ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អ.ស.ប ​រិះ​គន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ក្រោយ​អវត្តមាន​គណបក្ស​ភ្លើង​ទៀន


រូបឯកសារ៖ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក Antonio Guterres ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។
រូបឯកសារ៖ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក Antonio Guterres ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣។

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​(អ.ស.ប) ​លោក​ Antonio Guterres បាន​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ ​ក្រោយ​គណបក្ស​ភ្លើង​ទៀន​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​ក្នុង​ប្រទេស ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ ដែល​នឹង​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​ ២៣​ ខែ​កក្កដា ​ឆ្នាំ​ ២០២៣។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់អង្គការ​សហ​ប្រជាជាតិ ​លោក​ Stephane Dujarric ​ ដែល​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ក្នុង​សន្និសីទ​មួយ​នៅ​ក្រៅ​ប្រទេស។​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ លោក​ Antonio Guterres ​បាន​សង្កត់​ធ្ងន់​ថា ​ការ​បោះ​ឆ្នោត​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ​មាន​ពហុ​មតិ ​ហើយ​អ្នក​បោះ​ឆ្នោត​អាច​មាន​ជម្រើសជ្រើស​រើស​តំណាង​របស់​ពួក​គេ​ «មាន​សារៈ​សំខាន់ ​ដើម្បី​បង្កើត​ទំនុក​ចិត្ត​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ និង​គាំទ្រ​លទ្ធភាព​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការ​បង្ហាញ​អំពី​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួក​គេ»។​

បើ​តាម​អ្នក​នាំពាក្យ​របស់ ​អ.ស.ប​ នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា ​កាល​ពី​ឆ្នាំ​មុន​ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​ការ​បើក​លម្ហ​សិទ្ធិស៊ីវិល ​សេរីភាព​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ​និង​អង្គការសង្គម​ស៊ីវិល​ សម្រាប់អភិវឌ្ឍន៍ ​និង​ដំណើរការ​នៃ​ការ​កសាង​សន្តិភាព​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ខ្លាំង។​

អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​គាំទ្រ​ប្រទេស​កម្ពុជា​ដែល​មាន​សន្តិភាព ​និង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ​ដែល​គោរព​ពេញ​លេញ​នូវ​សិទ្ធិ​មនុស្ស​របស់​ប្រជា​ពលរដ្ឋ​ទាំង​អស់។ ​នេះ​បើ​តាម​អ្នក​នាំពាក្យ​របស់ ​អ.ស.ប។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល ​លោក​ ផៃ ស៊ីផាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​អរគុណ​ដល់ការ​យក​ចិត្ត​ទុក​ដាក់​របស់​អង្គការ​សហ​ប្រជាជាតិ​មក​លើ​កម្ពុជា។ ​ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ខាង​អង្គការ​សហ​ប្រជាជាតិ​គួរ​ណាស់​តែ​ពិនិត្យ​មើល​ព័ត៌មាន​បន្ថែម​ទៀត​ឱ្យ​បាន​ច្រើន ​មុន​នឹង​រិះគន់​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​អង្គការ​សហ​ប្រជាជាតិ​ហ្នឹង​ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ហើយ​ដែល​គាត់​លើក​ឡើង​ យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្ពុជា ក៏​ប៉ុន្តែ​ក៏​សុំ​លើក​ទឹក​ចិត្ត​ឱ្យ​គាត់​តាមដាន​មើល​គ្រប់​ដំណើរ​ការ​នៃ​កិច្ច​អនុវត្ត​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត ​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ឯង​ បាទ»។​

លោក ​ផៃ ស៊ីផាន ​លើក​ឡើង​ការ​ពន្យល់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប) ​ដែល​ថា គណបក្ស​ភ្លើង​ទៀន​ខ្វះ​ឯកសារ​ដើម ​រហូត​ដល់​មិន​អាច​ចុះ​ឈ្មោះ​បាន។​

កាល​ពី​កន្លង​ទៅ ​គណបក្ស​ភ្លើង​ទៀន​បាន​អះអាង​ថា ខ្លួន​បាន​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ស្នើ​សុំ​សេចក្តី​ចម្លង​ដែល​មាន​បញ្ជាក់​នីត្យានុកូល​កម្ម​នៃ​ប្រកាស​លេខ​ ១៩៣ ពី​ក្រសួង​មហា​ផ្ទៃ ប៉ុន្តែ​មិន​ទទួល​បាន​តាម​ការ​ស្នើ​សុំ។ ​គណបក្ស​ភ្លើង​ទៀន​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ជាង​ ១​លាន​ ៦​សែន​នាក់ ​កា​ល​ពី​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២​ នៅ​តែ​រក្សា​ជំហរ​ និង​បង្ហាញ​ថា ខ្លួន​ពិត​ជា​ចង់​ចូល​រួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ​និង​មិន​មាន​ឧបាយកល​ឱ្យ​បរទេស​គាប​សង្កត់​រដ្ឋាភិបាល​ឡើយ។​

ក្រសួង​ការ​បរទេស​កម្ពុជា​ធ្លាប់​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ការ​មិន​អាច​ចុះ​បញ្ជី​ចូលរួម​ការ​បោះឆ្នោត​បាន​របស់​គណបក្ស​ភ្លើង​ទៀន ​គឺ​ដោយ​សារ​តែ​គណបក្ស​នោះ​ «មិន​យក​ចិត្តទុក​ដាក់​ចំពោះ​ច្បាប់​ និង​បទ​បញ្ញត្តិ​បោះ​ឆ្នោត ​ក៏​ដូច​ជា​សេចក្តី​ជូន​ដំណឹង​នានា​របស់​ គ.ជ.ប»។​

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា៖ ​«អវត្តមាន​របស់​គណបក្ស​នយោបាយ​មួយ​ពី​ដំណើរ​ការ​បោះឆ្នោត ​ដោយសារ​ការ​ធ្វេស​ប្រហែស ​មិន​គោរព​ច្បាប់​នោះ ពុំ​បាន​ប៉ះពាល់​ដល់​ភាព​សេរី ​ពហុ​បក្ស ​និង​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ឡើយ ​ព្រោះ​អ្នក​បោះ​ឆ្នោត​នៅ​តែ​អាច​ជ្រើស​រើស​ដោយ​សេរី​នូវ​គណបក្ស​នយោបាយ​មួយ ក្នុង​ចំណោម​គណបក្ស​ប្រកួត​ប្រជែង​គ្នា​យ៉ាង​តិច​ចំនួន​ ១៨»។ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​ចុះ​ថ្ងៃ​ទី​ ១៦ ​ខែ​ឧសភា ​ឆ្នាំ​ ២០២៣។​

អវត្តមាន​របស់​គណបក្ស​ភ្លើង​ទៀន​បាន​នាំឱ្យ​អ្នក​តាម​ដាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នឹង​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​១២៥ ​ហើយ​កម្ពុជា​នឹង​បន្ត​ដឹកនាំ​ដោយ​ឯកបក្ស​រយៈពេល ​៥ ឆ្នាំ​ទៀត ​បន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ​កាល​ពី​ឆ្នាំ​ ២០១៧ ​ដែល​ធ្វើ​ឱ្យ​គណបក្ស​ជំទាស់​មួយ​នេះ​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​ ២០១៨៕

XS
SM
MD
LG