អង្គការសហប្រជាជាតិ បានទទួលរបាយការណ៍ «ការចោទប្រកាន់ដែលគួរឲ្យទុកចិត្ត» ដែលថា អតីតសមាជិករដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងកងកម្លាំងសន្តិសុខរបស់ខ្លួន និងអ្នកដែលបានធ្វើការជាមួយកងទ័ពអន្តរជាតិជាង១០០នាក់ បានត្រូវសម្លាប់ចាប់តាំងពីពួកតាលីបង់ បានចូលកាន់កាប់ប្រទេសនេះ ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១មក។ នេះ បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AP។
នៅក្នុងរបាយការណ៍មួយដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន AP លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Guterres បាននិយាយថា «ជាង២ភាគ៣»នៃជនរងគ្រោះដែលត្រូវបានគេចោទប្រកាន់នេះ បានត្រូវសម្លាប់ដោយគ្មានការជំនុំជម្រះដោយក្រុមតាលីបង់ ឬសាខានានារបស់ក្រុមនោះ ថ្វីបើការប្រកាសរបស់ក្រុមតាលីបង់«ពីការលើកលែងទោសជាទូទៅ»ចំពោះអ្នកដែលបានទាក់ទិនជាមួយអតីតកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកក៏ដោយ។
លោក Guterres បានបញ្ជាក់នៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិថា បេសកកម្មនយោបាយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានទទួលការចោទប្រកាន់ដែលគួរឲ្យទុកចិត្តបានអំពីការសម្លាប់គ្មានការជំនុំជម្រះចំពោះបុគ្គលយ៉ាងហោចណាស់ចំនួន៥០នាក់ ដែលគេសង្ស័យថា ទាក់ទិនជាមួយក្រុម ISIL-KP ដែលជាក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
លោកអគ្គលេខាធិការ បានបន្ថែមទៀតថា ថ្វីបើមានការធានាពីក្រុមតាលីបង់ក៏ដោយ បេសកកម្មនយោបាយអង្គការសហប្រជាជាតិ ក៏បានទទួលដំណឹងពីការចោទប្រកាន់ដែលគួរឲ្យទុកចិត្តបាននៃ«ការបាត់ខ្លួនដោយការបង្ខំ ហើយនឹងអំពើហិង្សាផ្សេងទៀតដែលប៉ះពាល់សិទ្ធិរស់នៅ និងសុចរិតភាពរាងកាយ»របស់អតីតសមាជិករដ្ឋាភិបាល និងសមាជិកក្រុមចម្រុះ។
លោកអគ្គលេខាធិការ Guterres បានមានប្រសាសន៍បន្តទៀតថា ពួកអ្នកការពារសិទ្ធិមនុស្ស និងបុគ្គលិកបណ្តាញព័ត៌មាន «ក៏បន្តរងការវាយប្រហារ បំភិតបំភ័យ ការរំខានយាយី ការចាប់ខ្លួនតាមទំនើងចិត្ត ការធ្វើបាប និងការសម្លាប់»៕