ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអង្គារស្អែក ស្ដីពីការសាកល្បងគ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យម្សិលមិញ។
សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានស្នើឲ្យបើកកិច្ចប្រជុំបន្ទាន់នេះ បន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់កាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងរយៈកម្ពស់ដ៏ខ្ពស់មិនធម្មតាមួយ ដែលបានបង្ហាញឲ្យឃើញថា គ្រាប់មីស៊ីលនេះអាចជាគ្រាប់រ៉ុក្កែតដែលប្រើសារធាតុរាវជាកម្លាំងជំរុញយ៉ាងហោចណាស់ពីរប្រភេទបញ្ចូលគ្នា ដែលមានសមត្ថភាពអាចហោះបានរហូតដល់ ៤ ពាន់ ៥ រយ គីឡូម៉ែត្រ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃច័ន្ទនេះថា លោកប្រធានាធិបតី Moon Jae-In កំពុងបញ្ជូនបេសកជនពិសេសរបស់កូរ៉េខាងត្បូងទៅជុំវិញពិភពលោក ស្របពេលដែលកូរ៉េខាងត្បូងស្វះស្វែងពង្រឹងទំនាក់ទំនងរបស់ខ្លួននៅលើពិភពលោក បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការសាកល្បងគ្រាប់មីស៊ីលដ៏គគ្លើននេះរួចមក។
វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ថា បេសកជនពិសេសទាំងនោះនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់នានា ដើម្បីពន្យល់អំពីគោលនយោបាយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មី និងធ្វើការផ្លាស់ប្ដូរយោបល់ផ្សេងៗផងដែរ។
អតីតអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំសហរដ្ឋអាមេរិក លោក Hong Seok Hyun នឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។ រីឯអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Hae Chan នឹងធ្វើដំណើរទៅកាន់ប្រទេសចិន។ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងត្បូងសព្វថ្ងៃ នឹងទៅប្រទេសជប៉ុន និងរុស្ស៊ី ហើយទីប្រឹក្សាគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមួយរូប នឹងធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់៕