ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រុក​និយាយ​ថា​​ការប្រយុទ្ធ​គ្នា​បាន​​ចុះថយ​​​​នៅ​ពេល​មាន​បទ​ឈប់​បាញ់​គ្នា​


បុរស​ម្នាក់​ដើរ​កាត់​ផ្ទះ​ដែល​ត្រូវបាន​បំផ្លាញ​នៅ​ក្នុង​ការប្រយុទ្ធ​នៅ​ទីក្រុង Khartoum ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០២៣។
បុរស​ម្នាក់​ដើរ​កាត់​ផ្ទះ​ដែល​ត្រូវបាន​បំផ្លាញ​នៅ​ក្នុង​ការប្រយុទ្ធ​នៅ​ទីក្រុង Khartoum ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋ​ស៊ូដង់​ក្នុង​រដ្ឋធានីខាទុំ​ និង​ក្នុងក្រុង Omdurman ​ដែល​នៅជិតខាងបាន​រាយការណ៍​ថា​មាន​ការប៉ះទង្គិច​គ្នា​យូរៗ​ម្តងកាលពី​ព្រឹកថ្ងៃពុធ​នេះ​រវាង​កង​យោធានិង​កងកម្លាំង​យោធា​ប៉ារ៉ា​មួយជា​គូ​បដិបក្ខ ​តែ​បាន​ថ្លែង​ថាការប្រយុទ្ធគ្នា​បាន​ថមថយ​នៅ​ថ្ងៃ​ទី​ពីរនៃ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​បី​ថ្ងៃ។​

ពួកអ្នក​ឃើញ​ហេតុការណ៍​ដោយ​ផ្ទាល់​បាន​និយាយ​ថាអ្នកក្រុង​ជា​ច្រើន​នាក់នៃ​រដ្ឋធានី​បាន​ចេញ​ពីផ្ទះ​ពួកគេដើម្បី​ទិញ​ម្ហូប​អាហារនិង​ទឹក។​ ពួកគេ​បាន​ឈរ​បន្តគ្នា​នៅហាង​លក់នំប៉័ង​ឬ​ហាង​លក់គ្រឿង​ទេស។ អ្នក​ខ្លះ​បាន​ពិនិត្យហាង​លក់ទំនិញឬ​ផ្ទះ​ពួក​គេដែល​ត្រូវ​បាន​បំផ្លាញ​ឬ​ត្រូវ​លួចឥវ៉ាន់នៅពេល​មាន​ការប្រយុទ្ធ​គ្នា។​ ចំណែក​ឯ​អ្នកដទៃ​ទៀត​បាន​ចូលរួម​ជា​មួយ​មនុស្ស​រាប់ម៉ឺននាក់ដែល​បានចាកចេញ​ពី​ទីក្រុង​នេះ​កាល​ពី​ប៉ុន្មានថ្ងៃ​ថ្មីៗ​នេះ។

អ្នកស្រុក​ថ្លែង​ថាការប៉ះ​ទង្គិច​គ្នាកើត​មានឡើង​នៅ​កន្លែងខ្លះ​នៃ​ក្រុង​ខាទុំ​ និង ក្រុង Omdurman ​ដោយ​មាន​ភាគច្រើន​នៅ​ជុំវិញបញ្ជាការដ្ឋាន​ធំ​របស់​កងយោធានិង​វិមាន​សាធារណរដ្ឋដែល​ជា​កន្លែង​អំណាច​របស់​ប្រទេស។ មាន​ការបាញ់​តគ្នា​នៅក្នុង​សង្កាត់ Kafouri ដែលយុទ្ធជន​ច្រើន​នាក់​នៃកងកម្លាំង​គាំទ្រ​រហ័ស (Rapid Support Forces) ត្រូវបានបញ្ជូនទៅ​ទី​នោះ។

នៅថ្ងៃ​ពុធ​នេះ​ដែរ កងយោធា​បាននិយាយថា​លោកOmar al-Bashir អតីតមេដឹកនាំផ្តាច់ការនៃ​ប្រទេស​ស៊ូដង់ត្រូវ​បាន​ឃុំឃាំង​ក្នុងមន្ទីរពេទ្យ​យោធា​មួយ ​ដោយ​បាន​ផ្តល់​សេចក្តី​ថ្លែងការណ៍ផ្លូវការ​ទីមួយ​របស់ខ្លួន​អំពី​កន្លែង​ឋិត​នៅរបស់​លោក ​ចាប់តាំង​ពី​មាន​ការប្រយុទ្ធ​គ្នា។ ការ​វាយ​ប្រហារមួយ​លើគុក​ដែល​នៅ​ទី​នោះ​លោកal-Bashir ​និង​អតីត​មន្ត្រី​ច្រើន​នាក់​របស់​លោក​ត្រូវ​បាន​ឃុំឃាំង​នាំឱ្យ​មាន​សំណួរថា​តើលោក​នៅ​ឯណានិង​មាន​ការនិយាយ​ស្មានៗ​ថា​លោក​ត្រូវ​បាន​ដោះលែង។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កង​យោធា​បាននិយាយថាលោក al-Bashir អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Abdel-Rahim Muhammad Hussein ​និងអតីតមន្ត្រី​ឯទៀតៗត្រូវ​បាននាំ​ខ្លួន​ទៅ​កាន់​មន្ទីរពេទ្យយោធា Aliyaa ​នៅមុន​មាន​ការ​ប្រយុទ្ធគ្នា​នៅ​ទូទាំង​ប្រទេស។ លោក al-Bashir ​ត្រូវ​បាន​ដកចេញ​ពី​តំណែងនៅពេល​មាន​ការបះបោរមួយ​របស់​ប្រជារាស្ត្រ​កាលពី​ឆ្នាំ២០១៩។ តុលាការ ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ​បានរក​ចាប់​ខ្លួន​លោក al-Bashir ​និង​លោក Hussein ​ពីបទចោទ​ប្រកាន់ប្រល័យ​ពូជ​សាសន៍ ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិនិង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ទាក់ទិន​នឹង​សង្គ្រាម​ក្នុងតំបន់ ​Darfur។

ការ​បន្ថយ​ការ​ប្រយុទ្ធ​គ្នានៅ​ថ្ងៃពុធនេះជា​ពេលវេលា​មិនសូវមាន​មួយនៃ​ការ​សម្រាល​ស្ថានភាព​សម្រាប់​ប្រជារាស្ត្រ​ស៊ូដង់រាប់លាន​នាក់ដែល​ឋិត​នៅ​កណ្តាល​ការប្រយុទ្ធ​គ្នា​តាំងពី​កងកម្លាំង​នៃ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ពីរនាក់នៃ​ប្រទេស​នេះ​បានប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ ​ខែមេសា។ ការ​ប្រយុទ្ធ​គ្នាបានជំរុញ​ប្រជារាស្ត្រជិត​ដល់​ស្ថានភាព​ពិបាក​បំផុត​ ដោយ​មាន​ការពិបាកក្នុងការ​ស្វែងរកស្បៀងអាហារ ​មានការ​ដាច់​ចរន្ត​អគ្គិសនី​ក្នុង​ផ្នែក​ភាគ​ច្រើន​នៃ​រដ្ឋធានីនិង​ក្រុង​ឯទៀតៗ ហើយ​មន្ទីរ​ពេទ្យ​ជា​ច្រើន​បាន​បិទ​ទ្វារ៕​

XS
SM
MD
LG