុំ បំភិត​បំភ័យ​ខ្ញុំ​នេះ ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ដែរ»។

លោក ស្រឺ នាង អះ​អាង​ថា​ នគរបាល​ធ្លាប់​កោះ​ហៅ​រូប​លោក​ទៅ​សាក​សួរ ប៉ុន្តែ​លោក​មិន​បាន​ចូល​ទៅ​បំភ្លឺ​ឡើយ ហើយ​ក៏​មិន​ឃើញ​មាន​ចំណាត់​ការ​ណា​ទៀត​លើ​រូប​លោក។

ទោះ​ជាយ៉ាងណា អ្នកស្រី ទូច សុភ័ណ្ឌ អ្នក​គ្រប់​គ្រងផ្នែក​រដ្ឋបាល​នៅ​រោងចក្រ​ Cinlon ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រោ​ង​ចក្រ​បញ្ឈប់​កម្មករ​ទាំង​នោះ​នៅ​ក្នុង​ក្រប​ខណ្ឌ​ដែល​ពួកគេ​ជា​កម្មករ មិន​មែន​ជា​សហជីព​អ្វី​ឡើយ។

អ្នកស្រី​ការពារ​ថា ​ការ​បញ្ឈប់​ពួក​គេ ដោយ​សារ​តែ​រោង​ចក្រ​មិន​មាន​ការ​ងារ​ច្រើន​សម្រាប់​កម្មករ ដូច្នេះ​មាន​តែកាត់​បន្ថយ​កម្មករ។

អ្នកស្រី​បញ្ជាក់​ថា៖ «ក្រុម​ហ៊ុន​បញ្ឈប់​ពួក​គាត់​ ៣​ នាក់​ហ្នឹង គឺ​ក្រុម​ហ៊ុន​ទូទាត់​សំណង​ទៅ​ជូន​ពួកគាត់​ទៅ​តាម​ក្រសួង​ហើយៗ។ ហើយ​ម្យ៉ាង​វិញ​ទៀត ក្រុមហ៊ុន​អត់​ទទួល​ពួក​គាត់​ចូល​ធ្វើការ​វិញ​ ដោយ​សារ​ពួក​គាត់​ធ្វើ​ការ​កូដកម្ម ដោយ​មិន​បាន​ជូន​ដំណឹង​ទៅ​ដល់​រោងចក្រ ញុះ​ញង់​កម្មករ​ឱ្យ​ធ្វើ​ការ​កូដកម្ម ហើយ​វាមាន​ផល​ប៉ះ​ពាល់​ដល់​រោងចក្រ ខាត​ប្រយោ​ជន៍​រោងចក្រ ហើយនឹង​ធ្វើ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់»។

នៅ​ពេល​សួរ​ថា​តើ​ក្រុមហ៊ុន​នឹង​ដោះស្រាយ​ជាមួយ​ក្រសួង​ការងារ​យ៉ាង​ដូច​ម្តេច ដែល​បញ្ជា​ឱ្យ​យក​សហជីព​ទាំង​នោះ​ចូល​ធ្វើ​ការ​វិញ អ្នកស្រី ទូច សុភ័ណ្ឌ លើក​ឡើង​ថា​ អ្នកស្រី​មិន​ឆ្លើយ​បាន​ឡើយ​ ដោយ​បង្វែរ​សំណួរ​នេះ​ទៅ​ថៅ​កែ​រោងចក្រ​ដែល​ជា​ជន​ជាតិ​ចិន ហើយ​បច្ចុប្បន្ន​នៅ​ប្រទេស​ចិន។

លោក សែ សាម៉ឺឌី ទី​ប្រឹក្សា​របស់​សហព័ន្ធ​សហជីព​ឯករាជ្យ ប្រាប់​វីអូអេ​ថា​ មុន​ចង​ក្រង​គ្នា​បង្កើត​ក្រុម​សហជីព កម្មករបាន​ជូន​ដំណឹង​ទៅ​ក្រសួង​ការងារ រួម​ទាំង​ខាង​ក្រុម​ហ៊ុន​ផង​ដែរ។ លោក​ថា​ ការ​ប​ញ្ឈប់​កម្មករ ដោយ​សារ​តែ​ពួកគេ​នាំ​គ្នា​បង្កើត​សហជីព ជា​ការ​ខុស​ពី​ច្បាប់​ទាំង​ស្រុង។ លោក​អំពាវនាវ​ឱ្យ​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​ពី​ភាគី​ពាក់​ព័ន្ធ។

លោក​បញ្ជាក់​ថា ៖ «ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ទាំង​មូល ជាពិសេស​អ្នក​បញ្ជា​ទិញ​ឱ្យ​រោងចក្រ​ Cinlon ឈ្មោះ​ម៉ាក CleverMade ហើយ​និង​អង្គការ ​ILO រួម​ទាំង​អង្គការ​ផ្សេងៗ​ទៀត សារព័ត៌មាន​ជាតិ​ អន្តរ​ជាតិ​ ជួយ​ធ្វើ​ម៉េច​ជំរុញ​ឱ្យ​ថៅកែ​រោងចក្រ​យក​មេដឹកនាំ​សហ​ជីព​ទាំង​ ៣​ នាក់ ហើយ​សងប្រាក់​រំឭក​របស់​គាត់»។

នៅ​ក្នុង​លិខិត​របស់​ក្រសួង​ការងារ ចុះ​ថ្ងៃ​ទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ដែល​វីអូអេ​ទទួល​បាន ក្រសួង​បាន​ផាក​ពិន័យ​រោងចក្រ​ជា​ប្រាក់​ចំនួន​ ១០ ​លាន​ ៨ ម៉ឺន​រៀល រួម​ទាំង​តម្រូវ​ឱ្យ​ទទួល​យក​សហជីព​ទាំង ​៣​ នាក់​នេះ ចូល​ធ្វើ​ការ​វិញ​ផង​ដែរ។ ក្រសួង​លើក​ឡើង​ថា​ រោង​ចក្រ​មួយ​នេះ​មិន​ព្រម​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ការងារ​នៅ​ក្នុង​ជម្លោះ​ជាមួយ​សហជីព​ទាំង​ ៣ ​នាក់​នេះ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​នៅ​ឡើយ​ទេ។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​ ២០២៣ លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា ដែល​ជា​សហជីព​ឯករាជ្យ​មួយ​ទៀត ក៏​បាន​លើក​ឡើង​ថា​ សហជីព​ឯករាជ្យ​ដែល​មិន​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ក្រុម​ហ៊ុន រង​គ្រោះ​ក្រោម​រូប​ភាព​គំរាម​កំហែង ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​ឃ្លាំ​មើល និង​បញ្ឈប់​ពី​ការងារ​ជាដើម។ ចុង​ក្រោយ​នេះ សហ​ជីព​យ៉ាង​តិច​ ២០ ​នាក់ មិន​ត្រូវ​បាន​បន្ត​កិច្ច​សន្យា​ការងារ​ទៀត ក្រោយ​ពី​ពួកគេ​បាន​បង្កើត​សហជីព​ឯករាជ្យ​នៅ​ក្នុង​រោងចក្រ៕

XS
SM
MD
LG