ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋា​ភិបាល​កម្ពុជា​បង្កើត​សៀវភៅ​​«ស»​​​ពន្យល់​ពីភាព​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ក្រុម​ប្រឆាំង​


ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

អនុប្រធាន​​មួយ​រូប​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ បាន​​លើកឡើង​ថា​ ​ការ​បង្កើត​សៀវភៅ​នេះ​ឡើង​​គឺ​ដើម្បី​ការពារ​ទង្វើ​បង្ក្រាប​របស់​រដ្ឋាភិបាល​មក​លើ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​អង្គភាព​ព័ត៌មាន​ ​និង​ប្រតិកម្ម​រហ័សនៃ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញផ្សាយ​សៀវភៅមួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា​ ​«សៀវភៅ​ ស ស្តី​ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ​ការ​ពង្រឹង​នីតិរដ្ឋ​ ​និង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ»។​

សៀវភៅ​កម្រាស់​១៣២​ទំព័រ​ដែលចេញ​ផ្សាយ​ក្នុង​គេហទំព័ររបស់​អង្គភាព​ព័ត៌មាន​ ​និង​ប្រតិកម្ម​រហ័ស​ ​បានរៀបរាប់​ថា​ ​កន្លង​មក​គណបក្ស​ប្រឆាំងបាន​បង្កើតបដិវត្តន៍​ពណ៌​ជាច្រើន​រូបភាព​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ ​ដោយ​មាន​ការ​ចូលរួម​ ​និង​គាំទ្រ​ពី​បរ​ទេស​ ​ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ធំៗមួយ​ចំនួន​ដែល​ធ្វើ​ការ​លើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ ​និង​ឃ្លាំមើល​ការ​បោះឆ្នោត​ ​មាន​ជាប់​ពាក់​ព័ន្ធ​ និង​ការ​រៀបចំ​យុទ្ធសាស្រ្តជាមួយគណបក្ស​ប្រឆាំង​ ​រួមមាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​អង្គការ​លីកាដូ​ ​អង្គការ​ខុម​ហ្វ្រែល​ និង​និចហ្វិច​ជាដើម។​ ចំណែក​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ច្រើន ដូច​ជា​វិទ្យុ​អាស៊ីសេរី​ ​(RFA) ​វិទ្យុ​សំឡេង​ប្រជា​ធិបតេយ្យ ​(VOD)​ សំឡេង​សហរដ្ឋ​អាមេរិក ​(VOA) ​វិទ្យុ​សំបុក​ឃ្មុំ​ ​វិទ្យុ​ស្រ្តីជាដើម​ ​គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយដែល​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​ ​ផ្សាយ​ព័ត៌មាន​លម្អៀង​ខុស​ពី​ការណ៍​ពិត​ ​និង​ជា​ឧបករណ៍​បម្រើ​នយោបាយ​ឲ្យ​គណបក្ស​ប្រឆាំង​ផ្កាប់មុខ​ ​ក្រោម​លេស​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្ស។

សៀវភៅ​ដដែល​នោះ​ក៏​បាន​រៀបរាប់​ថា ​ការ​ទប់ស្កាត់ ​និង​ការ​រំលាយ​ចលនា​ ឬ​សកម្មភាព​ផ្សេងៗ​ដែល​រដ្ឋាភិបាល​ហៅ​ថា​ ជា​បដិវត្តន៍​ពណ៌​ ដែល​មាន​អង្គការ​ចាត់តាំង​នយោបាយ​ ព្រម​ទាំង​ការ​បិទស្ថាប័ន​អង្គការ​ និងការ​ចាប់​ខ្លួន​មេដឹកនាំបក្ស​ប្រឆាំង​មួយ​ចំនួនគឺ​ធ្វើ​ឡើង​ដោយ​ប្រើ​វិធាន​ការ​ច្បាប់ ​ដើម្បី​ធានា​នូវ​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ ​សណ្តាប់ធ្នាប់​សង្គម ​និង​ការ​អភិវឌ្ឍ។​

ទំព័រ​ទី​៧៩​នៃ​សៀវភៅ​ «ស» ​នោះសរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​ទប់​ស្កាត់​មហិច្ឆតា​របស់​ក្រុម​បក្ស​ប្រឆាំង ក្នុង​ការ​កំណត់​យក​ឆ្នាំ​២០១៨​ គឺ​ជា​គោល​ដៅ​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្របច្បាប់ ​រាជ​រដ្ឋា​ភិបាល​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​បក្ស​ប្រឆាំង​នេះ​នៅ​ឆ្នាំ​២០១៧​ ​ដែល​ជា​វិធានការ​ដ៏​ត្រឹមត្រូវ​ក្នុងការ​ទប់​ស្កាត់​ចលនា​បដិវត្តន៍​ពណ៌ ​និង​បញ្ចៀស​បាន​ការ​បង្ហូរ​ឈាម។​ ​បច្ចុប្បន្ន ​ចលនា​បដិវត្តន៍​ពណ៌​នេះ​នៅ​មាន​នៅ​ឡើយ​ ហើយ​រាជ​រដ្ឋាភិបាល​កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ​ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ​និង​មិន​អនុញ្ញាត​ឲ្យ​ចលនា​នេះ​កកើត​ឡើង​វិញ​ជា​ដាច់​ខាត»។​

សៀវភៅដដែល​នេះក៏​បាន​លើកឡើង​ដែរ​ថា«រដ្ឋាភិបាល​កម្ពុជា​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​បន្ត​ដឹក​នាំ​ប្រទេស​ជាតិ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ​ដោយ​គោរព​តាម​គោល​ការណ៍​នីតិរដ្ឋ​ លទ្ធិ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស​ និង​ការ​គោរព​សិទ្ធិ​មនុស្ស។​ ​ក្នុង​នោះ​ ​រាជ​រដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ដល់​មជ្ឈដ្ឋាន​មួយ​ចំនួន ​ដែល​រដ្ឋាភិបាល​អះអាង​ថា​ ​ជា​មជ្ឈដ្ឋាន​ដែល​កំពុង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។​ ​សូម​បញ្ឈប់​សកម្មភាព​ទាំង​នេះ​ ​និង​ប្រកាស​ស្វាគមន៍​អ្នក​នយោបាយ​ ​ស្ថាប័ន​បរទេស​ ​និង​បណ្តា​ប្រទេស​ជា​មិត្ត​ ​ចូលរួម​គាំទ្រ​ ​និង​រួម​ចំណែក​ក្នុង​បុព្វហេតុ​កសាង​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ពង្រឹង​នីតិរដ្ឋ ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ជាមួយ​ប្រជាជន​ ​និង​រាជ​រដ្ឋាភិបាល​កម្ពុជា»។​

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​ទិត សុធា​ ​អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ ​និង​ប្រតិកម្ម​រហ័ស​ និង​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បាន​ទេ ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

​យ៉ាង​ណាក៏​ដោយ​ ​ព័ត៌មាន​ ​ដែល​ចេញ​ផ្សាយ​ក្នុង​គេហ​ទំព័រ​អង្គភាព​ព័ត៌មាន​ ​និង​ប្រតិកម្ម​រហ័សនៅ​ថ្ងៃ​អង្គារនេះ ​បានឲ្យដឹង​ថា​ រដ្ឋាភិបាលបាន​រៀប​ចំ​តាក់​តែង​ខ្លឹមសារ​ និងបោះ​ពុម្ព​សៀវ​ភៅ​«ស»​នេះ ​ជាលើក​ទីមួយ​ចំនួន​៧ម៉ឺន​ក្បាលដើម្បី​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ ​VOA​ ​ថា​ ​រដ្ឋាភិបាល​បាន​កំណត់​មុខ​សញ្ញា​នៃ​ការ​បង្កើត​ចលនា​ផ្សេងៗ ​ដែល​មាន​បំណងប្រឆាំង​នឹង​រដ្ឋា​ភិបាល តួយ៉ាង ​ដូច​ជា​ចលនា​សង្គ្រោះ​ជាតិ​ដែល​ទើប​តែ​បង្កើត​ឡើង​ដោយ​លោក​ ​សម រង្ស៊ី​ ​និងមន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នៅ​បរទេស​ជាដើម។ ​លោក​បន្ថែម​ថា ​ក្រសួង​បាន​និង​កំពុងបន្ត​តាម​ដាន​រាល់​សកម្មភាពទាំង​នោះ ​ដើម្បី​ចាត់​វិធាន​ការ​បង្រ្កាបតាម​ច្បាប់។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​កំពុង​តែឃ្លាំ​មើល ​ដឹង ​យើង​មាន​ឯកសារ​ទាំងអស់ ​អ្នកណា​ធ្វើអីនៅ​ទីណា?​ អ្នកណា​ទៅ​ទីណា?​ បាន​អី​ខ្លះ?​ ​យើង​មាន!​ ដូច​ករណី​យើង​ប្តឹង​រំលាយ​ចលនាសង្គ្រោះ​ជាតិ​អីចឹង។​ ឯកសារ​របស់​យើង​មាន​រហូត​ដល់​២៣​បាវ​ឯ​ណោះ។​ ឃ្លាំ​មើល​មាន​តាំង​ពី​សកម្មភាព​ VOA​ និយាយ​ថា​ម៉េច​ខ្លះ?​ ដកស្រង់​ថា​ ម៉េច​ខ្លះ? អាស៊ីសេរី​និយាយ​ថា​ម៉េច​ខ្លះ? ​Facebook​ គេ​ថា ​យ៉ាង​ម៉េច​ខ្លះ?»​

នេះ​មិនមែន​ជាលើកទី​មួយ​ទេ​ ​ដែល​រដ្ឋាភិបាល​កម្ពុជា​ផ្សព្វផ្សាយ​ឯកសារ​ការពារ​ចំណាត់​ការ​របស់រដ្ឋា​ភិបាលក្នុង​ការរំលាយគណបក្សប្រឆាំង​ ​ក៏​ដូចជា​បង្ក្រាប​លើ​ក្រុមដែល​មាន​និន្នាការ​មិន​គាំទ្ររដ្ឋា​ភិបាល។​

កន្លង​មក​ ​រដ្ឋាភិបាលបាន​ផ្សព្វផ្សាយ​ឯកសារ​ផ្សេងៗ​ជា​ច្រើន​សិប​ទំព័រស្តីពី​បដិវត្តន៍​ពណ៌ ​រួម​ជាមួយនិង​វីដេអូ​ប្រវែង​ជិត​មួយម៉ោង​ ដោយ​មាន​ការ​លើក​ឡើង​នូវ​ចំណុច​ជា​ច្រើន​ថា ​កម្ពុជាមាន​បដិវត្តន៍​ពណ៌​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​ប្រឆាំង​ និង​ក្រុមផ្សេងៗ​ទៀត​ ដែល​រដ្ឋាភិបាលដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែនចាត់​ទុក​ថា​ ​ជាក្រុម​មាន​និន្នាការមិន​ស្រប​តាម​រដ្ឋាភិបាល ​និងត្រូវ​បាន​បង្ក្រាប​បាន​ទាន់​ពេល។​

អ្នកស្រី​ ​មូរ សុខហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​ អត្ថ​ន័យ​ក្នុង​សៀវភៅ​ ​«ស»​ ​គឺ​ជាការ​បង្កើត​ឡើង​ក្នុង​ន័យ​បំភាន់​ ​ដើម្បី​ការពារ​ទង្វើ​បង្ក្រាប​របស់​រដ្ឋា​ភិបាល​មកលើ​គណបក្ស​ប្រឆាំង។​ ​អ្នក​ស្រី​បន្ថែម​ថា​ ​អ្នក​សម្លាប់​ប្រជា​ធិបតេយ្យមិន​ដែល​និយាយ​ការណ៍​ពិត​នោះ​ទេ។​

អ្នកស្រី​បញ្ជាក់​ថា៖​

«រដ្ឋា​ភិបាល​អាច​ធ្វើ​សៀវភៅ​ ​ធ្វើ​ច្បាប់ដើម្បី​ស្រេច​តែចិត្ត​រដ្ឋាភិបាល​ទេ​ ​ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​លោកជ្រាប​ថា ​អ្វី​ជា​ការណ៍​ពិត​ ​ហើយ​ប្រវត្តិ​សាស្រ្ត​នៅ​ពេល​នេះសរសេរ​ដោយ​រដ្ឋាភិបាល​ ​តែ​នៅ​ក្នុង​ព្រលឹងនៃ​ប្រទេស​ជាតិ​យើង​ ​ប្រវត្តិសាស្រ្ត​នឹង​ថ្កោល​ទោស​អ្នក​ដែល​បាន​សម្លាប់​ប្រជា​ធិបតេយ្យ»។​

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិដោយ​អំណាច​តុលាការ​កំពូល​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​២០១៧​កន្លង​ទៅ​ ​តំណាងរាស្ត្រ​ ​និង​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​នេះជាង​ពាក់​កណ្តាល​ បានរត់​ភៀស​ខ្លួនទៅ​បរទេស។​ ​ខណៈ​កំពុង​នៅ​បរទេស​ ​ពួកគេ​បានចូល​រួម​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​មួយ​លោក​ ​សម រង្ស៊ី​ ​ដែល​ជា​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​មួយ​រូប ​ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក​ ​កឹម សុខា​ ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​អាច​ចូលរួម​ការ​បោះឆ្នោត​ ​និង​ទាមទារ​ឲ្យការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​នេះ​ ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ និង​យុត្តិធម៌។​

ក្រោយ​ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ​ ​គេ​ឃើញ​មន្រ្តី​ជាន់ខ្ពស់​ដែល​ជា​មេ​ទាហាន​ ​និង​មេ​នគរបាល​ជាច្រើន​រូប រួម​មាន​ ​លោក​ ​ទៀ បាញ់​ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​លោក​ ​សៅ សុខា​ ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាដើម​ ​បាន​ហៅ​ចលនា​នោះ​ថា ​ជា​ភេរវកម្ម ​និង​បាន​ប្តេជ្ញា​បង្រ្កាប​ចលនា​នោះ​ ​មិន​ឲ្យ​កើត​មាន​នៅ​កម្ពុជា។​

លោក ​អំ សំអាត​ មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់ VOA ​ថា ​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​គឺ​គ្រាន់​តែ​ជា​ការ​ការពារ​ខ្លួនពី​ការ​រិះគន់​លើ​ភាព​អវិជ្ជមានប៉ុណ្ណោះ។ ​លោក​បន្ថែម​ថា ​អង្គការ​លីកាដូ ​ក៏​ដូចជាអង្គការ​សង្គម​ស៊ីវិលផ្សេង​ទៀត សុទ្ធ​តែ​ជា​ស្ថាប័ន​ដែល​ធ្វើ​ការងារ​ដើម្បី​សង្គម។​

លោក​មាន​ប្រសាសន៍​ថា៖​

«រដ្ឋាភិបាល​លោក​តែង​តែ​ផ្តល់​នូវ​កិច្ច​ការពារ​ខ្លួន ​ហើយ​លើក​អំណះ​អំណាង​ផ្សេងៗមក​ការពារ​ខ្លួន។ ​ក៏​ប៉ុន្តែ​ចំពោះ​អង្គការ​ក្រៅ​រដ្ឋាភិបាល ជាពិសេស​អង្គការ​លីកាដូ ខ្ញុំជឿ​ថា​ អង្គការ​ដទៃ​ផ្សេង​ទៀត​ក៏​អីចឹងដែរ​ មិន​បម្រើ​ផល​ប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ទេ។​ អ្វី​ដែល​យើង​ធ្វើ​គឺ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ ​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ ​ជាពិសេស​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ករណី​រំលោភ​សិទ្ធិ​មនុស្ស ​រំលោភ​ដីធ្លី​ហ្នឹង»។​

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​គេ​សង្កេត​ឃើញ​ថា​ ​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន បាន​បើក​ការ​វាយ​បង្រ្កាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ​និង​ការ​ពង្រឹងលទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​បានចាប់​ឃុំ​ខ្លួនលោក​ ​កឹម សុខា​ មេ​គណ​បក្ស​ប្រឆាំង​ ដោយចោទ​លោកថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។​

​សារព័ត៌មាន​ឯករាជ្យ​ ​The Cambodia Daily​ ​បាន​បង្ខំ​ចិត្ត​បិទ​ទ្វារ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពន្ធដារ​ប្រាក់​រាប់​លាន​ដុល្លារ​ និងការ​ហាម​ឃាត់​វិទ្យុ​ ​FM​ ​ក្នុង​ស្រុក​មិន​ឲ្យ​ផ្សាយ​បន្ត​ផ្ទាល់​ព័ត៌មាន​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​ VOA​ ​និង​វិទ្យុ​អាស៊ីសេរី​ ​ជាដើម។​ ​ក្រោយ​មក​ ​វិទ្យុ​អាស៊ីសេរីបាន​ប្រកាស​បិទទ្វារ​ការិយា​ល័យ​របស់​ខ្លួន​នៅ​កម្ពុជា​ ​ក្រោម​ហេតុផល​ថា​ រដ្ឋាភិបាល​មាន​ចេតនា​បំបិទសេរីភាព​ក្រុម​ការងាររបស់ពួក​គេ។​ ចំណែក​គណបក្សសង្គ្រោះ​ជាតិ​ត្រូវ​បានតុលាការ​កំពូល​រំលាយ​ចោល ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​មាន​ទាំង​ការ​ហាមឃាត់​មិន​ឲ្យ​អ្នក​នយោបាយបក្សប្រឆាំង​ចំនួន​១១៨​នាក់​ ​ធ្វើ​នយោ​បាយ​នៅកម្ពុជា។​

សកម្មភាពរបស់​រដ្ឋាភិបាល​ទាំងនេះ​នាំ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​និង​អន្តរ​ជាតិ​ជា​ច្រើន​ រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ជា​បន្ត​បន្ទាប់ ​និងបាន​បង្ហាញ​ការ​បារម្ភ​អំពី​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា។​ ​ចំណែកអ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចាត់​ទុក​ថា​ ​វា​ជា​ការ​បង្ហាញ​នូវការ​ភ័យ​ខ្លាច​របស់​គណបក្ស​កាន់​អំណាច​ បារម្ភ​អំពីបរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ ​ឆ្នាំ២០១៨៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG