ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិបត្តិ​ជន​ភៀស​ខ្លួនឡើង​ដល់​កម្រិត​​គួរ​ឲ្យ​កត់សម្គាល់


សកម្មជន​ដេក​នៅ​លើ​ដី​ដើម្បី​ប្រារព្ធ​ទិវា​ជន​ភៀស​ខ្លួន​អន្តរជាតិ ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង Madrid កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។
សកម្មជន​ដេក​នៅ​លើ​ដី​ដើម្បី​ប្រារព្ធ​ទិវា​ជន​ភៀស​ខ្លួន​អន្តរជាតិ ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង Madrid កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

មនុស្ស​៦៨​លាន​៥សែននាក់​គ្មាន​ទីកន្លែង​រស់​នៅ​ដោយ​ត្រូវ​បង្ខិត​បង្ខំ​ភៀស​ខ្លួន​ពី​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក ​ជា​ចំនួនមនុស្ស​ដែល​គ្មាន​ទី​កន្លែង​រស់​នៅ​ដ៏​ច្រើន​បំផុត។ នេះ​យោងតាម​របាយការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ស្នង​ការទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ UNHCR។ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៦ ​ទីភ្នាក់​ងារ​ទទួល​បន្ទុក​ជន​ភៀស​​ខ្លួន​របស់​អង្គការ​សហប្រជា​ជាតិ​បាន​ចាប់ផ្តើម​ចេញ​ញត្តិ​ទៅ​កាន់​រដ្ឋាភិ​បាល​​នានាឲ្យ​ធ្វើ​ការ​​ជាមួយ​គ្នា​ហើយ​និង​រួម​ចំណែក​ដោះស្រាយ​បន្ទុក​សម្រាប់​ជន​ភៀស​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។ ក៏ប៉ុន្តែ ​នៅ​ពេល​ដែល​ពិភពលោក​ប្រុង​ប្រៀប​រៀប​ចំ​សម្រាប់​ទិវា​ជន​ភៀស​ខ្លួន​ពិភពលោក​នៅ​ថ្ងៃ​ទី២០ ​ខែ​មិថុនា ​សារនេះ​មិនត្រូវ​បាន​គេ​យក​ចិត្ត​ទុកដាក់​ទេ។

មាន​ជនភៀស​ខ្លួន​ជាង​៦៨​លាននាក់នៅ​ជុំវិញ​ពិភពលោក ​នេះ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​ដោយ​ឧត្តមស្នងការទទួល​បន្ទុក​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជា​ជាតិ UNHCR។​ លោក Chris Boian (BOY-en) ​អ្នកនាំ​ពាក្យ​និយាយថា ​ស្ថានភាព​នេះមាន​ភាព​ធ្ងន់​ធ្ងរ​ណាស់។ លោក Chris Boian (BOY-en) បាន​ថ្លែង​ថា៖ «មាន​មនុស្ស​ម្នាក់​ដែល​គ្មាន​ទីកន្លែង​រស់នៅ​ដោយសារ​ការ​បង្ខិតបង្ខំ​ឲ្យ​ភៀសខ្លួន​ចោលផ្ទះ​សម្បែង​រៀង​រាល់​២វិនាទី​នៅពេល​ឥឡូវ​នេះ។​ មាន​មនុស្ស​ដែល​កំពុង​រត់គេច​ខ្លួនដោយ​ការ​បង្ខំ​ចិត្ត ​ពី​ព្រោះ​តែ​ពួកគេ​មិនមាន​ជម្រើស ក៏ប៉ុន្តែ ​ត្រូវ​រត់​គេចខ្លួន ​ប្រសិនបើ ​ពួកគេ​ចង់​នៅ​មាន​ជីវិត»។

លោក Boian (BOY-en) និយាយថា សង្គ្រាម ​ជម្លោះ​និងការ​ធ្វើ​ទុក​បុក​ម្នេញបានធ្វើ​ឲ្យ​ពិភពលោក​មាន​មនុស្ស​គ្មាន​ទីកន្លែង​រស់​នៅ​ដ៏​ច្រើនបែប​នេះ។ ​លោក Chris Boian (BOY-en) ​អ្នក​នាំ​ពាក្យ​របស់ UNHCR ​បាន​ថ្លែងថា៖ «យើង​បាន​ឃើញ​ជម្លោះ​ថ្មីៗកើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​នានា​និង​នៅ​ក្នុង​តំបន់​ផ្សេងៗ​ទៀតជុំវិញ​ពិភពលោក​ដែល​មិនមាន​កាល​ពីពេល​មុន ហើយ ​ការណ៍​នេះ​កំពុងធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ច្រើន​បំផុត​គ្មាន​ទីកន្លែងរស់​នៅ»។

លោក Boian (BOY-en) និយាយថា ​គ្មាន​នរណាម្នាក់​ចង់​ក្លាយ​ជា​ជន​ភៀស​ខ្លួនទេ។​ លោក Boian (BOY-en) បាន​ថ្លែងថា៖ «ពួកជន​ភៀស​ខ្លួន​ជា​មនុស្ស​ជាតិ​ដូចជា​លោក អ្នក​និងខ្ញុំ​ដែល​ជួបប្រទះ​ក្នុង​កាលៈទេសៈ​អភ័ព្ទ»។​

ក៏ប៉ុន្តែ គោលការណ៍មនុស្ស​ធម៌ដ៏​សំខាន់​ត្រូវ​គេបំភ្លេច​នៅពេល​ប្រឈម​ទៅ​នឹង​វិបត្តិ​ជន​ភៀសខ្លួន។ លោក​ Eskinder Negash ​ជាប្រ​ធាន​និង​អគ្គនាយក​នៃ​គណៈ​កម្មាធិការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​សហរដ្ឋ​អាមេរិក​និយាយ​ថា ​រដ្ឋាភិបាល​ជា​រឿយៗ​ចាត់​ទុក​វិបត្តិជន​ភៀស​ខ្លួន​ជា​បញ្ហា​សន្តិសុខ​ជាតិ​ជាជាង​បញ្ហា​មនុស្សធម៌។ លោក Negash ​និយាយ​ថា៖ «រដ្ឋាភិបាល​ទាំង​នោះ​មើលមិន​ឃើញ​ជន​ភៀស​ខ្លួន​ជា​មនុស្ស​ជាតិ​ទេ។​ រដ្ឋាភិ​បាល​មើល​ឃើញ​ថា ជនភៀស​ខ្លួនជា​បន្ទុក​មួយ​ដល់​សង្គម។រដ្ឋាភិបាល​ប្រាកដ​ជា​កំពុង​ធ្វើឲ្យ​ជន​ភៀស​ខ្លួន​ភ័យ​ខ្លាច។ ​នៅពេល​ដែល​លោក ​បំភ័យ​នរណា​ម្នាក់​គឺ ​លោក ​អ្នក​មិន​ស្វាគមន៍​ពួកគេ​ទេ»។

លោក Negash ​និយាយ​ថា ​បញ្ហា​ជន​ភៀស​ខ្លួន​សម័យ​ទំនើប​បាន​ចាប់​ផ្តើមប្រ​ហែល​៦០​ឆ្នាំ​មុន ​នៅពេល​ដែល​សហគមន៍​អន្តរជាតិ​បាន​ចាប់​ផ្តើម​ព្យាយាម​ផ្តល់​ជម្រកឲ្យជន​ភៀស​ខ្លួន។ ​លោក Negash ថ្លែងថា៖ «នៅពេល​ដែល​លោក ​អ្នក ​រក្សា​ទុក​ជន​ភៀស​ខ្លួន​ក្នុង​ទីកន្លែង​មួយ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ ​៣០​ឆ្នាំ ​៥០​ឆ្នាំ ​៦០ឆ្នាំ ​ការណ៍​នេះ​ប្រាកដ​ជា​វិបត្តិ​មនុស្ស​ធម៌​ដ៏​សំ​ខាន់​មួយ»។

ក៏ប៉ុន្តែ ​លោក Boian (BOY-en) និយាយថា ​ការណ៍​នេះ​មិនមែន​ជា​បញ្ហា​ដែល​អាច​ត្រូវ​ដោះស្រាយ​ដោយប្រទេស​រៀងៗ​ខ្លួន។លោក Christopher Boian (BOY-en) អ្នកនាំ​ពាក្យ UNHCH ​បាន​និយាយ​ថា៖ «នេះ​ប្រាកដ​ជា​បញ្ហា​សាកល​លោក ​វា​ជា​បញ្ហា​មនុស្ស​ជាតិ។ ហើយ ​យើង​គាំទ្រ​ប្រទេស​ទាំងអស់​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ស្វែង​រកដំណោះស្រាយ​រួម​ដល់​បញ្ហា​រួម​នេះ»។

ប្រទេស​អេស្ប៉ាញ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ផ្តល់ឧទាហរណ៍​ដ៏​ល្អ​មួយ​ពីការ​ដោះ​ស្រាយ​បញ្ហា​រួម​នេះ។ លោក Christopher Boian (BOY-en) បាន​និយាយ​ទៀត​ថា៖ «ការ​ឆ្លើយ​តប​ដែល​ប្រទេស​អេស្ប៉ាញ​បាន​បង្ហាញ​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​កន្លង​មក​នេះ​គឺ​ការ​អនុញ្ញត​កប៉ាល់​មួយ​គ្រឿង​នៅ​ក្នុង​សមុទ្រ​រលក​ធំៗ​ផ្ទុក​ទៅ​ដោយ​មនុស្ស​ដែល​អស់សង្ឃឹម។ នេះ​ជា​ឧទាហរណ៍​មួយ​នៃអំពើ​មនុស្ស​ធម៌ មេត្តា​ធម៌​ ហើយ​និង​ការងារ​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ»។

លោក Christopher Boian (BOY-en) បាន​និយាយ​បន្ថែម​ថា៖ «ការណ៍​នេះ​មាន​សារៈ​សំខាន់ដើម្បី​ក្លាយ​ជា​វិធី​សាស្ត្រ​មួយ​ហើយ​វាមានសារៈ​សំ​ខាន់​ដើម្បី​ថែរក្សា​ គោល​ការណ៍​ដ៏​សំខាន់​ទាំង​នោះ​ជា​អាទិភាព​នៃ​ផ្នត់​គំនិត​របស់​យើង ថាតើ​យើង​ចង់ឲ្យ​ពិភព​លោក​របស់​យើង​មាន​សភាព​បែបណា​នៅពេល​សព្វ​ថ្ងៃ​នេះ​ ឬ​ថាតើ​យើង​ចង់​ធ្វើ​ឲ្យ​ពិភពលោក​មាន​សភាព​យ៉ាង​ដូចម្តេច​សម្រាប់​កូន​និង​ចៅ​របស់​យើង ​តើអ្វី​ដែល​មាន​សារៈ​សំខាន់​សម្រាប់​យើង? ឥឡូវ​នេះ​ វាជា​ពេល​វេលា​ដើម្បី​ធ្វើ​ការ​សម្រេច»។

​ខណៈ​ដែល​បញ្ហា​ជន​ភៀស​ខ្លួន​ពិតជា​វិបត្តិ​សាកល​លោកនោះ លោក Boian (BOY-en) ​និយាយថា ​បញ្ហា​នេះ​អាច​រៀប​ចំ​ចាត់​ចែង​បាន។ វិបត្តិនេះតម្រូវ​ឲ្យ​មាន​ភាព​ក្លាហាន ភាព​ជាមេដឹកនាំ​និង​ទស្សនៈដែល​គិត​អំពី​ពិភពលោក​ទាំង​មូល៕

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន

XS
SM
MD
LG