កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានបានចោទប្រកាន់ដោយចំៗថា ប្រទេសប៉ាគីស្ថានបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាសរបស់ខ្លួនដើម្បីធ្វើការវាយប្រហារលើប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋមន្ត្រីការពារជាតិតាលីបង់លោក Mohammad Yaqoob បានធ្វើការចោទប្រកាន់បែបនេះ ក្នុងពេលជិតមួយខែក្រោយមក បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួនបានសម្លាប់មេដឹកនាំក្រុមអាល់កៃដា (al-Qaida) ឈ្មោះ Ayman al-Zawahiri ដោយបានប្រើម៉ីស៊ីលដែលបាញ់ពីដ្រូនមួយគ្រឿងចំកន្លែងលាក់ខ្លួនរបស់មេដឹកនាំរូបនេះនៅកណ្តាលទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៣១ ខែកក្កដាកន្លងទៅនេះ។
លោក Yaqoob បានបញ្ជាក់ក្នុងសន្និសីទកាសែតមួយក្នុងរដ្ឋធានីកាប៊ុលថា តាំងពីពេលនោះមក ដ្រូនរបស់សហរដ្ឋអាមេរិកបានបន្តហោះចូលដែនអាកាសរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយរំលោភលើបូរណភាពទឹកដីរបស់អាហ្វហ្គានីស្ថាន ហើយលោកបានអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលប៉ាគីស្ថានបញ្ឈប់ការរំលោភបំពានបែបនេះ។
ក្រុមតាលីបង់មិនអាចតាមដានកត់ត្រាឱ្យបានត្រឹមត្រូវលើការបំពានដែនអាកាសនេះបានទេ ពីព្រោះយោធាសហរដ្ឋអាមេរិកបាន «បំផ្លាញទាំងស្រុង» នូវ «ប្រព័ន្ធរ៉ាដារបស់អាហ្វហ្គានីស្ថាន» នៅពេលដែលខ្លួនដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់របស់លោក Yaqoob នៅពេលដែលគេសួរថាតើរដ្ឋាភិបាលរបស់លោកដឹងដែរឬទេថាប្រទេសណាដែលជួយសម្របសម្រួលដល់ប្រតិបត្តិការរបស់ដ្រូនសហរដ្ឋអាមេរិកនៅក្រោយការដកកងទ័ពនោះ។
លោក Yaqoob បាននិយាយថា៖ «ប៉ុន្តែបើតាមព័ត៌មានរបស់យើង ដ្រូនទាំងនោះហោះចូលប្រទេសអាហ្វហ្គានីស្ថានតាមរយៈប្រទេសប៉ាគីស្ថាន។ ពួកគេប្រើប្រាស់ដែនអាកាសប៉ាគីស្ថាន។ យើងទាមទារឱ្យប៉ាគីស្ថានបញ្ឈប់ការប្រើប្រាស់ដែនអាកាសរបស់ខ្លួនដើម្បីប្រឆាំងនឹងយើង»។
ប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួន «បានកត់សម្គាល់ដោយក្ដីបារម្ភយ៉ាងខ្លាំង» អំពីការចោទប្រកាន់របស់លោក Yaqoob នេះ។
អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថានលោក Asim Iftikhar Ahmad បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ដោយសារតែគ្មានភ័ស្តុតាងណាមួយ ដូចដែលលោករដ្ឋមន្ត្រីអាហ្វហ្គានីស្ថានខ្លួនឯងបានទទួលស្គាល់ស្រាប់ ការចោទប្រកាន់ដោយការប៉ាន់ស្មានបែបនេះគឺជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំង និងផ្ទុយពីបទដ្ឋាននៃការអនុវត្តកិច្ចការការទូតដែលមានការទទួលខុសត្រូវ»។
លោក Ahmad បានបន្ថែមថា៖ «យើងអំពាវនាវឱ្យអាជ្ញាធរបណ្តោះអាសន្ននៃប្រទេសអាហ្វហ្គានីស្ថានធានាធ្វើយ៉ាងណាថាខ្លួនបំពេញតាមការសន្យារបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ ដោយមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើភេរវកម្មប្រឆាំងនឹងប្រទេសណាមួយឡើយ»៕
ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន —