ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព៖ ការ​បង្កើត​សហជីព​ឯករាជ្យ​កំពុងស្ថិត​ក្រោម​ការ​រឹតត្បិត និង​ប្រឈម​ការរើស​អើង​កាន់​តែ​ខ្លាំង


 កម្មករ​ម្នាក់​សម្រាក​ក្រោយ​បញ្ចប់​ម៉ោង​ធ្វើការ នៅ​រោងចក្រ​ស្បែកជើង Complete Honour Footwear Industrial របស់​ក្រុមហ៊ុន​តៃវ៉ាន់ ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨។
កម្មករ​ម្នាក់​សម្រាក​ក្រោយ​បញ្ចប់​ម៉ោង​ធ្វើការ នៅ​រោងចក្រ​ស្បែកជើង Complete Honour Footwear Industrial របស់​ក្រុមហ៊ុន​តៃវ៉ាន់ ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨។

ទោះបី​ច្បាប់​ស្តីពីការងា​រ​បាន​ចែង​ពី​ការ​ការពារ​ការ​បង្កើត​សហជីព ដើម្បី​បម្រើ​ប្រយោជន៍​កម្មករ​ក៏ដោយ​ ក៏ការ​រើស​អើង​ ឬរឹតត្បិត​សិទ្ធិ​សហជីព​នៅ​បន្ត​កើតមាន​ជា​បន្ត​បន្ទាប់ ជា​ពិសេស​គឺ​ក្រោយ​ពេលដាក់​ឱ្យ ប្រើ ប្រាស់​ច្បាប់​ស្តីពី​សហជីព។ នេះ​បើ​តាម​ក្រុម​សហ​ជីព​ឯក​រាជ្យ។

មេដឹកនាំ​សហជីព​អះអាង​ថា ​មាន​ចំណុច​ខ្លះ​បង្ក​ការ​រាំង​ស្ទះ​ដល់​ការ​បង្កើត​សហជីព​ដែលមិន​រណប​នឹង​ថៅកែ​រោង​ចក្រ។

នៅ​ក្នុង​ករណី​រើស​អើង​លើ​ការ​បង្កើត​សហជីព​ឯក​រាជ្យ​ក្នុងរោងចក្រ​មួយស្ថិត​នៅ​ជាយ​រាជធានី​ភ្នំ​ពេញ​ ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព ​៣នាក់ ត្រូវបាន​បញ្ឈប់​ពី​ការងារ​ ដោយ​ម្ចាស់​រោង​ចក្រ​និយាយ​ថា​ រោង​ចក្រ​មាន​សហជីព​មួយ​រួចទៅ​ហើយ​ ហើយ​សហជីព​នោះមាន​មេដឹកនាំ​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌​មាន​ខេមបូចា។​

លោក យឿន យឹម​ ដែល​ជា​អនុប្រធាន​សហជីពឯក​រាជ្យដែល​ទើប​តែ​ត្រូវបាន​បង្កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​បណ្តេញ​ចេញ​ពីការ​ងារ​ ដោយ​អនុ​ប្រធាន​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់​ស្បែក​ជើង និង​ផលិតផល​ធ្វើ​ដំណើរ​ (TAFTAC) ​លោក Enjoy Ho ​ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​ អេសវ៉ាយ​អេស​ជី ហ្គាម៉ិន​ (SYSG Garment Company Limited) ដែល​មាន​ទីតាំងស្ថិត​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤​។ នេះ​បើតាម​ក្រុមសហ​ជីព​ដែល​តាម​ដាន​ករណី​បណ្តេញ​ចេញ​នេះ​។

លោក ​យឿន យឹម​ ប្រាប់​វីអូអេ​កាល​ពីថ្ងៃ​ពុធ​ថា​ មក​ដល់​ពេលនេះ​ សមាជិក​សហជីព​ ២​នាក់​បាន​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ ដោយ​ពួក​គេព្រម​លា​ឈប់​ពី​សហជីព​របស់​លោក​ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ឈប់​ដោយ​មិន​ដឹង​មូលហេតុ​។

លោក​បន្ថែម​ថា​ ការ​បញ្ឈប់​លោក​ពី​ការងារ​នៅ​រោង​ចក្រ​ អេសវ៉ាយ​អេស​ជី ហ្គាម៉ិន​ នោះ ជាប់​ទាក់​ទង​នឹង​ការ​បង្កើត​សហជីព​ឯករាជ្យ​របស់​លោក​។​

លោក​ថ្លែង​ថា​៖ «​គេ​ដឹង​ផែនការ​យើង​ថា យើងបង្កើត​សហជីព​អ៊ីចឹង​។ អ៊ីចឹង​ គេ​បញ្ចប់​កុង​ត្រា​យើង​ទៅ​។ ការ​បញ្ចប់​កុង​ត្រា​ វា​អត់​ត្រូវច្បាប់​ការងារ​ដែរ​»។ ​

ច្បាប់​ស្តីពីការងារ​របស់​កម្ពុជា​ចែង​ថា​ កម្មករមានសិទ្ធិ​បង្កើត​សហជីព​ ហើយ​និយោជក​មិន​ត្រូវ​រើស​អើង​លើ​កម្មករ​ដោយ​សារ​តែ​ពួកគេ​ពាក់​ព័ន្ធ​នឹង​សហជីព ឬជា​មេដឹកនាំ​សហជីព​ ឬ​ក៏ចូលរួម​ក្នុង​សកម្មភាព​របស់​សហជីព។

មាត្រា​ ២៦៦ ​នៃ​ច្បាប់​ស្តីពី​ការ​ងារ​បាន​ចែងថា៖ «ដោយ​គ្មានការ​ប្រកាន់​អ្វី​ទាំង​អស់​និង​ដោយ​ពុំ​ចាំបាច់​មាន​ការ​អនុញ្ញាត​ជា​មុន​កម្មករ​និយោជិត​ និង​និយោជក​ មាន​សិទ្ធិ​បង្កើត​អង្គការ​វិជ្ជាជីវៈ​តាម​ការ​ជ្រើស​រើស​របស់​ខ្លួន​ ក្នុង​គោល​បំណង​សម្រាប់តែ​ការ​សិក្សា​លើក​តម្កើង​ផល​ប្រយោជន៍​ និង​ការ​ពារ​សិទ្ធិ​ ក៏ដូច​ជា​ផល​ប្រយោជន៍​ផ្នែក​ស្មារតី​ និង​សម្ភារៈ​ជា​សមូហភាព​ និង​ជាឯកត្ត​ជន​ចំពោះ​បុគ្គ​លិក​ដែល​លក្ខន្តិកៈ​របស់​អង្គការនោះ​បាន​កំណត់​»។

រីឯ​មាត្រា ២៧៩ នៃ​ច្បាប់​ដដែល​បាន​ចែង​ថា៖ «​ត្រូវ​ហាម​ឃាត់​ចំពោះ​និយោជក​គ្រប់រូប​ មិន​ឱ្យ​យក​ការ​ចូលរួម​ជា​សមាជិក​របស់​សហជីព​ ឬការ​ចូលរួម​ក្នុង​សកម្មភាព​របស់​សហជីពនៃ​កម្មករ​និយោ​ជិត ដើម្បី​សម្រេច​ចិត្ត​ក្នុង​ការជ្រើស​រើស​ឱ្យ​ចូល​ធ្វើ​ការងារ​ ការ​ដឹកនាំ​និង​បែង​ចែក​ការ​ងារ​ ការ​ដំឡើង​ថ្នាក់​ ការ​ផ្តល់​ប្រាក់​ឈ្នួល​ និង​ការ​ផ្តល់​ផល​ប្រយោជន៍​ វិធាន​ការ​ដាក់​វិន័យ​ និង​ការ​បណ្តេញ​ចេញ​»។ ​

ការ​បាត់​បង់​ការ​ងាររបស់​លោក យឿន យឹម ជាប់​ទាក់​ទង​នឹង​ការ​រើស​អើង​សហជីព​របស់​ថៅកែ​រោងចក្រ​ ច្រើន​ជាង​ការ​គោរព​ទៅ​តាម​មាត្រា​ច្បាប់មួយ​ចំនួន​ដែល​ចែង​ពីការ​គោរពសិទ្ធិ​បង្កើត​សហ​ជីព​ ព្រោះ​ការ​មិន​បន្តកិច្ចសន្យា​ការងារ​របស់​ លោក យឹម ដោយ​សារតែ​សកម្មភាព​សហជីព​របស់​លោកនោះ​ មិន​ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យ​អនុវត្ត​ បើ​មើល​ទៅ​លើ​បទដ្ឋាន​អន្តរជាតិ ពាក់​ព័ន្ធ​នឹង​ការ​ងារ​។ នេះ​បើ​តាម​អ្នក​ការពារ​សិទ្ធិ​ការងារ។

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែង​ថា​ ការ​បញ្ឈប់​សមាជិក​សហ​ជីព​នៅ​រោង​ចក្រ អេសវ៉ាយ​អេស​ជី ហ្គាម៉ិន ស្ថិតនៅ​ក្នុង​ទម្រង់​នៃការ​ដាក់​សម្ពាធ​របស់​ថៅកែ​ដែល​មិន​ចង់​ឃើញ​វត្តមាន​សហជីព​ដែល​គិត​គូរ​ពីប្រយោជន៍​កម្មករ។

លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក​ថ្លែង​ថា៖​ «ផ្អែក​តាម​ស៊ើប​អង្កេត​ និង​ព័ត៌មាន​ដែ​ល​យើង​ទទួលបាន យើង​ឃើញ​ថា​ ទម្រង់​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ចំពោះ​ថ្នាក់់​ដឹកនាំ​សហជីព​ នៅថ្នាក់​មូលដ្ឋាន​នេះ​ គឺ​មាន​ច្រើន​ទម្រង់​ណាស់​ ដូច​ជា​ការ​បញ្ឈប់​ ការ​ផ្តាច់​កិច្ច​សន្យា​ការងារ​ដោយ​ខុស​នីតិវិធី​ ​ទម្រង់​នៃ​ការ​ដាក់​សម្ពាធ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​ស្ថាបនិក​សហជីព​ឱ្យ​មាន​ការ​លា​លែង​ពី​សហជីព​ រួម​មាន​ការ​ទិញ​ទឹក​ចិត្ត​ ការ​សម្លុត​ ការ​គំរាម​កំហែង​ ការ​យក​ហេតុផលពី​សំណាក់​និយោជក​ អំពីបញ្ហា​នៃ​ការ​ធ្លាក់​ចុះ​នៃ​ការ​បញ្ជា​ទិញ​ដែល​ជា​កម្មវត្ថុ​នៅ​ក្នុង​ការ​ព្យួរ​ការងារ​ដោយ​កំណត់​គោល​ដៅ​ក្នុង​ការ​ព្យួរ​ការងារ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​ សកម្មជន​សហជីព​»។

លោក​បន្ថែម​ថា​ យន្ត​ការ​ដោះស្រាយ​វិវាទការងារ​ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​អនុវត្ត​សិទ្ធិ​សហជីព​ក៏កាន់​តែ​មាន​ភាព​ស្មុគស្មាញ​ នៅ​ពេល​អធិការ​ការ​ងារ​ញែក​វិវាទ​នោះ​ ចេញ​ពី​វិវាទរួម​ទៅ​ជា​វិវាទ​បុគ្គល។

លោក​លើក​ឡើង​ថា​៖ «ដោយ​ឡែក​យើង​ឃើញ​ថា​ បញ្ហា​មួយ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញគឺ​ការ​ញែក​វិវាទ​ការងារ​ពី​សំណាក់​ អធិការ​កិច្ច​ការ​ងារ​ ពី​វិវាទ​រួម​ទៅ​ជា​វិវាទ​បុគ្គល​ ដែល​អាច​បើក​ផ្លូវ​ឱ្យ​និយោជក​អាច​បញ្ឈប់​ថ្នាក់​ដឹកនាំ​ ឬក៏​ស្ថាបនិក​សហជីពដែល​មាន​ការ​ការពារ​ពិសេស​ពី​ច្បាប់​ស្តី​ពី​ការងារ​ និង​ច្បាប់​ស្តីពី​សហជីព​»។ ​

មាត្រា​ ៦២ ​នៃ​ច្បាប់​ស្តីពី​សហជីព​ បាន​ចែង​ថា៖​ «និយោជក​មិនត្រូវ​រើស​អើង​ដោយ​យក​លេស​អំពី​ការ​ជាប់​ទាក់​ទង​នឹង​ការ​កាន់​តំណែង​ជា​ថ្នាក់​ដឹកនាំ​របស់​សហជីព ឬ​ការ​ចូលរួម​របស់​កម្មករ​នយោជិត​ក្នុង​សកម្មភាព​សហជីព ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុងការ​ជ្រើស​រើស​ឱ្យ​ចូល​ធ្វើ​ ការ​ដឹកនាំ​ ការបែង​ចែក​ការងារ​ ការ​ដំឡើង​តួនាទី​ មុខតំណែង​ ការ​ផ្តល់​ប្រាក់​ឈ្នួល ការ​ផ្តល់​អត្ថប្រយោជន៍​ វិធានការ​ដាក់​វិន័យ និងការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ដែល​រួមបញ្ចូល​ទាំង​ការ​បញ្ឈប់​ ឬ​ការ​មិន​បន្ត​កិច្ចសន្យា​ការងារ​ដែល​មាន​ជា​បន្ត​គ្នា​ដោយ​ខុស​នីតិវិធី​»។

​បើ​តាម​គម្រោងរោង​ចក្រ​កាន់​តែ​ប្រសើរ​ដែល​គាំទ្រ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ហៅ​កាត់​ថា​ ILO របស់​អង្គការ​សហប្រជាជាតិ​ កម្មករ​មាន​សិទ្ធិបង្កើត​ និង​ចូលរួម​សហជីព​ដោយ​សេរី​ គ្មាន​ការ​គ្រប់គ្រងសហជីព​ដោយ​និយោជក​ ការងារ​មិន​ត្រូវ​ផ្អែក​លើ​ភាព​ជា​សមាជិករបស់​សហជីព​ គ្មាន​ការ​ជ្រៀត​ជ្រែក​ផ្នែក​គ្រប់​គ្រង​ជាមួយ​សហ​ជីព​ កម្មក​រ​ក៏​មាន​សិទ្ធិ​សេរីភាពមិន​ចូលរួម​សហជីព​ ហើយ​ការ​បណ្តេញ​មេដឹកនាំ​ ឬក៏បេក្ខជន​សហ​ជីព​ ត្រូវ​ធ្វើ​ទៅបាន​តែតាម​ការ​អនុញ្ញា​ត​ពី​ក្រសួង​ការងារ​។

ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​អង្គការ​សង់​ត្រាល់ ​លោក​ ឃុន ថារ៉ូ​ បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា កម្សោយ​អនុវត្ត​ច្បាប់​ ឬការបង្កើត​ច្បាប់​ថ្មី​ដែលមាន​លក្ខណៈរឹតត្បិត​ និង​មានទំនាក់​ទំនង​នឹង​សិទ្ធិ​ការងារ​ ជា​មូលហេតុ​នាំ​ឱ្យ​មានការ​បញ្ឈប់​កម្មករ​រោង​ចក្រ​ដែល​ចូល​រួម​ចលនា​ស​ហជីព​ឯក​រាជ្យ​។

លោក​ថ្លែង​ថា​៖«រាល់​ការ​ប្រើ​ប្រាស់​យន្តការ​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ ឬ​ក៏​កម្សោយ​នៃ​យន្តការដោះ​ស្រាយ​វិវាទ​ការ​ងារ​នេះ​ គឺ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិ​សេរីភាព​ ជាមូលដ្ឋាន​របស់​សហជីព​ ដែល​សិទ្ធិ​នេះ​ត្រូវបាន​ធានា​ដោយ​ច្បាប់​។ ហើយ​បញ្ហា​នេះ​ វា​នឹង​បង្កឱ្យ​មាន​នូវ​ភាព​អយុត្តិធម៌​នៅ​កន្លែង​ការ​ងារ​។ ហើយ​ករណី​នេះ​ វានឹង​ក្លាយ​ទៅ​ជា​គំរូ​អាក្រក់​មួយ​ ហើយ​និង​បង្កឱ្យ​មានការ​រំលោភ​សិទ្ធិ​ការ​ងារ​ធ្ងន់​ធ្ងរ​ ពី​សំណាក់​និយោជក​ដែល​មាន​ឥទ្ធិពល​មាន​អំណាច​ នៅ​តាម​បណ្តា​សហគ្រាស​ផ្សេង​ៗ​ទៀត​ នៅពេល​ដែល​កម្មករ​និយោជិត​គាត់​រៀបចំ​នៅ​ក្នុង​ការ​បង្កើត​សហជីព​ឯករាជ្យ​ក្នុង​ការ​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​កម្មករ​និយោជិត​នៅ​កន្លែង​ការងារ​»។

ស្ថិតិ​ក្រសួងការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈបានបង្ហាញ​ថា​ នៅ​ឆ្នាំ​២០២២ មាន​សហជីព​មូល​ដ្ឋាន​ដែល​បាន​ចុះបញ្ជី​ការ​ចំនួន ​៥.៥៩១​ គឺច្រើន​ជាងចំនួន​សហជីព​មូលដ្ឋាន​ដែល​បាន​ចុះ​បញ្ជី​ការ​មាន​ចំនួន​ ៥.៤៤២​កាល​ពី​ឆ្នាំ​២០២១​។

បើទោះបី​មាន​ចំនួន​សហជីព​មូលដ្ឋាន​ចុះ​បញ្ជី​ច្រើនក្តី ក៏​ការ​អនុវត្ត​សិទ្ធិសហជីព ​ជាពិសេស​សហជីព​ឯក​រាជ្យ​បាន​និង​កំពុង​បន្តប្រឈម​បញ្ហា​ជាច្រើន​ ដោយ​សារ​ការ​បង្កើត​ច្បាប់​សហជីព​ ដែលមាន​ចំណុច​ខ្លះ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សហជីព ក្នុងនោះ​គឺ​ភាព​ជា​តំណាង​របស់​កម្មករដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេង​ៗ​ដែល​បាន​កើត​ឡើង​នៅកន្លែង​ធ្វើ​ការ​របស់​ពួកគេ​។​ នេះ​បើ​តាម​មេដឹកនាំ​សហ​ជីព​។​

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ អ្នកស្រី​ យ៉ាង​ សោភ័ណ្ឌ​ បាន​មើល​ឃើញ​ផង​ដែរ​ នូវ​ការ​រឹតត្បិត​សហ​ជីព​ឯក​រាជ្យ ហើយ​ករណីរើស​អើង​នេះ​ ត្រូវបាន​អ្នកស្រី​កត់ចំណាំ​ថា​ជាញឹកញាប់​កើ​ត​មាន​នៅ​តាម​រោង​ចក្រ​ដែល​មាន​ថៅកែ​ភាគច្រើន​ជា​ជនជាតិចិន​។

អ្នកស្រី​ថ្លែង​ថា​៖​ «ករណី​ការ​រើស​អើង​ទៅ​លើសិទ្ធិ​សេរីភាព​របស់​កម្មករ​និយោជិត​ ដែល​ចូលរួម​ក្នុង​ការ​បង្កើត​សហជីព​ហ្នឹង​ វា​មាន​ស្ទើរ​តែ​គ្រប់​សហជីព​ហ្នឹង​ សហជីព​ខ្ញុំ​ក៏មាន​ដែរ​។ ហើយ​ជា​ទូទៅ ក្រុម​ហ៊ុន​ទាំង​អស់​ហ្នឹង​ គេ​សុទ្ធ​តែ​ជា​ក្រុមហ៊ុន​ដែលមាន​ថៅ​កែ​ជន​ជាតិ​ចិន​ ​ជន​ជាតិ​ចិន​ ចិន​ដែរ​ ប៉ុន្តែ​ចិន​ប្រភេទ​ចិន​ គេហៅ​ចិន​ដី​គោក​ ឬក៏ចិន​កុកងឺ​»។

អ្នកស្រី​បន្ថែម​ថា ​ថៅកែ​ជនជាតិចិន​ភាគ​ច្រើន រមែង​មិនខ្វល់​ពីសិទ្ធិការងារ​ ឬក៏ការ​បង្កើត​សហជីព​នោះ​ទេ​។

អ្នកស្រី​លើក​ឡើង​ថា​៖ «ពួក​ហ្នឹង​ គឺ​ភាគច្រើន​នៅពេល​ដែល​កម្មករ​និយោជិត​ចូលរួម​ក្នុង​ការ​បង្កើត​សហជីព​ឯក​រាជ្យ​ គឺ​ពួក​វា​អត់​សប្បាយ​ចិត្ត​ទេ​។ អ៊ីចឹង​ វាតែង​តែ​បញ្ឈប់​ បណ្តេញ​ពួក​គាត់​ចេញ​ ឬក៏​ព្យួរការងារ​ ឬក៏ធ្វើ​ទុក្ខ​បុកម្នេញ ទៅ​លើ​ពួក​គាត់​សព្វបែប​យ៉ាង​ទាំង​អស់​ រហូត​ដល់​ពេល​ខ្លះ​ បង្ខំគំរាម​កំហែង...រហូត​ដល់​ពេល​ខ្លះ​ គាត់​ស្ម័គចិត្ត​នៅ​ក្នុង​ការ​លាឈប់​ ឬ​ក៏អ្នកខ្លះ​បង្ខំ​ចិត្ត​នៅក្នុងការយក​លុយ​ក្រុមហ៊ុន​»។ ​

ស្រដៀង​គ្នា​នេះ​ដែរ​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ លោក ប៉ាវ ស៊ីណា ថ្លែង​ថា​ថៅកែ​រោងចក្រ​មិន​ចង់​បាន​សហជីព​ណាមួយ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រយោជន៍​របស់​ពួកគេ​នោះទេ។

លោក​លើកឡើង​ថា៖ «គាត់​យល់​ថា ប្រសិនបើ​មាន​វត្តមាន​សហជីព​ឯករាជ្យ​នៅក្នុង​រោងចក្រ​របស់​ពួកគេ​ ច្បាស់​ណាស់​ការ​ដាក់​សម្ពាធ​ការងារ​ ការ​បង្ខិត​បង្ខំ​ ការ​កេងប្រវ័ញ្ច​ ការ​រំលោភ​សិទ្ធិ​ផ្សេង​ៗ​ គឺ​និយោជក​ពិបាក​ធ្វើវា​។ ដូច្នេះ​ ចំណុចនេះ​ហើយ​ ដែល​យើងបាន​ជួប​ប្រទះ»។

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)
លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)

មេដឹកនាំ​សហភាព​ការងារ​កម្ពុជា​ លោក​ អាត់​ ធន់​ ប្រាប់​វីអូអេ​ថា​ ក្រោយ​ឆ្នាំ​២០១៧​ និង​នៅពេល​មាន​ការ​ដាក់​ឱ្យប្រើ​ប្រាស់​ច្បាប់​ស្តីពី​សហជីព​នោះ​ កម្មករ​បាន​ប្រឈម​នឹង​ផល​វិបាក​ច្រើន​ នៅពេលដែល​ពួក​គេ​ចង់​បង្កើត​សហជីព​ឯករាជ្យ​ ហើយ​សេរីភាព​របស់​សហជីព​ក្នុងការ​តវ៉ា​ជំទាស់​នឹង​ការ​រំលោភ​បំពាន​ណា​មួយ​នោះ​ក៏ត្រូវ​បាន​រឹតត្បិត​។

លោក​ថ្លែង​ថា​៖«យើង​ស៊ឹង​ថា​ ឥឡូវ​នេះ​ គឺ​សហជីព​ស៊ឹង​ថា​ដូច​អង្គការ​ទៅ​ហើយ បណ្តុះបណ្តាល​អីចឹង​ លែង​ហ៊ាន​ទៅ​ គេ​ធ្វើ​ការ​តវ៉ាអី កម្មក​រប្តឹង​មក​យើង​អី​ យើង​ទៅ គេ​ចេញ​លិខិត​ព្រមាន​មិន​ឱ្យ​យើង​ទៅ​ចូលរួម ហើយ​អាច​ប្រឈម​នឹង​គេ​បិទ​បញ្ជី​ការ​ ច្រើន​ណាស់​ រឿង​បញ្ហា​ហ្នឹង»។

លោកបន្ថែមថា​ច្បាប់​ស្តីពីសហជីព​ ក៏​ជា​កត្តា​រាំង​ស្ទះ​ សម្រាប់​កម្មករ​ក្នុង​ការ​រក​តំណាង​សហជីព​ដែលមិន​ស្ថិត​នៅ​មូលដ្ឋាន​មក​ការពារ​ ឬដោះស្រាយ​វិវាទ​របស់​ខ្លួន ដូច្នេះ​សហជីព ឬសហព័ន្ធ​សហ​ជីព​ឯករាជ្យ​ធំៗ​ បាន​ត្រឹម​ផ្តល់​ជំនួយ​ច្បាប់​ និងប្រឹក្សា​ដល់​កម្មករ​ដែល​មាន​បំណងរៀបចំ​សហជីព​នៅ​មូល​ដ្ឋាន​តែ​ប៉ុណ្ណោះ​។

នៅក្នុង​សំណុំរឿង​បញ្ឈប់​ថ្នាក់​ដឹកនាំ​សហជីពឯក​រាជ្យ​នៅ​រោង​ចក្រ​ ​អេសវ៉ាយ​អេស​ជី ហ្គាម៉ិន​ (SYSG Garment Company Limited) វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​ លោក​ Enjoy Ho ដែល​ជា​អនុ​ប្រធាន​សមាគម​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ (TAFTAC)​ និង​ជា​ម្ចាស់​ក្រុម​ហ៊ុន SYSG Garment Company Limitedតាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ តែគ្មាន​ការ​ឆ្លើយតប។

​រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​ការងារ​ លោក ហេង សួរ​ មិន​ឆ្លើយតបសំណួរ​របស់​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) តាមប្រព័ន្ធ​ទំនាក់​ទំនង​ WhatsApp តាំងពីថ្ងៃពុធ។

​ការ​បញ្ឈប់​កម្មករ​ដោយសារ​ហេតុផល​សហជីព​នេះ ក៏បាន​កើត​ឡើង​នៅ​រោងចក្រ​ផ្សេង​ទៀត​ផង​ដែរ តួយ៉ាង​ រោងចក្រ​របស់​ក្រុមហ៊ុន អ៊ីស្តក្រោនហ្វូតវែរ​អ៊ីនដាសស្ទ្រី ឯ.ក ​(Eastcrown Footwear Industries) ដែល​បាន​បញ្ឈប់​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ជាង​ ១០នាក់។ រោងចក្រ​នេះ​ផ្គត់​ផ្គង់ផលិតផល​ស្បែក​ជើងកីឡា​ឱ្យ​ក្រុម​ហ៊ុន​ Puma ហើយ​មាន​កម្មករ​សរុប​ជាង​ ២ពាន់​នាក់​។

​អ្នកស្រី ​ស៊ឹង វទុម ​ដែល​ជា​ប្រធាន​ជាប់​ឆ្នោត​នៃ​សហជីព​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន អ៊ីស្ត​ក្រោន​ហ្វូតវែរ​អ៊ីន​ដាសស្ទ្រី​ ឯ.ក ​(Eastcrown Footwear Industries) ដែល​មាន​ម្ចាស់​ជា​ជន​ជាតិចិន​ បញ្ជាក់ប្រាប់វីអូអេ​ឱ្យ​ដឹង​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា រោងចក្រ​មិន​ទាន់​ទទួល​យក​ថ្នាក់​ដឹកនាំ​ និង​សមាជិក​សហជីព​នៅ​ឡើយ​ទេ។

អ្នកស្រី​បន្ថែមថា​ សហជីព​របស់​អ្នកស្រី​កំពុងរៀបចំ​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​ការងារ​ នៅ​សប្តាហ៍​ក្រោយ​នេះ។

អ្នកស្រី​ថ្លែង​ថា​៖ «ឥឡូវ​ហ្នឹង​ ពួក​ខ្ញុំ​កំពុង​រៀប​ចំ​ពាក្យ​បណ្តឹង​ ដាក់​ទៅ​ក្រសួង សម្រាប់​អ្នក​ដែល​នៅ​មិន​ទាន់​បាន​ផ្សះផ្សា​ជាមួយ​ខាង​ក្រុមហ៊ុន​។ ហើយ​ផល​វិបាក​ដែល​ពួកខ្ញុំ​កំពុង​តែ​ជួប​ប្រទះ​រាល់ថ្ងៃ​នេះ​គឺ​ ពួក​ខ្ញុំ​អ្នក​ខ្លះ​ គឺ​គាត់​អត់​ទាន់​បាន​រក​ការងារ​ធ្វើ​បាន​ទេ ដោយសារ​ឥឡូវ​ហ្នឹង​ក៏ពិបាក​រក​ការងារ​ធ្វើ​ ហើយ​ការ​ចំណាយ​ផ្សេង​ៗ​ទៀត​គឺ​ ពួកខ្ញុំពិបាក​»។ ​

ចំណែក​ លោក​ យឿន យឹម អនុប្រធាន​សហជីព​ឯករាជ្យ​នៃរោងចក្រ ​អេសវ៉ាយ​អេស​ជី ហ្គាម៉ិន ​ក៏​នៅ​បន្ត​តវ៉ា​រឿង​បង្កើត​សហជីព​ ដែល​មានបំណង​ទាមទារ​ឱ្យ​ម្ចាស់​រោងចក្រ​ឈប់​កេង​ប្រវ័ញ្ច​កម្លាំង​ពល​កម្ម​របស់​កម្មករ​ និង​ស្នើ​ឱ្យ​ប្រធាន​ក្រុម ឬ​ផ្នែក​ក្នុង​រោង​ចក្រ​ឈប់​ប្រើ​ពាក្យ​អសុ​រោះ​មក​លើ​កម្មករ។ សហ​ជីពរបស់​លោក​ក៏បាន​ទាមទារ​ឱ្យ​មាន​ការ​បន្ថែម​បុគ្គលិក​សុខាភិបាល​ ដើម្បី​ត្រៀម​ជួយ​កម្មករ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «ឱ្យ​មាន​ពេទ្យ​គ្រប់​គ្រាន​នៅ​កន្លែង​ធ្វើការ​ ព្រោះ​ខាង​រោងចក្រ​ អត់​មាន​ពេទ្យ​ អត់​មាន​សង្គ្រោះ​បឋមអី​ឱ្យ​យើង​គ្រប់​គ្រាន់​អី​ទេ»។

បើតាម​ទិន្នន័យ​ដែល​កត់​ត្រាទុក​ដោយ​អង្គការ​សង់​ត្រាល់ ចាប់​ពី​ខែមករា​ ឆ្នាំ​២០២២ ដល់​ខែ​មិថុនា​ ឆ្នាំ​២០២៣​ មាន​ករណី​បណ្តេញ​កម្មករ​និយោជិត​ចេញពី​ការងារ​នៅ​មុន​ និងក្នុង​អំឡុង​ពេល​ ឬក្រោយ​ពេល​បង្កើត​សហជីព​ចំនួន​ ១៥​ករណី ដែល​ស្មើនឹង​ជាង​ ៧០នាក់ដែល​ជា​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព៕

XS
SM
MD
LG