ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ៊ុន សែន ព្រមាន​រំលាយ​បក្ស​ប្រឆាំង​ថែម​ទៀត បើ​បក្ស​នេះ​ហ៊ាន​ចេញ​មុខ​ការពារ​មេ​របស់​ខ្លួន


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សារ​ព្រមាន​ធ្ងន់ៗ អំពី​លទ្ធភាព​នៃ​ការ​រំលាយ​ចោល​គណបក្ស​នយោបាយ ដែល​ហ៊ាន​ចេញ​មុខ​ការពារ​មេដឹកនាំ​របស់​ខ្លួន ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ក្រោម​បទ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ «ក្បត់ជាតិ»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​ខ្លាំងៗ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល ប្រសិន​បើ​គណបក្ស​នេះ ចេញ​មុន​មក​ការពារ​ប្រធាន​របស់​ខ្លួន​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នោះ។

ការ​ថ្លែង​ព្រមាន​របស់​លោក​ ហ៊ុន សែន ​បែប​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក​ជួប​សំណេះសំណាល​ជាមួយកម្មករ ​និង​កម្មការិនី​រោងចក្រ​កាត់ដេរ​ជា​ច្រើន​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​គឺ​លោក​ កឹម សុខា ត្រូវ​បាន​ចាប់ខ្លួន​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ កាល​ពី​រំលង​អធ្រាត្រ​ ថ្ងៃ​ទី២​ ឈាន​ចូល​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា​នេះ។

«បើ​សិន​ជា​បក្ស​ចេញ​មុខ មក​ការពារ​បុគ្គល​ធ្វើ​ខុសច្បាប់ បក្ស​ក៏​ប្រឈម​មុខ​ជាមួយ​នឹង​ការ​ត្រូវ​រំលាយ​ចោល​ដែរ»។

រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា ការ​ចាប់ខ្លួន​លោក កឹម សុខា ទាំង​រំលង​អធ្រាត្រ​នេះ គឺ​អនុលោម​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​របស់​កម្ពុជា ដោយសារ​អាជ្ញាធរ​បាន​រក​ឃើញ​ភស្តុតាង​នៃ​បទល្មើស​ជាក់​ស្ដែង​អំពី​អ្វី​មួយ​ដែល​អាជ្ញាធរ​ហៅ​ថា​ជា​«ផែនការ​សម្ងាត់​នៃ​ការ​ឃុបឃិត​គ្នា»​រវាង​លោក កឹម សុខា និង​បក្សពួក​ជាមួយ​បរទេស។

រដ្ឋាភិបាល បាន​ភ្ជាប់​ក្លិប​វីដេអូ​មួយ ដែល​បង្ហាញ​លោក កឹម សុខា ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​នៅ​ប្រទេស​អូស្ត្រាលី អំពី​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រឆាំង ក្នុង​ការ​ដណ្ដើម​ជ័យជម្នះ​ពី​បក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​ ប៉ុន្តែ​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ចាត់​ទុក​ការ​ថ្លែង​សារ​នយោបាយ​និង​ទង្វើ​របស់​លោក​ កឹម សុខា​ នោះ​ថា​ជា «អំពើ​ក្បត់​ជាតិ» ដោយ​មាន​បរទេស​ជួយ​ពី​ក្រោយ។

«កុំ​ថា​ប្រទេស​នេះ​ផ្ដាច់ការ​ណា។ រដ្ឋ​អធិបតេយ្យ​មួយ មិន​អាច​ឲ្យ​បរទេស​មក​ធ្វើ​របៀប​នេះ​បាន​ទេ។ នេះ​ជា​អំពើ​ក្បត់ជាតិ លក់​ផល​ប្រយោជន៍​ជាតិ ឲ្យ​បរទេស គ្រាន់តែ​ដើម្បី​ផ្ដួល​រំលំ​ និង​ឡើង​កាន់​អំណាច​ខ្លួន​ឯង»។

ការ​ព្រមាន​រំលាយ​បក្ស​ប្រឆាំង​ថែម​ទៀត ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​មេ​បក្ស​នេះ​ កើតឡើង បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាត់​វិធានការ​រឹត​បន្តឹង​ជា​បន្តបន្ទាប់​ទៅ​លើ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។

ក្នុង​នោះ រដ្ឋាភិបាល បាន​សម្រេច​បិទ​ការិយាល័យ​តំណាង​របស់​អង្គការ​អន្តរជាតិ NDI ​នៅ​កម្ពុជា​និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​កម្ពុជា ហើយ​ក៏​បាន​ព្រមាន​បិទ​កាសែត The Cambodia Daily ប្រសិន​បើ​កាសែត​នេះ មិន​ព្រម​បង់​ពន្ធ​ជូន​រដ្ឋ​នូវ​ទឹក​ប្រាក់​ចំនួន​ជាង​៦​លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​ អះអាង​ថា កាសែត​នេះ​ បាន​ជំពាក់​រដ្ឋ។

រដ្ឋាភិបាល​ ក៏​បាន​បង្គាប់​ឲ្យ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក ដែល​ផ្សាយ​បន្ត​ឬ​ផ្សាយ​ឡើង​វិញ​នូវ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី បញ្ឈប់​ការ​ចាក់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​ទាំង​ពីរ​នេះ​ ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​រដ្ឋាភិបាល​អាមេរិក​ផង​ដែរ។

​លោក​ ហ៊ុន សែន​ ថ្លែង​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កម្ពុជា ជាន់​ដាន​ប្រវត្តិសាស្ត្រ​កាល​ពី​សម័យ​លន់ នល់។

«អាមេរិកាំង​ធ្លាប់​ធ្វើ​រឿង​នេះ​ជាមួយ លន់ នល់។ ឥឡូវ អាមេរិកាំង ក៏​ធ្វើ​រឿង​នេះ​ជាមួយ​ កឹម សុខា»។

លោក​ ហ៊ុន សែន​ ក៏​បាន​ថ្លែង​ព្រមាន​សហរដ្ឋ​អាមេរិក កុំ​ឲ្យ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​សហគមន៍​ជាតិ​និង​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ​វិញ «ជា​បន្ទាន់​និង​ដោយ​ឥត​លក្ខខណ្ឌ» ដើម្បី​ធានា​ថា​ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ នឹង​មាន​ភាព​គួរ​ឲ្យ​ជឿជាក់​ និង​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG