ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តស៊ូ​មតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ចាត់​វិធានការ​ទប់​ស្កាត់​អំពើហិង្សា​​លើ​ស្រ្តី​និងកុមារ​ ក្នុង​អំឡុង​ពេល​បិទខ្ទប់


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​ផ្ដល់​ព័ត៌មាន​ដល់​ពលរដ្ឋ​អូស្ត្រាលី​ដែល​កំពុងឈរតម្រង់ជួរ​រង់ចាំ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ ក្នុង​អំឡុងពេល​បិទខ្ទប់ ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​ផ្ដល់​ព័ត៌មាន​ដល់​ពលរដ្ឋ​អូស្ត្រាលី​ដែល​កំពុងឈរតម្រង់ជួរ​រង់ចាំ​ចាក់​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ១៩ ក្នុង​អំឡុងពេល​បិទខ្ទប់ ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

បញ្ហា​ស្ថិរភាព​ថវិកា​ ការ​អនុវត្ត​ច្បាប់​រក្សា​សណ្តាប់​ធ្នាប់​ អំពើ​ហិង្សា​ផ្លូវ​ភេទ​ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​ដែល​កំពុង​កើន​ឡើង​ច្រើន​ក្នុង​សង្គម​អូស្ត្រាលី​ គឺជា​ប្រធានបទ​សំខាន់​ នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ជាតិ​ស្តីពី​សុវត្ថិភាព​របស់​ស្រ្តីនៅ​ប្រទេស​អូស្ត្រាលី​ ឆ្នាំ២០២១។ កិច្ច​ប្រជុំ​នេះ​នឹង​ធ្វើឡើង​នៅ​សប្តាហ៍​ទី ២ នៃ​ខែកញ្ញា​នេះ។

កិច្ច​ប្រជុំនេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ ក្នុង​គោល​បំណង​បង្កើត «ផែនការ​ថ្នាក់ជាតិ​នា​ពេល​ខាងមុខ​ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្រ្តី​និងកុមារ»។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ លោកស្រី​ Marise Payne ធ្លាប់​បាន​និយាយ​ថា៖ «ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បាន​សុវត្ថិភាព សមភាព​ និង​ការ​គោរព​ក្នុង​សង្គម»។

ក៏​ប៉ុន្តែ​ក្រុម​អ្នក​តស៊ូមតិ​ការពារ​សិទ្ធិមនុស្ស​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចាត់​ចំណាត់​ការ​បន្ថែម​ទៀត​ ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ នាអំឡុង​ពេល​វិបត្តិ​រោគរាត​ត្បាត​កូវីដ​១៩​ នេះ។ របាយ​ការណ៍​ចេញ​ផ្សាយ​ក្នុង​ខែមិថុនា​ដោយ​មជ្ឈមណ្ឌល​ដើម្បីយុត្តិធម៌​នៃ​សាកល​វិទ្យា​ល័យ Queensland University of Technology បង្ហាញ​ថា ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ​បាន​កើនឡើង ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់។

លោក​ស្រី​សាស្ត្រា​ចារ្យ Kerry Carrington ដែល​បាន​ចូល​រួម​សរសេរ​របាយការណ៍​នោះ​ បាន​ថ្លែង​ថា៖

«យើង​រកឃើញ​ថា មិន​ត្រឹម​តែ​មាន​ការ​កើន​ឡើង​នៃ​កម្រិត​ធ្ងន់ធ្ងរ​នៃ​អំពើ​ហិង្សា​ប៉ុណ្ណោះ​ទេ​ យើង​ថែម​ទាំង​រក​ឃើញការ​កើន​ឡើងនៃករណី​ប្រព្រឹត្ត​អំពើហិង្សា​ផង​ដែរ។ អ្វី​ដែល​ធ្វើឱ្យ​រឹត​តែ​ភ្ញាក់​ផ្អើល​និង​រន្ធត់​ទៀត​នោះ​ គឺ​យើង​រក​ឃើញ​ថា​ ជន​ប្រព្រឹត្ត​អំពើ​ហិង្សា​បាន​យក​វិធានការ​បិទខ្ទប់​ក្នុង​អំឡុង​វិបត្តិកូវីដ​ជា​លេស ដើម្បី​ពង្រីក​អំណាច​ត្រួតត្រា​ដោយ​កំរោល​របស់​ខ្លួន​ក្នុង​គ្រួសារ។ ដូច្នេះ​ក្នុង​ស្ថានភាព​ក្រោម​វិបត្តិ​កូវីដ​នេះ បញ្ហា​ហិរញ្ញ​វត្ថុ សតិអារម្មណ៍​ និង​សម្ពាធ​ផ្លូវចិត្ត​ដោយ​សារ​វិបត្តិ​កូវីដ​នេះ​ បូករួម​ទាំង​វិធានការ​បិទខ្ទប់​ឱ្យ​នៅ​ក្នុងផ្ទះ​ជាមួយ​កូនចៅ​ផង​ បង្ក​ឱ្យ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​កាន់តែ​កើន​ឡើង​ខ្លាំង»។

របាយ​ការណ៍ដដែល​ ក៏​បាន​ផ្តល់​នូវ​អនុសាសន៍​ជា​គន្លឹះ​មួយ​ចំនួន​ផង​ដែរ​ ដូចជា​រដ្ឋាភិបាល​ទាំងសហព័ន្ធ​ ទាំង​តាម​រដ្ឋ​នីមួយៗ ត្រូវ​ត្រៀមខ្លួន​ជាស្រេច​ដើម្បីទប់ស្កាត់​នឹង​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ក្នុងគ្រួសារ​ ទាំង​អំឡុង​ពេល​និង​ទាំង​ក្រោយវិបត្តិ​ណា​មួយ​ ជាក់ស្តែង​ដូចជា​វិបត្តិ​រោគរាត​ត្បាត​កូវីដ​១៩ ​នេះ​ជាដើម។

លោក​ស្រី​សាស្ត្រា​ចារ្យ Carrington សង្ឃឹម​ថា​កិច្ច​ប្រជុំ​ថ្នាក់ជាតិ​ស្តីពី​សុវត្ថិភាព​របស់​ស្រ្តី នឹង​កែប្រែ​ឱ្យ​មាន​លទ្ធផលល្អ​វិញ​នៅ​ពេល​អនាគត។

លោក​ស្រី​ Carrington បាន​បញ្ជាក់​ថា៖ «ទាំងអស់​គ្នា​តែង​តែ​ចង់​បាន​ផែនការ​ថ្នាក់​ជាតិ​មួយ​ដែល​ល្អ​ប្រសើរ។ ទាំង​អស់​គ្នា​តែង​តែ​ប្រាថ្នា​ចង់​បាន​ចំណុច​រួម​មួយ​ដូចគ្នា​ គឺ​ការ​យក​ចិត្តទុក​ដាក់​ឱ្យ​ខ្លាំង​ឡើង​លើ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​លើស្រ្តី ដោយ​ចាត់​ទុកអំពើហិង្សា​ក្នុង​គ្រួសារ​លើស្រ្តីជា​ចំណុច​អាទិភាព​របស់​រដ្ឋាភិបាល​ ហើយ​ផ្តោត​លើ​វិធានការ​ទប់ស្កាត់​ និង​ការ​ផ្តល់​សេវា​ជំនួយ​ផ្សេងៗជាដើម»។

ក្នុង​ខែ​មិថុនា​កន្លង​មក​នេះ​ ​តួលេខ​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី​ បាន​បង្ហាញ​ថា ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ផ្លូវភេទ​ ដែល​ត្រូវបាន​កត់ត្រា​ដោយ​អាជ្ញាធរ​ប៉ូលិស​ បាន​កើន​ឡើង​ ១៣​ភាគរយ ក្នុង​ឆ្នាំ​ ២០២០។

ស្ថាប័ន​សប្បុរស​ធម៌​មួយ​ឈ្មោះ​ថា​ Mission Australia បាន​ចាត់ទុក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ថា «ជាបញ្ហា​កើត​ឡើង​ទូទៅ​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំង»។ ស្ថាប័ន​នេះ​បន្តថា​ ក្នុងឆ្នាំ​២០១៩ ស្រ្តីអូស្ត្រាលី​ប្រហែល​ ២៥ភាគរយ​ ឬជាង​ ២លាន​នាក់ «បាន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ដៃ​គូ​ស្និទ្ធ​ស្នាល​របស់ពួក​គេ»៕

ប្រែ​សម្រួល​ដោយលោក ​កោះ​ សុគ​ន្ធី

XS
SM
MD
LG