ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្នុង​ឆ្នាំ ២០១៩ ស្រ្តី​អាហ្វហ្គានីស្ថាន ឈាន​ទៅ​រក​ការពង្រឹង​អំណាច


រូប​ឯកសារ៖ លោក Mullah Abdul Ghani Baradar មេដឹកនាំ​នយោបាយ​កំពូល​របស់​ក្រុម​តាលីបង់ (រូប​ឆ្វេង​ទី៣) ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចចរចា​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
រូប​ឯកសារ៖ លោក Mullah Abdul Ghani Baradar មេដឹកនាំ​នយោបាយ​កំពូល​របស់​ក្រុម​តាលីបង់ (រូប​ឆ្វេង​ទី៣) ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចចរចា​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

នៅ​ក្នុង​ឆ្នាំ២០១៩ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​បាន​ជួបប្រទះ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​ពីរ។ ព្រឹត្តិការណ៍​ធំ​ទីមួយគឺ​ការផ្តួចផ្តើម​ជំហាន​ដែល​ឈ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រវាង​ក្រុម​តាលីបង់ និង​ស.រ.អា.។ ព្រឹត្តិការណ៍​ធំ​ទីពីរគឺ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីដែល​ត្រូវ​បាន​គេ​តាមដាន​យ៉ាងដិតដល់។

ព្រឹត្តិការណ៍​ទាំងពីរ​នេះ ប៉ះពាល់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដោយ​ផ្ទាល់ ជាពិសេស​នោះ​គឺ ស្រ្តី​អាហ្វហ្គានីស្ថាន។

របប​ដែល​គ្រប់គ្រង​ដោយ​ក្រុម​តាលីបង់​មាន​ភាពតឹងរឹង ជាពិសេស​ទៅ​លើ​ស្រ្តី​អាហ្វហ្គានីស្ថាន។ ក្រោយពី​ក្រុម​នេះ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​នៅ​ឆ្នាំ ២០០១ ស្រ្តី​នៅ​ទូទាំង​ប្រទេស​នេះ បាន​ស្រវ៉ា​យក​សេរីភាព​របស់​ពួកគេ។

១៨​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ២០១៩ ប្រទេស​អាហ្វហ្គានីស្ថាន នៅតែ​ប្រយុទ្ធ​នៅក្នុង​សង្គ្រាម​ដែល​មាន​ជាបន្ត​ជាមួយ​ក្រុម​តាលីបង់ ហើយ​ការចរចា​សន្តិភាព​រវាង​សហរដ្ឋ​អាមេរិក និង​ក្រុម​តាលីបង់ បាន​ចាប់ផ្តើម​កាលពី​ដើម​ឆ្នាំ២០១៩។

សមាជិក​រដ្ឋសភា​អាមេរិក​អ្នកស្រី Chrissy Houlahan និង​លោក Adam Schiff ជឿ​ថា វា​មាន​សារៈសំខាន់ណាស់​ក្នុងការ​ដែល​ការព្រួយ​បារម្ភ​របស់​ស្រ្តី​អាហ្វហ្គានីស្ថាន ត្រូវ​បាន​គេ​ដឹង​ឮ ក្នុង​អំឡុងពេល​ចរចា​សន្តិភាព​ណាមួយ។

អ្នកស្រី Chrissy Houlahan ថ្លែង​ថា៖

«ហេតុផល​មួយ ដែល​នាំ​ឲ្យ​ខ្ញុំ​គាំទ្រ​ស្រ្តី​អាហ្វហ្គានីស្ថាន​និង​សុខភាព​របស់​ពួកគេ ស្រ្តី​អាហ្វហ្គានីស្ថាន​និង​ការអប់រំ​របស់​ពួកគេ ហើយនឹង​ធ្វើឲ្យ​ប្រាកដ​ផងដែរ​ថា យើង​គិតគូរ​អំពី​តួនាទី​របស់​ស្រ្តី​ដែល​នៅក្នុង​ប្រទេស​ដែល​មាន​ជម្លោះ​នោះ គឺ​ដោយសារតែ​ជាក់ស្តែង​មាន​តម្រូវការ​ឲ្យ​មាន​ឱកាស​សម្រាប់​ស្រ្តី​ដើម្បី​ចូលរួម​នៅ​ក្នុង​គ្រប់ផ្នែក​ទាំងអស់​នៅក្នុង​សង្គម ហើយនឹង​នៅ​ក្នុង​ការ​ចរចា​សន្តិភាព​ដូចនេះ ជាដើម»។

រីឯ​លោក Adam Schiff បាន​ថ្លែង​ថា៖

«នៅ​តុ​ចរចា​គួរតែ​ត្រូវ​មាន​វត្តមាន​របស់​ស្រ្តី​អាហ្វហ្គានីស្ថាន ដែល​ពួកគេ​ជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នៅក្នុង​ការសម្រេចចិត្ត​នានា ហើយ​ខ្ញុំ​មាន​ទំនុកចិត្ត​ថា សិទ្ធិ​របស់​ស្រ្តី និង​ក្មេងស្រី​នឹង​ត្រូវ​បាន​គោរព»។

នៅក្នុង​ទីក្រុង​កាប៊ុល អ្នកនយោបាយ​អ្នកស្រី Fawzia Koofi បាន​និយាយ​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការចងចាំ​ថា តើ​ក្រុម​តាលីបង់​ជា​អ្នកណា នៅ​មុន​ការចរចា។

អ្នកស្រី Fawzia Koofi ថ្លែង​ថា៖

«ខ្ញុំ​ជឿ​ថា វា​ឆាប់​ពេក​ក្នុង​ការវិនិច្ឆ័យ​ថា ក្រុម​តាលីបង់ បាន​ផ្លាស់ប្តូរ​ទាំងស្រុង​នោះ។ យើង​នៅតែ​ឃើញ​ថា ក្រុម​តាលីបង់ នៅតែ​វាយប្រយុទ្ធ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ យើង​បាន​ឃើញ​ថា ពួកគេ​នៅតែ​ប្រឆាំង​ជំទាស់​នឹង​សិទ្ធិ​និង​ការអប់រំ​របស់​ស្រ្តី»។

នៅ​ក្នុង​ឆ្នាំ២០១៩ ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការជួបប្រជុំ​ធំ​ដើម្បី​ពិគ្រោះយោបល់ ដែល​មាន​សមាជិក​ចូលរួម​ប្រមាណជា ៣ពាន់នាក់ ដោយ​មាន​គោលដៅ​ដាក់​កំហិត​លើ​ការចរចា​ជាមួយ​ក្រុម​តាលីបង់​ក្នុង​អំឡុងពេល​ចរចា​សន្តិភាព។ ៣០ភាគរយ​នៃ​អ្នកចូលរួម​ក្នុង​ការជួបប្រជុំ​នោះ គឺ​ជា​ស្រ្តី។

អ្នកស្រី Nazifa Wakily ដែល​ជា​សមាជិក​មួយ​រូប​នៅក្នុង​ការជួបប្រជុំ​នោះ ថ្លែង​ថា៖

«បើសិនជា​ស្រ្តី មិន​បញ្ចេញ​មតិ​ និង​លើកឡើង​នូវ​គោលនយោបាយ​របស់​ពួកគេ និង​ផ្តល់​យោបល់​សម្រាប់​សន្តិភាព​ទេ​នោះ គ្មាន​នរណាម្នាក់​អាច​តំណាង​ឲ្យ​ពួកគេ​នោះ​ទេ»។

កិច្ចសន្ទនា​ជាមួយ​ក្រុមតាលីបង់ ក៏​បាន​ធ្វើ​ឲ្យ​ក្រុមស្រ្តី​ដែល​ជា​សកម្មជន​ការពារ​សិទ្ធិ​ស្រ្តី​ដូចជា អ្នកនាង Farahnaz Forotan ព្រួយបារម្ភ​ផងដែរ ដោយ​នាំ​ឲ្យ​អ្នកនាង​ចាប់ផ្តើម​ចលនា​តាម​បណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះ​ថា «My Red Line»។

អ្នកនាង Farahnaz Forotan ថ្លែង​ថា៖

«ចលនា «My Red Line» គឺជា​សំឡេង​របស់​អាហ្វហ្គានីស្ថាន​សម្រាប់​សន្តិភាព​ប្រកប​ដោយ​ចិរភាព​មួយ ដែល​បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០១៩ ក្នុង​អំឡុងពេល​ការ​ចរចា​សន្តិភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ក្រុម​តាលីបង់​ ដូច្នេះ យើង​អាច​លើកឡើង​នូវ​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​ថា «សន្តិភាព» គួរតែ​សម្រាប់​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំងអស់​ហើយ​មិន​មាន​កម្រិត​សម្រាប់​អ្នក​ខ្លះ​នោះ​ទេ។ សន្តិភាព​ដែល​កើត​ឡើង​នៅ អាហ្វហ្គានីស្ថាន ត្រូវតែ​ជា​សន្តិភាព​ប្រកប​ដោយ​ចិរភាព»។

ក្នុងគ្រា​ដែល​ឆ្នាំ២០១៩ ត្រូវ​បាន​គេ​ចងចាំ​ជា​សំខាន់​ថា ជា​ឆ្នាំ​នៃ​ការចាប់ផ្តើម​ការចរចា​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​តាលីបង់​ក៏ដោយ ក៏​វា​អាច​ជា​ឆ្នាំ​ត្រូវ​បាន​គេ​ចងចាំ​ផងដែរ​ថា ជា​ឆ្នាំ​ដែល​ស្រ្តី​ចាប់ផ្តើម​បញ្ចេញ​មតិ។ ៣១​ភាគរយ​នៃ​អ្នកបោះឆ្នោត​ប្រមាណជា​២លាន​នាក់ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ជា​ស្រ្តី។

អ្នកស្រី Mariam ជា​ស្រ្តី​ជនជាតិ​អាហ្វហ្គានីស្ថាន​ម្នាក់ ថ្លែង​ថា៖

«ស្រ្តី​វ័យក្មេង​ ត្រូវ​ចូលរួម​នៅ​ក្នុង​ការបោះឆ្នោត ពីព្រោះ​យើង​គួរតែ​ធ្វើការ​ឲ្យ​ខ្លាំង​សម្រាប់​អនាគត​របស់​ពួកយើង»។

យោងតាម​ស្ថិតិ​ដែល​បាន​ធ្វើ​ឡើង​ដោយ​មូលនិធិ​ Asia Foundation រក​ឃើញ​ថា ពលរដ្ឋ​អាហ្វហ្គានីស្ថាន ៨៦,៦ ភាគរយ គាំទ្រ​ការអប់រំ​របស់​ស្រ្តី ដែល​នេះ បាន​កើនឡើង​ពី​ឆ្នាំ ២០១៨។ យោងតាម​ស្ថិតិ​ដដែល​នេះ ក៏​បាន​ឲ្យ​ដឹង​ផងដែរ​ថា ជា​លើក​ទីមួយ​ហើយ ដែល​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​៧៦​ភាគរយ គាំទ្រ​ឲ្យ​ស្រ្តី​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ផ្ទះ។

ទោះជាយ៉ាងនេះក្តី ក្រសួង​កិច្ចការ​នារី​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ឲ្យ​ដឹង​ថា អំពើ​ហិង្សា​ប្រឆាំងនឹង​ស្រ្តី​ក្នុង​គ្រួសារ​បាន​កើន​ឡើង​១ ភាគរយ។ អនុ​រដ្ឋមន្រ្តី​នៃ​ក្រសួង​នេះ អ្នកស្រី Spozhmai Wardak ថ្លែង​ថា មូលហេតុ​មួយ​ដែល​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​កើន​ឡើង អាច​មក​ពី​ថា ក្រសួង​ផ្តោត​លើ​ការអប់រំ​ស្រ្តី​នៅ​ទូទាំង​ប្រទេស​ជាង​សិទ្ធិ​របស់​ពួកគេ។ ដូច្នេះ​ការ​នេះ ធ្វើ​ឲ្យ​ស្រ្តី​លែង​រក្សា​ភាពស្ងៀមស្ងាត់​នៅក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​ចាប់ផ្តើម​ស្វែង​រក​ជំនួយ​ផ្លូវ​ច្បាប់។

អ្នកស្រី Spozhmai Wardak ថ្លែង​ថា៖

«នៅក្នុង​ឆ្នាំ ២០១៩ មន្រ្តី​នៅក្នុង​ក្រសួង​កិច្ចការ​នារី បាន​ធ្វើដំណើរ​ទៅ​ស្រុក​ចំនួន ២២៤។ យើង​បាន​ព្យាយាម​ផ្តោត​ទៅ​លើ​ស្រុក ជាង​ទីក្រុង​ធំៗ ហើយ​កម្មវិធី​សំខាន់​មួយ​របស់​យើង​ គឺ​អប់រំ​ស្រ្តី​អំពី​សិទ្ធិ​របស់​ពួកគេ»។

ចំណែក​ឯ​នៅក្នុង​ជួរ​រដ្ឋាភិបាល​វិញ មាន​សមាជិក​ជា​ស្រ្តី​ចំនួន​២៨​ភាគរយ។

លោក Ahmed Nader Nadery នៃ​គណៈកម្មការ​កំណែទម្រង់​រដ្ឋបាល​និង​មុខងារ​ស៊ីវិល ថ្លែង​ថា៖

«ការចូលរួម​ចំណែក​របស់​ស្រ្តី​នៅក្នុង​សង្គម​ស៊ីវិល បាន​កើនឡើង​ដល់​ចំនួន​ច្រើន​ជាទីបំផុត។ យើង​មាន​ទំនុកចិត្ត​ថា ការចូលរួម​ចំណែក​របស់​ពួកគេ នឹង​កើន​លើស​ពី​២៨​ភាគរយ​នៅក្នុង​ឆ្នាំ២០២០ នេះ។ កាលពី​ឆ្នាំ​មុន យើង​មាន ២៧ ភាគរយ»។

គ្រាដែល​មាន​ស្រ្តី​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់ ព្រួយបារម្ភ​អំពី​ការវិល​ត្រឡប់​មកវិញ​របស់​ក្រុមតាលី​បាន​នោះ ពលរដ្ឋ​អាហ្វហ្គានីស្ថាន​កាន់តែ​ច្រើន​ឡើង ហាក់ដូចជា គាំទ្រ​ស្រ្តី​អាហ្វហ្គានីស្ថាន​ឲ្យ​ចូលរួម​ចំណែក​នៅក្នុង​សង្គម៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG