ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​បង្ហាញ​ក្តី​បារម្ភ​ពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​ក្នុង​ប្រទេស​កម្ពុជា​​ ក្រោយ​ការ​ចាប់​ខ្លួន​ ​លោក​ ​កឹម សុខា


ពលរដ្ឋ​កម្ពុជាម្នាក់កំពុងអានកាសែត រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)
ពលរដ្ឋ​កម្ពុជាម្នាក់កំពុងអានកាសែត រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

ខណៈ​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​រងការ​ឃុំ​ខ្លួន ប្រជា​ពល​រដ្ឋ​កម្ពុជា​ ដែល​ ​VOA​ ​បានជួប​សម្ភាសន៍​បង្ហាញទស្សនៈ​ផ្សេងៗ​គ្នា​អំពី​ស្ថាន​ភាព​ចម្រូងចម្រាស ផ្នែកនយោបាយ​នៅ​កម្ពុជា។​

តាម​ដង​វិថី​នៃ​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​អាទិត្យ​នេះ​ មាន​សភាព​ស្ងប់ស្ងាត់​ដូច​សព្វមួយ​ដង​ ​ ក៏ប៉ុន្តែ​គេ​ឃើញ​មាន​ការ​ជជែក​គ្នាយ៉ាង​សកម្ម​អំពី​ការចាប់​ខ្លួន​លោក​ ​កឹម សុខាតាម​ទីប្រជុំ​ជន​មួយចំនួន​នៅទីក្រុង​ភ្នំពេញ ពិសេស​តាមហាង​កាហ្វេ។​

​នៅ​ក្នុង​ទាម​កាហ្វេ​មួយ​ក្នុង​រាជធានី​ភ្នំពេញ លោក​ ដារ៉ា វ័យ​៥៦​ ​ដែល​សុំ​មិន​បញ្ចេញ​នាម​ត្រកូល​ ដោយ​បារម្ភ​អំពី​សុវត្ថិ​ភាព​ផ្ទាល់ខ្លួន។​ ​លោក​ប្រាប់​ ​VOAថា​ លោក​ ​ពុំ​យល់​ស្រប ហេតុផល​ ដែល​ថា​ ការ​ចាប់ខ្លួន​លោក​ កឹម សុខា​ គឺ​ដោយ​សារ​តែ​លោក​ ​«ក្បត់ជាតិ» ​ដូចការ​លើក​ឡើង​របស់​រាជ​រដ្ឋាភិបាល​នោះទេ។ ​

«នេះ​គេហៅ​ថា​ចាប់ទាំងកំរ៉ោល​ ដោយ​មិនមានដីកាអីច្បាស់លាស់​ត្រឹម​ត្រូវទៅតាម​បែប​ច្បាប់​ទម្លាប់អី​ពិតប្រាកដ​ទេ​។ ដូច្នេះ​ ការចាប់ខ្លួននេះ​ វា​មិនមែន​ជារឿង​ច្បាប់ទម្លាប់ទេ វា​ជារឿង​ផែនការ​របស់ បក្ស​មួយប្រឆាំង​ជាមួយ​បក្ស​មួយ​ដោយយល់ ថា​បក្ស​មួយ​ហ្នឹង​គឺត្រូវតែមាន​ជ័យជំនះនៅថ្ងៃ​ខាងមុខ»។

លោក​ កឹម​ សុខា​ ​ត្រូវបាន​ឃាត់​ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត​ថ្ងៃ​សៅរ៍​ឆ្លង​ចូលថ្ងៃ​អាទិត្យ​នេះ​ ពី​បទ​ ​«ក្បត់ជាតិ»។​ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ខៀវ​ សុភ័គ្រ​ ​បាន​ឲ្យដឹងថា លោក​ កឹម​ សុខា​ ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌលអប់រំ​កែប្រែ​ទី​៣​ (ឬ​មណ្ឌល​ត្រពាំងថ្លុង)​ ​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ ចម្ងាយ​ប្រមាណ​ ​២០០​គីឡូម៉ែត្រ​ ពីទី​ក្រុង​ភ្នំពេញ។

ការ​ចាប់​ខ្លួន​មេ​បក្ស​ជំទាស់​រូប​នេះ ​កើត​មាន​ឡើង​ជាង​ ១០​ ​ខែ​មុន​ពេលប្រទេស​ ​កម្ពុជា​ ​រៀបចំ​ដំណើរ​ការបោះឆ្នោតថ្នាក់​ជាតិ​ ដែល​ជាការជ្រើសរើស​គណ​បក្ស​កាន់​អំណាច​ដឹក​នាំ​ប្រទេស​សារ​ជា​ថ្មី។

លោក​ ​ដារ៉ា​ ​ដែល​រស់នៅ​ទីក្រុងភ្នំពេញសម្តែង​ក្តី​បារម្ភ​ ​ប្រាប់​ ​VOA​ ​អំពី​ដំណើរ​វិវត្ត​នៃ​នយោបាយ​នៅកម្ពុជា​ ដែល​លោក​យល់ថា​ មានភាព​អាថ៍កំបាំង។​

«រហូត​ដល់តែ​មេបក្ស​មួយ​ទាំងមូល​ ហើយ​ដល់​ទៅ​ចាប់​ទាំង​កណ្តាល​យប់​អញ្ចឹង​វា​ ​ យើង​អ្នក​សាមញ្ញធម្មតាក៏​យល់ថា​វា មិនមែនជា​រឿង​ច្បាប់ទម្លាប់អីនោះ​ទេ»។

លោក​ សារូ​ រិន​ វ័យ​ ៤៦​ ឆ្នាំ​ ដែល​កំពុង​ចត​ម៉ូតូ​នៅទីសារធាណៈ បាន​ឲ្យដឹងថា ការ​ចាប់​លោក​ កឹម​ សុខា ទាំងកណ្តាល​អាធាត្រ ដែល​លោកនៅ​មាន​អភ័យឯកសិទ្ធិ​ជាតំណាងរាស្ត្រ គឺជា​ការ​គំរាម​កំហែង​ដែល​រាជ​រដ្ឋា​ភិបាលរបស់​គណបក្ស​កាន់អំណាច​ គឺគណបក្ស​ប្រជាជន​កម្ពុជា​ចង់ បំបាក់ស្មារតី​របស់​អ្នក​ដែលហ៊ាន​ប្រកួតប្រជែង​នឹង​គណបក្ស​កាន់អំណាច។

«​កិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស គេថា​សេរី​ពហុ​បក្ស។ ឥលូវ​ពហុ​បក្ស​អីទៀត​? គណបក្ស​ប្រឆាំង​ (ត្រូវបាន​) បំបិទ​ហើយ ឥលូវ​ហ្នឹង​បំបិទ​ហើយ ចាប់អញ្ចឹង​គឺថា​ឲ្យ​គ្នា​បាក់ស្បាត​ អ្នកក្រោមៗ សង្ឃឹម​អីទៀត បើ​ចាប់មេ​ហើយ?»​

លោក​ បន្ត​ទៀត​ថា​ ​បើ​ពុំ​មាន​ការចូលរួម​ពីពី​សហគមន៍​អន្តរជាតិ​ ​នោះ​ការអនុវត្ត​លិទ្ធិ​ប្រជា​ធិប​តេយ្យ​នៅកម្ពុជា​នៅ​តែ​ស្រពិចស្រពិល។​

«អាហ្នឹង​មានតែអ្នក ចុះកិច្ច​ព្រម​ព្រៀង​ទីក្រុងប៉ារីស ប្រទេស​ទាំង​១៨​ហ្នឹង​មកជួយ​ រក​យុត្តិធម៌ឲ្យ​កូន​ខ្មែរ​ផង។ ខ្មែរ​យើង​មិនដឹង​សង្ឃឹមអីទៀតទេ​បើ​ (ប្រធាន)​គណបក្ស​ប្រឆាំងគេចាប់ហើយ។ ឲ្យ​គ្នា​សង្ឃឹម​អីទៀត​ ប្រជាជនហ្នឹងណា។​ បើ​បោះឆ្នោត​ក៏ដូចជាអត់មានន័យ​អីដែរ»។

​ស្រដៀង​គ្នា​នោះ​ដែរ​ ​លោក​ ព្រំ​ សូធី​ វ័យ​៦៣ ឆ្នាំ ប្រកប​របររត់​រ៉ឺម៉កកង់បី ដែលកំពុងអង្គុយ​តាម​ដានព័ត៌មាន​តាម​ទូរស័ព្ទ​ ​យល់​ថា​ នេះជា​វិធីសាស្ត្រ​ប្រកួតប្រជែង​សន្លឹក​ឆ្នោត​ដែល​គណបក្ស​កាន់អំណាច​តែង​តែអនុវត្ត។

​«ការ​ចាត់ការ​មុន​គឺថា​ដូចជា​ការគំរាម​កំហែង​ដល់​គណបក្ស​ប្រឆាំង ព្រោះថា​បើមិនគំរាម​កំហែង​គាត់​ខ្លាច​ចាញ់ឆ្នោត​ ដូច្នេះ​គាត់​ត្រូវធ្វើ​មុន​ ចាត់​ការ​មុន។​ ​កឹម​សុខា មិនអាច​ផ្តួលបាន​ព្រោះ​គាត់​គ្មាន​កម្លាំងទ័ពអីផង»។​

ប្រជាពល​រដ្ឋ​មួយ​រូប​ទៀត​ ដែល​ជា​មន្ត្រីរាជការចូលនិវត្តមានវ័យ​ ​៧០ឆ្នាំ​ សុំ​មិន​បញ្ចេញអត្ត​សញ្ញាណ​ ដោយសារ​លោក​មាន​ប្រវត្តិការងារនៅក្នុងជួររាជរដ្ឋាភិបាល​។ ​

«អញ្ចឹង​លិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ហាក់ដូចជា​មិនទាន់​ច្បាស់​លាស់​ដែល​ឲ្យប្រជាជន​ទុក​ចិត្ត​បាន​ទេ​។ មិនថា​អ្នកគាំទ្រ​ គណបក្ស​សង្គ្រោះជាតិ​ឬក៏អ្នកមិនគាំទ្រ​គណបក្ស​សង្គ្រោះជាតិទេ​ គឺគេ​ស្រលាញ់​ប្រជាធិបតេយ្យ​ និង​យុត្តិធម៌​នៅក្នុងសង្គម»។​

សេចក្តី​ថ្លែងការណ៍​រាជរដ្ឋាភិបាល​បញ្ជាក់​ថា​ ការ​ចាប់ឃាត់​ខ្លួននេះពាក់ព័ន្ធ​នឹងព័ត៌មាន​លេច​ធ្លាយ​តាម​បណ្តាញ​សារព័ត៌មាន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ថ្លែង​ពាក់ព័ន្ធ​នឹងគម្រោង​ធ្វើ​បដិវត្តន៍​ពណ៍​។

​ស្ថានភាព​នយោបាយ​កម្ពុជា​កាន់តែតាន​តឹង​ប៉ុន្មានសប្តាហ៍​ចុងក្រោយ តាំងពី​មាន​ការ​ការ​បិទ​ការិយាល័យ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ការ​គំរាម​បិទកាសែត The Cambodia Daily និង​ផ្អាក​ការផ្សាយបន្ត​កម្មវិធី​វិទ្យុអាស៊ីសេរី និង​ វិទ្យុសម្លេងសហរដ្ឋអាមេរិកVOA​ជាដើម។

លោក មាស នី​ ​អ្នក​វិភាគ​សង្គម​ ​បាន​ឲ្យដឹងថា​ក្នុងស្ថាន​ភាព​បែប​នេះ​ ​មិនមែន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ​ ​គណបក្ស​ប្រឆាំង​ណា​ក៏ដោយ​ ​ក៏​ពិបាក​គេចពិបាក​នឹង​រក​ច្រក​ចេញ​ ​និង​មើល​ទៅ​ដូចជា«​អន្ទាក់​ដាក់គ្រប់​ជ្រុង​ទាំង​អស់»។

លោក​បន្ត​ទៀត​ថា​ ការ​លើកឡើង​អំពី​បទ​ «​ក្បត់ជាតិ»​ ​ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់​ ​និង​អាស្រ័យ​លើការ​ដាក់​បន្ទុក​ ​ហើយ​លោក​យល់ថា​ ក្នុង​នយោបាយបច្ចុប្បន្ន​ អ្នក​នយោបាយ​យក​ហេតុផល​ «ក្បត់ជាតិ​» ជា​ដើម្បី​លាបពណ៍​ទៅ​លើ​បុគ្គល​ណា​ម្នាក់​ឬ​ក្រុម​ណា​មួយ។​

​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ធ្វើឡើ​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ការ​ បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​ អ្នក​គាំទ្រ​រដ្ឋាភិ​បាល​លោក​ ​ហ៊ុន សែន​ ​ចោទ​ប្រកាន់​លោក​ ​កឹម សុខា​និង​កូន​ស្រី​ ​ថា​មាន​ពាក់ព័ន្ធ​នឹង​បណ្តាញ​សម្ងាត់​របស់​អាមេរិក​ ​CIA៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG