ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​ ​អ្នក​ស្រីស្មីត​ ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ក្នុង​តំបន់​បឹងកក់​ ​និង​ចាត់​ទុក​ករណី​ក្តីក្តាំ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជា ​បញ្ហា​អាទិភាព


អ្នកស្រី​ រ៉ូណា ស្មីត​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ ជួប​កូនស្រី​ អ្នកស្រី​ ទេព វន្នី​ ក្នុងពិធីសាសនា​ ប្រារព្ធ​ខួប​មួយឆ្នាំនៃការ​ឃុំខ្លួន​អ្នកស្រី​ ទេព វន្នី ដែល​រៀប​ចំឡើង​នៅតំបន់​បឹង​កក់​ កាលពីថ្ងៃ​ ១៥​ ខែ សីហា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)
អ្នកស្រី​ រ៉ូណា ស្មីត​ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ ជួប​កូនស្រី​ អ្នកស្រី​ ទេព វន្នី​ ក្នុងពិធីសាសនា​ ប្រារព្ធ​ខួប​មួយឆ្នាំនៃការ​ឃុំខ្លួន​អ្នកស្រី​ ទេព វន្នី ដែល​រៀប​ចំឡើង​នៅតំបន់​បឹង​កក់​ កាលពីថ្ងៃ​ ១៥​ ខែ សីហា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)

មុន​មួយថ្ងៃ​នៃខួបមួយឆ្នាំនៃការ​ឃុំខ្លួន​យ៉ាងអយុត្តិធម៌​លើ​អ្នកស្រី​ ទេព វន្នី​ ក្រុមអង្គការ​សង្គមស៊ីវិល​ចំនួន ៦៤​ បានចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ សំដែងការ​ខកចិត្ត​ចំពោះ​ការ​បន្តឃុំ​ខ្លួន​របស់​អ្នកស្រី​ ទេព វន្នី​ និង​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​រូប​នេះ​ឲ្យ​មាន​សេរីភាព​វិញ។​

​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ្នកស្រី​ រ៉ូណា ស្មីត​ ​បាន​ផ្តល់​អាទិភាព​លើ​បញ្ហា​ក្តីក្តាំ​របស់​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​ការ​ឃុំខ្លួន​អ្នកស្រី​ ​ទេព វន្នី​ ក្នុង​បេសក​កម្ម​របស់​អ្នកស្រី​រយៈ​ពេល​ ១០ថ្ងៃនៅ​កម្ពុជា។​ ​នេះបើតាម​ការអះអាង​ របស់​មន្ត្រី​សិទ្ធិ​មនុស្ស។​

អ្នកស្រី​ វ៉ាន់​ ហេលី​ (Wan-Hea Lee)​ ​តំណាង​ការិយាល័យ​ឧត្តមស្នង​ការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR)​បាន​បញ្ជាក់​ ប្រាប់​ ​VOA​ ​តាមសារ​អេឡិចត្រូនិក​ ឬ​ Email​ ​កាល​ពី​យប់​ថ្ងៃចន្ទថា​ ការិយាល័យសិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ប្រចាំនៅកម្ពុជា​ ​បាន​ទទួល​ញត្តិ​ពីក្រុម​សកម្ម​ជន​ និង​ប្រជាពល​រដ្ឋ​នៅ​តំបន់​បឹង​កក់​កាល​ពី​ព្រឹកថ្ងៃចន្ទ​ និង​កាល​ពី​ប៉ុន្មានថ្ងៃមុន​ ​ដោយ​បាន​ស្នើ​ឲ្យ​ អ្នក​ស្រី​ ស្មីត​ យក​រឿង​ក្តី​ប្រឆាំង​នឹង​អ្នក​ស្រី​ ទេព វន្នី​ និង​អ្នក​ការពារ​សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ ជា​បញ្ហា​អាទិភាព។​

អ្នកស្រី​លី​ បាន​សរសេរ​តាម​សាអេឡិច​ត្រូ​និក​ ឬ​ ​email​ ​ក្នុងន័យដើមថា​៖​

«​បញ្ហា​អ្នកស្រី​ ទេព វន្នី​ និង​រាល់​ករណី​ផ្សេងទៀត​ ដែល​ធ្វើឡើង​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្សសម្រាប់​កិច្ចការពារ​ដោយ​ស្របច្បាប់​ និង​ការ​អនុវត្តសិទ្ធិមនុស្ស​ គឺជា​ចំណុច​អាទិភាព​សម្រាប់​អ្នក​រាយការណ៍​ពិសេស និង​ការិយាល័យ​ឧត្តមស្នការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ហើយ​ដែលត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជាប្រចាំ​ជាមួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​នានា»។

កាលពីថ្ងៃ​ទី​ ១៥​ ខែ សីហា​ ឆ្នាំ​ ២០១៧​ ប្រជាពលរដ្ឋ​នៅតំបន់​បឹង​កក់​ ធ្វើ​ពិធីសាសនា​ ប្រារព្ធ​ខួប​មួយឆ្នាំនៃការ​ឃុំខ្លួន​អ្នកស្រី​ ទេព វន្នី​។ (ហ៊ុល រស្មី/VOA)
កាលពីថ្ងៃ​ទី​ ១៥​ ខែ សីហា​ ឆ្នាំ​ ២០១៧​ ប្រជាពលរដ្ឋ​នៅតំបន់​បឹង​កក់​ ធ្វើ​ពិធីសាសនា​ ប្រារព្ធ​ខួប​មួយឆ្នាំនៃការ​ឃុំខ្លួន​អ្នកស្រី​ ទេព វន្នី​។ (ហ៊ុល រស្មី/VOA)

អធិប្បាយ​របស់​អ្នកស្រី​ វ៉ាន់ ហេលី​ ​កើត​មាន​មុន​មួយ​ថ្ងៃ​នៃ​ការបន្តដាក់​ញត្តិរបស់​សកម្មជន​ដីធ្លី​ និង​ប្រជាពល​រដ្ឋ​នៅតំបន់​បឹង​កក់​ ​ទៅ​កាន់​បណ្តា​ស្ថានទូត​នៃប្រទេស​មហា​អំណាច​ចំនួន​ ៨​ ប្រចាំ​នៅកម្ពុជា។​ កា​រ​ដាក់​ញត្តិនេះ មានគោល​បំណង​ជាចម្បង​ ក្នុងការ​សុំកិច្ច​អន្តរាគមន៍​ ឲ្យពិនិត្យ​លើ​ដំណើរ​ការ​កាត់​ទោស​យ៉ាងអយុត្តិធម៌​ មកលើ​អ្នកស្រី​ ​ទេព វន្នី​ និង​ការ​បន្ត​យាយី​របស់​អាជ្ញាធរ​មក​លើ​ប្រជាពលរដ្ឋ​ក្នុង​ការ​សំដែង​មតិ។​

កញ្ញា​ សុង​ ស្រីលាភ​ ​សកម្មជន​សិទ្ធិ​ដីធ្លី​នៅក្នុង​សហគមន៍​បឹង​កក់​ បាន​ប្រាប់​ VOA ​នៅថ្ងៃអង្គារ​នេះ​ថា៖​

«នៅ​ក្នុងការ​ដាក់​ញត្តិ​ទៅកាន់​ ​ទូតធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺជូន​ដំណឹង​ទៅគាត់​រម្លឹកនៃ​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយឆ្នាំ​របស់​អ្នកស្រី​ ទេព វន្នី​ និង​សុំ​ឲ្យគាត់​ជួយ​ស្វែងរក​យុត្តិធម៌​សម្រាប់​គាត់​ ដើម្បី​ឲ្យ​មាន​សេរីភាព​មកវិញ​ ហើយ​និង​ការ​ពិនិត្យ​នៃសិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា»។​

​កាលពី​សប្តាហ៍​មុន​សាលា​ឧទ្ធរណ៍​ បាន​សម្រេច​តម្កល់​សាលក្រមតុលាការ​រាជធានី​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​អ្នកស្រី​ ទេព វន្នី​ ជា​សកម្មជន​ការពារ​សិទ្ធិ​លំនៅដ្ឋាន​នៅ​សហគមន៍​បឹងកក់​ និង​ជា​ម្ចាស់ជ័យ​លាភី​រង្វាន់​ស្ត្រី​ជា​អ្នក​ដឹក​នាំ​របស់​អង្គការ​ Vital Voices រយៈពេល​ ​៣០ខែ​ ​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​កាល​ពីឆ្នាំ​ ២០១៣។​

មុន​មួយថ្ងៃ​នៃខួបមួយឆ្នាំនៃការ​ឃុំខ្លួន​យ៉ាងអយុត្តិធម៌​លើ​អ្នកស្រី​ ទេព វន្នី​ ក្រុមអង្គការ​សង្គមស៊ីវិល​ចំនួន ៦៤​ បានចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​ សំដែងការ​ខកចិត្ត​ចំពោះ​ការ​បន្តឃុំ​ខ្លួន​របស់​អ្នកស្រី​ ទេព វន្នី​ និង​ស្នើ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​រូប​នេះ​ឲ្យ​មាន​សេរីភាព​វិញ។​

ការអុជទៀន​រំឭកដល់​ខួប​មួយឆ្នាំនៃ​ការ​ឃុំ​ខ្លួនអ្នកស្រី​ ទេព វន្នី ដែល​ធ្វើឡើង​ នៅតំបន់​បឹង​កក់​ កាលពីថ្ងៃ​ ១៥​ ខែ សីហា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)
ការអុជទៀន​រំឭកដល់​ខួប​មួយឆ្នាំនៃ​ការ​ឃុំ​ខ្លួនអ្នកស្រី​ ទេព វន្នី ដែល​ធ្វើឡើង​ នៅតំបន់​បឹង​កក់​ កាលពីថ្ងៃ​ ១៥​ ខែ សីហា​ ឆ្នាំ​ ២០១៧​។ (ហ៊ុល រស្មី/VOA)

​សេចក្តី​ថ្លែង​ការណ៍​រួម​ចុះ​ថ្ងៃទី​ ១៤​ ខែ​សីហា​ ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«យើង​ខ្ញុំ​សូមស្នើ​ឲ្យ​អាជ្ញាធរ​បដិសេធ​សេចក្តីស​ម្រេច​ផ្តន្ទាទោស​លើ​អ្នកស្រី​ ព្រមទាំង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ដែលមានចរិត​លក្ខណៈនយោបាយ​ និងពុំមានភស្តុតាង​ជាក់​លាក់​ណាមួយ​ ដែល​កើត​មាន​ជា​បន្ត​បន្ទាប់​មក​លើ​អ្នកស្រី​ និង​ស្នើ​ឲ្យដោះលែង​អ្នកស្រី​ឲ្យមាន​សេរីភាព​វិញ»។​

ក្នុង​ថ្ងៃ​ប្រារព្វ​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឃុំខ្លួន​អ្នក​ស្រី​ ទេព វន្នី​ ក្រុម​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​បឹងកក់​ ​បាន​រៀបចំធ្វើ​ពិធី​សាសនា​ ​បន់ស្រន់​ឲ្យ​មាន​ការ​ដោះ​លែង​អ្នកស្រី​ ​ទេព វន្នី​ នៅ​ក្នុង​ទឹកដី​ដែល​សកម្ម​ជន​ការពារ​សិទ្ធិ​លំនៅ​ដ្ឋាន​រូប​នេះបាន​ផ្តើម​ការ​តស៊ូ​ ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​លំនៅដ្ឋាន។​

​អ្នកស្រី​ ស្មីត​ ​អ្នក​ជំនាញការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ​ក៏​បានចូល​រួម​នៅក្នុង​ពិធី​នោះ​ផងដែរ។​ អ្នកស្រី ស្មីត​ បាន​បញ្ជាក់​ប្រាប់​កូនស្រី​អ្នកស្រី​ ​ទេព វន្នី​ និង​សកម្មជនដីធ្លី​នៅតំបន់​បឹង​កក់​ថា​ អ្នកស្រី​កំពុង​តាម​ដាន​រឿង​នេះ​យ៉ាង​ល្អិតល្អន់។​

«បាទអញ្ចឹង​គាត់​នៅ​តែ​តាមដាន​ លើករណី​របស់​ ទេព វន្នី​ហ្នឹង​ យ៉ាង​ដិតដល់​ ទាក់ទង​នឹង​លិខិត​ ឬក៏​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ទៅលើ​ករណី​ហ្នឹង​»។

អ្នកស្រី​ ស្មីត​ បាន​ផ្តើម​កិច្ច​បេសក​កម្ម​នៅ​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី​ ៨ ​ខែ​សីហា​ ឆ្នាំ​ ២០១៧​ ​ដោយ​បាន​ជួប​ជា​មួយ​មន្ត្រី​រដ្ឋា​ភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក្រុម​មន្ត្រី​ និង​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ មេដឹកនាំ​សហជីព​ និង​មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។ ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​១០​ថ្ងៃ​របស់​ ​ប្រេសិត​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រូប​នេះ​ ​នឹង​បញ្ចប់ទៅនា​ថ្ងៃ​ ​សុក្រ​ខាង​មុខ៕​

XS
SM
MD
LG