ឧត្តមស្នងការសិទ្ធិមនុស្សអ.ស.ប.គឺលោកZeid Ra’Ad Al Hussein បានរិះគន់រដ្ឋាភិបាលកម្ពុជាចំពោះការចាប់ខ្លួនលោក កឹម សុខា ជាមេដឹកនាំគណបក្សសង្គ្រោះជាតិនិងជាអ្នកតំណាងរាស្ត្រដោយអះអាងថា នេះជាការរំលោភលើច្បាប់និងអភ័យឯកសិទ្ធិសភា។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃនេះ លោក Zeid Ra’ Ad Al Hussein បានបញ្ជាក់តាមប្រសាសន៍ដើមថា៖
«ខ្ញុំមានកង្វល់យ៉ាងខ្លាំងចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងកម្ពុជាគឺ លោក កឹម សុខា ដែលទំនងជាត្រូវបានអនុវត្តន៍ដោយមិនមានការគោរពចំពោះការធានាតាមនីតិវិធីត្រឹមត្រូវ រាប់ទាំងការមិនគោរពចំពោះអភ័យឯកសិទ្ធិសភារបស់លោកផង»។
សេចក្តីថ្លែងការណ៍នោះក៏បានបង្ហាញពីក្តីបារម្ភចំពោះអត្ថាធិប្បាយជាសាធារណៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនអំពីពិរុទ្ធភាព ឬ កំណត់ទោសរបស់លោក កឹម សុខាមុនការកាត់ទោស ដែលនេះជាការបំពានទៅលើការសន្មត់ជាមុនថាគ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌ ដែលលោកកឹម សុខាមានសិទ្ធិទទួលបានក្រោមច្បាប់សិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖ «ការចាប់ខ្លួនលោកកឹម សុខានេះគឺជារឿងគួរឲ្យព្រួយបារម្ភថែមទៀត ព្រោះថាការចាប់ខ្លួននេះកើតមានចំពេលមានវិធានការណ៍ថ្មីៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។ វិធានការណ៍ទាំងនេះបាននាំឲ្យមានការបិទអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយ (NDI) ហើយបានតម្រង់គោលដៅទៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានា ដែលរួមមានស្ថាននីយ៍វិទ្យុជាច្រើន និងកាសែតឯករាជ្យដ៏ធំមួយដែលចុះផ្សាយជាភាសាអង់គ្លេសគឺកាសែត The Cambodia Daily ដែលពេលនេះត្រូវបានបង្ខំឲ្យបញ្ឈប់ការបោះពុម្ភ បន្ទាប់ពីកាសែតនេះបានប្រតិបត្តិការអស់រយៈពេលជាង២៤ឆ្នាំមកហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយភ្លាមៗក្រោយការចាប់ខ្លួន លោក កឹម សុខា ឱ្យដឹងថា វីដេអូខ្លីមួយដែលចែកចាយតាមបណ្តាញសង្គម និងភស្តុតាងប្រមូលបានដោយសម្ថកិច្ច បញ្ជាក់ថា លោក កឹម សុខា បានរៀបចំផែនការសម្ងាត់ ឃុបឃិតគ្នាជាមួយបក្ខពួកបរទេសដែលនេះ គឺជាអំពើចារកម្ម ក្បត់ជាតិ តាមបញ្ញាត្តិច្បាប់ ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជាដដែលអំពាវនាវឱ្យមានការស្ងៀមស្ងាត់និងទុកករណីនេះជូនតុលាការកម្ពុជាដើម្បីបន្តនីតិវិធីរបស់ខ្លួន។
យ៉ាងណាក៏ដោយសេចក្តីប្រកាសព័ត៌មានរបស់មន្ត្រីកំពូលអ.ស.ប.ផ្នែកសិទ្ធិមនុស្សនេះគឺកើតឡើងក្រោយពេលមួយថ្ងៃដែលស.រ.អា.និងសហភាពអឺរ៉ុបបានប្រតិកម្មនឹងការចាប់ខ្លួនលោក កឹម សុខា ហើយសុំឲ្យមានការដោះលែងជាបន្ទាន់៕