ទីភ្នាក់ងារ UNHCR បញ្ជាក់ដូច្នេះនៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួនដែលមានចំណងជើងថា៖ «Turn the Tide: Refugee Education in Crisis»។
ទីភ្នាក់ងារ UNHCR នេះ បានបញ្ជាក់ថា កុមារភៀសខ្លួនដែលចុះឈ្មោះចូលរៀនមិនមានសមាមាត្រជាមួយនឹងកំណើនជនភៀសខ្លួននោះទេ ដែលកំណើននេះបានឈានដល់កម្រិតមួយមិនដែលមានពីមុនមក។ នៅទូទាំងពិភពលោក អង្គការ UNHCR បានជួយជនភៀសខ្លួនជិត ២០ លាននាក់ ដែលក្នុងនោះកុមារមានចំនួនជាងពាក់កណ្ដាល។
ករណីនេះមានន័យថា ចំនួនកុមារភៀសខ្លួនដែលត្រូវការចូលរៀនក៏បានកើនឡើងផងដែរ។ ប៉ុន្តែ កុមារទាំងនោះមិនសុទ្ធតែទទួលបានការអប់រំនោះទេ។
អ្នកស្រី Ita Sheehy ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអប់រំនៃអង្គការ UNHCR បាននិយាយថា កុមារភៀសខ្លួន ៦១ ភាគរយ បានចូលរៀននៅថ្នាក់បឋមសិក្សា ចំណែកឯថ្នាក់មធ្យមសិក្សាវិញ មានតែចំនួន ២៣ ភាគរយប៉ុណ្ណោះ។ អ្នកស្រីបានសង្កត់ធ្ងន់ថា ចំនួននេះគឺទាបបើប្រៀបធៀបជាមួយនឹងកុមារចំនួន ៨៤ ភាគរយដែលបានចុះឈ្មោះចូលរៀននៅទូទាំងពិភពលោក។
អ្នកស្រី Sheehy បានថ្លែងថា៖ «ប្រសិនបើយើងបូកតួលេខទាំងនេះបញ្ចូលគ្នា យើងដឹងថា កុមារភៀសខ្លួនម្នាក់ទំនងជាមានឱកាសចូលរៀនតិចជាងកុមារផ្សេងទៀតដល់ទៅ ៥ ដងឯណោះ។ ករណីនេះគឺកាន់តែធ្ងន់ធ្ងរជាងនេះទៀត ប្រសិនបើយើងនិយាយពីការអប់រំកម្រិតឧត្ដមសិក្សា។ ហើយជាថ្មីម្ដងទៀត យើងឃើញថា ជនភៀសខ្លួនចំនួនមួយភាគរយដែលបានចូលរៀនសាកលវិទ្យាល័យមិនបានកើនឡើងនោះទេនៅក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទោះបីជាមានការប្រឹងប្រែងជាច្រើនកន្លងមកក៏ដោយ»។
របាយការណ៍របស់អង្គការ UNHCR បានកត់សម្គាល់ថា ជនភៀសខ្លួនចំនួន ៩២ ភាគរយ កំពុងរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ របាយការណ៍នេះបានបញ្ជាក់ថា ករណីនេះគឺបង្កជាបញ្ហា ដោយសារតែប្រទេសក្រីក្រទាំងនោះមានថវិកាតិចតួចប៉ុណ្ណោះដើម្បីផ្ដល់ការអប់រំមានគុណភាពដល់កុមារនៅក្នុងប្រទេសទាំងនោះផ្ទាល់ នេះមិនចាំបាច់និយាយដល់កុមារភៀសខ្លួនផង។
អង្គការ UNHCR កំពុងជំរុញបណ្ដាប្រទេសដែលទទួលយកជនភៀសខ្លួន ឲ្យចុះឈ្មោះកុមារភៀសខ្លួនក្នុងប្រព័ន្ធសាលារៀនរដ្ឋរបស់ខ្លួន។ របាយការណ៍នេះបានបញ្ជាក់ថា ប្រសិនបើដាក់ក្រុមកុមារទាំងពីរនេះឲ្យរៀនជាមួយគ្នាជាជាងដាក់ក្រុមទាំងពីរនេះផ្ដាច់ពីគ្នា នោះយើងនឹងទទួលបានលទ្ធផលអប់រំមួយដ៏ប្រសើរជាងនេះ។
អង្គការ UNHCR បានអំពាវនាវឲ្យសហគមន៍អន្តរជាតិវិនិយោគលើការអប់រំរបស់កុមារភៀសខ្លួន។ នៅពេលជាមួយគ្នានោះដែរ អង្គការនេះបានជំរុញឲ្យអ្នកផ្ដល់ជំនួយនានាផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្តរហូតដើម្បីធ្វើឲ្យប្រព័ន្ធអប់រំនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍដែលទទួលយកជនភៀសខ្លួនទាំងនោះមានភាពប្រសើរឡើង៕
ប្រែសម្រួលដោយ ភី សុភាដា