រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជាក់កាលពីពេលថ្មីៗនេះថា បន្ទាប់ពីមានការពន្យារពេលដោយសារវិបត្តិជំងឺកូវីដ១៩ ការពិភាក្សាកំពុងធ្វើឡើងអំពីការបន្តឡើងវិញនូវកិច្ចការនៃគម្រោងផ្លូវរថភ្លើងក្នុងប្រទេសមីយ៉ាន់ម៉ាដែលនឹងភ្ជាប់ខេត្ត Yunnan នៃប្រទេសចិនជាមួយឆកសមុទ្រ Bengal។
គម្រោងនេះជាផ្នែកមួយនៃគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិនដែលរួមមានការកសាងបណ្ដាញផ្លូវរថភ្លើង Pan-Asian Railway Networkឆ្លងកាត់តំបន់អាស៊ីដែលរួមមានប្រទេសមីយ៉ាន់ម៉ា វៀតណាម ថៃ និងកម្ពុជា។
គម្រោងផ្លូវរថភ្លើងនេះមានប្រវែងប្រមាណ ១.០០០ គីឡូម៉ែត្រ ហើយបែងចែកជាពីរផ្នែកនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ផ្នែកទីមួយពីក្រុង Muse ទៅកាន់ក្រុង Mandalay ហើយផ្នែកទីពីរភ្ជាប់ក្រុង Mandalay ជាមួយក្រុងកំពង់ផែ Kyaukphyu នៅឆកសមុទ្រ Bengal។ នៅពេលស្ថាបនាចប់ ផ្លូវដែកនេះនឹងផ្ដល់ឱ្យប្រទេសចិននូវផ្លូវដឹកជញ្ជូនទំនិញ ដោយមិនចាំបាច់ត្រូវដឹកជញ្ជូនទំនិញតាមកប៉ាល់ឆ្លងកាត់ច្រកសមុទ្រ Malacca នៅចន្លោះប្រទេសម៉ាឡេស៊ីនិងប្រទេសឥណ្ឌូណេស៊ីនោះឡើយ។
លោកឧត្ដមសេនីយ៍ទោ Zaw Min Tun អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រាប់វីអូអេភាសាភូមាកាលពីពេលថ្មីៗនេះថា៖ «យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនជាមួយប្រទេសចិនសម្រាប់គម្រោងអភិវឌ្ឍន៍នានា។ គម្រោងផ្លូវដែកទៅកាន់ក្រុង Kyaukphyu គឺមានបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងអភិវឌ្ឍន៍ទាំងនោះ។ ...អធិការកិច្ចនៅនឹងកន្លែងនិងរបាយការណ៍នានាបានធ្វើចប់សព្វគ្រប់ហើយ។ ការអនុវត្តបន្តគម្រោងទាំងនេះឡើងវិញនៅកំពុងពិភាក្សាគ្នានៅឡើយ»។
ផ្នែកផ្សាយជាភាសាភូមានៃវីអូអេបានផ្ញើអ៊ីមែលទៅស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកដើម្បីសុំអត្ថាធិប្បាយអំពីគម្រោងផ្លូវដែកនេះ ប៉ុន្តែមិនបានទទួលការឆ្លើយតបណាមួយទេ។
រដ្ឋាភិបាលចិនដែលពឹងពាក់លើប្រេងឥន្ធនៈរបស់តំបន់មជ្ឈិមបូព៌ា ចង់បញ្ចៀសមិនឱ្យប្រទេសមហាអំណាចបរទេសណាមួយបង្អាក់ដល់ការដឹកជញ្ជូនប្រេងឥន្ធនៈពីតំបន់មជ្ឈិមបូព៌ាតាមរយៈការរាំងខ្ទប់ច្រកសមុទ្រនានា។
នៅក្នុងសមាជគណបក្សលើកទី ២០ កាលពីខែតុលាឆ្នាំមុន ប្រធានាធិបតីចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា សន្តិសុខថាមពលជាកង្វល់ចម្បងមួយរបស់រដ្ឋាភិបាលចិន។ ចិនបាននាំចូលប្រេងឆៅប្រហែល ៧០% នៃចំនួនដែលខ្លួនត្រូវការ ហើយភាគច្រើននៃប្រេងឆៅនេះគឺមកពីប្រទេសអារ៉ាប៊ីសាអូឌីត ទោះជាប្រទេសរុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅច្រើនឱ្យប្រទេសចិនចាប់តាំងពីពេលដែលរុស្ស៊ីបានលុកលុយប្រទេសអ៊ុយក្រែនមកក៏ដោយ។ ការលុកលុយរបស់រុស្ស៊ីនេះបានបណ្ដាលឱ្យមានការដាក់ទណ្ឌកម្មអន្តរជាតិដែលបានបិទទីផ្សារផ្សេងៗសម្រាប់រដ្ឋាភិបាលរុស្ស៊ី។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងដឹកជញ្ជូនមីយ៉ាន់ម៉ាដែលមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយអ្នកកាសែត បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយបញ្ជាក់ថាពិតជាមានការប្រជុំកាលពីពេលថ្មីៗនេះនៅក្នុងរដ្ឋធានីណៃពិដោជាមួយសមភាគីចិនពិតប្រាកដមែនដើម្បីបន្តឡើងវិញនូវគម្រោងផ្លូវរថភ្លើងនេះដែលត្រូវបានបង្កើតឡើងដោយផ្នែកផ្លូវដែករបស់រដ្ឋនៃប្រទេសមីយ៉ាន់ម៉ានិងក្រុមហ៊ុន China Railway Eryuan Engineering Group (CREEG)។
ការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាទ្វេភាគីសម្រាប់គម្រោងផ្លូវដែករវាងទីក្រុង Kunming នៃប្រទេសចិននិងទីក្រុង Kyaukphyu នៃប្រទេសមីយ៉ាន់ម៉ា ដែលត្រូវចំណាយអស់ប្រមាណ ៩ ពាន់លានដុល្លារ ត្រូវបានអនុវត្តកាលពីឆ្នាំ ២០១៩។ គម្រោងផ្លូវរថភ្លើងនេះឋិតក្នុងចំណោមកិច្ចព្រមព្រៀងចំនួន ៣៣ ដែលលោក Xi បានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែមករាឆ្នាំ ២០២០។
ប្រទេសចិននិងប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមឱ្យមានការសាងសង់ផ្នែកទីមួយនៃផ្លូវរថភ្លើងនេះកាលពីឆ្នាំ ២០១៩។
នៅក្រោយរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាកាលពីខែកុម្ភៈ ឆ្នាំ ២០២១ អ្នកវិទ្យាសាស្ត្រមីយ៉ាន់ម៉ានិងចិនបានធ្វើការវាយតម្លៃខាងបរិស្ថានសម្រាប់ផ្នែកទីមួយនៃគម្រោងផ្លូវដែកនេះ ដែលត្រូវបានយល់ព្រមកាលពីឆ្នាំ ២០២២។ សម្រាប់ផ្នែកទីពីរនៃគម្រោងនេះបានចាប់ផ្ដើមធ្វើកាលពីចុងឆ្នាំមុន។ នេះបើយោងតាមវេបសាយព័ត៌មាន Frontier Myanmar និងការបញ្ជាក់របស់លោក Zaw Min Tun។
បើតាមសេចក្ដីថ្លែងការណ៍ព័ត៌មានមួយដែលចេញផ្សាយកាលពីថ្ងៃទី ៣ ខែមីនាកន្លងទៅនេះ ផ្លូវរថភ្លើងមួយខ្សែដែលភ្ជាប់ប្រទេសចិនជាមួយប្រទេសថៃកាត់តាមប្រទេសឡាវនឹងចាប់ផ្ដើមប្រតិបត្តិការនៅដំណាច់ខែឧសភាខាងមុខ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ