គណបក្សនយោបាយតូចៗមួយចំនួន ត្រៀមរួចរាល់សម្រាប់ការចុះបញ្ជី ឬបានចុះបញ្ជីនៅថ្ងៃចន្ទនេះ ដែលជាថ្ងៃដំបូងនៃការចាប់ផ្ដើមការចុះបញ្ជីជាផ្លូវការនៃគណបក្សនយោបាយ និងបេក្ខជនសម្រាប់ការបោះឆ្នោតសភានាខែកក្កដា។
ក៏ប៉ុន្តែក្រុមអ្នកនយោបាយពីគណបក្សប្រឆាំងសង្គ្រោះជាតិដែលត្រូវបានរំលាយតាមបណ្ដឹងរបស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បន្តប្រកាន់ជំហរផ្ទុយគ្នាទៅលើស្ថានភាពនយោបាយក្នុងប្រទេស និងភាពស្របច្បាប់របស់ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។
លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា គ.ប.ម បានប្រាប់ VOA នៅថ្ងៃចន្ទនេះថា គណបក្សដែលទើបតែបង្កើតថ្មីនេះ គ្រោងដាក់បេក្ខជនឈរឈ្មោះចំនួនមិនតិចជាង២៦០នាក់នៅទូទាំងប្រទេស។
ក៏ប៉ុន្តែគណបក្សរបស់លោក មិនទាន់សម្រេចចិត្តភ្លាមៗថា នឹងចុះបញ្ជីនោះឡើយ ដោយត្រូវធ្វើសេចក្ដីវិភាគអំពីស្ថានការណ៍នយោបាយបច្ចុប្បន្ន ឲ្យបានល្អិតល្អន់ជាមុន បន្ទាប់មកនឹងមានការប្រជុំរបស់គណៈកម្មាធិការនាយកបក្ស នៅថ្ងៃទី៦ ខែឧសភា ដើម្បីសម្រេចថា គណបក្សនឹងចូលរួមការបោះឆ្នោតឬយ៉ាងណានោះ។
«បាទយើងដឹងថា ស្ថានការណ៍នយោបាយនៅស្រុកខ្មែរយើង វាមានបញ្ហាប្រឈមច្រើន មានការរំលាយគណបក្សសង្គ្រោះជាតិ ហើយនិងមានការបង្កការរំខានផ្សេងៗ ជាពិសេសទាក់ទងនឹងការរៀបចំ ដំណើរការបោះឆ្នោតមួយនេះ ជាការរៀបចំមួយ ដែលជាដំណើរការរៀបចំការបោះឆ្នោតមួយដែលយើងអាចជឿជាក់ ហើយមានតម្លាភាព ហើយយើងអាចទុកចិត្តបានឬទេ»។
លោក សាម អ៊ីន ដែលជាអតីតនាយកប្រតិបត្តិអង្គការក្រៅរដ្ឋាភិបាលមួយ បានបញ្ជាក់ទៀតថា ការរំលាយ និងការរស់ឡើងវិញនៃគណបក្សប្រឆាំង នឹងមិនមែនជាផ្នែកមួយនៃការសម្រេចចិត្តចូលរួមឬមិនចូលរួមការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននាពេលខាងមុខនេះទេ។
លោកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានក្រៅតែពីការសិក្សាបរិយាកាសនយោបាយដើម្បីចូលរួមការបោះឆ្នោតនោះ គណបក្សនេះ ក៏កំពុងរកយុទ្ធសាស្ត្រ ដើម្បីទាញការគាំទ្រពីម្ចាស់ឆ្នោត ដែលមានការខឹងសម្បារនឹងការរំលាយបក្សប្រឆាំង និងក្ដីអស់សង្ឃឹមដែលមិនបានឃើញការផ្លាស់ប្ដូររដ្ឋាភិបាលនាពេលបោះឆ្នោតកន្លងមក។
លោកមានប្រសាសន៍ថា៖
«គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺយើងចង់ផ្ដល់ជាជម្រើសថ្មីមួយ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋថា ក្រៅពីគណបក្សសង្គ្រោះជាតិ ក៏មានគណបក្សមួយទៀត ដែលយើងគោរពគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។ យើងមានការអនុវត្តគោលការណ៍ប្រជាធិបតេយ្យហ្នឹងនៅក្នុងផ្ទៃក្នុងគណបក្សផង ដើម្បីបន្តជ្រោងទង់លទ្ធិប្រជាធិបតេយ្យ ហើយពាំនាំការផ្លាស់ប្ដូរ ប្រកបដោយសន្តិភាព និងដើម្បីសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។ អីចឹងយើងចង់ផ្ដល់ជាជម្រើសថ្មីមួយឲ្យប្រជាពលរដ្ឋលោកគិតពិចារណា ជៀសវាងគាត់អស់សង្ឃឹម គាត់បោះបង់ ប៉ុន្តែគាត់នៅមានជម្រើសថ្មីមួយទៀត ដែលគាត់អាចនៅមានសង្ឃឹមបាន»។
ទាក់ទិនបញ្ហាការទទួលស្គាល់លទ្ធផលបោះឆ្នោតពីប្រទេសបស្ចិមលោក ប្រសិនបើគ្មានគណបក្សសង្គ្រោះជាតិចូលរួមនោះ លោក សាម អ៊ីន ថ្លែងថា ប្រទេសប្រជាធិបតេយ្យធំៗ រួមមានជប៉ុន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងធ្វើការថ្លឹងថ្លែងថា នឹងត្រូវធ្វើបែបណាដើម្បីបើកផ្លូវឲ្យប្រទេសកម្ពុជាមានសន្តិភាពទៅមុខទៀត និងមិនឲ្យវិលទៅរកវិនាសកម្មសារជាថ្មី ដូចអ្វីដែលបានកើតឡើងនៅក្នុងទសវត្សរ៍១៩៧០។
សេចក្ដីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា៖ «ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី៣០ ខែមេសា ហើយនិងបញ្ចប់នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង៣០នាទី»។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលបានបង្កើតក្រោយការបោះឆ្នោតសាកលឆ្នាំ ២០១៣ បានថ្លែងថា ដោយសារតែគណបក្សរបស់លោកនៅក្មេងខ្ចី ទើបធ្វើឲ្យគណបក្សលោកបានសម្រេចចិត្តចុះបញ្ជីគណបក្សមុនគេនៅថ្ងៃចន្ទនេះ ដោយមិនមានការរារែក។
លោកថា គណបក្សរបស់លោក បានដាក់បេក្ខជនចំនួន២៣៤រូប ឲ្យឈរឈ្មោះតែនៅក្នុងខេត្តរាជធានីចំនួន១៧ ដែលមានចំនួនអាសនៈចាប់ពីបីឡើងទៅដូចជាខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងសៀមរាបជាដើម។
ប្រធានគណបក្សវ័យក្មេងរូបនេះ បានអះអាងថា វត្តមានឬអវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមែនជាឧបសគ្គនៃការបោះឆ្នោតជាតិឆ្នាំ២០១៨នេះទេ ដោយហេតុថាមានគណបក្សនយោបាយផ្សេងៗទៀតបានចូលរួម។
«បើនិយាយពីរឿងថា គេទទួលស្គាល់អត់ បាត់សង្គ្រោះជាតិទៅ? អានោះ គឺជាទ្រឹស្ដីដែលជំងឺតួឯក ហើយនិងទ្រឹស្ដីលីលាទេ ពីព្រោះយើងមើលច្បាប់កម្ពុជា ឥតមានចែងថា ទាល់តែមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួត ទើបហៅថា ការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ សំខាន់គឺថា មានគណបក្សចូលរួម អាហ្នឹងគឺ ហើយស្ថានភាពនៅក្នុងសង្គមបច្ចុប្បន្ន វាមិនមានកើតសង្គ្រាមឬក៏ មានហានិភ័យអីកើតឡើងទេ អាហ្នឹងគឺវាដំណើរការនៃការបោះឆ្នោត វាទៅមុខ ដោយរលូន ហើយបាទ»។
បន្ទាប់ពីអាជ្ញាធរកម្ពុជាចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងគឺលោក កឹម សុខា ក្រោមការសង្ស័យថា លោកបានប្រព្រឹត្តអំពើក្បត់ជាតិ ការគាបសង្កត់លើសេរីភាពសារព័ត៌មានឯករាជ្យ និងការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ ប្រទេសប្រជាធិបតេយ្យធំៗ ដែលរួមមានស៊ុយអែត អាល្លឺម៉ង់ ព្រមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រតិកម្មជាបន្តបន្ទាប់ ដោយបានសម្ដែងក្តីបារម្ភពីការដើរថយក្រោយនៃប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា។ប្រទេសស៊ុយអែត បានប្រកាសកាត់ផ្ដាច់ជំនួយកំណែទម្រង់វិមជ្ឈការ និងបានសម្រេចចិត្ត មិនបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍រវាង រដ្ឋាភិបាល និងរដ្ឋាភិបាលបន្តទៀតទេ លើកលែងតែវិស័យអប់រំ និងការស្រាវជ្រាវ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ជឿថា សហគមន៍អន្តរជាតិដែលដើរតាមលទ្ធិប្រជាធិបតេយ្យ នឹងមិនធ្វើបាបកម្ពុជានោះឡើយ ប្រសិនបើគណបក្សសង្គ្រោះជាតិ ត្រូវបានផាត់ចេញពីការប្រកួតបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨។
«ប្រទេសថៃ គេមានការរំលាយគណបក្សរហូតទៅដល់រដ្ឋប្រហារយោធាទៀតជាមួយនឹងរដ្ឋាភិបាលស្របច្បាប់របស់ត្រកូលថាក់ស៊ីន។ ប៉ុន្តែ សួរថា មានបរទេសណាមួយដែលអាចលូកដៃនៅប្រទេសថៃបាន ទាំងថៃអាស្រ័យរដ្ឋធម្មនុញ្ញដូចតែយើងដែរនេះ? អញ្ចឹងអាទស្សនៈ ឬក៏បញ្ឆេះនយោបាយថា អន្តរជាតិគេនឹងធ្វើបាបខ្មែរ វាជាទស្សនៈមួយភូតកុហក ដល់ប្រជាពលរដ្ឋជាតិសាសន៍ខ្លួន។ វាមិនអាចទៅរួចទេ នៅពេលដែលប្រទេសមួយគេកំពុងអនុវត្តន៍ច្បាប់នៅក្នុងប្រទេស ហើយគេកំពុងដំណើរការលទ្ធិប្រជាធិបតេយ្យដែលបែបស្តង់ដារប្រទេសគេនោះ ហើយប្រទេសដទៃមកគាបសង្កត់ មករឹតត្បិតទាំងប្រទេសគេមានគណបក្សច្រើនចូលរួមនោះ អីចឹងវាអត់អាចទៅរួចទេ»។
បន្ថែមលើការឆ្លើយតបរបស់ប្រទេសស៊ុយអែតទៅនឹងការធ្លាក់ចុះធ្ងន់ធ្ងរនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជានោះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានដកការគាំទ្ររបស់ពួកគេចំពោះស្ថាប័នបោះឆ្នោតជាតិ និងបានព្រមានជាបន្តបន្ទាប់អំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មជាក់លាក់ផ្សេងៗ ក្នុងនោះគឺទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើរដ្ឋាភិបាលទីក្រុងភ្នំពេញខកខានមិនអាចស្តា ដំណើរការប្រជាធិបតេយ្យឲ្យមករកភាពប្រក្រតីវិញ ពោលគឺដូចស្ថានភាពមុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧។
យ៉ាងណាក្ដី ប្រទេសចិន បានចេញមុខគាំទ្រការបង្ក្រាបខាងនយោបាយយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជា ហើយបានប្រកាសថា ខ្លួននឹងធ្វើជាខ្នងបង្អែកសម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងរាល់កាលៈទេសៈ។
លោក សុន ឆ័យ អ្នកនយោបាយមកពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយអំណាចតុលាការកំពូល តាមបណ្ដឹងរដ្ឋាភិបាលកម្ពុជាបានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា មិនមានការវិវត្តន៍ថ្មី ទាក់ទិនការសម្របសម្រួលខាងនយោបាយដែលអាចនឹងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ មានជីវិតរស់ឡើងវិញនោះឡើយ។
លោកថា ការចុះបញ្ជីនឹងនៅតែបន្តដំណើរទៅមុខ តែលោកបារម្ភថា ពលរដ្ឋខ្មែរអាចពិបាកនឹងបង្ហាញឆន្ទៈនយោបាយរបស់ពួកគេ ខណៈដែលគណបក្សដែលពួកគេពេញចិត្ត មិនស្ថិតក្នុងសន្លឹកឆ្នោត។
«ខ្ញុំថា ចុះនោះ ក៏ចេះតែចុះទៅ អ្វីដែលគ.ជ.ប.ត្រូវធ្វើ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភហ្នឹងគឺ ការរៀបចំនេះមិនផ្ដល់សិទ្ធិដល់ពលរដ្ឋ ដើម្បីជ្រើសរើស គណបក្សដែលខ្លួនពេញចិត្តទេបាទ។ ហើយយើងដឹងហើយថា អ្វីដែលហៅថា ប្រជាធិបតេយ្យហ្នឹង គឺទាល់តែឆន្ទៈពលរដ្ឋហ្នឹងត្រូវបានគោរព»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់កាលពីថ្ងៃអាទិត្យផងដែរថា គណបក្សកាន់អំណាចគ្មានគោលការណ៍បើកឲ្យមានការចរចានយោបាយជាមួយ គណបក្សប្រឆាំងសង្គ្រោះជាតិ ដែលត្រូវបានរំលាយតាមសាលដីការបស់តុលាការកំពូល។
លោកមានប្រសាសន៍ថា៖
«បញ្ហាទីមួយ រឿងចរចាហ្នឹង គឺដាច់ខាតអត់មានទេ ដូចដែលជម្រាបជូនតាំងពីដើមទី រហូតមកដល់ពេលនេះ ហើយទៅអនាគតទៀត ក៏អត់មានដែរ។ កុំយកបញ្ហាកម្ពុជាទៅប្រៀបធៀបនឹងបញ្ហាជាមួយឧបទ្វីបកូរ៉េ វាអត់មានទេ។ ហើយខ្ញុំយល់ថា អតីតបក្សប្រឆាំង មន្ត្រីមួយចំនួននៃអតីតបក្សប្រឆាំងនេះ គាត់និយាយតែលម្អៀង ហើយចង់កៀរគរធ្វើម៉េចឲ្យមានការចរចានយោបាយ ដើម្បីឲ្យខ្លួនហ្នឹងរស់ឡើងវិញ។ ចំណុចទីពីរខ្ញុំយល់ថា សាលក្រម សាលដីកាស្ថាពររបស់តុលាការកំពូលមិនមែនសាលដីកាធ្វើលេងៗទេ គឺពិតប្រាកដ»។
លោក សុខ ឥសាន បានបន្ថែមថា គណបក្សសង្គ្រោះជាតិ មិនគួរលើកតម្កើងខ្លួនថា បើអត់ពីខ្លួនទៅនោះ លទ្ធិប្រជាធិបតេយ្យនឹងស្លាប់នោះទេ។ លោកថា អតីតមេបក្ស និងក្រុមមន្ត្រីនៃគណបក្សនេះ បានបរាជ័យផងដែរ ក្នុងការស្នើឲ្យប្រទេសប្រជាធិបតេយ្យទាំងក្នុងទឹកដីសហភាពអឺរ៉ុប អាមេរិក និងអាស៊ី ចាត់វិធានការជាក់លាក់ប្រឆាំងនឹងកម្ពុជា។
ដោយឡែក លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាមេដឹកនាំចលនាសង្គ្រោះជាតិ បានអំពាវតាមទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ ដោយស្នើឲ្យប្រជាពលរដ្ឋខ្មែរ ពហិការការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ដែលបានភៀសខ្លួនចេញពីប្រទេសដើម្បីគេចចេញពីការចាប់ឃុំខ្លួនដោយអាជ្ញាធរកម្ពុជា បានសរសេរតាមន័យដើមថា៖
«បើប្រជាពលរដ្ឋខ្មែរ ច្រើនលើសលប់ ធ្វើពហិការ មិនទៅបោះឆ្នោតឲ្យគណបក្សណាទាំងអស់ បើមិនមានឈ្មោះគណបក្សសង្គ្រោះជាតិលើសន្លឹកឆ្នោតនោះទេ យើងនឹងរួមចំណែកទាំងអស់គ្នា ដើម្បីដកភាពស្របច្បាប់ពីការបោះឆ្នោតក្លែងក្លាយខាងមុខ និងដកភាពស្របច្បាប់ពីរបបផ្ដាច់ការ ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយដែលពិភពលោកកំពុងថ្កោលទោស។ មានតែជំហរនិងកាយវិការ ពហិការ បែបនេះទេ ដែលអាចនាំមកនូវការផ្លាស់ប្ដូរ ឆ្ពោះទៅរកសេរីភាព និងយុត្តិធម៌ ដូចយើងចង់បានទាំងអស់គ្នា»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់ VOA ឲ្យដឹងនៅល្ងាចថ្ងៃចន្ទនេះថា មានគណបក្សនយោបាយចំនួនប្រាំពីរបានមកទាក់ទងគ.ជ.ប. ដើម្បីចុះបញ្ជីគណបក្ស និងបេក្ខជន។
លោកមានប្រសាសន៍ថា ក្នុងចំណោមគណបក្សទាំងប្រាំពីរនេះ មានគណបក្សពីរ គឺគណបក្សយុវជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានចុះបញ្ជីបក្ស និងបេក្ខជនរួចរាល់ហើយ។
លោកបញ្ជាក់បន្ថែមថា ការណ៍នេះ បញ្ជាក់ថាការអធិប្បាយផ្សេងៗដែលថាការបោះឆ្នោតនឹងខ្វះភាពស្របច្បាប់នោះ នឹងក្លាយជារឿងគ្មានន័យ៕