អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នាថ្ងៃព្រហស្បតិ៍នេះ បានជួបពិភាក្សាជាមួយ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនាពេលខាងមុខ មានភាពសេរី និងយុត្តិធម៌ជាងមុន។
ក្រោយជំនួបបិទទ្វារ រយៈពេលជាង២ម៉ោង ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អ្នកស្រី រ៉ូណា ស្មីត ប្រាប់អ្នកសារព័ត៌មានថា ក្នុងកិច្ចពិភាក្សានោះ លោកស្រីបានជជែកពាក់ព័ន្ធនឹងដំណើរការនៃការបោះឆ្នោតនៅកម្ពុជា កាលពីពេលកន្លងមក ព្រមទាំងពិភាក្សាពីដំណើរការនៃការរៀបចំការបោះឆ្នោតនាពេលខាងមុខ។ លោកស្រីបន្ថែមថា អ្នកស្រី ស្មីត ក៏បានលើកឡើងពីការស្នើឲ្យរៀបចំទីកន្លែងសម្រាប់ពលករ និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេស អាចចុះឈ្មោះ និងបោះឆ្នោតបាន។ ទោះជាយ៉ាងណាលោកស្រីថា បញ្ហារៀបចំទីតាំងបោះឆ្នោតនៅក្រៅប្រទេសនោះ ត្រូវបានប្រធាន គ.ជ.ប ច្រានចោល ដោយអះអាងថា មិនអាចធ្វើទៅបានដោយសារច្បាប់កម្ពុជាមិនបានតម្រូវ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះបន្ថែមថា អ្នកស្រីមានការយកចិត្តទុកដាក់ជាចម្បងទៅលើការបោះឆ្នោតដែលអនុលោមតាមគោលការណ៍តម្លាភាព ច្បាប់ជាតិ និងអន្តរជាតិដែលគួរឲ្យជឿទុកចិត្តបាន។
អ្នកស្រី រ៉ូណា ស្មីត បញ្ជាក់ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ៖
«ក្តីសង្ឃឹមរបស់ខ្ញុំគឺថា ពួកគេនឹងបន្តអនុវត្តច្បាប់ ហើយពួកគេនឹងបន្តកែលម្អ និងពិនិត្យមើលដំណើរការបោះឆ្នោតឡើងវិញ ដើម្បីធ្វើឲ្យប្រសើរឡើងទាំងស្រុងទៅរកការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងមានតម្លាភាពជាងមុន ដូចនឹងអ្វីដែលពួកគេបាននិងកំពុងធ្វើ»។
បានប៉ុន្មានថ្ងៃក្រោយ ពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីដើមខែមិថុនា គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ប្រកាសថា ការបោះឆ្នោតដំណើរការទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែគណបក្សប្រឆាំង ប្រកាសថា ការបោះឆ្នោតនោះធ្វើឡើងដោយមានភាពលំអៀងទៅគណបក្សកាន់អំណាច។
នាពេលនោះដែរ ក្រុមអង្គការសង្គមស៊ីវិលជាង៤០ក្នុងបន្ទប់ស្ថានការណ៍ ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបង្ហាញពីបញ្ហាមួយចំនួនដែលបានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជាបរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ វិសមភាពហិរញ្ញវត្ថុឃោសនាបោះឆ្នោត ការប្រើប្រាស់ធនធានរដ្ឋដែលខ្វះតម្លាភាព ទីលានប្រជែងនយោបាយខ្វះសមភាព និងភាពចម្រូងចម្រាសនៃបទបញ្ញត្តិក្នុងក្របខណ្ឌច្បាប់បោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយជាដើម។
របាយការណ៍របស់បន្ទប់ស្ថានការណ៍បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានការខឹងសម្បាយ៉ាងខ្លាំង និងបានបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យពីភាពស្របច្បាប់របស់បន្ទប់ស្ថានការណ៍នាពេលនោះ។ ភ្លាមៗ ក្រសួងមហាផ្ទៃបានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ក្រុមអង្គការក្នុងបន្ទប់ស្ថានការណ៍ទាំងជាង៤០ បានធ្វើសកម្មភាពដែលមិនមានភាពអព្យាក្រឹត្យសម្រាប់គណបក្សនយោបាយ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនាថ្ងៃព្រហស្បតិ៍នេះ ថា អ្នកស្រី រ៉ូណា ស្មីត បានលើកឡើងនូវចំណុចជាច្រើនពាក់ព័ន្ធនឹងការបោះឆ្នោតចោទសួរទៅកាន់លោក ស៊ិក ប៊ុនហុក ដែលជាប្រធាន គ.ជ.ប ក្នុងជំនួបនោះ។ លោកថា ប្រធាន គ.ជ.ប បានឆ្លើយតបនឹងសំណួររបស់លោកស្រី រ៉ូណា ស្មីត ដែលបានសួរពីជនជាតិវៀតណាមចូលមកបោះឆ្នោតនៅកម្ពុជា ថា មានតែប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះ ដែលអាចបោះឆ្នោតបាន។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា ប្រធាន គ.ជ.ប បានពន្យល់ និងឆ្លើយតបទៅលោកស្រី រ៉ូណា ស្មីត គ្រប់សំណួរ និងបានអះអាងថា គ.ជ.ប បាននិងកំពុងធ្វើការងាររបស់ខ្លួន ប្រកបដោយទំនួលខុសត្រូវ និងពេញលេញ។ លោកបន្ថែមថា ដោយសារសេរីភាពនៃការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមួយចំនួនហាក់ហួសដែនកំណត់ ដូច្នេះលោកបានស្នើឲ្យអ្នកស្រី រ៉ូណា ស្មីត និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអប់រំប្រជាពលរដ្ឋកម្ពុជាឲ្យយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេឲ្យស្របតាមច្បាប់។
លោកហង្ស ពុទ្ធា មានប្រសាសន៍ក្នុងន័យដើមថា៖
«កន្លងមកការបញ្ចេញមតិនានាតែងតែធ្វើឡើងដោយខ្វះការទទួលខុសត្រូវ គិតតែពីសេរីភាព គិតតែពីសិទ្ធិ ប៉ុន្តែអត់បានគិតអំពីករណីយកិច្ចដែលខ្លួនត្រូវធ្វើ។ អញ្ចឹងហើយគឺថាយើងទាំងអស់គ្នា ទាំងលោកស្រីក៏ព្យាយាមធ្វើឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានយល់អំពីតួនាទី សិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗ។ បើធ្វើយ៉ាងនេះបានគឺ សង្គមកម្ពុជានឹងទទួលបាននូវសេចក្តីសុខដុមរមនា ទោះបីជាមានការបោះឆ្នោត មានទស្សនៈនយោបាយខុសគ្នាក៏ដោយ ប៉ុន្តែបើម្នាក់ៗគោរពសិទ្ធិគ្នា នោះកម្ពុជានឹងមានភាពសុខសាន្ត»។
អ្នកនាំពាក្យ គ.ជ.ប. រូបនេះ បន្ថែមថា ពាក់ព័ន្ធនឹងសិទ្ធិបោះឆ្នោតរបស់អ្នកគ្មានជម្រក ឬអ្នកដែលកំពុងស្នាក់នៅក្នុងវត្ត អាចចុះឈ្មោះ និងបោះឆ្នោតបាន ប៉ុន្តែលោកថា អ្នកដែលកំពុងជាប់ពិរុទ្ធមិនមានសិទ្ធិចុះឈ្មោះ និងបោះឆ្នោតនោះទេ។ ចំណែកការលើកឡើងពាក់ព័ន្ធនឹងសំណើឲ្យមានការរៀបចំការិយាល័យចុះឈ្មោះ និងបោះឆ្នោតនៅបរទេស លោក ហង្ស ពុទ្ធា ថា គ.ជ.ប មិនអាចរៀបចំបាន ដោយអះអាងថា គ.ជ.ប ធ្វើទៅតាមច្បាប់ដែលបានកំណត់ប៉ុណ្ណោះ។
ជំនួបជាមួយប្រធាន គ.ជ.ប នេះ ធ្វើឡើងមួយថ្ងៃមុនពេលអ្នកស្រី រ៉ូណា ស្មីត បញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេល១០ថ្ងៃ នៅកម្ពុជា និងបន្ទាប់ពីលោកស្រីបានជួបពិភាក្សាការងារជាមួយមន្ត្រីរដ្ឋាភិបាល មន្ត្រីបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល ហើយបានចូលសួរសុខទុក្ខអ្នកទោសក្នុងពន្ធនាគារ រួមនឹងចូលរួមការប្រារព្ធខួប១ឆ្នាំនៃការចាប់ឃុំខ្លួន តំណាងអ្នកភូមិបឹងកក់ដូចជាអ្នកស្រី ទេព វន្នី ជាដើម។
កាលពីថ្ងៃពុធ អ្នកស្រី រ៉ូណា ស្មីត បានជួបពិភាក្សាជាមួយ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច។ អ្នកស្រីបានសម្តែងការព្រួយបារម្ភអំពីមណ្ឌលព្រៃស្ពឺដែលជាកន្លែងដាក់អ្នកសុំទាន ថាមានស្ថានភាពកាន់តែអាក្រក់ជាងមុន។ អ្នកស្រីស្មីត បានស្នើទៅកាន់លោក វង សូត ឲ្យដោះលែងកុមារ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលងាយរងគ្រោះពីក្នុងមណ្ឌលដែលតែងចាក់សោពួកគេទុកមួយកន្លែងនោះ។ លោករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងបានទទួលស្គាល់ភាពខ្វះចន្លោះរបស់ខ្លួន និងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍកែលម្អមណ្ឌលមួយចំនួន ដែលក្នុងនោះមានមណ្ឌល ព្រៃស្ពឺ ផងដែរ៕