អ្នកស្រី Claire Van der Vaeren តំណាងកម្មវិធីអភិវឌ្ឍន៍អ.ស.ប.ប្រចាំកម្ពុជា និងជាអ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប. នៅកម្ពុជា បានលើកទឹកចិត្តដល់ភាគីកម្ពុជាឲ្យបន្តរក្សាសហប្រតិបតិ្តការក្នុងវិស័យសិទ្ធិមនុស្សបន្តទៅមុខទៀត នៅគ្រាមានការរិះគន់ដោយអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អ.ប.ស.អំពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅក្នុងប្រទេស។ នេះបើយោងតាមខ្លឹមសារនៃការឆ្លើយតបរបស់អ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប. នៅកម្ពុជាតាមសារអេឡិចត្រូនិក Email ដែល VOA ទទួលបាននៅព្រឹកថ្ងៃសុក្រនេះ។
យោងតាមខ្លឹមសាររបស់ការិយាល័យអ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប. នៅកម្ពុជាឆ្លើយតបទៅនឹងសំណួររបស់ VOA ពាក់ព័ន្ធនឹងបញ្ហារំលោភបំពានសិទ្ធិមនុស្សនានានេះ អ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប.បានបញ្ជាក់ឲ្យដឹងអំពីជំនួបជាមួយលោកប្រាក់ សុខុនកាលពីពេលថ្មីៗនេះថា អ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប. «បានឆ្លៀតឱកាសលើកទឹកចិត្តឲ្យមានសហប្រតិបតិ្តការ និងការសន្ទនានៅក្នុងផ្នែកនៃអណត្តិរបស់អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា»។
ការិយាល័យអ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប.នៅកម្ពុជា មិនបានផ្តល់សេចក្តីលម្អិតនៃការលើកទឹកចិត្តបន្តឲ្យមានសហប្រតិ្តការក្នុងវិស័យសិទ្ធិមនុស្សនោះទេ។ ប៉ុន្តែការលើកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីមានប្រតិកម្មពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌកម្ពុជា។
អ្នកជំនាញសិទិ្ធមនុស្សពីររូបរបស់អ.ស.ប.បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃអង្គារ ដោយបានសម្តែងកង្វល់យ៉ាងខ្លាំងចំពោះសំណើកែប្រែរដ្ឋធម្មនុញ្ញកម្ពុជា ដែលនឹងអាចដាក់កំហិតយ៉ាងខ្លាំងទៅលើលទ្ធិប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិនៅឆ្នាំនេះ និងនៅពេលអនាគត។
ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការប្រទេស ធ្វើឡើងកាលពីថ្ងៃពុធ អ្នកស្រី Claire Van der Vaeren បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការិយាល័យរបស់អ្នកសម្របសម្រួលអ.ស.ប. និងអង្គភាពនានារបស់ប្រព័ន្ធអ.ស.ប.នៅកម្ពុជា ក្នុងពេលដែលអ្នកស្រីបំពេញការងារនៅក្នុងប្រទេសនេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ចុះថ្ងៃទី២២ ខែកុម្ភៈ លោកប្រាក់ សុខុន បានបញ្ជាក់នៅចំពោះមុខអ្នកស្រី Claire ថា ក្រុមការងារអ.ស.ប. នៅកម្ពុជា តាមរយៈ «ក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍អង្គការសហប្រជាជាតិ» បានរួមវិភាគទានដ៏សំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះមានការអភិវឌ្ឍសង្គម កិច្ចគាំពារសង្គម ការអភិវឌ្ឍធនធានមនុស្ស អភិបាលកិច្ចល្អ និងសិទ្ធិមនុស្សជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសមិនបានលើកឡើងអំពីការរំលោភបំពានសិទ្ធិមនុស្ស និងការវាយបង្រ្កាបរបស់រដ្ឋាភិបាលកម្ពុជាមកលើក្រុមអ្នកនយោបាយ អង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានដែលមិនរណបរដ្ឋាភិបាលនោះទេ៕