អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើវិស័យជួញដូរមនុស្សឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដែលបានរីកដុះដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប៉ាន់ប្រមាណថា សកម្មភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនេះបានបណ្តាលឱ្យមានជនរងគ្រោះរហូតដល់ប្រមាណ ១០០.០០០នាក់ គ្រាន់តែនៅកម្ពុជាមួយ។
នៅក្នុងរបាយការណ៍ថ្មីមួយស្តីពីប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា scam នៅក្នុងតំបន់ ការិយាល័យឧត្តមស្នងការជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្វះស្វែងផ្សព្វផ្សាយបញ្ហាបណ្តាញក្រុមឧក្រិដ្ឋជនជួញដូរមនុស្សឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនេះថាជាការគំរាមកំហែងសិទ្ធិមនុស្សអន្តរជាតិបន្ទាន់មួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលនិងអង្គការគាំពារសិទ្ធិលើសាកលលោក។
របាយការណ៍អះអាងថា ពីព្រោះមនុស្សដែលត្រូវបានជួញដូរឱ្យពាក់ព័ន្ធនឹងប្រតិបត្តិការប្រព្រឹត្តឧក្រិដ្ឋកម្ម ដោយប្រើប្រាស់អ៊ីនធឺណិតនិងបណ្តាញសង្គមជាមធ្យោបាយ ដើម្បីប្រព្រឹត្តអំពើឆបោកប្រាក់ពីជនរងគ្រោះដែលមិនដឹងខ្លួននៅតាមបណ្តាប្រទេសដទៃទៀត ជារឿយៗ ពួកគេត្រូវបានចាត់ទុកទាំងនៅប្រទេសកំណើតនិងនៅប្រទេសដែលពួកគេស្ថិតនៅនោះថា បានឃុបឃិតជាមួយបណ្តាញក្រុមឧក្រិដ្ឋជនផងដែរ។ ប៉ុន្តែរបាយការណ៍ជំរុញឱ្យក្រុមមន្រ្តីចាត់ទុកពួកគេជា ជនរងគ្រោះផងដែរ។
របាយការណ៍អង្គការសហប្រជាជាតិរៀបរាប់ថា៖ «មនុស្សដែលត្រូវបានជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមអ៊ីនធឺណិតប្រឈមនឹងការគំរាមកំហែងសិទ្ធិរស់រាន សេរីភាព និងសន្តិសុខបុគ្គល។ ពួកគេត្រូវរងការធ្វើទារុណកម្ម និងការប្រព្រឹត្តដាក់យ៉ាងឃោរឃៅ ហិង្សា និងអមនុស្សធម៌ ការឃុំខ្លួនដោយបំពាន អំពើហិង្សាផ្លូវភេទ ការបង្ខំឱ្យធ្វើការ និងការកេងប្រវ័ញ្ចពលកម្ម ក៏ដូចជា ការរំលោភបំពានសិទ្ធិមនុស្សក្នុងទម្រង់ដទៃទៀត»។
រដ្ឋាភិបាលនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត បានធ្វើការការពារភ្លាមៗប្រឆាំងនឹងរបាយការណ៍ខាងលើនេះ ដោយបន្ទាបទំហំបញ្ហា។ ទាំងរបាយការណ៍និងអ្នកជំនាញលើបញ្ហានេះនិយាយថា កម្ពុជាមិនទាន់បង្ហាញការប្តេជ្ញាណាមួយនៅក្នុងការដោះស្រាយវិបត្តិ និងបង្រ្កាបបណ្តាញក្រុមជួញដូរមនុស្សនោះទេ។
យោងតាមរបាយការណ៍ ហេតុផលមួយគឺថា មន្រ្តីនិងអ្នកមានអំណាចនៅកម្ពុជាប្រហែលជាបែងចែកផលចំណេញយ៉ាងច្រើនពាក់ព័ន្ធនឹងបញ្ហានេះ។ មានការប៉ាន់ប្រមាណថា កន្លែងឆបោកដែលមានប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍បានផ្តល់ជាប្រាក់ចំណូលរាប់ពាន់លានដុល្លារ។
របាយការណ៍ ដែលផ្តោតលើការជួញដូរនៅមីយ៉ាន់ម៉ានិងឡាវ និងកន្លែងឆបោកដែលកំពុងដំណើរការនៅតាមបណ្តាប្រទេសទាំងនេះ លើកឡើងថា៖ «អំពើពុករលួយបានធ្វើឱ្យប៉ះពាល់គណនេយ្យភាព និងគំរាមកំហែងនីតិរដ្ឋ។ ជារឿយៗ អំពើពុករលួយកើតឡើងនៅមុនពេលមានការរំលោភបំពានសិទ្ធិមនុស្ស ធ្វើឱ្យផលវិបាកអាក្រក់ជាងមុន និងជាឧបសគ្គចំពោះការទទួលបានយុត្តិធម៌ និងសំណង»។
របាយការណ៍បានបន្តថា៖ «របាយការណ៍នានាបានបង្ហាញថា មានកង្វះការស៊ើបអង្កេតពាក់ព័ន្ធនឹងការអះអាងអំពីការឃុបឃិតរវាងក្រុមឧក្រិដ្ឋជនពីក្រោយប្រតិបត្តិការឆបោក និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល អ្នកនយោបាយ អាជ្ញាធរពង្រឹងច្បាប់ និងអ្នកជំនួញមានឥទ្ធិពល»។
សារព័ត៌មាន Al Jazeera ដែលបានបញ្ចេញរបាយការណ៍ព័ត៌មានស៊ើបអង្កេតមិនធ្លាប់មានពីមុនមួយពី «ទាសករតាមប្រព័ន្ធអ៊ីនធឺណិត» នៅកម្ពុជា កាលពីឆ្នាំ ២០២២ បានរកឃើញថា អ្នកជំនួញ ដែលជាម្ចាស់អគារដែលមានប្រតិបត្តិការឆបោក មានទំនាក់ទំនងជិតដិតជាមួយនឹងអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលបានផ្ទេរអំណាចដល់កូនប្រុសរបស់លោក បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា។
របាយការណ៍ដដែលបានពណ៌នាពីការណ៍ដែលវិបត្តិជំងឺកូវីដ១៩ បានជំរុញការកើនឡើងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ ពលរដ្ឋវ័យក្មេងមួយចំនួននៅក្នុងតំបន់ពេលនោះជួបការលំបាកខ្លាំងក្នុងការស្វែងរកការងារ ហើយបានក្លាយជាគោលដៅចម្បងសម្រាប់ក្រុមឧក្រិដ្ឋជននាំចូលឱ្យធ្វើការងារក្លែងក្លាយតាមប្រព័ន្ធអ៊ីនធឺណិត ខណៈមនុស្សជុំវិញពិភពលោកពេលនោះតែងមានភាពអផ្សុក និងចំណាយពេលរាប់ម៉ោងប្រើប្រាស់អ៊ីនធឺណិតនៅលើទូរសព្ទ កុំព្យូទ័រ ឬឧបករណ៍ដទៃទៀត។
របាយការណ៍បកស្រាយថា វិបត្តិជំងឺកូវីដ១៩ បានបង្ខំឱ្យកាស៊ីណូទូទាំងទ្វីបអាស៊ីបិទទ្វារ ដោយជំរុញឱ្យអ្នកវិនិយោគចិនស្វែងរកឱកាសអាជីវកម្មថ្មីតាមប្រព័ន្ធអ៊ីនធឺណិត ដែលជារឿយៗខុសច្បាប់ និងនៅតាមបណ្តាប្រទេសដែលមានច្បាប់មិនតឹងរ៉ឹង និងហានិភ័យរងការចោទប្រកាន់តាមផ្លូវច្បាប់មានកម្រិត ដូចជា កម្ពុជា មីយ៉ាន់ម៉ា និងឡាវ។
របាយការណ៍និយាយថា៖ «ដោយប្រឈមស្ថានភាពប្រតិបត្តិការថ្មី ក្រុមឧក្រិដ្ឋជនផ្តោតគោលដៅទាក់ទាញអ្នកធ្វើការចំណាកស្រុក ដែលជាប់នៅតាមបណ្តាប្រទេសទាំងនេះ ហើយបានបាត់បង់ការងារដោយសារការបិទព្រំដែននិងអាជីវកម្ម ឱ្យមកធ្វើការនៅកន្លែងឆបោក»។
ក្រសួងមហាផ្ទៃបានប្រកាសយុទ្ធនាការគំហុកមួយដើម្បីទប់ទល់នឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត កាលពីខែសីហា ឆ្នាំ២០២២។
អ្នកស្រី ជូ ប៊ុនអេង បានបន្ថែមថា រដ្ឋាភិបាលបានរៀបចំការប្រជុំមួយរវាងក្រុមអ្នកជំនាញដើម្បីបញ្ជាក់ពីចំនួនប៉ាន់ប្រមាណប្រាកដប្រជាជាងមុន ហើយបញ្ជូនរបាយការណ៍ត្រឡប់ទៅកាន់អង្គការសហប្រជាជាតិវិញ។
បញ្ហាការជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានលើកឡើងអំឡុងពេលកិច្ចប្រជុំនៅក្រុងភ្នំពេញកាលពីខែកញ្ញារវាងនាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin និងលោក ហ៊ុន ម៉ាណែត។ សារបង្ហោះលើបណ្តាញសង្គមមួយ ពីសំណាក់ក្រសួងការបរទេសថៃបានលើកឡើងថា មេដឹកនាំទាំងពីរបានពិភាក្សាពីបញ្ហាសន្តិសុខមួយចំនួន រួមមាន កិច្ចប្រតិបត្តិការជារួមដើម្បី «បង្រ្កាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។
លោក Jason Tower នាយកប្រចាំប្រទេសភូមានៃអង្គការវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (United States Institute of Peace) ដែលតាមដានការជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់ បាននិយាយថា លោកមានមន្ទិលខ្លះចំពោះចំនួនមនុស្ស ១០០.០០០នាក់ត្រូវបានជួញដូរឱ្យធ្វើការដោយបង្ខំនៅក្នុងបណ្តាញក្រុមឆបោកនៅកម្ពុជា។ ប៉ុន្តែលោកលើកឡើងថា តួលេខនេះអាចឆ្លុះបញ្ចាំងពីចំនួនសរុបនៃអ្នកពាក់ព័ន្ធនៅក្នុងវិស័យនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
យ៉ាងណាក្តី លោក Tower បាននិយាយថា៖ «ការច្រានចោលដ៏ខ្លាំងក្លា» ពីសំណាក់រដ្ឋាភិបាលកម្ពុជាចំពោះរបាយការណ៍ខាងលើគឺជា «រឿងអកុសល» ទាំងសម្រាប់ក្រុមគាំពារសិទ្ធិ និងបណ្តាប្រទេសអាស៊ីដទៃទៀត ដែលចង់បានការការពារប្រសើរជាងមុនចំពោះពលរដ្ឋរបស់ខ្លួននៅកម្ពុជា ក៏ដូចជា ការប្តេជ្ញាប្រសើរជាងមុន ដើម្បីដោះលែងអ្នករងការជាប់ឃុំដោយក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស។
លោក Tower បានថ្លែងប្រាប់វីអូអេថា៖ «តាមការយល់ឃើញរបស់ខ្ញុំ គឺនៅមានជនរងគ្រោះច្រើន ហើយអាជ្ញាធរនៅតាមបណ្តាប្រទេសជិតខាងកំពុងបន្តដាក់សម្ពាធមកលើអាជ្ញាធរកម្ពុជាពាក់ព័ន្ធនឹងជនរងគ្រោះ ដែលពួកគេព្យាយាមជួយសង្រ្គោះ និងថា មានការអូសបន្លាយពេល និងថា អ្វីៗនៅមិនទាន់សភាពការណ៍គ្រប់គ្រាន់នោះទេ»។
លោកបានបន្តថា៖ «ដូច្នេះអ្នកដឹងហើយថា បញ្ហាច្បាស់មិនទៅណានោះទេ ហើយខ្ញុំគិតថា កិច្ចការច្រើនទៀតអាចត្រូវធ្វើឡើង ដើម្បីបង្ហាញជាសារសំខាន់មួយថា គឺមិនមានការទ្រាំទ្រណាមួយនោះទេនៅក្នុងប្រទេសនេះ ហើយខ្ញុំគិតថា យើងមិនទាន់ឈានដល់កម្រិតជោគជ័យនោះទេ»។
របាយការណ៍អង្គការសហប្រជាជាតិលើកឡើងថា មកទល់ខែកក្កដា ឆ្នាំ២០២៣ កន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតត្រូវបានរាយការណ៍ថា កំពុងមានដំណើរការនៅតាមបណ្តាខេត្តនិងក្រុងយ៉ាងហោចណាស់ចំនួនប្រាំបីនៅកម្ពុជារួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តពោធិ៍សាត់ ខេត្តកោះកុង ក្រុងបាវិត ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តស្វាយរៀង។
របាយការណ៍បានកំណត់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរ ដែលត្រូវបានជឿថាផ្តល់ទីតាំងសម្រាប់កន្លែងឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានដូចជា តំបន់សេដ្ឋកិច្ចពិសេសតារាសាគរ និងតំបន់សេដ្ឋកិច្ចពិសេស Henge Thmorda។ ក្រុមហ៊ុនអភិវឌ្ឍន៍ចម្បងនៅតំបន់សេដ្ឋកិច្ចពិសេសតារាសាគរគឺ ក្រុមហ៊ុន Union Development Group ដែលស្ថិតក្រោមការគ្រប់គ្រងដោយជនជាតិចិន។ តំបន់សេដ្ឋកិច្ចពិសេស Henge Thmorda ដែលតែងត្រូវបានហៅថាតំបន់សេដ្ឋកិច្ចពិសេស MDS Thmor Da ដែលពីមុនមក ត្រូវបានផ្សារភ្ជាប់នឹងការជួញដូរមនុស្ស និងស្ថិតក្រោមកម្មសិទ្ធិរបស់លោកឧកញ្ញ៉ា ទ្រី ភាព។
លោក Jacob Sims នាយកប្រចាំតំបន់នៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយថា អង្គការបានឃើញមានការបោះជំហានទៅមុខ «គួរឱ្យកត់សម្គាល់» ពីសំណាក់រដ្ឋាភិបាលកម្ពុជានៅក្នុងការឆ្លើយតបទៅនឹងការជួញដូរឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិត។
លោកបានលើកឡើងថា នៅក្នុងចំណោមសញ្ញាបង្ហាញពីការបោះជំហានទៅមុខគឺ ការបើកឱ្យមានលេខទូរសព្ទទំនាក់ទំនងជាបន្ទាន់ ដើម្បីជួយជនរងគ្រោះដែលស្វែងរកជំនួយ ហើយធ្វើកិច្ចប្រឹងប្រែងប្រសើរជាងមុន ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ។ ហើយកន្លែងជំរំឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនៅខេត្តព្រះសីហនុ និងក្រុងភ្នំពេញ ត្រូវបានបង្រ្កាប នៅក្នុងកម្រិតមួយ។
លោក Jacob Sims បានថ្លែងថា៖ «ប៉ុន្តែក៏មានភស្តុតាងសំខាន់បង្ហាញថា ទីតាំងទាំងនេះត្រូវបានរើផ្លាស់ទៅកាន់តំបន់ថ្មីនៅកម្ពុជាផងដែរ»។
លោកបន្តថា៖ «នៅកម្រិតខ្ពស់ ការទទួលខុសត្រូវពីសំណាក់ម្ចាស់ទីតាំង និងមេក្លោងក្រុមឧក្រិដ្ឋជនគឺជា កត្តាសំខាន់។ ទីតាំងមួយប្រហែលបិទទ្វារ ប៉ុន្តែទីតាំងមួយទៀតទំនងនឹងបើកទ្វារ ដរាបណាហានិភ័យចំពោះប្រតិបត្តិការ និងការសម្របសម្រួលលើផ្នែកឧក្រិដ្ឋកម្មនេះនៅមានទាប»។
លោក Sims បានលើកឡើងថា លោកគិតថា តួលេខជនរងគ្រោះ ១០០.០០០នាក់ «ហាក់ដូចជា គួរឱ្យជឿជាក់បាន» ដោយសាររបាយការណ៍សាធារណៈ សក្ខីកម្មពីសាក្សី និងទំហំនៃវិស័យល្បែងអនឡាញដ៏ទូលំទូលាយ»។
លោក Tower បានកត់សម្គាល់់ថា ក៏មានការកើនឡើងនូវសម្ពាធផ្នែកហិរញ្ញវត្ថុមកលើកម្ពុជាដើម្បីដោះស្រាយបញ្ហានេះផងដែរ។ ចិនបានពង្រឹងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការព្រមានដល់ពលរដ្ឋអំពីហានិភ័យនៃការជួញដូរមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបាននាំឱ្យមានជាការផ្តល់ដំបូន្មានព្រមានហានិភ័យចំពោះការធ្វើដំណើរជាដើម និងថែមទាំងមានភាពយន្តល្បីឈ្មោះមួយអំពីជនជាតិចិនដែលត្រូវបានបញ្ចុះបញ្ចូលឱ្យប្រព្រឹត្តអំពើឆបោកតាមរយៈការសន្យាផ្តល់ប្រាក់ខែខ្ពស់ផងដែរ។
លោក Sims បាននិយាយថា៖ «ផ្នែកនៃយុទ្ធសាស្ត្រនេះគឺ គ្រាន់តែបន្លាចជនជាតិចិន ដើម្បីកុំឱ្យអ្នកណាម្នាក់ចង់ទៅតំបន់អាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ»។
ការណ៍នេះបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់វិស័យទេសចរណ៍នៅកម្ពុជា ដែលផ្តោតភាគច្រើនលើអ្នកទេសចរណ៍ចិន ខណៈមិនទាន់បានងើបរើពេញលេញចេញពីវិបត្តិជំងឺកូវីដ១៩ នៅឡើយ។
លោក Tower បាននិយាយថា បណ្តាប្រទេសបស្ចិមលោកក៏បានយកចិត្តទុកដាក់លើបញ្ហានេះផងដែរ ដូចជា សហរដ្ឋអាមេរិក ដែលបានខាតបង់ប្រាក់រាប់ពាន់លានដុល្លារដោយសារការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាមានពលរដ្ឋត្រូវបាននាំចូលឱ្យធ្វើការឱ្យក្រុមបណ្តាញឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធឺណិត។
ទាំងលោក Sims និងលោក Tower សង្ឃឹមថា របាយការណ៍របស់អង្គការសហប្រជាជាតិនឹងជំរុញឱ្យមានការយកចិត្តទុកដាក់ខ្លាំងជាងមុន និងនាំយកធនធានផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងបណ្តាញក្រុមជួញដូរមនុស្ស។
លោក Tower បាននិយាយថា៖ «ខ្ញុំគិតថា ការដាក់បញ្ចូលការផ្តោតលើសិទ្ធិមនុស្សនឹងនាំឱ្យបណ្តាប្រទេសលោកខាងលិចកាន់តែច្រើនងាកមកមើលបញ្ហានេះ។ ហើយខ្ញុំគិតថា ការណ៍នេះនឹងផ្តល់ផ្នែកមួយបន្ថែមទៀតទៅដល់ការឆ្លើយតប»៕
រាយការណ៍បន្ថែមពីរាជធានីភ្នំពេញ ដោយលោក ស៊ឹម ចាន់សំណាង
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា