ទីភ្នាក់ងារទេសន្តរប្រវេសន៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ៣៣៤.០០០ នាក់បានផ្លាស់ទីដោយបង្ខំក្នុងប្រទេសនៅក្នុងប្រទេសស៊ូដង់តាំងពីការប្រយុទ្ធគ្នាដ៏ប្រល័យបានផ្ទុះឡើងកាលពីខែមុនរវាងកងទ័ពស៊ូដង់និងកងកម្លាំងជំនួយរហ័ស (RSF) មក។
ទិន្នន័យនេះត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះដោយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានបញ្ជាក់ថា មនុស្សជាង ១០០.០០០ នាក់បានរត់គេចចេញពីប្រទេសស៊ូដង់ទៅកាន់ប្រទេសជិតខាង។
តួលេខថ្មីទាំងនេះត្រូវបានបង្ហាញឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបានព្យាករណ៍ថា ការប្រយុទ្ធគ្នាអាចបង្ខំឱ្យមនុស្សជាង ៨០០.០០០ នាក់គេចចេញពីប្រទេសស៊ូដង់។
លោក Raouf Mazou អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារ UNHCR បានព្យាករណ៍ថា មនុស្ស ៨១៥.០០០ នាក់អាចគេចចេញពីប្រទេសស៊ូដង់ទៅកាន់ប្រទេសជិតខាងចំនួន ៧។ លោកបានបន្ថែមថា ក្នុងនោះរួមមានជនជាតិស៊ូដង់ ៥៨០.០០០ នាក់ និងជនភៀសខ្លួនបរទេសផ្សេងទៀតដែលរស់នៅក្នុងប្រទេសស៊ូដង់ផងដែរ។
លោក Mazou បានបញ្ជាក់ថា មនុស្សប្រហែល ៧៣.០០០ នាក់បានគេចចេញពីប្រទេសស៊ូដង់រួចហើយ។
ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលស៊ូដង់និងកងកម្លាំងជំនួយរហ័ស (RSF) នេះបានបន្តនៅថ្ងៃអង្គារនេះ បើទោះបីជាមានការពន្យារបន្ថែមនូវការព្រមព្រៀងមួយទៀតនៃកិច្ចឈប់បាញ់គ្នាក៏ដោយ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។