សកម្មជនពីគ្រប់ទិសទីបានប្រមូលផ្ដុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសៅរ៍ ដើម្បីដើរដង្ហែក្បួនសម្រាប់សិទ្ធិស្ត្រីនៅឆ្នាំទី៤។ ការដើរដង្ហែក្បួននេះគឺដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ខ្លាំងក្លាជាងមុនទៅលើសិទ្ធិស្ត្រីនិងបញ្ហាសង្គមដទៃទៀត។
ការដង្ហែក្បួននេះចាប់ផ្ដើមឡើងដំបូងដោយសារការប្រតិកម្មនឹងការឈ្នះឆ្នោតរបស់លោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ឥឡូវនេះការដង្ហែក្បួននេះក្លាយទៅជាការទាមទារឲ្យមានការផ្លាស់ប្ដូរក្នុងសង្គមឲ្យបានកាន់តែច្រើនជាងមុន។
សមភាពយេនឌ័រនិងសិទ្ធិបង្កកំណើតរបស់ស្ត្រីនៅតែជាបញ្ហាចម្បងសម្រាប់អ្នកចូលរួមជាច្រើន។ មនុស្សម្នារាប់ពាន់នាក់បានជម្នះសីតុណ្ហភាពចុះត្រជាក់ខ្លាំងដល់ក្រោមសូន្យអង្សាសេ ដែលអមដោយព្រិលទឹកកក ដើម្បីទាមទារនូវអ្វីដែលពួកគេចង់បានលើបញ្ហាមួយចំនួន។ ការដង្ហែក្បួននោះត្រូវបានធ្វើឡើងនៅជិតសេតវិមាន។
អ្នកចូលរួមក៏បានយកការប្រមូលផ្ដុំគ្នានេះដើម្បីទាមទារលើបញ្ហាផ្សេងៗទៀតដែរ ដូចជាអន្តោប្រវេសន៍ និងគោលនយោបាយទៅលើការប្រែប្រួលបរិស្ថានជាដើម៕