ការលើកកម្ពស់ស្រ្តីនៅក្នុងតំបន់ជាច្រើននៅទូទាំងសកលោកមានការរីកចម្រើន ប៉ុន្តែ២៥ឆ្នាំបន្ទាប់ពីទាមទារឲ្យមានវិធានការនានាដើម្បីឲ្យមានការទទួលស្គាល់ស្រ្តីកាន់តែខ្លាំងនៅឯសន្និសីទសំខាន់មួយនៅក្នុងទីក្រុងប៉េកាំង អង្គការសហប្រជាជាតិបានលើកឡើងថា ការវិវត្តន៍នេះបានថយចុះ។
នៅក្នុងរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយនៅមុនទិវានារីអន្តរជាតិនៅថ្ងៃអាទិត្យខាងមុខនេះ អង្គការសហប្រជាជាតិបានប្រកាសថា បុរសនៅតែជាអ្នកទទួលបានតំណែងនៅក្នុងការបោះឆ្នោត ជាអ្នករកប្រាក់ចំណូល និងជាអ្នកដែលទទួលបានការងារល្អនិងការអប់រំច្រើនលើសលុបជាងស្រ្តី។
លើសពីនេះទៀត ស្រ្តីនៅតាមតំបន់ជាច្រើនៅទូទាំងពិភពលោកនៅតែកំពុងព្យាយាមជន្នះឧបសគ្គនានានៅក្នុងសង្គម រួមទាំងការរៀបការនៅវ័យក្មេង អនក្ខរភាពអំពើហិង្សាក្នុងគ្រួសារ និងកង្វះខាតនៃការចូលរួមនៅក្នុងផែនការគ្រួសារ។ ស្រ្តីនៅតាមជនបទនិងស្រ្តីជាជនជាតិភាគតិចប្រឈមនឹងឧបសគ្គកាន់តែខ្លាំងបូករួមទាំងការរើសអើងនិងភាពក្រីក្រីផងដែរ។
អ្នកស្រី Phumzile Mlambo-Ngcuka នាយិកាប្រតិបត្តិនៃភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិស្រ្តីបានថ្លែងនៅឯពិធីផ្សព្វផ្សាយរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «ទោះបីជាយើងស្ថិតក្នុងស្ថានភាពដូចនេះក្តី ក៏យើងនៅតែមើលឃើញពីលទ្ធភាពនៃការផ្លាស់ប្តូរ និងលទ្ធភាពនៃការធ្វើឲ្យប្រសើរទៅមុខដែរ។ យើងចង់ចាប់យកឱកាសទាំងនោះ»។
របាយការណ៍បានរកឃើញថា អាមេរិកឡាទីនគឺជាតំបន់មួយក្នុងចំណោមតំបន់ពីរបីផ្សេងទៀត ដែលការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យការងារបានកើនឡើងក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។
អ្នកស្រី Silke Staab អ្នកជំនាញស្រាវជ្រាវនិងទិន្និន័យនៃភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិស្រ្តីបានថ្លែងថា៖ «ប្រទេសនានាដូចជាប្រទេសឈីលី និងអ៊ុយរូហ្គាយបានលើកកម្ពស់ការថែទាំកុមារ ដោយសារប្រទេសទាំងនេះទទួលស្គាល់ថា ការផ្តល់អំណាចសេដ្ឋកិច្ចដល់ស្រ្តីនឹងមិនអាចក្លាយជាការពិតបានទេ ប្រសិនបើក្រុមគ្រួសារនានាខ្វះការគាំទ្រក្នុងវិស័យនេះ»៕