មន្ត្រីអង្គការយូនីសេហ្វ (Unicef) ប្រចាំនៅកម្ពុជា ជំរុញការយកចិត្តទុកដាក់បន្ថែមលើសុខភាពផ្លូវចិត្តរបស់យុវជន និងកុមារ អំឡុងពេល និងក្រោយពីវិបត្តិជំងឺកូវីដ១៩ ខណៈមានការព្រួយបារម្ភថា ពួកគេមានការធុញថប់ ក្រោយជួបការលំបាកក្នុងពេលមានវិបត្តិជំងឺកូវីដ១៩។
មន្ត្រីជំនាញផ្នែកទំនាក់ទំនងរបស់អង្គការយូនីសេហ្វប្រចាំនៅកម្ពុជា លោក មាស ប៊ុនលី ឱ្យដឹងថា នៅកម្ពុជា បញ្ហាសុខភាពផ្លូវចិត្តជាបញ្ហាដែលមិនសូវមានការយកមកនិយាយច្រើន ដោយសារការរើសអើង ឬការចាត់ទុកជារឿងធម្មតា ខណៈលើកឡើងថា ធនធាននៅក្នុងសង្គម ដើម្បីជ្រោមជ្រែងក្នុងផ្នែកនេះ នៅមានកម្រិត។
លោកបន្ថែមថា ដោយយោងលើផលវិបាកផ្សេងៗបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ មកលើវិបត្តិសុខភាពផ្លូវចិត្តដែលកំពុងជាបញ្ហាស្រាប់ អង្គការយូនីសេហ្វ និងដៃគូបានរៀបចំយុទ្ធនាការមួយឈ្មោះថា«ខ្ញុំធូរចិត្ត ពេល...» ដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា។
លោក មាស ប៊ុនលី ក៏បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការនេះ សកម្មភាពភាគច្រើននឹងធ្វើតាមប្រព័ន្ធអនឡាញ តាមរយៈបណ្តាញសង្គម ដែលផ្តោតលើការផ្សព្វផ្សាយអប់រំ និងជជែកពិភាក្សាស្តីពីយុវវ័យនិងសុខភាពផ្លូវចិត្ត។
លោកថ្លែងថា៖ «យើងផ្តល់ជាការបើកនូវកិច្ចសន្ទនាទាក់ទងទៅនឹងបញ្ហាផ្លូវចិត្តហ្នឹង ឱ្យយុវជន ក៏ដូចជាសង្គមហ្នឹងគាត់លែងរើសអើងទៅលើបញ្ហាហ្នឹង នៅពេលយុវជននិយាយរឿងបញ្ហាផ្លូវចិត្ត ហើយគាត់បើកទូលាយ ដើម្បីឱ្យមានដំណោះស្រាយសម្រាប់ពួកគាត់»។
យុទ្ធនាការ «ខ្ញុំធូរចិត្ត ពេល...» ទទួលបានមូលនិធិគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ(USAID) ប្រចាំកម្ពុជា អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) និងបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញដោយអង្គការយូនីសេហ្វនៅថ្ងៃទី១៥ ខែមិថុនា។
របាយការណ៍យូនីសេហ្វស្តីពីស្ថានភាពពិភពលោក ឆ្នាំ២០២១ បង្ហាញថា យុវវ័យម្នាក់ក្នុងចំណោម៧នាក់នៅទូទាំងសាកលលោក ត្រូវបានរកឃើញថា កំពុងរស់នៅជាមួយវិបត្តិផ្លូវចិត្ត។ ហើយការសិក្សាមួយរបស់អង្គការយូនីសេហ្វ និងដៃគូស្តីពីផលប៉ះពាល់សេដ្ឋកិច្ចសង្គមចេញកាលពីខែកក្កដា ឆ្នាំ ២០២១ បានរកឃើញថា មួយចំនួននៃយុវវ័យ និងកុមារនៅកម្ពុជាបានរងការប៉ះពាល់សុខភាពផ្លូវចិត្ត អំឡុងពេលនិងក្រោយពេលវិបត្តិជំងឺកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ។
ការសិក្សាខាងលើនេះឱ្យដឹងថា នៅកម្ពុជា ៤៥%នៃយុវវ័យ ដែលបានចូលរួមក្នុងការអង្កេត បង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្លួន ក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩ និង១៦% មានអារម្មណ៍ថប់បារម្ភ ឬធ្លាក់ទឹកចិត្ត។ ហើយការវាយតម្លៃរួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា ៥៨%នៃសិស្សមធ្យមសិក្សា ត្រូវបានរាយការណ៍ថា បានជួបប្រទះនឹងបញ្ហាផ្លូវចិត្តយ៉ាងហោចណាស់មួយក្នុងចំណោមបញ្ហាផ្លូវចិត្តផ្សេងៗ។
វេជ្ជបណ្ឌិតឯកទេសចិត្តវិទ្យា លោក យឹម សុបុត្រា ប្រធានផ្នែកសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សង្កេតឃើញថា ជាទូទៅ មាននិន្នាការនៃការកើនឡើងបញ្ហាផ្នែកសុខភាពផ្លូវចិត្ត ជាពិសេសចំពោះការធ្លាក់ទឹកចិត្ត ក្នុងចំណោមយុវវ័យនៅលើសាកលលោក អំឡុងពេល និងក្រោយពេលវិបត្តិជំងឺកូវីដ១៩ មិនត្រឹមតែនៅកម្ពុជានោះទេ។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការផ្គត់ផ្គង់ការអប់រំ និងសេវាប្រឹក្សាព្យាបាលឱ្យបានគ្រប់គ្រាន់ពាក់ព័ន្ធនឹងបញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេស។
លោកថ្លែងថា៖ «ទន្ទឹមហ្នឹងនេះ យើងមានលក្ខណៈពិសេសទៅទៀតក្នុងការផ្តល់សេវាឱ្យពួកគាត់ សម្រាប់នៅពេល[វិបត្តិ] កូវីដ១៩ តាមរយៈការផ្សព្វផ្សាយតាមខិតបណ្ណ តាមសារព័ត៌មាន តាម Channel TV (ប៉ុស្តិ៍ទូរទស្សន៍) ក្តី គ្រប់កន្លែងទាំងអស់ ពីព្រោះយើងមានសេវាសុខភាពផ្លូវចិត្តគ្របដណ្តប់ក្នុងព្រះរាជាណាចក្រកម្ពុជាយើងហ្នឹង ស្ទើរតែ៩០%ហើយ នៅតាមមណ្ឌលសុខភាព នៅតាមមន្ទីរពេទ្យបង្អែក នៅតាមមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យជាតិ ដែលមានអ្នកជំនាញនៅទីនោះ»។
អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន សុំមិនអធិប្បាយ ដោយយោងថា អ្នកស្រីមិនទទួលបានព័ត៌មានពាក់ព័ន្ធតួលេខនៅក្នុងការសិក្សាដោយអង្គការយូនីសេហ្វនៅឡើយទេ។
បើតាមអង្គការយូនីសេហ្វ យុទ្ធនាការ «ខ្ញុំធូរចិត្ត ពេល...» ចាប់ផ្តើមជាមួយវីដេអូបង្ហាញអំពីយុវជនកម្ពុជាកំពុងប្រើប្រាស់យន្តការដោះស្រាយបែបវិជ្ជមានដូចជា កីឡា មិត្តភាព និងសកម្មភាពច្នៃប្រតិដ្ឋ ដើម្បីពង្រឹងសុខភាពផ្លូវចិត្តរបស់ពួកគេ និងបន្តរយៈពេល៣ខែ ជាមួយសកម្មភាពអនឡាញជាប្រចាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់គន្លឹះ និងសេចក្តីណែនាំដល់យុវជន៕
អង្គការយូនីសេហ្វជំរុញការផ្តោតលើសុខភាពផ្លូវចិត្តចំពោះយុវវ័យកម្ពុជា ក្រោយវិបត្តិកូវីដធូរស្បើយ
ភ្នំពេញ —