យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់ផ្លោងមីស៊ីលមួយគ្រាប់នៅរសៀលថ្ងៃអាទិត្យនេះ។
នាយអគ្គសេនាធិការចម្រុះនៅក្នុងទីក្រុងសេអ៊ូល បានបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលនេះចេញពីខេត្ត Pyeongan ស្ថិតនៅភាគខាងត្បូងប្រទេស ហើយគ្រាប់មីស៊ីលនេះហោះបានចម្ងាយប្រមាណ ៥ រយ គីឡូម៉ែត្រ មុនពេលវាធ្លាក់ចូលទៅក្នុងសមុទ្រ។
មន្ត្រីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកមួយរូប បាននិយាយយ៉ាងដូច្នេះថា៖ «សហរដ្ឋអាមេរិកដឹងថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីល MRBM មួយគ្រាប់។ គ្រាប់មីស៊ីលប្រភេទដែលកូរ៉េខាងជើងបានបាញ់សាកល្បងលើកចុងក្រោយកាលពីខែកុម្ភៈកន្លងទៅនេះ អាចហោះបានចម្ងាយខ្លីជាងគ្រាប់មីស៊ីល ដែលកូរ៉េខាងជើងបានសាកល្បងនៅក្នុងការសាកល្បង ៣ លើកចុងក្រោយ នាពេលថ្មីៗនេះ»។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានបើកការប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក នៅឯវិមានប្រធានាធិបតី ដើម្បីពិភាក្សាអំពីការបាញ់គ្រាប់មីស៊ីលនេះ។
ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើនប្រភេទរួចមកហើយ នៅក្នុងកម្រិតខ្លាំងក្លាមួយដែលមិនដែលធ្វើឡើងពីមុនមក ចាប់តាំងពីដើមឆ្នាំមុនមកម្ល៉េះ។
កាលពីមួយសប្ដាហ៍មុន កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលមួយនៅក្នុងរយៈកម្ពស់ហោះ ដ៏ខ្ពស់មិនធម្មតាមួយ ដែលបានបង្ហាញឲ្យឃើញថា គ្រាប់មីស៊ីលនេះអាចជាគ្រាប់រ៉ុកកែតដែលប្រើសារធាតុរាវជាកម្លាំងជំរុញយ៉ាងហោចណាស់ពីរប្រភេទបញ្ចូលគ្នា ដែលមានសមត្ថភាពអាចហោះបានរហូតដល់ ៤ ពាន់ ៥ រយ គីឡូម៉ែត្រ៕