អ្នកឃ្លាំមើលពួកតាលីបង់បង្កើតរដ្ឋាភិបាល និងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាន កាន់តែប្រយ័ត្នប្រយែងអំពីការប្តេជ្ញាដោយមេដឹកនាំក្រុមនេះដើម្បីឱ្យប្រាកដថា គ្មានអង្គការភេរវករណា អាចយកប្រទេសនេះជាមូលដ្ឋានសម្រាប់វាយប្រហារសហរដ្ឋអាមេរិកឡើយ។
ការប្តេជ្ញាចិត្តរបស់ពួកតាលីបង់ប្រឆាំងភេរវកម្ម គឺជាផ្នែកសំខាន់នៃកិច្ចព្រមព្រៀងនៅទីក្រុងដូហា ប្រទេសកាតា ឆ្នាំ២០២០ សម្រាប់ការចាកចេញរបស់អាមេរិក និងការជម្លៀសយោធាជាយថាហេតុចេញពីអាហ្វហ្គានីស្ថាន។ ទោះបីជាមានការសរសើរខ្លះចំពោះកិច្ចសហប្រតិបត្តិការរបស់ពួកតាលីបង់ជាថ្នូរការដកខ្លួនរបស់រដ្ឋាភិបាលវ៉ាស៊ីនតោនក៏ដោយ ក៏មានសញ្ញាសកម្មភាពជាក់ស្តែងតិចតួចប៉ុណ្ណោះ។
«ឥឡូវនេះ ជាពេលដែលពួកតាលីបង់បង្ហាញការប្តេជ្ញាចិត្តមិនឱ្យពួករដ្ឋអ៊ីស្លាមខេត្តKhorasan ឬISIS-K ឬក្រុមភេរវករផ្សេងទៀត ប្រើទឹកដីអាហ្វហ្គានីស្ថានគំរាមកំហែងដល់សន្តិសុខសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត»។
អ្នកនាំពាក្យក្រសួងការបរទេសស.រ.អ. បានប្រាប់វីអូអេដូច្នេះដោយមិនបញ្ចេញឈ្មោះ ពីព្រោះពិភាក្សាអំពីប្រធានបទរសើប។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា «យើងកំពុងឃ្លាំមើលយ៉ាងដិតដល់នូវសកម្មភាពរបស់តាលីបង់នៅទូទាំងប្រទេស។ យើងនឹងឱ្យពួកគេ ទទួលខុសត្រូវ»។
លោកឧត្តមសេនីយ៍ Kenneth «Frank» McKenzie មេបញ្ជាការបញ្ជាការដ្ឋានសហរដ្ឋអាមេរិកទទួកបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ា និងអាស៊ីបូព៌ា និងអាស៊ីកណ្តាល បាននិយាយកាលពីថ្ងៃសុក្រថា «ខ្ញុំមិនដឹងថា ពួកគេកំពុងធ្វើអ្វីសម្រាប់យើងទេឥឡូវនេះ»។
លោកថ្លែងដូច្នេះ នៅពេលវីអូអេចុចសួរថា តើពួកតាលីបង់ ធ្វើបានកម្រិតណាតាមការសន្យាប្រឆាំងភេរវកម្ម។
ប្រធានមជ្ឈមណ្ឌលជាតិស.រ.អ.ប្រឆាំងភេរវកម្ម (NCTC) បានប្រាប់សមាជិកសភានៅថ្ងៃអង្គារថា ដោយឥឡូវនេះ តាលីបង់កំពុងគ្រប់គ្រងអាហ្វហ្គានីស្ថានក្រុមភេរវករដូចជា al-Qaida ដែលមានទំនាក់ទំនងយូរអង្វែងជាមួយតាលីបង់ និងពួករដ្ឋអ៊ីស្លាមសម្ព័ន្ធអាហ្វហ្គានីស្ថានគេស្គាល់ថា រដ្ឋអ៊ីស្លាមខេត្ត Khorasan ឬ ISIS –K អាចព្យាយាមតម្រង់គោលដៅវាយប្រហារនៅទឹកដីអាមេរិក ក្នុងពេលតែមួយឆ្នាំប៉ុណ្ណោះ។
លោកស្រី Christine Abizaid បានមានប្រសាសន៍ថា «យើងត្រូវតាមដាននិងវាយតម្លៃថា តើវានឹងកើតឡើងឆាប់ជាងនេះដែរ ឬអត់»។
មេដឹកនាំតាលីបង់ បានបដិសេធការចោទប្រកាន់ម្តងហើយម្តងទៀតដែលថា ពួកគេ នឹងអនុញ្ញាតឱ្យក្រុមភេរវករ ដូចជា al-Qaida និងរដ្ឋអ៊ីស្លាមខេត្ត Khorasanលូតលាស់នោះ។
កាលពីថ្ងៃអង្គារអ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានបដិសេធទៀតថា គ្មានក្រុមណាមួយនៃពួកភេរវកម្មនេះ មានមូលដ្ឋាននៅក្នុងប្រទេសនេះទេ។ លោក Mujahid បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងកាប៊ុលថា «យើងមិនឃើញនរណាម្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន មានទំនាក់ទំនងជាមួយ al-Qaida ទេ»។
ទោះជាយ៉ាងណា មន្រ្តីស៊ើបការណ៍អាមេរិកនិងអន្តរជាតិនិយាយថា ភស្តុតាងបង្ហាញផ្សេងពីនេះ៕
លោក Ayaz Gul រួមចំណែករាយការណ៍ពីទីក្រុងអ៊ីស្លាម៉ាបាដ។