ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ការវាយប្រហារដោយមីស៊ីលរបស់សហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍កន្លងទៅនេះបានសម្លាប់មេដឹកនាំក្រុមអាល់កៃដា (al-Qaida) ឈ្មោះ Ayman al-Zawahiri ដែលជាភេរវករម្នាក់ដែលពិភពលោកកំពុងតាមប្រមាញ់យ៉ាងខ្លាំង។
សម្រាប់រយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ជនឈ្មោះ Ayman al-Zawahiri នេះបានដឹកនាំក្រុមអាល់កៃដា ដែលជាក្រុមភេរវករឥស្លាមដែលបានបង្កើតក្រុមភេរវករជាច្រើនទៀតនៅជុំវិញពិភពលោក បន្ទាប់ពីមានព្រឹត្តិការណ៍វាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ មក។
លោក Biden បានថ្លែងកាលពីយប់ថ្ងៃចន្ទថា៖ «ឥឡូវនេះ យុត្តិធម៌ត្រូវបានផ្ដល់ជូនហើយ។ មេដឹកនាំភេរវកររូបនេះគឺគ្មានទៀតទេ»។
លោកបានបន្ថែមថា៖ «យើងបញ្ជាក់ឱ្យច្បាស់ម្ដងទៀតនៅយប់នេះថា មិនថាត្រូវចំណាយពេលយូរប៉ុណ្ណានោះទេ មិនថាអ្នកឯងលាក់ខ្លួននៅកន្លែងណានោះឡើយ ប្រសិនបើអ្នកឯងគឺជាការគំរាមកំហែងចំពោះប្រជាពលរដ្ឋរបស់យើង សហរដ្ឋអាមេរិកនឹងតាមស្វែងរកកម្ចាត់អ្នកឯង»។
នៅក្រោយព្រឹត្តិការណ៍ភេរវកម្មលើសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ សហរដ្ឋអាមេរិកបានចូលលុកលុយប្រទេសអាហ្វហ្គានីស្ថានភ្លាមៗ ហើយមេដឹកនាំក្រុមអាល់កៃដានៅពេលនោះឈ្មោះ Osama bin Laden គឺជាគោលដៅចម្បងដែលសហរដ្ឋអាមេរិកតាមប្រមាញ់។ កងកម្លាំងអាមេរិកបានសម្លាប់ជននេះនៅក្នុងប្រទេសប៉ាគីស្ថាននៅក្នុងឆ្នាំ ២០១១។
ជនឈ្មោះ Al-Zawahiri នេះបានកើតនៅក្នុងប្រទេសអេហ្ស៊ីបក្នុងគ្រួសារអ្នកមានទ្រព្យស្តុកស្ដម្ភ និងទទួលបានការបណ្ដុះបណ្ដាលជាវេជ្ជបណ្ឌិតផ្នែកវះកាត់។ ជននេះបានឡើងធ្វើជាមេដឹកនាំក្រុមអាល់កៃដាកាលពីឆ្នាំ ២០១១។
ការបញ្ជាក់អះអាងអំពីការស្លាប់របស់ជនឈ្មោះ Al-Zawahiri នេះបានលេចឡើងក្នុងពេលជាងមួយម៉ោងក្រោយមក បន្ទាប់ពីថ្នាក់ដឹកនាំក្រុមតាលីបង់ (Taliban) នៅអាហ្វហ្គានីស្ថានបានបញ្ជាក់ថា ការវាយប្រហារដោយមីស៊ីលមួយកាលពីថ្ងៃអាទិត្យលើបរិវេណកន្លែងស្នាក់នៅមួយកន្លែងនៅក្នុងរដ្ឋធានីកាប៊ុលគឺធ្វើឡើងដោយយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក៕
លោក Jeff Seldin អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ផ្នែកសន្តិសុខជាតិ រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។