ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​លើ​ឥណ្ឌូណេស៊ី​ដែល​ជា​ប្រធាន​អាស៊ាន​ដើម្បី​ចាត់​វិធានការ​លើ​មីយ៉ាន់ម៉ា


រូប​ឯកសារ៖ ក្រុម​ប៉ូលិស​ដើរ​ក្បួន​ក្នុង​ពិធី​​ខួប​ទី​២៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​មីយ៉ាន់ម៉ា នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ ២០២៣។
រូប​ឯកសារ៖ ក្រុម​ប៉ូលិស​ដើរ​ក្បួន​ក្នុង​ពិធី​​ខួប​ទី​២៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​មីយ៉ាន់ម៉ា នៅ​រដ្ឋធានី​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ ២០២៣។

នៅ​ពេល​ដែល​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើ​ជា​ប្រធាន​ប្តូរវេន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​សម្រាប់​ឆ្នាំ២០២៣​នេះ ការ​ដាក់​សម្ពាធ​កំពុង​កើន​ឡើង​លើ​រដ្ឋាភិបាល​ក្រុង​ហ្សាកាតា​ដើម្បី​ធ្វើ​ការ​ឆ្លើយតប​ឱ្យ​បាន​ត្រឹមត្រូវ​ដល់​ពួក​យោធា​ របស់​មីយ៉ាន់ម៉ា​ដែល​បាន​រឹបអូស​យក​អំណាច​ពី​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី២ឆ្នាំ​មុន។

ពួក​អ្នក​វិភាគ​និយាយ​ថា ​ការ​ធ្លាក់ចូល​ក្នុង​សង្គ្រាម​ស៊ីវិល​បាន​ទុក​ជា​មោឃៈ​ផែនការ​សន្តិភាពដែល​បាន​ទទួល​ការ​សរសើរ​ភាគ​ច្រើន​របស់​អាស៊ាន​ដែល​គេ​ស្គាល់​ថា​ជា​ការ​មូលមតិ​៥​ចំណុច​ ក៏ប៉ុន្តែ​ពួក​អ្នក​វិភាគ​បាន​បន្ថែម​ទៀត​ថា​ការណ៍​នេះ​បាន​ត្រួសត្រាយ​ផ្លូវ​ឱ្យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widido ចាត់វិធានការ​ថ្មី​និង​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​មេដឹកនាំ​យោធា​ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing។

លោក Ross Milosevic ជា​នាយក​នៃ​អង្គការ Risk Analysis & Resources International ដែលមាន​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឱ្យ​មាន​ការ​លំបាក​យ៉ាង​ខ្លាំងដល់​ប្រទេស​៩​ផ្សេង​ទៀត​ដែល​ជា​សមាជិក​អាស៊ាន​និង​ការឆ្លើយ​តប​របស់​ក្រុម​នោះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​តូចៗ​២​របស់​អាស៊ាន​គឺ​ប្រទេស​ព្រុយណេ​និង​កម្ពុជា​ចាប់តាំង​ពី​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ២០២១ មក​ដោយមិន​បាន​ធ្វើ​ទៅតាម​ការ​រំពឹងទុក។

លោក​បាន​និយាយ​ថា៖ «អាស៊ាន​ជានិច្ចកាល​មាន​ការមិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងនៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន ក៏ប៉ុន្តែ ការពិត​នៅ​ជា​ការណ៍​ពិត ហើយ​ផែនការ​នេះ​បាន​ជួប​ប្រទះ​នូវ​មហន្តរាយ។ ខ្ញុំ​មិន​គិត​ថា​អាស៊ាន​បាន​ដោះស្រាយ​ស្ថានភាព​នេះ​ក្នុង​របៀប​ត្រឹមត្រូវ​នោះ​ទេ»។

លោក Charles Santiago មកពី​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​យល់ស្រប​ដោយ​និយាយ​ថា ​មិន​មាន​ការសន្ទនា​ដូចដែល​គូស​បញ្ជាក់​នៅ​ក្នុង​ផែនការ​មូលមតិ​នោះ​ទេ​ហើយ​បន្ទាប់ពី២ឆ្នាំ​មក ផែនការ​នោះ​«បាន​ងាប់​ជាយូរ​មក​ហើយ។ ផែនការ​នោះ​ចប់​ហើយ។ វា​ងាប់​បាត់​ហើយ វា​ត្រូវ​បាន​គេ​កប់​ចោល​បាត់​ហើយ»។

មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឱ្យ​ចូលរួម​សន្និសីទ​កំពូល​ប្រចាំ​ឆ្នាំ​អាស៊ាន​នៅពេល​ដែល​ប្រទេស​ព្រុយណេ​បាន​ធ្វើ​ជា​ប្រធាន​នៅ​ឆ្នាំ២០២១​និង​ម្តង​ទៀត​ដោយ​កម្ពុជា​កាលពី​ឆ្នាំ​ទៅ។

ប្រទេស​ទាំង២ខកខាន​មិន​បាន​ចរចា​ជាមួយ​រដ្ឋាភិបាល​ឯកភាព​ជាតិ​ដែល​ជា​ក្រុម​ប្រឆាំង​ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ក្រុម​នោះ​ដែល​មាន​ឈ្មោះ​ថា​«កងកម្លាំង​ការពារ​ពលរដ្ឋ»​នោះទេ។

រដ្ឋាភិបាល​ក្រុង​ភ្នំពេញថែម​ទាំង​បាន​ប៉ុនប៉ង​ធ្វើ​ឱ្យ​មាន​ទំនាក់​ទំនង​ជា​ប្រក្រតីភាព​ឡើង​វិញ​រវាង​ពួក​យោធា​និង​អាស៊ាន​ដែល​បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ច្រើន​មាន​ការ​ខឹងសម្បា ក៏ប៉ុន្តែ​នៅ​ទីបញ្ចប់​បាន​បរាជ័យ​នៅពេល​ដែល​អំពើ​ឃោរឃៅ​បាន​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​យ៉ាង​តិច​ណាស់​ក៏២.៧០០​នាក់​ដែរ។ មនុស្ស​១៣.៦០០​នាក់​ទៀត​បាន​ស្ថិត​នៅ​ក្នុង​ការឃុំ ឃាំង​ហើយ​ជន​ស៊ីវិល​ជាង១លាន​នាក់​ទៀត​រត់​ចាកចេញ​ពី​ទីលំនៅ។

លោក Santiago បាន​និយាយ​ទៀត​ថា ​ការសម្រេច​របស់​ក្រុម​យោធា​ដែល​អំពាវនាវ​ឱ្យ​មាន​ការបោះឆ្នោតដែល​អាច​ធ្វើ​ឡើង​នៅ​ខែ​សីហា​នឹង​បង្ហាញ​ពី​ការគួរ​ឱ្យ​អស់​សំណើច​ពីព្រោះ​តែ​ច្បាប់​ដែល​គ្រប់គ្រង​ការបោះឆ្នោត​នោះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ឯកភាព​ជាតិ ​និង​គណបក្ស​នយោបាយ​ផ្សេង​ទៀត​មិន​មាន​លទ្ធភាព​ប្រកួត​ប្រជែង​បាន។ ការណ៍​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដល់​ការ​ផ្សះផ្សារ​ភាព​ប្រេះស្រាំ​នៅ​ក្នុង​អាស៊ាន​ផង​ដែរ។

លោក Santiago បាន​និយាយ​ទៀត​ថា​នៅ​ក្នុង​អាស៊ាន ប្រទេស​ថៃ កម្ពុជា​និង​ឡាវ​នឹង​ផ្តល់​ភាព​ស្របច្បាប់​ដល់​ការដឹកនាំ​របស់​រដ្ឋាភិបាល​ស៊ីវិល​ដែល​ត្រួតត្រា​ដោយ​ពួក​យោធា​ខណៈ​ដែល​នៅ​ខាង​ក្រៅ​ប្លុក​នោះ​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លោក Min Aung Hlaing ក៏​អាច​ពឹងពាក់​លើ​ការ​គាំទ្រ​ពី​ប្រទេស​ចិន រុស្ស៊ី​និង​ឥណ្ឌា​ផង​ដែរ។

រូបឯកសារ៖ ​មេដឹកនាំ​យោធា​ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing។
រូបឯកសារ៖ ​មេដឹកនាំ​យោធា​ដែល​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing។

លោក​បាន​ប្រាប់ VOA ថា៖ «ឥណ្ឌូណេស៊ី​ត្រូវតែ​ពិភាក្សា​ជាមួយ​ម៉ាឡេស៊ី សិង្ហបុរី​និង​អាច​ជាមួយ​ហ្វីលីពីន​ហើយ​ប្រសិនបើ​ព្រុយណេ​ស្ថិត​ក្នុង​ជំហរ​តែមួយដោយ​និយាយ​ថា​ការ​បោះ​ឆ្នោត​មិន​អាច​ធ្វើ​ឡើង​បាន​ទេ​ពីព្រោះ​វា​នឹង​ធ្វើឱ្យ​អាស៊ាន​ហាក់​ដូចជា​មនុស្ស​ភ្លីភ្លើហើយ​អាស៊ាន​នឹង​ដូចជា​តំបន់​នៅ​ក្រៅសង្គម​មួយ​នៅ​លើ​ពិភពលោក»។

លោក​បាន​បន្ថែម​ទៀត​ថា​វៀតណាម​មាន​ការ​លំបាក​ដឹង​ជា​មុន​ពីព្រោះ​តែ​ការផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ ប្រទេស​ឥណ្ឌូណេស៊ី បើ​តាម​ភូមិសាស្ត្រ ឥទ្ធិពល​ប្រជាពលរដ្ឋ​និង​សេដ្ឋកិច្ច​ជា​មហា​អំណាច​អាស៊ាន​មួយ។ ឥណ្ឌូណេស៊ី​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​លំដាប់​ទី៣របស់​ពិភពលោក​មាន​ចំណង​ទាក់ទង​ដ៏​រឹងមាំ​ជាមួយ​ប្រទេស​លោក​ខាង​លិច​និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ឥស្លាម​ត្រីភាគី​នៅ​ក្នុង​អាស៊ាន​រួម​ជាមួយ​ប្រទេស​ព្រុយណេ​និង​ម៉ាឡេស៊ី។

រដ្ឋាភិបាល​ក្រុង​ហ្សាកាតា​បាន​ចាប់​ផ្តើម​ក្រាល​ផ្លូវ​ជា​មេដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​នេះ។ រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ចការ​នាវាចរណ៍​និង​ការ​វិនិយោគទុន​ឥណ្ឌូណេស៊ី​លោក Luhut Panjaitan​ បាន​ប្រាប់​ទូរទស្សន៍​ Bloomberg News នៅ​ខាង​ក្រៅ​វេទិកា​សេដ្ឋកិច្ច​សាកលលោក​កាលពី​ពេលថ្មីៗនេះ​ថា​ពួក​យោធា​គួរតែ«អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​រៀបចំ​ចាត់ចែង​ប្រទេស​នេះ»។

នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោក​ស្រី Retno Marsudi បាន​ប្រកាស​ថា​លោក​ស្រី​នឹង​បង្កើត​ការិយាល័យ​របស់​បេសកជន​ពិសេស​អាស៊ាន​មួយ​ស្តីពី​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ទាក់ទង​ជាមួយ​ភាគី​ទាំង​អស់​ដែល​ពាក់ព័ន្ធ។

ការណ៍​នេះ​បាន​បណ្តាល​ឱ្យ​មាន​សេចក្តី​ថ្លែងការណ៍​កំបុតកំបុយ​មកពី​ពួក​យោធា​ដែល​បាន​ព្រមាន​ថា​អាស៊ាន​មិន​ត្រូវ​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេរវជន​និង​សមាគម​ខុស​ច្បាប់​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា​នោះ​ទេ។

រូប​ឯកសារ៖ បាតុករ​រត់​តាម​ប៉ូលិស​ដែល​បាញ់​ព្រមាន​និង​បាញ់ទឹក​បំបែក​ក្រុម​បាតុករ​នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១។
រូប​ឯកសារ៖ បាតុករ​រត់​តាម​ប៉ូលិស​ដែល​បាញ់​ព្រមាន​និង​បាញ់ទឹក​បំបែក​ក្រុម​បាតុករ​នៅ​ទីក្រុង Mandalay ប្រទេស​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០២១។

ពួក​អ្នក​វិភាគ​បាន​និយាយ​ថា​ជម្រើស​របស់​រដ្ឋាភិបាល​ក្រុង​ហ្សាកាតា​អាច​វែង​ឆ្ងាយ​ទៅទៀត​ហើយ​រួមមាន​ទាំង​ការ​ប្រគល់​អាសនៈ​ឱ្យ​រដ្ឋាភិបាល​ឯកភាព​ជាតិ​មីយ៉ាន់ម៉ា​នៅ​ក្នុង​អាស៊ាន បង្កក​ចំណង​ទាក់ទង​ទាំងអស់​ជាមួយ​ពួក​យោធា ដាក់​ទណ្ឌកម្ម​ជា​សាកល​លើ​ក្រុមហ៊ុន​ដែល​កាន់កាប់​ដោយ​ពួក​យោធា​និង​ដាក់​ទណ្ឌកម្ម​មិន​លក់​អាវុធ​ទាំង​ស្រុង។

ការ​ដាក់​ទណ្ឌកម្ម​នេះ​នឹង​រួមមាន​ប្រេង​ឥន្ធនៈ​យន្តហោះ​អាកាសចរណ៍ តំបន់​គ្មាន​យន្តហោះ​ឆ្លងកាត់ កំណត់​តំបន់​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​រត់គេច​ចេញ​ពី​ជម្លោះ​ហើយ​នឹង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដែល​មិន​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង៥ចំណុច។

លោក Milosevic បាន​ប្រាប់ VOA ថា៖ «ឥណ្ឌូណេស៊ី​ជា​ប្រទេស​មាន​ឥទ្ធិពល​នៅ​ក្នុង​ផ្នែក​សេដ្ឋ កិច្ច​ហើយ​ខ្លួន​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពិភពលោក ហើយ​ការណ៍​នេះ​នឹង​ដាក់​សម្ពាធ​មិន​គួរ​ឱ្យ​ជឿ​លើ​មីយ៉ាន់ម៉ា​និង​ពួក​យោធា។ លោក​បាន​បន្ថែម​ទៀត​ថា​«នេះ​ជា​សង្គ្រាម​ស៊ីវិល»។

ក្នុង​ឯកសារ​សង្ខេបៗ​កាល​ពី​ខែ​កញ្ញា​ដោយ​ក្រុម​ប្រឹក្សា​ផ្តល់​យោបល់​ពិសេស​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា ក្រុម​អ្នក​ជំនាញ​ដែល​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​អះអាង​ថា លោក Min Aung Hlaing និង​ពួក​យោធា​មិន​បាន​ត្រួតត្រា​ប្រទេស​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ការទាក់ទង​នឹងពិភពលោក​ខាង​ក្រៅ​ទេ។

ឯកសារ​សង្ខេប​បាន​បញ្ជាក់​ថា បទដ្ឋាន​អន្តរជាតិ​នៅ​ក្នុង​ការកំណត់​ភាគី​ណា​នៅ​ក្នុង​ជម្លោះ​ដែល​ធ្វើ​បាន​ល្អ​បំផុត​បំពេញ​ទៅតាម​លក្ខខណ្ឌ​ដើម្បី​ត្រួតត្រា​រដ្ឋ​នោះ​ហើយ​បាន​រក​ឃើញ​ថា​រដ្ឋាភិបាល​ឯកភាព​ជាតិ​ និង​ក្រុម​តស៊ូ​បាន​ត្រួតត្រា​ប្រទេស​ប្រកប​ប្រសិទ្ធភាព​ចំនួន ៥២ភាគរយ។

ឯកសារ​សង្ខេប​នោះ​បាន​រក​ឃើញ​ថា​ពួក​យោធា​បាន​ត្រូវ​ប្រកួត​ប្រជែង​យ៉ាង​សកម្ម​ដោយ​កងកម្លាំង​ការពារ​ពលរដ្ឋ​និង​ក្រុម​តស៊ូ​ផ្សេង​ទៀត​នៅ​តំបន់​ជនបទ​ចំនួន២៣ភាគរយ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហើយ​ថា​ពួក​យោធា​អាច​អះអាង​ថា​បាន​ធ្វើ​ការត្រួតត្រា​ដោយ​ស្ថិរភាព​លើ​ប្រទេស​ចំនួន១៧ភាគរយ​តែ​ប៉ុណ្ណោះ។

មាន​ក្រុម​ជនជាតិ​ភាគតិច​ខុសៗគ្នា​ចំនួន១៣៥នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ សម្ពន្ធភាព​នៃ​ក្រុម​ជនជាតិ​ភាគតិច​ទាំង​នោះ​ចំនួន១៤បាន​បង្កើត​កងកម្លាំង​ការពារ​ពលរដ្ឋដែល​លោក Milosevic និយាយ​ថា​ត្រូវ​បាន​ប្រើប្រាស់​ការ​វាយ​ប្រហារ​រត់​ដែល​ជា​ល្បិចកល​ប្រភេទ​ពួក​ទ័ព​ព្រៃ​ដែល​ប្រើ​ដោយ​ពួក​វៀតកុង​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម​ហើយ​បាន​រុញច្រាន​ជម្លោះ​នេះ​ពី​ព្រៃ​ទៅកាន់​ទី​រួម​ខេត្ត។

លោក​និយាយ​ទៀត​ថា«កងកម្លាំង​ការពារ​ពលរដ្ឋ​កំពុង​វាយប្រហារ​ពួក​យោធា​ហើយ​ពួកគេ​កំពុង​ទទួល​បាន​ជ័យជម្នះ​នៅ​លើ​សមរភូមិ ក៏ប៉ុន្តែ​ពួក​យោធា​កំពុង​ប្រើប្រាស់​យន្តហោះ​របស់​ពួកគេ​ហើយ​កំពុង​ធ្វើ​ឱ្យ​មាន​ការពិបាក​បំផុត​ដល់​កងកម្លាំង​ការពារ​ពលរដ្ឋ​និង​ក្រុម​អំបូរ​ជន ជាតិ​ភាគតិច​ផ្សេងៗ​ទៀត​ហើយ​ការណ៍​នេះ​នឹង​កាន់តែ​អាក្រក់​ឡើង។

លោក​និយាយ​ថា៖ «រដូវ​ប្រាំងបាន​ចាប់ផ្តើម​ហើយ​កងកម្លាំង​ការពារ​ពលរដ្ឋ​ កំពុង​បង្ខំ​ឱ្យ​ពួក​យោធា​ធ្វើ​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ទាំង​មូល។ ពួក​យោធា​រង​ការ​វាយ​ឆ្មក់​ជា​រៀងរាល់​ថ្ងៃ​ហើយ​នឹង​ជា​វិធី​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដូចជា​ពួក​វៀតកុង​បាន​ធ្វើ​ក្នុង​សង្គ្រាម​វៀតណាម»។

លោក Santiago បាន​និយាយ​ថា​មីយ៉ាន់ម៉ា​បាន​ក្លាយ​ជា​អាទិភាព​មួយ​នៅ​ពេល​ដែល​ឥណ្ឌូណេស៊ី​ធ្វើការ​រៀបចំជំនួប​រដ្ឋមន្ត្រី​ការបរទេស​កាល​ពី​ថ្ងៃទី៣ដល់​ថ្ងៃ​ទី៤ខែ​កុម្ភៈ​នេះ​នៅ ពេល​ការពិភាក្សា​ដ៏​ស្មោះត្រង់​និង​បើក​ចំហ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សម្ងាត់​ដើម្បី​បង្កើត​របៀប​វារៈ​គោលនយោបាយ​ការបរទេស​របស់​អាស៊ាន​សម្រាប់​ឆ្នាំ​នេះ។

លោក Santiago បាន​បន្ត​ទៀត​ថា៖ «ជំនួប​បន្ទាប់​របស់​រដ្ឋមន្ត្រី​ការបរទេស​នឹង​ក្លាយ​ជា​ការ​លំបាក​បំផុត​មួយ​ពីព្រោះ​គោលបំណង​នៃ​ជំនួប​នេះត្រូវ​បាន​គេ​សន្មត​ថា​ ជា​ការ​ធ្វើ​ឱ្យ​រលូន​ដល់​អាណត្តិ​ដែល​បាន​ផ្តល់​ឱ្យ​ពួកគេ​ដោយ​ប្រមុខ​រដ្ឋាភិបាល​នានា​ដើម្បី​ជួយ​សម្រប​សម្រួល​ការ​មូលមតិ​៥​ចំណុច​ដែល​ត្រូវ​បាន​បង្កើត​កាលពី២ឆ្នាំ​មុន។

លោក​និយាយ​ទៀត​ថា៖ «ក៏ប៉ុន្តែ ខ្ញុំ​គិត​ថា​ព្រឹត្តិការណ៍​កាលពី​ពេល​ថ្មីៗនេះ​បានគ្រប​ដណ្ដប់​ពី​ភាព​ចាំបាច់​ការពិភាក្សា​បែប​នេះ»៕

ប្រែ​សម្រួល​ដោយ​លោក ​ជឹង ប៉ូជីន

XS
SM
MD
LG