ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ សកម្មជន​និង​ប្រជាពលរដ្ឋ​លែង​ហ៊ាន​និយាយ​រឿង​នយោបាយ


ផ្លាកសញ្ញា​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ជាប់​ធូលី​ផង ​ត្រូវ​គេ​តម្រៀប​​​នៅ​​ប៉ុស្តិ៍​នគរបាល​​​ឃុំ​​ចន្ត្រី ក្រោយ​ពី​ផ្លាក​នេះ​ត្រូវ​បាន​គេ​ទម្លាក់​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន។ (ស៊ុន ណារិន/VOA)
ផ្លាកសញ្ញា​គណបក្ស​សង្គ្រោះជាតិ​ដែល​មាន​ជាប់​ធូលី​ផង ​ត្រូវ​គេ​តម្រៀប​​​នៅ​​ប៉ុស្តិ៍​នគរបាល​​​ឃុំ​​ចន្ត្រី ក្រោយ​ពី​ផ្លាក​នេះ​ត្រូវ​បាន​គេ​ទម្លាក់​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន។ (ស៊ុន ណារិន/VOA)

មិន​មែន​តែ​មន្រ្តី​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ ​សូម្បី​តែ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​នេះ ក៏​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ​អំពី​រឿង​នយោបាយ ឬ​ក៏​លែង​ហ៊ាន​មាន​ទំនាក់​ទំនង​ជាមួយ​មន្រ្តី​គណបក្ស​ប្រឆាំង​ ដូច​កាល​ពី​មុន។

អារម្មណ៍​នៃ​ការ​ដែល​អាច​ត្រូវ​គេ​តាម​ឃ្លាំមើល​ជា​ប្រចាំ ​នៅ​តែ​កើត​មាន​ឡើង​សម្រាប់​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​តាម​មូលដ្ឋាន។

នៅ​ក្នុង​ឃុំ​ចន្រ្តី ក្នុង​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ដែល​មាន​ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​នេះ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ បាន​អះអាង​ថា ពួកគេ​មិន​មាន​សេរីភាព​ក្នុង​ការ​និយាយ​ស្តី ប្រមូល​ផ្តុំ និង​ដើរ​ហើរ ដូច​មុន​នោះ​ទេ។

ស្តាប់សេចក្តីរាយការណ៍លម្អិតជាសំឡេង

ទាញ​យក​ពី​តំណភ្ជាប់​ដើម

មិនមែនតែមន្រ្តីគណបក្សប្រឆាំងប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះ ក៏មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិអំពីរឿងនយោបាយ ឬក៏លែងហ៊ានមានទំនាក់ទំនងជាមួយមន្រ្តីគណបក្សប្រឆាំង ដូចកាលពីមុន។

លោក ម៉ី ដារ៉ា អាយុ​៦០​ឆ្នាំ គឺ​ជា​អតីត​មេឃុំ​ចន្រ្តី​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​បាត់​បង់​តំណែង ក្រោយ​គណបក្ស​នេះ ​ត្រូវ​បាន​រំលាយ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​ មន្រ្តី​ប៉ុស្តិ៍​ប៉ូលិស​ក្នុង​ឃុំ​ បាន​ហៅ​ទូរស័ព្ទ​មក​សួរ​ថា​លោក​ធ្វើ​ដំណើរ​មក​ភ្នំពេញ ឬ​យ៉ាងណា ដោយសារ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ដែល​កំពុង​ជាប់​ឃុំ ត្រូវ​បាន​នាំ​ខ្លួន​ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ មក​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

លោក ម៉ី ដារ៉ា អាយុ៦០ឆ្នាំ គឺជាអតីតមេឃុំចន្រ្តីមកពីគណបក្សសង្រ្គោះជាតិ អង្គុយក្រោម​ផ្ទះ​របស់លោក ខណៈផ្តល់បទសម្ភាសន៍ដល់ VOA។ លោកបានបាត់បង់តំណែង​ក្រោយគណបក្សនេះ​ត្រូវបានរំលាយ កាលពីខែវិច្ឆិកា​ឆ្នាំមុន។ (ស៊ុន ណារិន/VOA)
លោក ម៉ី ដារ៉ា អាយុ៦០ឆ្នាំ គឺជាអតីតមេឃុំចន្រ្តីមកពីគណបក្សសង្រ្គោះជាតិ អង្គុយក្រោម​ផ្ទះ​របស់លោក ខណៈផ្តល់បទសម្ភាសន៍ដល់ VOA។ លោកបានបាត់បង់តំណែង​ក្រោយគណបក្សនេះ​ត្រូវបានរំលាយ កាលពីខែវិច្ឆិកា​ឆ្នាំមុន។ (ស៊ុន ណារិន/VOA)

លោ​បន្ត​ថា ការ​សួរ​នាំ​នេះ ដោយសារ​អាជ្ញាធរ​ខ្លាច​លោក​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម ឬ​តវ៉ា​នៅ​ភ្នំពេញ។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​សិន​ជា​មាន​បញ្ហា​នៅ​ភ្នំពេញ​អី អាហ្នឹង​គេ​សួរ​នាំ​ដែរ។ គេ​សួរ​នាំ​យើង​តាម​ទូរស័ព្ទ ថា​នៅ​ផ្ទះ​ឬ​ទៅ​ភ្នំពេញ។ ខ្ញុំ​នឹក​ឃើញ​ថា ប្រហែល​ជា​គេ​ខ្លាច​ខ្ញុំ​ទៅ​ភ្នំពេញ ធ្វើ​បាតុកម្ម​ ធ្វើ​អី​អញ្ចឹង​ហា»។

លោក ដារ៉ា និង​មន្រ្តី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​នៅ​ក្នុង​ឃុំ​ចន្ត្រី ធ្លាប់​បាន​មក​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១៣ បន្ទាប់​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ដែល​មាន​ការ​តវ៉ា​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។

លោក​ ដារ៉ា បន្ត​ថា​បច្ចុប្បន្ន​នេះ លោក​មិន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​នោះ​ទេ ហើយ​ទំនាក់​ទំនង​ជាមួយ​ប្រជាពលរដ្ឋ ក៏​មិន​ដូច​មុន​ដែរ។ លោក​បាន​ថ្លែង​ថា៖

«ខ្ញុំ​មិន​ចេញ​ដើរ​ទៅ​ណា អត់​ធ្វើ​សកម្មភាព​អី​ទេ ដោយសារ​កុំ​ឲ្យ​គេ​ចោទ​ប្រកាន់​ថា ខ្ញុំ​ហ្នឹង​មាន​គោល​បំណង​អី ធ្វើ​ចលនា​អី​ផ្សេងៗ​ ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀម»។

លោក​បន្ត​ថា ប្រសិន​បើ​លោក​មាន​សកម្មភាព ឬ​មាន​ការ​ជួប​ជុំ​ចាប់​ពី​៤​នាក់​ឡើង​ទៅ លោក​អាច​នឹង​មាន​គេ​តាម​ដាន។

នៅ​ពេល​កំពុង​ចាប់​ផ្តើម​ផ្តល់​បទសម្ភាសន៍​ជាមួយ​VOA​នៅ​ក្រោម​ផ្ទះ​របស់​លោក ដារ៉ា​ ភរិយា​របស់​លោក គឺ​លោកស្រី ចាប តន អាយុ​៦១​ឆ្នាំ បាន​ងើប​ពី​អង្រឹង​ក្បែរ​នោះ​ ហើយ​និយាយ​ទៅ​កាន់​លោក​ ដារ៉ា ដោយ​បារម្ភ​ខ្លាច​ថា មាន​គេ​តាម​ដាន ឬ​មក​ហាម​ឃាត់ ដោយសារ​លោក​និយាយជាមួយ​អ្នក​យក​ព័ត៌មាន​VOA។

លោក ម៉ី ដារ៉ា អាយុ៦០ឆ្នាំ គឺជាអតីតមេឃុំចន្រ្តីមកពីគណបក្សសង្រ្គោះជាតិ និងភរិយា​របស់​លោក គឺលោកស្រី ចាប តន អាយុ៦១ឆ្នាំ អង្គុយក្រោមផ្ទះរបស់​លោក​ខណៈ ផ្តល់បទសម្ភាសន៍ដល់ VOA។ លោកស្រីបានងើបពីអង្រឹងក្បែរនោះ ហើយនិយាយទៅកាន់​លោក ដារ៉ា ដោយបារម្ភខ្លាចថា មានគេតាមដាន ឬមកហាមឃាត់ ដោយសារលោកនិយាយ​ជាមួយអ្នកយកព័ត៌មានVOA។ (ស៊ុន ណារិន/VOA)
លោក ម៉ី ដារ៉ា អាយុ៦០ឆ្នាំ គឺជាអតីតមេឃុំចន្រ្តីមកពីគណបក្សសង្រ្គោះជាតិ និងភរិយា​របស់​លោក គឺលោកស្រី ចាប តន អាយុ៦១ឆ្នាំ អង្គុយក្រោមផ្ទះរបស់​លោក​ខណៈ ផ្តល់បទសម្ភាសន៍ដល់ VOA។ លោកស្រីបានងើបពីអង្រឹងក្បែរនោះ ហើយនិយាយទៅកាន់​លោក ដារ៉ា ដោយបារម្ភខ្លាចថា មានគេតាមដាន ឬមកហាមឃាត់ ដោយសារលោកនិយាយ​ជាមួយអ្នកយកព័ត៌មានVOA។ (ស៊ុន ណារិន/VOA)

ប៉ុន្តែ ​លោក ដារ៉ា បាន​លើក​ឡើង​ថា ការណ៍​នេះ មិន​មែន​ជា​បញ្ហា​អ្វី​នោះ​ទេ។

ភរិយា​របស់​លោក នៅ​តែ​មើល​ទៅ​ផ្លូវ​ដែល​មាន​ដី​ហុយ ពេល​មាន​រថយន្ត​ជិះ​កាត់​ខាង​មុខ​ផ្ទះ​ម្តងៗ ដោយ​បារម្ភ​ខ្លាច​ថា អាច​មាន​អាជ្ញាធរ​ ឬ​នគរបាល​ឃុំ​តាម​ដាន។

ដោយសារ​ភាព​ភ័យ​ខ្លាច​នេះ លោកស្រី​មាន​ប្រសាសន៍​ថា លោក​ស្រី មិន​ចង់​ឲ្យ​ស្វាមី​ បន្ត​ធ្វើ​នយោបាយ​តទៅ​ទៀត​នោះ​ទេ។

លោកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​ថា​បើ​នេះ ឈប់​ទៅ មិន​បាច់​បន្ត​ទៀត​ទេ ធ្វើ​ប្រជារាស្ត្រ​សាមញ្ញ​ទៅ»។

លោក ដារ៉ា ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា កាល​ពី​ឆ្នាំ​២០០៩ ​មាន​ប្រសាសន៍​ថា លោក​បាន​ឈ្នះ​តំណែង​មេឃុំ​ចន្រ្តី​នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧ ដោយ​គណបក្ស​សង្គ្រោះជាតិ​ ទទួល​បាន​៤​អាសនៈ ក្នុង​ចំណោម​៧​អាសនៈ។

ប៉ុន្តែ​ លោក​បាត់បង់​តំណែង​ ក្រោយ​គណបក្ស​ប្រឆាំង​នេះ ត្រូវ​បាន​រំលាយ​ចោល ហើយ​អាសនៈ​ទាំង​៤ ​ត្រូវ​បាន​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

បន្ទាប់​ពី​បាត់​បង់​តំណែង​ជា​មេឃុំ ដែល​ទទួល​បាន​ប្រាក់​ខែ​៨៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​នោះ លោក ដារ៉ា មិន​មាន​ការ​ងារ​អ្វី​ធ្វើ​នោះ​ទេ។ រហូត​មក​ដល់​ពេល​នេះ លោក​ធ្វើ​ស្រែ និង​ដាំ​បន្លែ​បន្តិចបន្តួច​នៅ​ផ្ទះ ដូច​ជា​ស្ពៃ​ជាដើម។

លោក និង​ភរិយា​របស់​លោក ក៏​ត្រូវ​បាន​កូន​ផ្គត់ផ្គង់​ប្រាក់​បន្តិច​បន្តួច​បន្ថែម​ពី​លើ​ចំណូល​តិច​តួច​ដែល​បាន​មក​ពី​ការ​ជួល​មេក្រូ​ក្នុង​កម្មវិធី​ផ្សេងៗ​ក្នុង​ឃុំ និង​លក់​ថ្នាំ​បុរាណ។

លោក ដារ៉ា មិន​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជា​បន្តបន្ទាប់​ក៏​ដោយ។

លោក ដារ៉ា ដែល​ធ្លាប់​ត្រូវ​បាន​ទាក់ទង​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច មាន​ប្រសាសន៍​ថា លោក​មិន​ចង់​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះ​ឆ្នោត​ឲ្យ​លោក​នោះ​ទេ។

ទីស្នាក់ការគណបក្ស​ប្រជាជាជន​កម្ពុជា ប្រចាំ​ឃុំ​ចន្រ្តី ក្នុង​ស្រុក​រមាសហែក ដែលស្ថិត​នៅ​ជិត​សាលាឃុំ​ចន្រ្តី និង​ប៉ុស្តិ៍​នគរបាល​ឃុំចន្រ្តី។ (ស៊ុន ណារិន/VOA)
ទីស្នាក់ការគណបក្ស​ប្រជាជាជន​កម្ពុជា ប្រចាំ​ឃុំ​ចន្រ្តី ក្នុង​ស្រុក​រមាសហែក ដែលស្ថិត​នៅ​ជិត​សាលាឃុំ​ចន្រ្តី និង​ប៉ុស្តិ៍​នគរបាល​ឃុំចន្រ្តី។ (ស៊ុន ណារិន/VOA)

ចន្រ្តី​ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ចំនួន​១៦ នៅ​ក្នុង​ស្រុក​រមាសហែក​ ដែល​មាន​ប្រជាជន​ជាង​១ម៉ឺន​នាក់​នេះ។

អង្គុយ​នៅ​ចំពោះ​មុខ​រូប​លោក ដារ៉ា ខាង​ក្រោម​ផ្ទះ​របស់​លោក​ គឺ​លោក ទិត្យ ម៉ារុង អាយុ​៦៦​ឆ្នាំ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ស្រុក​រមាសហែក ដែល​បាន​បាត់បង់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ដែរ ក្រោយ​ពី​គណបក្ស​សង្រ្គោះជាតិ​ ត្រូវ​បាន​រំលាយ។

លោក ទិត្យ ម៉ារុង ​មាន​ប្រសាសន៍​ថា ជា​ធម្មតា លោក​មិន​ដែល​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​របស់​លោក​ ដែល​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ ពី​ផ្ទះ​របស់​លោក ដារ៉ា នោះ​ទេ។ លោក​បញ្ជាក់​ថា ​លោក​ក៏​មិន​មាន​សកម្មភាព​នយោបាយ​ដូច​មុន​ដែរ។

លោក​បាន​ថ្លែង​ថា៖

«ចុះ​គេ​តាម​ដាន​រាល់​តែ​ថ្ងៃ តែ​និយាយ​ខុស វា​រឿង។ មិន​រឿង​ ក៏​គេ​ចោទ​ទៅ​ជា​រឿង​កើត។ វា​ពិបាក​រឿង​ប៉ុណ្ណឹង។ ពី​មុន​ខ្ញុំ​ដើរ​ហើរ​ទៅ​ណា​មក​ណា​អី ទាំង​១៦​ឃុំ និយាយ​រួម​ទៅ​ណា​ក៏​បាន ឥឡូវ​អត់។ ឥឡូវ​ទៅ​បាន ទៅ​បាន​ស៊ី​ការ​ ទៅ​បុណ្យ​អី​ទេ។ ទៅ​ហ្នឹង ក៏​មិន​ហ៊ាន​និយាយ​អី​រឿង​នយោបាយ​ទៀត​ហ្ន»។

លោក ទិត្យ ម៉ារុង អាយុ​៦៦​ឆ្នាំ ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ស្រុក​រមាស​ហែក មាន​ប្រសាសន៍ថា លោក​ជាញឹកញាប់​ត្រូវ​បាន​ឃ្លាំមើល​ដោយ​អាជ្ញាធរ និង​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៃ​ការ​ធ្វើ​ដំណើរ។ (ស៊ុន ណារិន/VOA)
លោក ទិត្យ ម៉ារុង អាយុ​៦៦​ឆ្នាំ ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ប្រចាំ​ស្រុក​រមាស​ហែក មាន​ប្រសាសន៍ថា លោក​ជាញឹកញាប់​ត្រូវ​បាន​ឃ្លាំមើល​ដោយ​អាជ្ញាធរ និង​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៃ​ការ​ធ្វើ​ដំណើរ។ (ស៊ុន ណារិន/VOA)

លោក ម៉ារុង បាន​បន្ត​ថា ក្រោយ​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ហៅ​ទៅ​ប្រជុំ​នៅ​សាលា​ស្រុក​និយាយ​ពី​រឿង​ផ្ទាល់​ខ្លួន តែ​លោក​សម្រេច​មិន​ទៅ​នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖ «ហើយ​ខ្ញុំ​ថា​អា​រឿង​ផ្ទាល់​ខ្លួន មិន​ដឹង​ថា អា​រឿង​ស្អី។ បើ​អត់​មាន​ខុស​អី​សោះ។ អញ្ចឹង​សម្រេច​ចិត្ត​ថា អត់​ទៅ​បណ្តោយ»។

ដូច​លោក ដារ៉ា ​ដែរ លោក ម៉ារុង ពុំ​មាន​ការងារ​អ្វី​ធ្វើ ដើម្បី​រក​ចំណូល​នោះ​ទេ គឺ​គ្រាន់​តែ​ធ្វើ​ស្រែ ដាំស្ពៃ និង​ត្រកួន​បន្តិច​បន្តួច​នៅ​ផ្ទះ​ប៉ុណ្ណោះ។

លោក ដារ៉ា និង​លោក ម៉ារុង កម្រ​នឹង​បាន​ជួប​គ្នា ដោយ​ពួកគេ​ខ្លាច​មាន​ការ​ឃ្លាំមើល និង​មាន​ការ​ចោទ​ប្រកាន់​ផ្សេងៗ។

បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​រំលាយ​ចោល អាជ្ញាធរ​ និង​នគរបាល​ថ្នាក់​ក្រោម បាន​តាម​ដាន​ឃ្លាំមើល​សកម្មភាព​របស់​ពួកគេ​ជា​បន្ត​បន្ទាប់។ នេះ​បើ​ផ្អែក​តាម​ការ​អះអាង​របស់​អតីត​មន្ត្រី​មូលដ្ឋាន​ពី​ខាង​គណបក្ស​ប្រឆាំង​នេះ។

​លោក សម រង្ស៊ី អតីត​មេដឹកនាំ​បក្ស​ប្រឆាំង បាន​បង្កើត​ចលនា​ថ្មី​មួយ​ឈ្មោះ​ថា​ចលនា​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​សហរដ្ឋអាមេរិក កាល​ពី​ចុង​ខែ​មករា គឺ​ជាង​ពីរ​ខែ​ បន្ទាប់​ពី​ការ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដោយ​តុលាការ​កំពូល។​

ប៉ុន្តែ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ព្រមាន​កម្ចាត់​ចោល​ចលនា​នេះ ប្រសិន​បើ​វា​កើត​ឡើង​នៅ​ក្នុង​ប្រទេស ដោយ​លោក​បាន​ប្រៀប​ធៀប​ចលនា​នេះ​ទៅ​នឹង«ក្រុម​ភេរវករ»។

លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា និង​ជាបេក្ខជនសមាជិក​ព្រឹទ្ធសភា បាន​ថ្លែង​ទៅកាន់​សមាជិកក្រុមប្រឹក្សា​ឃុំក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុង​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា និង​ជាបេក្ខជនសមាជិក​ព្រឹទ្ធសភា បាន​ថ្លែង​ទៅកាន់​សមាជិកក្រុមប្រឹក្សា​ឃុំក្នុង​ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុង​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ឃុំ​ចន្ត្រី​ ដែល​មាន​អ្នក​ភូមិ នៅ​ប្រើប្រាស់​ទឹក​អណ្តូង​ជា​ប្រភព​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ និង​មិន​ទាន់​មានអគ្គិសនី​ប្រើប្រាស់នៅឡើយ​នេះ ប្រជាពលរដ្ឋ​ជាច្រើន​ បាន​សម្តែង​អារម្មណ៍​ភ័យខ្លាច​នៅ​ពេល​និយាយ​ពី​រឿង​នយោបាយ។

ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ដី​ហុយ​នៅ​ក្នុង​ឃុំ​នេះ ដែល​មាន​រថយន្ត​ធំៗ​ជិះ​ឆ្លង​កាត់​ លោកស្រី ប៉ែន សំអាត អាយុ​៥២​ឆ្នាំ ជា​អ្នក​លក់​គ្រឿងទេស​ក៏​ម្នាក់ មាន​ប្រសាសន៍​ថា លោកស្រី​ លែង​បាន​ទាក់ទង​ជាមួយ​អតីត​មេឃុំ លោក ដារ៉ា ទៀត​ហើយ។

លោកស្រី​បន្ត​ថា លោកស្រី​ក៏​មិន​ហ៊ាន​និយាយ​រឿង​នយោបាយ ដោយ​ចំហ​មុខ​នោះ​ទេ។ លោកស្រី​មាន​ប្រសាសន៍​ថា៖

«មិន​ដែល​មាន​ទេ​លោក​ពូ ដូច​ស្ងាត់​ឈឹង​តែ​ម្តង។ ពី​មុន​មក​ធ្លាប់​ចុះ​មក​អី​អញ្ចឹង​ទៅ​ សួរ​សុខ​ទុក្ខ​ដែរ។ ដល់​ពេល​គេ​រំលាយ​អស់​អញ្ចឹង​ទៅ ដូច​ស្ងាត់​តែ​ម្តង»។

លោកស្រី ប៉ែន សំអាត អាយុ​៥២​ឆ្នាំ ដែល​ជា​ម្ចាស់​ហាង​គ្រឿងទេសមួយ​នៅ​តាម​ផ្លូវ​ក្នុង​ឃុំ​ចន្រ្តី មាន​ប្រសាសន៍ថា លោកស្រីមិន​អាច​ទាក់ទង​អតីត​មេឃុំ​មក​ពីគណបក្ស​ប្រឆាំង​បាន​ទៀត​ទេ។ (ស៊ុន ណារិន/VOA)
លោកស្រី ប៉ែន សំអាត អាយុ​៥២​ឆ្នាំ ដែល​ជា​ម្ចាស់​ហាង​គ្រឿងទេសមួយ​នៅ​តាម​ផ្លូវ​ក្នុង​ឃុំ​ចន្រ្តី មាន​ប្រសាសន៍ថា លោកស្រីមិន​អាច​ទាក់ទង​អតីត​មេឃុំ​មក​ពីគណបក្ស​ប្រឆាំង​បាន​ទៀត​ទេ។ (ស៊ុន ណារិន/VOA)

លោកស្រី​បន្ថែម​ថា៖

«ចាស មិន​សូវ​ជា​ហ៊ាន​អី​ប៉ុន្មាន​ទេ។ បើ​និយាយ​នេះ​តិចតួច​អី​បាន ខ្លាច​តែ គេ​ធ្វើ​បាប​អញ្ចេះអញ្ចុះ​ទៅ​ពូ។ ចេះ​តែ​មាន​អារម្មណ៍​មួយ​ខ្លាច​ដែរ​លោក​ពូ។ ដូច​ថា​គេ​មេ​ធំៗ គេ​អាច​រំលាយ​បាន ដល់​យើង​ប្រជារាស្រ្ត មិន​អាច​ហ៊ាន​ដែរ»។

លោកស្រី សំអាត បាន​បន្ត​ទៀត​ថា កន្លង​ទៅ​លោកស្រី ​ធ្លាប់​និយាយ​អំពី​បញ្ហា​ដី​ធ្លី និង​ព្រំដែន​ ប៉ុន្តែ​ឥឡូវ​មិន​ហ៊ាន​ពិភាក្សា​នោះ​ទេ ដោយ​ខ្លាច​ការ​ចោទ​ប្រកាន់​ណា​មួយ។

លោកស្រី សំអាត បាន​បោះឆ្នោត​ឲ្យ​លោក ដារ៉ា កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ខែ​មិថុនា ឆ្នាំ​២០១៧។ លោកស្រី​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​បោះ​ខាង​សង្រ្គោះជាតិ។ មូលហេតុ​ហ្នឹង ចង់​កែ​ប្រែ​ប្រទេស​ជាតិ​ដែរ​ហ្នឹង​ពូ។ កែ​ប្រែ​ឲ្យ​វា​មាន​សន្តិភាព កូន​ចៅ​ក្រោយ​ឲ្យ​វា​មាន​សេរីភាព ធូរធារ​អី​អញ្ចឹង​ទៅ»។

អ្នក​លក់​គ្រឿងទេស​ម្នាក់​ទៀត តាម​ផ្លូវ​ដី​ហុយ​គឺ​លោកស្រី នេត្រ សាម៉ុន អាយុ​៥៦​ឆ្នាំ មាន​ប្រសាសន៍​ថា ចាប់​តាំងពីការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​មក មន្រ្តី​គណបក្ស​ និង​ប្រជាជន លែង​ហ៊ាន​និយាយ​អំពី​បញ្ហា​នយោបាយ និង លែង​ហ៊ាន ​សូម្បី​តែ​ទាក់ទង​ជាមួយ​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ។ លោកស្រី​មាន​ប្រសាសន៍​ថា៖

«ស្ងាត់​ទាំង​អស់ មិន​ថា​តែ​ខ្ញុំ មិន​ថា​តែ គាត់​ទេ។ ជួប​គ្នា​ធ្វើ​ដូច​ជា​មិន​ចង់​ស្គាល់​គ្នា​ផង។ ម៉េច​មិន​ហ៊ាន​និយាយ​គ្នា ជួប​ឈរ​និយាយ ឈរ​អី​អញ្ចឹង។ ខ្លាច​គេ​ថា​យើង​រួម​គ្នា រួម​អី​ទៀត​អញ្ចឹង។ ខ្លាច​អញ្ចឹង»។

លោកស្រី នេត្រ សាម៉ុន អាយុ​៥៦​ឆ្នាំ ដែល​ជា​អ្នក​លក់​គ្រឿង​ទេសនៅ​ក្នុង​ឃុំ​ចន្រ្តី​មាន​ប្រសាសន៍ថា លោកស្រី​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ពិភាក្សា​អំពី​រឿង​នយោបាយ។ (ស៊ុន ណារិន/VOA)
លោកស្រី នេត្រ សាម៉ុន អាយុ​៥៦​ឆ្នាំ ដែល​ជា​អ្នក​លក់​គ្រឿង​ទេសនៅ​ក្នុង​ឃុំ​ចន្រ្តី​មាន​ប្រសាសន៍ថា លោកស្រី​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​ការ​ពិភាក្សា​អំពី​រឿង​នយោបាយ។ (ស៊ុន ណារិន/VOA)

លោកស្រី​ធ្លាប់​បាន​ស្តាប់​វិទ្យុ​អាស៊ីសេរី និង​VOA កាល​ពី​កន្លង​ទៅ តែ​បច្ចុប្បន្ន​នេះ មិន​អាច​ស្តាប់​បាន​នោះ​ទេ ក្រោយ​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ ដោយ​មាន​ការ​បញ្ឈប់​ការ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​ទាំង​នេះ។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«ដល់​ពេល​ខ្ញុំ ខ្ញុំ​ស្តាប់​មុន​ហើយ​អញ្ចឹង​ទៅ។ ដឹង​រឿង​រ៉ាវ​អី​អញ្ចឹង​ទៅ។ ដូច​ថា យើង​ដឹង​ហើយ​ខ្លះ​ទៅ​អញ្ចឹង។ ចំណេះ​ដឹង ដូច​ថា យើង​ដឹង​ស្រុក​ទេស​យើង​អី​អញ្ចឹង​ណា។ យើង​ដឹង​ស្រុក​ទេស​យើង របៀប​ម៉េច។ តែ​យើង​ មិន​ហ៊ាន​ទៅ​មាត់​អី​ទេ។ នៅ​ស្ងាត់ស្ងៀម​អញ្ចឹង​ទៅ។ ទុក​តែ​ក្នុង​ខ្លួន​យើង​ទៅ។ ខ្ញុំ​ក៏​មិន​ហ៊ាន​មាត់​ទេ។ នៅ​ស្ងាត់ស្ងៀម​ទៅ»។

ពលរដ្ឋ​ម្នាក់​ទៀត​ក្នុង​ឃុំ​ចន្ត្រី​នេះ​ដែរ គឺ​លោកស្រី ជិន សាមាន អាយុ​៣៩​ឆ្នាំ ជា​កសិករ បាន​និយាយ​ថា លោកស្រី​មិន​ហ៊ាន​និយាយ​រឿង​នយោបាយ ឬ​រឿង​គណបក្ស​សង្រ្គោះជាតិ​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​នោះ​ទេ។

លោកស្រី​មាន​ប្រសាសន៍​ថា៖

«យើង​មិន​ហ៊ាន​និយាយ​ទេ យើង​មិន​ហ៊ាន​និយាយ​អញ្ចឹង​បាន​ទេ ព្រោះ​អី​នយោបាយ។ យើង​ទុក​តែ​ក្នុង​ចិត្ត។ យើង​ជុំ​គ្នា មីង​ពូ​យើង។ យើង​ជំនុំ​តែ​គ្នា​យើង​អញ្ចឹង។ មាន​តែ​ឲ្យ​គេ​ផ្សេងៗ​ដឹង​បាន​ទេ។ ជួនកាល​ កំពុង​តែ​ជំនុំ​អញ្ចឹង ខាង​គេ​មក​អញ្ចឹង យើង​ស្ងាត់។ ពេល​គេ​ដើរ​ទៅ​ហួស​អញ្ចឹង ចាំ​ជំនុំ​គ្នា​ទៀត​ទៅ»។

លោក ឡឹក សាខុន មេឃុំ​ចន្រ្តី​បច្ចុប្បន្ន​ ដែល​ចូល​កាន់​តំណែងជំនួស​លោក ម៉ី ដារ៉ា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​ភាព​ស្ងៀមស្ងាត់​ជាង​មុន ក្រោយ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ​ចោល។

លោក​បាន​ថ្លែង​ប្រាប់​VOAថា៖

«ស្ងៀមស្ងាត់​ពលរដ្ឋ​ស្ងៀមស្ងាត់។ ក្រោយ​ពី​ការ​បោះឆ្នោត គ្រាន់​ថា​មាន​ការ​ជជែក​វែក​អី​ខ្លះ​អញ្ចឹង​ទៅ ដល់​ពេល​ដក​ រំលាយ ដូច​ជា​មិន​ឭ​ទេ»។

មេឃុំ​រូប​នេះ​ បាន​បញ្ជាក់​ថា ​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​តាម​ដាន ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វី​ខុស​ច្បាប់។ លោក​បញ្ជាក់​ថា៖

«អាហ្នឹង​មាន​ការ​តាម​ដាន​ដែរ ព្រោះ​គាត់​ធ្វើ​ចលនា​សង្រ្គោះ​អី​ហ្នឹង អាហ្នឹង​មាន​តែ​ការ​ប្រព្រឹត្ត​ខុស។ អាហ្នឹង​ប៉ូលិស​អី​គេ​មើល ខ្ញុំ​មិន​សូវ​ក្តាប់​បាន​ដែរ។ គ្រាន់តែ​យើង​មាន​ការ​តាម​ដាន​ និង​ត្រួតពិនិត្យ ការ​អនុវត្ត​ខុស​ឆ្គង​របស់​រាជ​រដ្ឋាភិបាល ប្រព្រឹត្ត​បទល្មើស​អី ហ្នឹង​ខុស​បាត់​ហើយ»។

លោក ​ឡឹក សាខុន បន្ត​ថា៖

«អាហ្នឹង​វា​មាន​ការ​ខ្លាច​អញ្ចឹង​ដែរ​តើ ខ្លាច​គាត់​ចេញ​ទៅ​ធ្វើ​ជា​ក្រុម​ជា​ពួក​អី​ទៅ អាច​មាន​ប្រមូល​ផ្តុំ​កម្លាំង​ ធ្វើ​ចេះ ធ្វើ​ចុះ ខូច​ប្រយោជន៍​ប្រជាពលរដ្ឋ ខូច​ប្រយោជន៍​ការ​ដឹកនាំ​រាជរដ្ឋាភិបាល»។

ផ្លូវ​ដី​ហុយស្ថិត​នៅ​ក្នុង​ឃុំ​ចន្រ្តី​ ស្រុក​រមាស​ហែក ខេត្តស្វាយ​រៀង ដែល​ប្រជាពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ស្ថាបនា​ឲ្យ​បាន​ឆាប់។ (ស៊ុន ណារិន/VOA)
ផ្លូវ​ដី​ហុយស្ថិត​នៅ​ក្នុង​ឃុំ​ចន្រ្តី​ ស្រុក​រមាស​ហែក ខេត្តស្វាយ​រៀង ដែល​ប្រជាពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ស្ថាបនា​ឲ្យ​បាន​ឆាប់។ (ស៊ុន ណារិន/VOA)

លោក ប្រាក់ ចន្ថា មេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​ចន្រ្តី បាន​បដិសេធ​លើ​ការ​លើក​ឡើង​របស់​មន្រ្តី​គណបក្ស​សង្រ្គោះជាតិ​ថា​ មាន​ការ​តាម​ឃ្លាំ​មើល​សកម្មភាពរបស់​ពួកគេ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាមរយៈ​ទូរស័ព្ទ​ថា៖

«អត់​ទេ ប៉ូលិស​សមត្ថកិច្ច​ខ្ញុំ មិន​ដែល​ទៅ​ឃ្លាំ​មើល​អី​គាត់​ទេ។ ធ្វើ​តែ ការងារ​ជំនាញ​របស់​ខ្ញុំ»។

លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​VOA ​ថា លោក​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មាន​ភាព​ស្ងប់ស្ងាត់ ការ​ជួបជុំ​ ការ​ប្រមូល​ផ្តុំ ជជែក​គ្នា​ផ្សេងៗ​ ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​ និង​តាមដាន ដែល​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

លោក​យល់​ថា ការ​ស្ងៀមស្ងាត់​នេះ ដោយសារ​មាន​ការ​លើក​ឡើង​ពី​ការ​ធ្វើ​បដិវត្ត​ន៍​ពណ៌ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​គណបក្ស​សង្រ្គោះជាតិ ក្នុង​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក​ អំ សំអាត មាន​ប្រសាសន៍​ថា៖

«ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ វា​មាន​ជា​បញ្ហា​ច្រើន​ដែល​យើង​ឃើញ​កន្លង​មក ឧទាហរណ៍​ថា​ដូចជា​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ទាក់ទង​នឹង​សៀវភៅ​ស ក៏​ដូចជាការ​ផ្សព្វផ្សាយ​ផ្សេងៗ ទាក់ទង​នឹង​ចលនា​នៃ​បដិវត្តន៍​ពណ៌​ផ្សេងៗ​ទៀត។ មិន​អញ្ចឹង​ទេ គឺ មាន​ការ​ផ្សព្វផ្សាយ​ទាក់ទង​នឹង ​NGOs ​(សង្គម​ស៊ីវិល)​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​បារម្ភ ហើយ​និង​ការ​ភ័យ​ខ្លាច​ថែម​ទៀត»។

រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​សៀវភៅ«ស» ដោយ​ពន្យល់​ពី​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប​ក្រុម​ប្រឆាំង​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា ពាក់​ព័ន្ធ​នឹង​គម្រោងផ្តួល​រំលំ​រដ្ឋាភិបាល។

ទាំង​ប្រជាពលរដ្ឋ ទាំង​អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ ដែល​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​VOA បាន​លើក​ឡើង​ថា ក្រោយ​បទសម្ភាសន៍​ថា​ពួកគេ​បារម្ភ​ខ្លាច​មាន​អាជ្ញាធរ​មក​សាកសួរ​អំពី​ការ​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​របស់​ VOA។

លោក ម៉ី ដារ៉ា អតីត​មេឃុំ​ចន្រ្តី​មក​ពី​គណបក្ស​សង្រ្គោះជាតិ បាន​មាន​ប្រសាសន៍​ថា៖

«ចាំ​មើល ពេល​ប្អូន​ឯង​ចេញ​ទៅ គេ​មក​សួរ​អត់។ ចាំ​ខ្ញុំ​តេ​(ហៅ​ទូរស័ព្ទ)​ប្រាប់»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG