ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក​ថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​អនុសាសន៍​ជាច្រើន​ដែល​ទទួល​យក​ក្នុង​កិច្ច​ប្រជុំ​ UPR


រូបឯកសារ៖ មន្ត្រី​បោះឆ្នោត​​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។
រូបឯកសារ៖ មន្ត្រី​បោះឆ្នោត​​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​អនុវត្ត​តាម​អនុសាសន៍មួយ​ផ្នែកធំ​ដែល​ទទួល​យក​កាល​ពី​ឆ្នាំ​ ២០១៩ នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​ការ​ពិនិត្យ​ជា​សាកល​តាម​ការ​កំណត់​ (Universal Periodic Review ឬ UPR)​ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ។ នេះ​បើ​តាម​ឯកសារ​ដែល​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២៣។

អង្គការ​នេះ​បាន​ដាក់​ឯកសារ​ជា​អនុសាសន៍​នៅ​មុនកិច្ច​ប្រជុំ​ UPR ដែល​ដំណើរ​ការ​នៃ​ការ​ពិនិត្យ​នឹង​ធ្វើ​ឡើង​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​ ២០២៤។

អង្គការ Human Rights Watch ​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។ អង្គការ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​ទទួល​យក​អនុសាសន៍​ចំនួន​ ១៧៣​ ក្នុង​ចំណោម​ ១៩៨ ដែល​ទទួល​បាន។ ប៉ុន្តែ​រដ្ឋាភិបាល​ខកខាន​ក្នុងការ​អនុវត្តនូវ​ចំណុច​សំខាន់ៗ​យ៉ាងច្រើន​នៃអនុសាសន៍​ទាំង​នោះ។

អាជ្ញាធរ​កម្ពុជា​បាន​បង្កើន​ការ​បង្ក្រាប​ទៅ​លើ​គណបក្ស​ជំទាស់ មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល មេដឹកនាំ​សហជីព និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើ​តាម​អង្គការ។ អង្គការ​បាន​លើក​ឡើង​អំពី​ការ​កាត់​ទោស​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ពន្ធនាគារ​ចំនួន​ ២៧ ​ឆ្នាំ។ អង្គការ​បាន​ដាក់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បញ្ឈប់​នូវ​ការ​គំរាម​កំហែង​ប្រឆាំង​នឹង​សមាជិក​គណបក្ស​ជំទាស់​ សកម្មជន​សង្គម​ស៊ីវិល ដោះ​លែង​លោក កឹម សុខា ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ និង​ដោះលែង​សកម្មជន​គណបក្ស​នយោ​បាយ​ជំទាស់ និង​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត ដែល​កំពុង​ជាប់​ពន្ធនាគារ។

ពាកព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​វិញ អង្គការ​បញ្ជាក់​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ហើយ​បាន​បដិសេធ​ចុះ​បញ្ជី​គណបក្ស​ភ្លើង​ទៀន ដើម្បី​អាច​ចូលរួម​ការ​បោះ​ឆ្នោត ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់។

អង្គការ​ស្នើ​ឱ្យបង្កើត​នូវ​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដែល​ឯករាជ្យ និង​មាន​សមត្ថភាព​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ពេល​អនាគត​ដោយ​មិន​លម្អៀង​ទៅ​កាន់​គណបក្ស​នយោបាយ​ណាមួយ។ អង្គការ​នេះ​ក៏​ស្នើ​ឱ្យលុប​ចោល​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដែល​អនុញ្ញាត​ឱ្យមាន​ការ​រំលាយ​គណបក្ស​នយោបាយ​តាម​អំពើ​ចិត្ត និង​ហាម​ប្រាម​មេដឹកនាំ​គណបក្ស​មិន​ឱ្យ​ធ្វើ​នយោបាយ ដោយ​គ្មាន​នីតិវិធី​យុត្តិធម៌។

រូបឯកសារ៖ អ្នកគាំទ្រ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD) កាន់​បដា​នៅ​មុខ​ការិយាល័យ VOD នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ អ្នកគាំទ្រ​ស្ថាប័ន​សារព័ត៌មាន​វីអូឌី (VOD) កាន់​បដា​នៅ​មុខ​ការិយាល័យ VOD នៅ​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពី​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​និយាយ​ថា VOD នឹង​ត្រូវបាន​ដកហូត​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​របស់​ខ្លួន។
រូបឯកសារ៖ អ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព កាន់រូបថតនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ អ្នកគាំទ្រកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព កាន់រូបថតនៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។

ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ អង្គការ​អន្តរជាតិ​មួយ​នេះ​ក៏​ជំរុញ​ឱ្យ​ដាក់​ដំណើរ​ការ​ស្ថាប័ន​ព័ត៌មាន​វីអូឌី​ឡើង​វិញ ដែល​បាន​បិទ​កាល​ពី​ខែ​កុម្ភៈ និង​បញ្ឈប់​ការ​រាំង​ខ្ទប់​គេហទំព័រ។​

ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​សហជីព​វិញ អង្គការ​នេះ​ក៏​ដាក់​អនុសាសន៍​ឱ្យដោះលែង​កញ្ញា ឈឹម ស៊ីថរ មេ​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (LRSU) ដែល​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក​ Phil Robertson ​នាយក​រង​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ប្រាប់​វីអូអេ​បន្ថែម​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ធ្លាក់​ចុះ​យ៉ាង​ដុន​ដាប​នៅ​ក្នុង​រយៈពេល​ ៤ ឆ្នាំ​ចុង​ក្រោយ​នេះ​ ព្រម​ជាមួយ​ការ​កើន​ឡើង​ការវាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង​ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ។

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​ថា៖ «លទ្ធផល​នៅ​ពេល​នេះ​គឺបង្ហាញ​ថាសិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឥឡូវ​នេះ​គឺ​នៅ​ឆ្ងាយ​ទាំង​ស្រុង»។

លោក កែវ រ៉េមី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ អង្គការ ​Human Rights Watch មិន​ដឹង​ពី​ស្ថានភាព​ពិត​របស់​កម្ពុជា​ឡើយ​ ខណៈ​ពួកគេ​ធ្វើការ​តែ​ពី​ចម្ងាយ។ លោក​បន្ថែម​ថា​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​មាន​ភាព​ល្អ​ប្រសើរ។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ទោះបី​ជាមាន​ការ​រិះ​គន់​ពី​គាត់​ យើង​ទទួល​ការ​ស្វាគមន៍​ ក៏​ប៉ុន្តែ​ជាក់​ស្តែង​ការ​រស់​នៅ​ផង​យើង​មាន​លក្ខណៈ​ល្អ​ប្រសើរ យើង​រីករាយ​នូវ​អ្វី​ដែល​យើង​បាន​និង​កំពុង​ធ្វើ​កិច្ចការ​ជូន​ប្រជាជន​កម្ពុជា​តាំង​ពី​ជំនាន់​សម្តេច​តេជោ»។

ចំណែក​អ្នក​នាំពាក្យ​គណៈកម្មាធិការរៀបចំការ​បោះឆ្នោត​ ហៅកាត់​ថា​ គ.ជ.ប លោក ហង្ស​ ពុទ្ធា​ ប្រាប់វីអូអេ​ថា គ.ជ.ប​ អនុវត្ត​បាន​ត្រឹម​ត្រូវ​តាមនីតិវិធី និង​ថា​ អង្គការ Human Rights Watch មិន​មាន​ភាព​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​នីតិ​វិធី​បោះឆ្នោតឡើយ។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក​ អំ សំអាត កត់​សម្គាល់​ថា ​ក្នុង​ការ​ដឹកនាំ​ប្រទេស​អាណត្តិ​មុនៗ​ដែល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន​ គឺ​កម្ពុជា​ទទួល​រង​ការ​រិះ​គន់​ច្រើន​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។ ​ដូច្នេះ​លោក​យល់​ថា រដ្ឋាភិបាល​អាណត្តិ​ទី​ ៧ ​ដែល​ដឹក​នាំ​ដោយ​លោក ​ហ៊ុន ម៉ាណែត​ ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ល្អ​ប្រសើរ​ ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​អាច​ទាញ​ផល​ប្រយោជន៍​នានា។

លោក​ថ្លែង​ថា៖​ «យើង​ជា​អង្គការ​សង្គម​ស៊ីវិល​សង្ឃឹម​ថា ​រដ្ឋាភិបាល​ថ្មី​នឹង​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចម្រូង​ចម្រាស​ទាក់​ទង​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កម្ពុជា​យើង​មាន​ការ​កែ​លម្អ ​និង​ភាព​ល្អ​ប្រសើរ​ទាក់​ទង​លំហ​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នេះ។ ​ហើយ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន»។

លោក​បន្ថែម​ថា​ ការ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស ​សេរីភាព​សារព័ត៌មាន​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស ​គឺ​ទាមទារ​ឆន្ទៈ​របស់​អ្នក​នយោបាយ​ ​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​បាន​ល្អ​ប្រសើរ៕

XS
SM
MD
LG