ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​ពីបទ«ក្បត់ជាតិ»


 រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ក្នុង​ពិធី​បង្សុកូល​នៅ​ស្តូប​ ក្នុង​សួនច្បារ​វត្តបុទុមវត្តី​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណកន្ធ​អ្នក​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​​​ដោយ​ការគប់​គ្រាប់បែក​ឆ្នាំ​១៩៩៧​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​៣០​ ខែ​មីនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

កង​កម្លាំង​នគរបាល​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា កាល​ពី​ពាក់​កណ្ដាល​អាធ្រាធ​រំលង​ចូល​ថ្ងៃ​អាទិត្យ​ជាមួយ​នឹង​ការ​ចោទ​ថា​បាន​ប្រព្រឹត្ត​ «អំពើ​ក្បត់​ជាតិ»។

ប៉ូលីស​ប្រមាណ​១០០​ទៅ​២០០​នាក់​ បាន​សម្រុក​ចូល​គេហដ្ឋាន​របស់​មេ​បក្ស​ជំទាស់​រូប​នេះ​ ទាំង​កណ្ដាល​រាត្រី មុន​នឹង​រៀបចំ​ចាប់​ខ្លួន​ភ្លាមៗ​ ដោយ​មិន​មាន​បង្ហាញ​ដីកា​ចាប់​ខ្លួន​ ឬ​ឆែក​ឆេរ​ឡើយ។​ នេះ​បើ​យោង​តាម​ កញ្ញា​ កឹម​ មនោវិទ្យា​ អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​បក្ស​ជំទាស់​ និង​ជា​កូន​ស្រី​របស់​លោក​ កឹម​ សុខា។​

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក​ ខៀវ សុភ័គ្រ​ បាន​ប្រាប់​VOA​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា​ លោក កឹម សុខា ត្រូវ​បាន​នាំ​ទៅ​សួរ​ចម្លើយ​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣​ (ម៣) ឬ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ ស្ថិត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ក្បែរ​ព្រំដែន​ វៀតណាម។

រដ្ឋាភិបាល​ខ្មែរ​បាន​ចោទ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្ដែង​ ពី​បទ​ដែល​គេ​អះអាង​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

តាម​រយៈខ្សែ​អាត់​វីដេអូ​មួយ​ដែល​គ្មាន​កាល​បរិច្ឆេទ​ មាន​ការ​ថ្លែង​របស់​លោក​កឹម​ សុខា​ ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​លើក​ឡើង​អំពី​យុទ្ធសាស្ត្រ​នយោបាយ​របស់​បក្ស​ជំទាស់​ ត​ទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រោយ​ការ​ចាប់​ខ្លួន​លោក កឹម សុខា អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) មាន​ប្រតិកម្ម​ភ្លាមៗ​លើ​ចំណាត់ការ​ដ៏​តក់​ក្រហល់​របស់​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក John Sifton នាយក​នៃ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ផ្នែក​ការ​តស៊ូ​មតិ​សម្រាប់​តំបន់​អាស៊ី​បាន​ថ្លែង​ថា៖

«ការ​ចាប់ខ្លួន​លោក កឹម សុខា គឺជា​ដំណើរការ​ដើរ​ថយក្រោយ​ដ៏​មហន្តរាយ​សម្រាប់​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា‍»។

លោក​ Sifton ​បន្ថែម​ថា ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ទាំងឡាយ ​ខ្វះ​ភាព​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន ហើយ​កំណត់​ត្រា​ជា​យូរលង់​របស់​ខ្លួន គឺ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ខុសឆ្គង​ក្នុង​ការ​បំបិទ​សំឡេង ឬ​គំរាម​កំហែង​ក្រុម​អ្នក​រិះគន់ និង​ក្រុម​អ្នក​នយោបាយ​ជំទាស់។

«អស់​រយៈពេល​៣៣ឆ្នាំ​នេះ លោក​ហ៊ុន សែន បាន​ប្រើប្រាស់​អំពើ​ហិង្សា គំរាម​កំហែង អំពើ​ពុករលួយ និង​ការ​ចោទ​ប្រកាន់​បែប​ប្រឌិត​តាម​ច្បាប់ ដើម្បី​បន្ត​កាន់​អំណាច ហើយ​ជាក់ស្តែង​កាលពី​ឆ្នាំ​ទៅ លោក​ហ៊ុន សែន កាន់តែ​ពង្រីក​ការ​វាយ​ប្រហារ​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​ជំទាស់។

លោក John Sifton បាន​ទទូច​ឲ្យ​មាន​អន្តរាគមន៍​ជា​បន្ទាន់​ពី​សហគមន៍​អន្តរជាតិ៖

«សម្ព័ន្ធមិត្ត និង​ប្រទេស​ផ្តល់​ជំនួយ​សម្រាប់​កម្ពុជា​ត្រូវតែ​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​ចុងក្រោយ​លើ​ដំណើរការ​ប្រជាធិបតេយ្យ​នេះ ហើយ​កោះហៅ​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ក្រៅ​ប្រទេស ដើម្បី​ពន្យល់​អំពី​ទង្វើ​របស់​រដ្ឋាភិបាល។ សហគមន៍​អន្តរជាតិ ដែល​ផ្តល់​ជំនួយ​យ៉ាង​ច្រើន​ដល់​រដ្ឋាភិបាល​កម្ពុជា​ជាប្រចាំ​ឆ្នាំ ត្រូវតែ​ប្រាប់​លោក ហ៊ុន សែន ថា ប្រសិន​បើ​លោក​មិន​លុបចោល​ទង្វើ​នេះ​វិញ​ទេ នោះ​នឹង​មិន​អាច​មាន​ការ​បោះឆ្នោត​មួយ ដោយ​សេរី​និង​យុត្តិធម៌​ទេ​នៅឆ្នាំ​២០១៨​ខាងមុខ​នេះ‍»។

ដោយ​ឡែក លោក Sebastian Strangio អ្នក​វិភាគ​នយោបាយ​កម្ពុជា និង​ជា​អ្នក​និពន្ធ​សៀវភៅ​«‍ប្រទេស​កម្ពុជា​របស់​លោក ហ៊ុន សែន» បាន​និយាយ​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ គឺ​ជា​ការ​ភ្ញាក់ផ្អើល​មួយ ហើយ​បាន​ផ្ញើរ​ជា​សញ្ញា​មួយ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​បោះបង់​ចោល​វិធីសាស្ត្រ​នៃ​ការ​គាប​សង្កត់ ឬ​ក៏​ការ​មិន​អើពើ​អ្វី​ច្រើន ដែល​រដ្ឋាភិបាល​កម្ពុជា​ក្រោម​លោក ហ៊ុន សែន ធ្លាប់​បាន​អនុវត្ត​ពី​មុន​មក។​

លោក Strangio បាន​និយាយ៖ «‍ពួកគេ​ទំនង​ជា​មិន​គោរព​តាម​ក្រម​នីតិវិធី​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ស្រពិចស្រពិល​របស់​កម្ពុជា ដែល​កម្ពុជា​ចង់​សម្រេច​បាន​ក្នុង​រយៈពេល​ជាង​២៥ឆ្នាំ​កន្លង​មក​នេះ‍»។

ទោះជាយ៉ាងណាក៏ដោយ សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​របស់​លោក កឹម សុខា ទាកទងនឹង​ផែនការ​សម្ងាត់របស់​លោក កឹម សុខា និង​ជន​បរទេស ដែល​ប៉ះពាល់​ដល់​ប្រទេស​កម្ពុជា តាមរយៈវីដេអូក្លីបមួយ។

«‍អំពើ​នៃ​ការ​ឃុបឃិត​គ្នា​ជា​សម្ងាត់​ខាង​លើ​នេះ គឺជាអំពើ​ក្បត់ជាតិ ដែល​មាន​ចែង​ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រ ៤៤៣ (បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស) ក្នុង​ផ្នែក​ទី១ ស្តី​ពី​អំពើ​ក្បត់​ជាតិ និង​អំពើ​ចារកម្ម ជំពូក​ទី ២ ស្តី​ពីការ​ប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ មាតិកាទី១ ស្តីពីការ​ប៉ះពាល់​ដល់​ស្ថាប័ន​ចម្បង​របស់​រដ្ឋ គន្ថីទី៤ ស្តី​ពី​បទល្មើស​ប្រឆាំងនឹង​ជាតិ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

បទ​ចោទ​នេះ​អាច​នាំ​ឱ្យ​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ជាប់​ពន្ធនាគារ​ក្នុង​ចន្លោះ​១៥​ឆ្នាំ​ទៅ​៣០​ឆ្នាំ​ ប្រសិន​ជា​តុលាការ​រក​ឃើញ​ថា​មាន​ទោស​កំហុស​ពិត​ប្រាកដ​មែន។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

យ៉ាង​ណា​មិញ​ សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា នេះ ជា​ការ​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ ដោយសារ​តែ​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​ទាំង​កណ្តាល​យប់​អាធ្រាត (ម៉ោង ១២:៣៥ នាទី) និង​ទាំង​លោក​ កឹម សុខា នៅ​មាន​អភ័យ​ឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​កម្ពុជា​ម្នាក់។

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ការពារ​ការ​ចាប់​ខ្លួន​នេះ​ ដោយថា​លោក​ កឹម សុខា បាន​ប្រព្រឹត្ត​ «បទ​ល្មើស​ជាក់​ស្ដែង​» ដែល​មិន​អាច​ត្រូវ​បាន​ការពារ​ដោយ​អភ័យ​ឯក​សិទ្ធិ​សភា​នោះ​ទេ។​

ក្ដី​សង្ស័យ​អំពី​ការរួម​គំនិត​ប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​

ការ​ចាប់​ខ្លួន​លោក​ កឹម​ សុខា​ ប្រព្រឹត្ត​ទៅ​ក្នុង​អំឡុង​ពេល​នៃ​ការចេញ​ផ្សាយ​ជា​បន្ត​កន្ទុយ​គ្នា​របស់​ បណ្ដាញ​សារព័ត៌មាន​ Fresh News ដែល​ស្និទ្ធ​នឹង​ឥស្សរជន​នយោបាយ​ក្នុង​អំណាច​ នូវ​របាយការណ៍​ដែល​មិន​បញ្ជាក់​ប្រភព​ អំពី​ចំណង​ទាក់ទង​ប្រទាក់​ក្រឡា​រវាង​ ទី​ភ្នាក់ងារ​ចារកម្ម​សហរដ្ឋ​អាមេរិច​ CIA ស្ថានទូត​អាមេរិច​នៅ​ភ្នំពេញ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ អ្នកសារព័ត៌មាន​ឯករាជ្យ​ «ក្រុម​ជ្រុល​និយម» មាន​មូលដ្ឋាន​នៅ​កោះតៃវ៉ាន់​ ហើយ​និង​ក្រុមគ្រួសារ​មេដឹកនាំ​បក្ស​ជំទាស់​ ក្នុង​ការ​រៀប​ចំ​គំរោង​«បដិវត្តន៍​ពណ៌»​ផ្ដួល​រំលំ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​ដែល​ស្ថិត​ក្នុង​អំណាច​តាំង​ពី​ឆ្នាំ​១៩៧៩មក។

ពាក្យ​ «​បដិវត្តន៍ពណ៌»​ សំដៅ​ទៅ​លើ​ ចលនា​ប្រជាធិបតេយ្យ​ដែល​បាន​រីករាល​ដាល​ពាស​ពេញ ​ដែល​មាន​លេច​ចេញ​ជា​ការ​តស៊ូ​កម្លាំង​អ​ហិង្សា​របស់​មហាជន​ដើម្បី​ផ្តួល​រំលំ​របប​ដឹកនាំ​ដាច់​ណាត់​ នៅ​តាម​រដ្ឋ​ដែល​មាន​អតីត​ជា​ផ្នែក​នៃ​សហភាព​សូវៀត​ រដ្ឋ​នៅ​តំបន់​បាល់កង់​ និង​រដ្ឋ​នៅ​តំបន់​មជ្ឈិម​បូព៌ា។

ក៏​ប៉ុន្តែ​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​សប្ដាហ៍​មុន​ថា​ ការចោទ​នេះ​ «មាន​ចេតនា​បង្វែរ​ចំណាប់​អារម្មណ៍​ពី​ការធ្លាក់​ចុះ​យ៉ាង​គំហុក​នា​ពេល​ថ្មីៗ​ នេះ​នៃ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា»។​

ការបង្ក្រាប​លើ​ការបញ្ចេញ​មតិ​ដោយ​សេរី​

ព្រម​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ក៏​បាន​នឹង​កំពុង​បើក​ការ​បង្ក្រាប​លើ​សម្លេង​សេរី​ ដែល​រួម​មាន​ការបិទ​វិទ្យុ​ និង​កាសែត​ឯករាជ្យ​ដែល​មិន​ចំណុះ​ឱ្យ​បក្ស​កាន់​អំណាច​ និង​ការ​បណ្ដេញ​បុគ្គលិក​បិទ​ការិយាល័យ​ប្រចាំ​ប្រទេស​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI។​

ព្រឹត្តិការណ៍​នៃ​ការបង្ក្រាប​ជា​បន្ត​បន្ទាប់​នេះ​ កើត​មាន​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​ទើប​តែ​បញ្ចប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ជា​ការបោះឆ្នោត​ដែល​គណ​បក្ស​ជំទាស់​បាន​កើន​សំឡេង​គាំទ្រ​យ៉ាងច្រើន ហើយដែល​អ្នក​វិភាគ​ខ្លះ យល់​ថា ការណ៍​នេះបាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​ការ​បារម្ភ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ ដែល​អ្នក​បោះឆ្នោត​ភាគច្រើន​ជា​យុវជន​វ័យ​ក្មេង។​

លោក ហ៊ុន ម៉ានិត​ កូន​ប្រុស​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​ទើប​ឡើង​បុណ្យ​ស័ក្ដិ​ជា​អគ្គ​នាយក​ចារកម្ម​យោធា​នៃ​ក្រសួង​ការពារ​ជាតិ​ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ភ្លាមៗ​ក្រោយ​ការចាប់​ខ្លួន​លោក​ កឹម សុខា​ ថា​៖​ «កឹម សុខា​ បាន​ក្បត់​ប្រទេស​កម្ពុជា។​ លោក [កឹម​ សុខា​] បាន​និយាយ​សារភាព​ថា​ បាន​មាន​គម្រោង​រយៈពេល​វែង​ជាមួយ​សហរដ្ឋ​អាមេរិក… អរគុណ​គាត់​ហើយ​ ឥឡូវ​នេះ​យើង​ដឹង​ហើយ​ ថា​នរណា​ដែល​ធ្លាប់​ជា​(និង​ជា​)បាត​ដៃ​ទី​បី​នោះ​…»៕

ព័ត៌មាននេះត្រូវបានធ្វើបច្ចុប្បន្នភាពត្រឹមម៉ោង​ ១​រសៀល

វីដេអូថ្មីៗបំផុត

XS
SM
MD
LG