ដោយ Stefan Bos
ប្រែសម្រួលដោយ ឌី ខាំបូលី
ការកាត់ក្តីអតីតមេដឹកនាំ ក្រូអាតស៊ែបប៊ី (Croatian Serb) ហ្គូរ៉ាន ហាដហ្សីក (Goran Hadzic) ដែលជាជនរត់គេចខ្លួនចុងក្រោយ បង្អស់ដែលត្រូវបានស្វែងរកចាប់ខ្លួន ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវីរបស់អង្គការសហប្រជាជាតិ បានបន្តឡើងវិញហើយ នៅឯទីក្រុងឡាអេ (Hague) កាលពីថ្ងៃច័ន្ទ ទី៧ ខែមករា។ ហាដហ្សីក គឺជាមន្រ្តីមួយរូបនៅក្នុងចំណោមមន្រ្តីសំខាន់ៗជាច្រើនរូប ដែលត្រូវប្រឈមមុខនឹងការកាត់ទោស នៅឯតុលាការដែលមានមូលដ្ឋាននៅក្នុងប្រទេស ហូឡង់ (Netherlands) ចំពោះ ការជាប់ពាក់ព័ន្ធតាមការចោទប្រកាន់ នៅក្នុងបទឧក្រិដ្ឋកម្មទាំងឡាយ ក្នុងកំឡុងពេលសង្រ្គាមនៅតំបន់ បាល់កង់ (Balkan)។
«អ្នកទាំងអស់គ្នាសូមក្រោកឈរឡើង... សូមអង្គុយចុះ»។
ជាមួយនឹងពាក្យទាំងនេះ តុលាការរបស់អង្គការសហប្រជាជាតិនៅឯទីក្រុងឡាអេ បានចាប់ផ្តើមការកាត់ក្តីជនសង្ស័យក្នុងបទឧក្រិដ្ឋកម្មសង្រ្គាម ហ្គូរាន ហាដហ្សីក ដែលបានដឹកនាំក្រុមឧទ្ទាម ក្រូអាតស៊ែបប៊ី នៅពេលដែលរដ្ឋាភិបាលក្រូអាត បានបំបែកខ្លួនចេញពីសហព័ន្ធយូហ្គោស្លាវី កាលពីឆ្នាំ១៩៩១។
ក្នុងឋានៈជាប្រធានាធិបតី នៃរដ្ឋស៊ែបប៊ីតូចមួយតាមរបៀបរបស់ខ្លួននៅក្នុងប្រទេសក្រូអាត គឺសាធារណរដ្ឋ ស៊ែបប៊ីក្រាជីណា (Republic of Serbian Krajina) លោក ហាដហ្សីក ត្រូវបានចោទប្រកាន់ថា បានមើលការខុសត្រូវលើអំពើឃោរឃៅ មានដូចជាការសម្លាប់ និងការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋដែលមិនមែនជាជនជាតិ ស៊ែបប៊ី។ លោកក៏ត្រូវបានចោទប្រកាន់ផងដែរពីបទបានគ្រប់គ្រងមជ្ឈមណ្ឌលឃុំឃាំងទាំងឡាយ ដែលនៅទីនោះ ការធ្វើទារុណកម្ម ការវាយដំ និងការសម្លាប់ជនស៊ីវិល និងអ្នកជាប់ឃុំឃាំងដទៃទៀត ត្រូវបានធ្វើឡើង។
លោក ហាដហ្សីក ត្រូវបានចោទប្រកាន់ចំពោះការដឹកនាំការជម្លៀសដោយបង្ខំ នូវប្រជាពលរដ្ឋដែលមិនមែនជាជនជាតិស៊ែបប៊ីរាប់ម៉ឺននាក់ នៅទូទាំងតំបន់ ក្រោមការគ្រប់គ្រងរបស់លោកនៅក្នុងកំឡុងពេលនៃជម្លោះឆ្នាំ១៩៩១-១៩៩៥។ លោកត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ២០១១ ក្បែរទីក្រុងប៊ែលក្រាដ (Belgrade) បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេល៨ឆ្នាំ។
ទោះបីជា លោក ហាដហ្សីក ប្រឈមមុខនឹងការចោទប្រកាន់ចំនួន១៤ ករណីទាក់ទងនឹងបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការចោទប្រកាន់ ក្រុមរដ្ឋអជ្ញារបានថ្លែងយ៉ាងច្បាស់អំពីការសម្លាប់អ្នកជំងឺ ដែលជាការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយ នៅក្នុងជម្លោះរបស់ប្រទេសក្រូអាត។ កងកម្លាំងស៊ែបប៊ី នៅក្រោមការបញ្ជារបស់លោកហាដហ្សីក ត្រូវបានអះអាងថា បាននាំយកអ្នកជំងឺដែលមិនមែនជាជនជាតិស៊ែបប៊ីចំនួន២៦០នាក់ពីមន្ទីរពេទ្យ វុកូវ៉ារ៍ (Vukovar Hospital) បន្ទាប់ពីការឡោមព័ទ្ធទីក្រុងនេះអស់រយៈពេលបីខែរួចមក។
រដ្ឋអាជ្ញាតុលាការក្រុងឡាអេ លោក ម៉ាតធូ ហ្គីលលែត (Matthew Gillett) បាននិយាយថា បុរសនិងកុមារាភាគច្រើន ត្រូវបានសម្លាប់នៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៩១ នៅលើដីចំការមួយនៅក្នុងតំបន់ អូវការ៉ា (Ovcara) នៅក្បែរ វុកូវ៉ារ៍។
«មានការយល់ស្របគ្នាជាពិសេស ដូចដែលខ្ញុំកំពុងសង្ខេបនេះ ថាជនរងគ្រោះចំនួន១៩៤នាក់ ដែលត្រូវមានរាយឈ្មោះនៅក្នុងសេចក្តីបន្ថែម ដែលមានចែងក្នុងកថាខណ្ឌ៣២នៃសាលដីកា ត្រូវបានសម្លាប់នៅក្នុងតំប់អូវការ៉ា។ ជនរងគ្រោះទាំងនេះត្រូវបានឃុំខ្លួន នៅពេលដែលពួកគេត្រូវបានសម្លាប់។ ពួកគេត្រូវបានកប់នៅក្នុងរណ្តៅសាកសពរួមមួយនៅក្នុងតំបន់ អូវការ៉ា។ រណ្តៅសាកសពរួមនោះត្រូវបានការពារដោយបុគ្គលិករបស់អង្គការសហប្រជាជាតិ ហើយការគាស់រណ្តៅនិងការពិនិត្យសាកសព ត្រូវបានធ្វើឡើងដោយអ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ ហើយតំណាងរបស់អាជ្ញាធរ ក្រូអាត និង យូហ្គោស្លាវី មានវត្តមាននៅទីនោះដែរ»។
អ្នកវិភាគរោគសាស្រ្តផ្នែកកោសល្យវិច័្ចយជាតិក្រូអាត លោកវេជ្ជបណ្ឌិត ដាវូរ៍ ស្រ្ទីណូវីក (Davor Strinovic) បានស៊ើបអង្កេតការសម្លាប់រង្គាលនេះ។ ដោយថ្លែងក្នុងនាមជាសាក្សីមួយរូបនៅឯការកាត់ក្តីនោះ លោកវេជ្ជបណ្ឌិត ស្រ្ទីណូវីក បាននិយាយថា ជនរងគ្រោះដែលមានវ័យក្មេងបំផុត ដែលត្រូវបានរកឃើញកន្លងមកគឺមានអាយុ១៦ឆ្នាំ ហើយចាស់បំផុតមានអាយុ៧២ឆ្នាំ។
ថ្លែងតាមរយៈអ្នកបកប្រែភាសា លោកវេជ្ជបណ្ឌិត ស្រ្ទីណូវីក បាននិយាយថា វាមានការពិបាកនៅក្នុងការស្វែងរកនិងកំណត់អត្តសញ្ញាណ ជនរងគ្រោះជាង២០០នាក់ នៃការសម្លាប់រង្គាលនៅក្នុងមន្ទីរពេទ្យ វុកូវ៉ារ៍។
«ជាការពិតណាស់ យើងកំពុងព្យាយាម និងបានព្យាយាមតាំងពីការចាប់ផ្តើមដំបូងមកម៉្លេះ ដើម្បីស្វែងរកអ្នកទាំងអស់ដែលមាននៅក្នុងបញ្ជីនេះ។ យើងនឹងមិនបញ្ឈប់ការស្វែងរកប្រជាពលរដ្ឋទាំងនោះទេ។ រហូតមកដល់ថ្ងៃនេះ យើងមិនទាន់បានទទួលជោគជ័យទាំងស្រុងនៅឡើយទេ ក្នុងការស្វែងរកប្រជាពលរដ្ឋទាំងអស់នៅក្នុងបញ្ជី។ អ្នកពិនិត្យរោគសាស្រ្តផ្នែកកោសល្យវិច័្ចយបាននិយាយថា យ៉ាងហោចណាស់នៅក្នុងករណីមួយ វាមានអារម្មណ៍រំជួលចិត្តខ្លាំងណាស់សម្រាប់អ្នកដែលនៅរស់រានមានជីវិត ក្នុងការទទួលស្គាល់ឈ្មោះរបស់ជនរងគ្រោះ»។
ការពន្យាពេលនៅក្នុងការគាស់យកឆ្អឹង ក៏បានបង្កឱ្យមានការពិបាកក្នុងការកំណត់អត្តសញ្ញាណអ្នកទាំងឡាយ ដែលត្រូវបានសម្លាប់នៅក្នុងការសម្លាប់រង្គាល ហើយជនរងគ្រោះដែលត្រូវបានសង្ស័យចំនួន១២នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ។
ប្រសិនបើត្រូវបានកាត់ទោសលើបទចោទប្រកាន់មួយចំនួនប្រឆាំងនឹងរូបលោកក៏ដោយ លោក ហាដហ្សីក អាចប្រឈមមុខនឹងការជាប់គុកអស់មួយជីវិត។ ដំណើរការជំនុំជម្រះកាលពីថ្ងៃច័ន្ទ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃ មុនពេលការកាត់ក្តីមេដឹកនាំស៊ែបប៊ីដ៏ល្បីល្បាញមួយរូបទៀត គឺ រ៉ាតកូ ម្លាឌីក (Ratko Mladic)។ អតីតឧត្តមសេនីយជាតិ បូស្នៀ-ស៊ែបប៊ី រូបនេះ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ដែលរួមទាំងការជាប់ពាក់ព័ន្ធនៅក្នុងការសម្លាប់រង្គាលទៅលើបុរសនិងកុមារាម៉ូស្លីមប្រមាណ៨ពាន់នាក់ ដោយកងកម្លាំងរបស់លោក នៅក្នុងទីក្រុង ស្រ៊ីប្រីនីកា (Srebrenica) របស់បូស្នៀ នៅក្នុងឆ្នាំ១៩៩៥។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវី ស្ថិតនៅក្រោមសម្ពាធដើម្បីបញ្ចប់ប្រតិបត្តិការរបស់ខ្លួន។ តុលាការនេះបានបិទ ការិយាល័យតាមតំបន់ធំៗរបស់ខ្លួន នៅក្នុងប្រទេសក្រូអាត និង កូសូវ៉ូ (Kosovo) ប៉ុន្តែតុលាការនេះកំពុងបន្តសកម្មភាពរបស់ខ្លួននៅក្នុងប្រទេស ស៊ែបប៊ី និង បូស្នៀ។
ប្រទេស រុស្សី និងស៊ែបប៊ី បានរិះគន់តុលាការនេះយ៉ាងខ្លាំងក្លាទៅលើអ្វីដែលពួកគេនិយាយថា គឺជាការលម្អៀងរបស់តុលាការចំពោះជនជាតិស៊ែបប៊ី បន្ទាប់ពីការសម្រេចសេចក្តីទាំងឡាយ ដើម្បីដោះលែងឧត្តមសេនីយ៍ក្រូអាតចំនួនពីររូប និងអតីតមេបញ្ជាការកងឧទ្ទាមកូសូវ៉ូ-អាល់បានីមួយរូប។
ចាប់តាំងពីតុលាការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ តុលាការនេះបានកាត់ទោសមនុស្សចំនួន១៦១នាក់ ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងតំបន់បាល់កង់ ដែលនៅក្នុងនោះមនុស្សចំនួន១៥នាក់ត្រូវបានកាត់ឲ្យរួចទោស។ ដំណើរការនៃការកាត់ក្តីកំពុងត្រូវបានបន្តសម្រាប់ជនសង្ស័យចំនួន៣១នាក់ទៀត។
កាលពីខែមុន ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបន្តការងាររបស់តុលាការ ប៉ុន្តែ រុស្សី បានបោះឆ្នោតអនុបវាទ ពីព្រោះខ្លួនបាននិយាយថា សេចក្តីសម្រេចចិត្តមិនបានដោះស្រាយអំពីភាព«គ្មានប្រសិទ្ធភាព»របស់តុលាការបានទេ។
តុលាការរំពឹងថានឹងសម្រេចទៅលើបណ្តឹងឧទ្ធរចុងក្រោយរបស់ខ្លួននៅត្រឹមឆ្នាំ២០១៦។ បន្ទាប់មក រាល់ករណីបន្ថែមទាំងឡាយណា ដែលកើតចេញមកអំពីសង្រ្គាមនៅក្នុងតំបន់បាល់កង់ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ត្រូវតែធ្វើការកាត់សេចក្តីនៅក្នុងប្រទេស ដែលឧក្រិដ្ឋកម្មទាំងនោះ ត្រូវបានប្រព្រឹត្តឡើង តាមការចោទប្រកាន់៕