ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​ជនភៀសខ្លួន​អ.ស.ប.៖ វិបត្តិ​ជន​ភៀស​ខ្លួន​ដោយ​បង្ខំ​ជា​សាកល​ត្រូវ​តែ​លើក​ឡើង និង​ដោះស្រាយ


រូបភាព​ឯកសារ៖ ជនភៀសខ្លួន​ស៊ូដង់​ខាង​ត្បូង​ត្រូវ​បាន​គេ​ឃើញ​នៅ​ជំរំ​ជនភៀសខ្លួន Nguenyyiel នៅ​ពេល​អ្នកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អ.ស.ប.​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់ Gambella ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។
រូបភាព​ឯកសារ៖ ជនភៀសខ្លួន​ស៊ូដង់​ខាង​ត្បូង​ត្រូវ​បាន​គេ​ឃើញ​នៅ​ជំរំ​ជនភៀសខ្លួន Nguenyyiel នៅ​ពេល​អ្នកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​អ.ស.ប.​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់ Gambella ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​កំពុង​អំពាវនាវ​ឲ្យ​មាន​វិធានការ​បន្ទាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​ភៀស​ខ្លួន​ដោយ​បង្ខំ​ជា​សាកល ខណៈ​ដែល​ចំនួន​មនុស្ស​រត់​ភៀស​ខ្លួន​ដោយសារ​សង្គ្រាម គ្រោះ​ធម្មជាតិ និង​ភាព​ក្រីក្រ​កំពុង​តែ​កើន​ឡើង។

លោក Filippo Grandi បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​បើក​សន្និសីទ​ប្រចាំ​ឆ្នាំ​ស្តីពី​ជន​ភៀស​ខ្លួន​រយៈពេល​មួយ​សប្តាហ៍​របស់​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ។

ការ​ភៀស​ខ្លួន​ដោយ​បង្ខំ​បាន​កើន​ឡើង​ដល់កំណត់ត្រា​មួយ​ខ្ពស់។ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មនុស្ស​ជិត​៧១លាន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ។ ​ជន​ភៀស​ខ្លួន​មាន​ចំនួន​ជាង​១/៣ ហើយ​ក្រៅ​ពី​នោះ​គឺ​ជា​អ្នក​ផ្លាស់​ទីលំនៅ​ក្នុង​ប្រទេស​របស់​ពួកគេ។​

លោក Filippo Grandi ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​និយាយ​ថា បញ្ហា​នៃ​ការ​ភៀស​ខ្លួន​ដោយ​បង្ខំ​នា​ពេល​បច្ចុប្បន្ន​មាន​ភាព​ស្មុគស្មាញ​ជាង​ក្នុង​ឆ្នាំ១៩៥១។ នោះ​គឺ​ជា​ពេល​ដែល​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​អនុសញ្ញា​ស្តីពី​ជន​ភៀស​ខ្លួន​ដើម្បី​ការពារ​និង​ជួយ​ជន​ភៀស​ខ្លួន​រាប់​លាន​នាក់​ដែល​នៅ​មាន​ជីវិត​បន្ទាប់​ពី​សង្គ្រាម​លោក​លើកទី២។

លោក Grandi និយាយ​ថា ការ​ការពារ​ជន​ភៀស​ខ្លួន​កាន់​តែ​មាន​ភាព​ស្មុគស្មាញ។ លោក​បាន​កត់សម្គាល់​ថា ឥឡូវ​នេះ​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​អ្វី​ដែល​លោក​ហៅ​ថា លំហូ​លាយឡំ​គ្នា​រវាង​ជន​ភៀស​ខ្លួន​និង​ជនចំណាកស្រុក។​

លោក​ឧត្តមស្នងការ​ក៏​បាន​និយាយ​ផង​ដែរ​ថា ការ​ដាក់​ជនចំណាកស្រុក​ដោយ​មូលហេតុ​សេដ្ឋកិច្ច និង​ជន​សុំ​សិទ្ធិ​ជ្រកកោន​ឲ្យ​ស្ថិត​នៅ​ក្នុង​ចំណាត់ថ្នាក់​ដូចគ្នា​នេះ​ កំពុង​ធ្វើ​ឲ្យ​មាន​ការ​បាត់បង់​ការ​ការពារ​សម្រាប់​ជន​ភៀស​ខ្លួន ដែល​រត់គេច​ពី​សង្គ្រាម រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​អំពើ​ហិង្សា។​

លោក Grandi បាន​និយាយ​ថា នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក ​នា​ពេល​ថ្មីៗ​នេះ លោក​មើល​ឃើញ​ជា​ឧទាហរណ៍​ជាក់ស្ដែងនៃ​ការ​បញ្ចូល​បញ្ហា​ជន​ភៀស​ខ្លួន​ជាមួយ​នឹង​សម្ពាធនៃ​ការ​ចំណាកស្រុក​ដែល​មាន​កាន់​តែ​ច្រើន​ពី​ក្នុង​តំបន់ និង​ពី​ទ្វីប​អាហ្វ្រិក។​

លោក Grandi បាន​ថ្លែង​ថា៖ «ការ​ជួយ​ជីវិត​មនុស្ស​និង​ការ​ការពារ​ភាព​ថ្លៃថ្នូរ​និង​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន​នៅ​តែ​ជា​ការងារ​ចម្បង បូក​រួម​ទាំង​ការ​ទទួល​បាន​ការ​ការពារ​ពី​អន្តរជាតិ​សម្រាប់​អ្នក​ដែល​មាន​ហេតុផល​ត្រឹមត្រូវ​ផង​ដែរ។ នៅ​ទី​នេះ និង​កន្លែង​ផ្សេង​ទៀត​ មធ្យោបាយ​ធ្វើ​ចំណាកស្រុក​ស្រប​ច្បាប់​អាច​នឹង​ជួយ​ការពារ​មិន​ឲ្យ​កើត​មាន​ការ​បំពាន​ដល់​ប្រព័ន្ធ​សុំ​សិទ្ធិ​ជ្រក​កោន ដែល​ជា​មធ្យោបាយ​ប្រើប្រាស់​ជំនួស​សម្រាប់​ធ្វើ​ចំណាកស្រុក»។

លោក Grandi បន្ត​ថា បម្រែបម្រួល​អាកាសធាតុ​ក៏​បង្កើត​ឲ្យ​មាន​ការ​ភៀសខ្លួន​ដោយ​បង្ខំ​ក្នុង​ទម្រង់​ថ្មី​មួយ ដែល​បញ្ហា​នេះ​មិន​ដែល​កើត​មាន​នោះ​ទេ នៅ​ពេល​ដែល​អនុសញ្ញា​ស្តីពី​ជន​ភៀស​ខ្លួន​ត្រូវ​បាន​អនុម័ត។​

លោក​និយាយ​ថា មូលហេតុ​ទាក់ទង​នឹង​អាកាសធាតុ​គឺ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ទីលំនៅ​ក្នុង​ប្រទេស​កាន់​តែ​ច្រើន។

លោក Grandi និយាយ​ថា៖ «អាកាសធាតុ​ជារឿយៗ​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​ភៀស​ខ្លួន​ឆ្លង​ដែន​ផង​ដែរ។ ការ​ភៀស​ខ្លួន​ឆ្លង​ដែន​ដោយ​បង្ខំ​អាច​កើត​ចេញ​ពី​បម្រែបម្រួល​អាកាសធាតុ និង​គ្រោះមហន្តរាយ រួម​ជាមួយ​នឹងជម្លោះ និង​អំពើ​ហិង្សា​ផង​ដែរ។ វា​ក៏​អាច​កើត​ឡើង​មក​ពី​គ្រោះធម្មជាតិ ឬ​គ្រោះ​ដែល​បង្ក​ដោយ​មនុស្ស​តែ​មួយ​មុខ​ផង​ដែរ។ ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ ក៏​អាច​ទាមទារ​ឲ្យ​មាន​ការការពារ​ពី​អន្តរជាតិ​បាន​ដែរ»។

លោក Grandi និយាយ​ថា លោក​មាន​ផែនការ​កោះប្រជុំ​វេទិកា​ស្តី​ពី​ជន​ភៀស​ខ្លួន​សាកលលោក ដែល​អាច​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​២ខែ​ទៀត។ លោក​និយាយ​ថា គោលបំណង​នៃ​វេទិកា​នោះ​គឺ​ដើម្បី​ដោះស្រាយ និង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការ​ភៀស​ខ្លួន​ដោយ​បង្ខំ ដែល​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​ក្នុង​សតវត្សរ៍​នេះ៕

XS
SM
MD
LG