ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​អ.ស.ប​ចង់​ឃើញ​​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ថយ​ចុះ​ ខណៈ​ការ​កែទម្រង់​កំពុង​បន្ត​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា


អ្នកស្រី​ រ៉ូណា ស្មីត​ អ្នកជំនាញ​ការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ កាល​ពីថ្ងៃ​ទី​១០​​ ខែ​សីហា​ ឆ្នាំ​២០១៧ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រសួង​យុត្តិធម៌​ពីដំណើរ​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។ (ហ៊ុល រស្មី/VOA)
អ្នកស្រី​ រ៉ូណា ស្មីត​ អ្នកជំនាញ​ការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ កាល​ពីថ្ងៃ​ទី​១០​​ ខែ​សីហា​ ឆ្នាំ​២០១៧ ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅក្រសួង​យុត្តិធម៌​ពីដំណើរ​នៃ​ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅកម្ពុជា។ (ហ៊ុល រស្មី/VOA)

អ្នក​នាំពាក្យ​នៃ​ក្រសួង​យុត្តិធម៌​លោក​ជិន ម៉ាលីន​និយាយ​ថា ការណ៍​ដែល​អ្នកស្រី​រ៉ូណា ស្មីត​ចង់​ឲ្យ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​មាន​ចំនួន​តួច​ គឺ​ដោយ​មានការ​បារម្ភ​អំពី​ការ​​​កក​ស្ទះ​ ​នៅ​ក្នុង​ពន្ធនាគារ​ ដែល​អាចបង្ក​ជា​វិបត្តិ​ នៅគ្រាដែល​រដ្ឋាភិបាល​ផ្តើម​​យុទ្ធនាការ​បង្ក្រាប​ការប្រើ​ប្រាស់​ និង​ជួញដូរ​គ្រឿង​ញៀន។​

នៅ​ថ្ងៃ​ទីបី​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ អ្នកស្រី​ រ៉ូណា ស្មីត​ ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​និង​ក្រុម​មន្ត្រី​នៃ​ក្រសួង​នេះ​។ ​ក្នុង​ជំនួប​នោះ​ អ្នកស្រី​បាន​ថ្លែងចាប់​អារម្មណ៍​ចំពោះ​កំណែ​ទម្រង់​ក្នុង​ស្ថាប័ន​យុត្តិធម៌​ ​តែ​បាន​សំដែង​ក្តី​បារម្ភ​មួយចំនួន​ ពាក់​ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ និង​ការ​ដាក់​ទោស​ដ៏​ប្រល័យ ​ដោយ​ហ្វូង​មហាជន​ពោល គឺ​ការ​វាយសម្លាប់​ជន​សង្ស័យ បន្ទាប់​ពី​ហេតុការណ៍​ព្រហ្មទណ្ឌ​ជាក់​ស្តែង​ណាមួយ​បាន​កើត​ឡើង។

អ្នកស្រី រ៉ូណា ស្មីត​ (Rhona Smith)​ ​ប្រេសិត​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​បាន​កោត​សរសើរ​ដល់​កំណែទម្រង់​របស់​ក្រសួង​យុត្តិធម៌​ ​ហើយ​បាន​ស្នើ​ឲ្យ​មាន​កែទម្រង់​បន្ថែម​លើ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ ដូច​ជា​ការ​កាត់​បន្ថយ​នូវ​ចំនួន​នៃ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ និង​ការ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​ដាក់​ទោស​ដោយ​ហ្វូង​មហាជន។​ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​នាំពាក្យ​នៃ​ក្រសួង​យុត្តិធម៌​ ​លោក​ ជិន ម៉ាលីន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ការថ្លែង​របស់​លោក​ ជិន ម៉ាលីន​ ​យ៉ាង​ដូច្នេះ​ កើត​មាន​ឡើង​ ក្រោយ​ពី​ជំនួប​រយៈពេល​ជាង​១ម៉ោង រវាង​អ្នកស្រី​ ស្មីត​ ​ជា​មួយ​ក្រុម​មន្ត្រី​នៃ​ក្រសួង​យុត្តិធម៌​ និង​រដ្ឋមន្ត្រី​នៃ​ក្រសួង​នេះ​ គឺ​លោក​ អង្គ វង្សវឌ្ឍនា​ ​ដែល​បាន​ធ្វើ​ឡើង​នាថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នៅ​ក្រសួង​យុត្តិធម៌។​

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ​លោក​ ​ជិន​ ម៉ាលីន​ ​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​យ៉ាង​ដូច្នេះ៖​

«អ្វី​ដែល​ជាការ​ព្រួយ​បារម្ភ​របស់​គាត់​ គឺគាត់​ឃើញ​មានការ​ឃុំខ្លួន​បណ្តោះ​អាសន្ន​ហ្នឹង​ វាមានការ​កើន​ឡើង​ច្រើន បានន័យថា​ រឿង​ស្អី​ក៏​ឃើញថា​ មានការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​គាត់​ចង់​ឲ្យ​ មាន​ការ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ឬមួយ​ក៏​ការអនុវត្ត​ទោសហ្នឹង​ បើ​អាច​ជៀសបាន​ កុំដាក់​ពន្ធនាគារ​ អាច​ជា​ទោស​អីផ្សេង​ ដែល​ក្រៅ​ពន្ធនាគារ​ ដូច​ជា​ទោស​សហគមន៍​ ឬក៏ទោស​ជំនួស​ ឬក៏ឲ្យ​ក្រៅ​ឃុំ​ស្ថិត​នៅក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ»។​

លោកបន្តថា​ ការណ៍​ដែល​អ្នកស្រី​ ចង់​ឲ្យ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​មាន​ចំនួន​តួច​ គឺ​ដោយ​មានការ​បារម្ភ​អំពី​ការ​កក​ស្ទះ​ ​នៅ​ក្នុង​ពន្ធនាគារ​ ដែល​អាចបង្ក​ជា​វិបត្តិ​ នៅគ្រាដែល​រដ្ឋាភិបាល​ផ្តើមយុទ្ធនាការ​បង្ក្រាប​ការប្រើ​ប្រាស់​ និង​ជួញដូរ​គ្រឿង​ញៀន។​

លោក​ ជិន ម៉ាលីន​ ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ រដ្ឋាភិបាល​បាន​សម្រេច​យក​ខេត្តបាត់​ដំបង​ ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​ ធ្វើ​ទី​កន្លែង​សាកល្បង សម្រាប់​ដាក់​អ្នក​ទោស​នៅ​តាម​សហគមន៍​។​ នេះគឺ​មាន​ន័យ​ថា​ អ្នក​ទោស​នឹង​តម្រូវ​ឲ្យទៅធ្វើកិច្ច​ការ​នៅ​សហគមន៍​ ​ជំនួស​ឲ្យ​ការ​ស្ថិត​នៅ​ក្នុង​ពន្ធនា​គារ។​ ក៏ប៉ុន្តែ​ លោក​ថា​ ​ការណ៍នេះ​អាច​ធ្វើ​ទៅបាន​ លុះត្រាតែសាធារណជន​ ឬ​ពលរដ្ឋ​រស់​នៅ​តាម​សហគមន៍​យល់​ពីនីតិវិធី​ នៃ​ការ​ដាក់​អ្នកទោស​ទាំង​នោះ​ ​ដើម្បី​បញ្ចៀស​ការ​វាយសម្លាប់​ដោយ​ហ្វូង​មហាជន​ ​ដែល​ជានិន្នាការ​មួយកំពុង​កើត​ឡើង​ និង​បង្កក្តីបារម្ភ​ដល់​ពលរដ្ឋ​កម្ពុជា។​ ​

«ទីមួយ​គឺ​គម្រោង​សាកល្បង​ នៃការ​អនុវត្ត​ទោស​ក្រៅពន្ធនាគារ។ ទីពីរ​ គឺការ​ផ្សព្វផ្សាយ​អប់​រំ​ ដល់​សាធារណ​ជន​ឲ្យ​គាត់យល់​ ​ហើយ​ខាង​ UN​ គេនឹង​ជួយគាំទ្រ​ក្នុងការ​ផ្សព្វ​ផ្សាយ​ ការ​អប់រំ​ហ្នឹង​តាម​រយៈ​ sport ពាណិជ្ជកម្ម​ តាម​រយៈ​កម្មវិធី​សិក្សា តាមរយៈហ្វេសប៊ុក​អី​ គ្រប់​មធ្យោបាយ​ទាំង​អស់​ ដែល​អាច​ជ្រាប​ទៅដល់​សាធារណជន​ ​អាច​យល់​បាន​ច្បាស់​ ពីបញ្ហាហ្នឹង​ យើងមិន​អាចអនុវត្តន៍គម្រោង​សាកល្បង​ ដោយ​មិន​មាន​ការ​អប់រំ​ ការផ្សព្វផ្សាយ​បាន​ទេ»។​

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ អង្គ​ វង្ស​វឌ្ឍនា​ (អង្គុយនៅកណ្តាល)​ ជួបពិភាក្សា​ការងារ​ជាមួយ​អ្នកស្រី​ រ៉ូណា ស្មីត​ អ្នកជំនាញ​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ កាលពីថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០១៧​ នៅ​ក្រសួង​យុត្តិធម៌​ រាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ លោក​ អង្គ​ វង្ស​វឌ្ឍនា​ (អង្គុយនៅកណ្តាល)​ ជួបពិភាក្សា​ការងារ​ជាមួយ​អ្នកស្រី​ រ៉ូណា ស្មីត​ អ្នកជំនាញ​ការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ កាលពីថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០១៧​ នៅ​ក្រសួង​យុត្តិធម៌​ រាជធានីភ្នំពេញ។ (ហ៊ុល រស្មី/VOA)

អ្នកស្រី ស្មីត​ ​អ្នកជំនាញការ​របស់​ អ.ស.ប.​ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ចាប់ផ្តើមទស្សនកិច្ច​របស់​អ្នក​ស្រី​កាលពីថ្ងៃ​អង្គារ​ ដោយបាន​ជួបជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទទួលបន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា​។ ហើយ​កាលពី​ម្សិលមិញ​នេះ អ្នកស្រីក៏បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​សហជីព​ផងដែរ។ ទស្សនកិច្ច​របស់​អ្នកស្រីដែលនឹង​ពិនិត្យមើល​សិទ្ធិ​កុមារ​ និង​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ​នេះ​ គ្រោង​នឹង​បញ្ចប់​នៅថ្ងៃ​ទី​១៨​ ខែ​សីហា​ខាងមុខនេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១០ថ្ងៃ​នេះ​ អ្នកស្រីក៏​គ្រោងនឹង​ជួប​ជាមួយ​នឹង​មន្រ្តីរដ្ឋាភិបាល​សំខាន់​ៗ​មួយ​ចំនួនទៀត។​

អ្នក​នាំពាក្យ​នៃ​ក្រសួង​យុត្តិធម៌ លោក​ ជិន ម៉ាលីន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​កិច្ច​ពិភាក្សា​រវាង​អ្នក​ស្រីស្មីត​និងរដ្ឋមន្ត្រី​នៃក្រសួង​យុត្តិធម៌​ ​ពុំមាន​ការ​លើក​ឡើង​ពី​បញ្ហា​នយោបាយ​នោះ​ទេ​ ​គឺ​កិច្ច​ពិភាក្សា​នោះ​ផ្តោត​ជា​ចម្បង​លើ​ទិដ្ឋភាព​បចេ្ចក​ទេស​នៃ​ការ​កែទម្រង់​ក្នុង​វិស័យ​ច្បាប់។​ ​លោក​អះ​អាងថា អ្នករាយការណ៍​របស់​ អ.ស.ប​. ក៏មិនបាន​ប្រើសិទិ្ធ​អំណាច មក​ដាក់​សម្ពាធលើ​ក្រសួង​យុត្តិធម៌​ ឲ្យ​សម្រេច​កិច្ចការ​អ្វីដែល​ខ្លួន​ចង់បាននោះឡើយ។​

​អ្នក​នាំពាក្យ​រូប​នេះ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ក្រសួង​កំពុង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​ និង​ទិន្នន័យ​ ដើម្បី​ចុះ​បញ្ជី​រឿង​ក្តី​ និង​គ្រប់​គ្រង​សំណុំរឿង​ក្តី។​ ​លោក​ថា​ ទំនើបកម្ម​ដែល​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ពីដៃគូអភិវឌ្ឍ​ និង​អង្គការ​សហ​ប្រជាជាតិ​នេះ​ នឹងពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​យុត្តិធម៌ ​ហើយ​កម្មវិធី​នេះ​ទៀត​សោតន៍​កំពុង​សិ្ថត​ក្នុង​ដំណាក់​កាល​នៃ​ការ​សាកល្បង​ជាមួយ​តុលាការ​ចំនួន​១២ក្នុង​ប្រទេស។

ជាង​នេះ​ទៅ​ទៀត​ ជា​ផ្នែក​មួយ​នៃ​ការ​បង្កើនការ​យល់​ដឹង​ពីវិស័យ​យុត្តិធម៌នៅ​កម្ពុជា​ លោក​ ជិន ​ម៉ាលីន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រសួងយុត្តិធម៌កំពុង​រៀប​ចំ​បង្កើត​បណ្ណាល័យ​អេឡិចត្រូនិក​ ឬ​ E-library​។​ លោក​ថា​ ​បណ្ណាល័យ​នេះ​ នឹង​ធ្វើការ​ចងក្រង​ឯកសារ​ច្បាប់​នានា​ សម្រាប់​ជាជំនួយ​ដល់​ចៅក្រម​ និងព្រះរាជអាជ្ញា​ ក្នុងការ​សម្រេច​សេចក្តី​ ក៏ដូច​ជាការផ្សព្វ​ផ្សាយសាលក្រម​ សាលដីកា​ និង​សេចក្តី​សម្រេច​របស់​តុលាការ​ដល់​សាធារណជន។

ក្រោយ​ជំនួប​ជា​មួយ​លោក​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ ​អង្គ វង្សវឌ្ឍនា​ ​និង​ក្រុម​មន្ត្រី​របស់​លោក អ្នកស្រី​ ស្មីត បាន​ប្រាប់​ អ្នក​សារព័ត៌មាន​ទាំង​ប្រញាប់​ប្រញាល់​ថា​ ជំនួប​អ្នក​ស្រី​ជាមួយ​មេដឹកនាំ​ ​និងក្រុម​មន្ត្រីនៃ​វិស័យយុត្តិធម៌​ នេះ​មាន​លក្ខណៈវិជ្ជ​មាន​ច្រើន។ ​ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា​ អ្នកស្រី​បាន​ទទួល​នូវ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សង្ខេប​ជាច្រើន​ អំពី​ការ​វិវត្ត​រយៈពេល​៣ខែ​ចុងក្រោយ​នេះ​ ក្នុង​វិស័យ​យុត្តិធម៌​ ដែល​អ្នក​ស្រី​យល់​ថា​ កំពុងស្ថិត​នៅ​ក្នុង​ក្តី​បារម្ភ​ច្រើន​នៅ​ឡើយ។​

«​ខ្ញុំគិតថា​ មាន​ក្តី​បារម្ភ​ជាច្រើន​ រួមជាមួយ​នឹង​ដំណើរការ​នៃកំណែទម្រង់​ និង​អ្វីដែល​កំពុង​កើត​ឡើង​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​នា​ពេល​បច្ចុប្បន្ន។​ ខ្ញុំ​ទទួលបាន​ព័ត៌មាន​ត្រួសៗ​ អំពីអ្វី​ដែលបាន​កើត​ឡើង​នា​ពេលថ្មី​ៗ​នេះ​ ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ ហើយ​និង​ការ​រីកចម្រើន​របស់​ក្រសួង​ក្នុង​កិច្ច​ការ​របស់​ខ្លួន​ ជាពិសេស​គឺ ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ និង​ជម្រើស​នៃ​ដំណោះស្រាយ​វិវាទ​ ក៏ដូច​ជា​ជម្រើស​ក្នុង​ការ​ឃុំខ្លួន»។​

ថ្វី​ដ្បិត​តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ពី​កំណែ​ទម្រង់​នានា​ និង​ផែនការ​ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​វិស័យ​យុត្តិធម៌​របស់​ប្រទេស​កម្ពុជា​ ក៏​វិស័យនេះ​នៅស្ថិត​ក្រោមការ​ឃ្លាំមើល​របស់​អង្គការ​សង្គមស៊ីវិល​ ក្នុង​ស្រុក​ និង​ក្រៅប្រទេស​ ដែល​ធ្វើ​ការ​លើ​ការ​ពង្រឹង​វិស័យ​យុត្តិធម៌​នេះ។​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​ ២០១៧​នេះ​ អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ពីអ្វី​ដែល​ខ្លួន​ហៅ​ថា «ប្រព័ន្ធ​តុលាការ​នៃ​ភាព​អយុត្តិធម៌» នៅ​កម្ពុជា​ ដែល​បាន​វាយប្រហារ​លើ​ក្រុម​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​រដ្ឋាភិបាល។

របាយ​ការណ៍​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៣០​ ខែ​ឧសភា ​បាន​ឲ្យដឹង​ថា​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​សាកល​លើក​ចុង​ក្រោយ ​នា​ខែ​កក្កដា​ ឆ្នាំ​២០១៣​ ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​កម្ពុជា​ហាក់​ដូចជា​វាយប្រហារ​ជា​ប្រព័ន្ធ​មក​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​សកម្មជន​នយោបាយ​ប្រឆាំង​ជាច្រើន​រូប​ដែល​ពេលនេះ​កំពុង​ជាប់ក្នុង​មន្ទីរឃុំ​ឃាំង​ និង​គ្មាន​តម្រុយ​នៃ​សេរីភាព៕

XS
SM
MD
LG