ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តើ​មីយ៉ាន់ម៉ា​អាច​ជាប់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែរ​ឬ​ទេ?


រូបឯកសារ៖ លោក​ឧត្ដសេនីយ៍ Kyrylo Budanov ប្រធាន​ក្រុម​ស៊ើបការ​ណ៍​សម្ងាត់​អ៊ុយក្រែន ថ្លែង​ក្នុង​អំឡុងពេល​ផ្ដល់​បទសម្ភាសន៍ដល់​ Reuters នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៥ ​ខែមិថុនា ឆ្នាំ២០២២។
រូបឯកសារ៖ លោក​ឧត្ដសេនីយ៍ Kyrylo Budanov ប្រធាន​ក្រុម​ស៊ើបការ​ណ៍​សម្ងាត់​អ៊ុយក្រែន ថ្លែង​ក្នុង​អំឡុងពេល​ផ្ដល់​បទសម្ភាសន៍ដល់​ Reuters នៅ​ទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន ថ្ងៃទី២៥ ​ខែមិថុនា ឆ្នាំ២០២២។

ប្រទេស​រុស្ស៊ី​កំពុង​ព្យាយាម​ទិញ «របស់​គ្រប់​បែប​យ៉ាង​ពី​គ្រប់​ទីកន្លែង» ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ​ដូចជា​ប្រទេស​មីយ៉ាន់ម៉ា​ជាដើម ដើម្បី​បាន​សព្វាវុធ​សម្រាប់​ការ​ឈ្លានពាន​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អ៊ុយក្រែន​លោក Kyrylo Budanov។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នា​ពេល​ថ្មីៗ​នេះ​ជាមួយ​វីអូអេ មន្ត្រី​ស៊ើបការណ៍​សម្ងាត់​ជាន់​ខ្ពស់​របស់​អ៊ុយក្រែន​រូប​នេះ​បាន​និយាយ​ថា៖ «មាន​កិច្ច​ប្រឹងប្រែង​ជាក់លាក់​មួយ​ចំនួន​ដើម្បី​ទិញ​អាវុធ​ពី​ប្រទេស​ទី​បី។ មាន​ការ​យក​ចេញ​នូវ​អាវុធ​ជា​ច្រើន។ ពេល​នេះ​រុស្ស៊ី​កំពុង​ព្យាយាម​ទិញ​អាវុធ​ពី​ប្រទេស​មីយ៉ាន់ម៉ា»។

របប​យោធា​មីយ៉ាន់ម៉ា​បាន​ដិសេធ​ការ​ចោទ​ប្រកាន់​នេះ។ អ្នក​នាំពាក្យ​យោធា​មីយ៉ាន់មា​លោក​ឧត្តមសេនីយ៍ទោ Zaw Min Tun បាន​ប្រាប់​វីអូអេ​ភាសា​ភូមា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី ៨ ខែ​មីនា​កន្លង​ទៅ​នេះ​ថា «រុស្ស៊ី​ជា​ប្រទេស​មួយ​ដែល​លក់​អាវុធ​ទៅ​ឱ្យ​ពិភពលោក។ ការ​ចោទ​ប្រកាន់​បែប​នេះ​មិន​អាច​ទៅ​រួច​ទេ​ហើយ​ជា​រឿង​មិន​សម​ហេតុ​សម​ផល​ផង​ដែរ»។ លោក​បាន​បដិសេធ​មិន​បកស្រាយ​បន្ថែម​លើ​ប្រធានបទ​នេះ​ឡើយ។

អ្នកស្រី Yadanar Maung អ្នក​នាំពាក្យ​អង្គការ Justice for Myanmar (JFM) ដែល​ជា​ក្រុម​ការពារ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់​វីអូអេ​ថា៖ «របប​យោធា​មីយ៉ាន់ម៉ា​និង​របប​ដឹកនាំ​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ ដែល​ឃុបឃិត​ឧក្រិដ្ឋកម្ម​ព្រៃផ្សៃ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក។ របប​យោធា​មីយ៉ាន់ម៉ា​គាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​បាន​ផ្តល់​ទីតាំង​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​បើក​ចំហ​ដល់​ក្រុម​ជំនួញ​រុស្ស៊ី​ក្នុង​ការ​ចូល​ទៅ​កាន់​ទីផ្សារ​អាស៊ី ដែល​បំពាន​ទៅ​លើ​ការ​ដាក់​ទណ្ឌកម្ម [របស់​អន្តរជាតិ]»។

អង្គការ Justice for Myanmar បាន​បញ្ជាក់​ថា ខ្លួន​បាន​តាមដាន​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​ទំនាក់ទំនង​ដ៏​ស្អិត​ល្មួត​រវាង​រុស្ស៊ី​និង​របប​យោធា​មីយ៉ាន់ម៉ា ចាប់​តាំងពី​ក្រោយ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ឆ្នាំ ២០២១ មក។ អង្គការ​នេះ​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មីនា​ឆ្នាំ ២០២២ កន្លង​ទៅ​នេះ​ថា ក្រុមហ៊ុន​ជំនួញ​រុស្ស៊ី​ចំនួន ១៩ គួរ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​សម្រាប់​ការ​ផ្តល់​សព្វាវុធ​ដល់​យោធា​មីយ៉ាន់ម៉ា។

នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​របប​យោធា​មីយ៉ាន់ម៉ា​លោក​នាយ​ឧត្តមសេនីយ៍ Min Aung Hlaing ទៅ​កាន់​ប្រទេស​រុស្ស៊ី​កាលពី​ខែ​កក្កដា​ឆ្នាំ​ទៅ ដែល​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​ចំណោម​ទស្សនកិច្ច​ជា​ច្រើន​ដែល​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​រូប​នេះ​បាន​ធ្វើ​ចាប់​តាំងពី​ក្រោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០២១ មក ប្រទេស​រុស្ស៊ី​និង​មីយ៉ាន់ម៉ា​បាន​ប្រកាស​ថា​ពួកគេ​នឹង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ការពារ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០២២ បាន​លើកឡើង​ថា៖ «កិច្ចប្រជុំ [រវាង​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing និង​មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី]... គឺ​ជា​ការ​បញ្ជាក់​នូវ​ការ​តាំងចិត្ត​ទៅវិញ​ទៅ​មក​ក្នុង​ការ​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​ចម្រុះ​ឥត​ងាករេ​រវាង​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ»។

លោក Kyaw Zaw អ្នក​នាំពាក្យ​ការិយាល័យ​ប្រធាន​រដ្ឋាភិបាល​ឯកភាព​ជាតិ (NUG) ដែល​ជា​រដ្ឋាភិបាល​ស្រមោល​បែប​ស៊ីវិល​របស់​មីយ៉ាន់ម៉ា បាន​ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​អនឡាញ Zoom ថា រដ្ឋាភិបាល​ឯកភាព​ជាតិ​បាន​សម្តែង​នូវ​ក្តីបារម្ភ​អំពី «លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​រុស្ស៊ី​និង​កងទ័ព​មីយ៉ាន់ម៉ា​ស្តីពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​គិត​ថា រុស្ស៊ី​អាច​ប្រើប្រាស់​យោធា​មីយ៉ាន់ម៉ា​និង​ប្រទេស​ជិតស្និទ្ធ​របស់​ខ្លួន​មួយ​ចំនួន​ធ្វើ​ជា​អន្តរការី​ដើម្បី​ទិញ​អាវុធ​ពី​បណ្តា​ប្រទេស​នានា ពីព្រោះ​យោធា​មីយ៉ាន់ម៉ា​ មិន​មាន​លទ្ធភាព​ជួយ​ឧបត្ថម្ភ​សព្វាវុធ​ដល់​កងទ័ព​រុស្ស៊ី​នោះ​ទេ»។

លោក Kyaw Zaw បាន​បន្ថែម​ដូច​នេះ​ថា៖ «បើ​ទោះបីជា​ក្រុម​បស្ចិម​ប្រទេស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​របប​យោធា​មីយ៉ាន់ម៉ា​យ៉ាង​ណា​ក្តី ក៏​ទណ្ឌកម្ម​ទាំង​នេះ​នៅ​មាន​ភាព​ខ្សោយ​និង​មិន​មាន​ប្រសិទ្ធភាព​ ដោយសារ​បញ្ហា​ចន្លោះ​ប្រហោង​មួយ​ចំនួន​ដែល​រុស្ស៊ី​និង​កងទ័ព​មីយ៉ាន់ម៉ា​អាច​កំពុង​ព្យាយាម​ដើម្បី​កេង​ប្រវ័ញ្ច​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ»។

ដោយ​ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​ថា​តើ​ប្រទេស​ចិន​ឬ​ឥណ្ឌា​អាច​ធ្វើការ​តាមរយៈ​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​បញ្ជូន​អាវុធ​និង​គ្រាប់​រំសេវ​ទៅ​ឱ្យ​ប្រទេស​រុស្ស៊ី​ឬ​ក៏​យ៉ាង​ណា​នោះ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ស្រមោល​មីយ៉ាន់ម៉ា​រូប​នេះ​បាន​និយាយ​ថា៖ «ពុំ​មាន​ហេតុផល​ល្អ​ណា​មួយ​សម្រាប់​រដ្ឋាភិបាល​ឯកភាព​ជាតិ​របស់​យើង​ក្នុង​ការ​ទទួល​យក​នូវ​ស្ថានភាព​មួយ​ដែល​មីយ៉ាន់ម៉ា​កំពុង​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​នោះ​ឡើយ»។

ទាក់ទិន​ទៅ​នឹង​លទ្ធភាព​ដែល​ប្រទេស​មីយ៉ាន់ម៉ា​អាច​ត្រូវ​បាន​ពាក់ព័ន្ធ​នៅ​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន លោក Kyaw Zaw បាន​ប្រាប់​វីអូអេ​ថា៖ «យើង​បារម្ភ​អំពី​ព័ត៌មាន​នេះ។ យើង​ខ្លាច​ថា​រឿង​នេះ​អាច​ប៉ះពាល់​ដល់​ប្រទេស​របស់​យើង ក៏​ដូចជា​ស្ថិរភាព​នៅ​ក្នុង​តំបន់​និង​សន្តិភាព​និង​សន្តិសុខ​នៅ​លើ​សាកលលោក​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

XS
SM
MD
LG