ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ ព្រមាន​ចាត់​វិធានការ​លើ​អ្នកលក់​ផលិតផល​តាម​បណ្តាញ​សង្គម​ដែល​ស្លៀកពាក់​ស៊ិចស៊ី«ជ្រុល​និយម»


លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទនេះ​ បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ស្ត្រី​រូប​ណា​ដែល​ផ្សព្វផ្សា​យ​លក់​ផលិត​ផលលើក​សម្ផស្ស ដោយ​មាន​ការ​ស្លៀក​ពាក់​បែប«​ស៊ិចស៊ី​ជ្រុល​និយម»នៅ​តាមគេហទំព័រ​ ឬ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។

ការ​ផ្សព្វផ្សាយ​លក់​ផលិតផល​លើកសម្ផស្ស ជាពិសេស​ការ​លក់ផលិតផល​ធ្វើ​ឲ្យ​ស្បែកស​ជាដើម​នោះ​ ត្រូវ​បានបង្ហោះ​តាម​បណ្តាញសង្គម​ហ្វេសប៊ុក ​ហើយ​អ្នក​ប្រើប្រាស់​បណ្តាញនេះ​ប្រទះ​ឃើញ​ជា​ញឹកញាប់ ដោយ​ស្ត្រី​ជា​អ្នក​ផ្សាយ​លក់​ផលិត​ផល​ទាំងនោះ​ស្លៀក​ពាក់​ស៊ិចស៊ី​ ជាមួយ​រ៉ូបក្រណាត់​ស្តើងៗ​ និង​បង្ហាញ​ដើម​ទ្រូង។

ថ្លែង​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ នា​ឱកាស​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២០ របស់​«ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» លោក​ ហ៊ុន សែន​ បាន​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា​ដើម្បី​ពិនិត្យ​មើល​ និង​ចាត់​វិធាន​ការ​ប្រឆាំង​រាល់​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ ដែល​បាន​ថត​ និង​បែក​ធ្លាយ​ដោយ​ខ្លួន​ឯង ​ដែល​មាន​តាមវេប​សាយ​មួយ​ចំនួ​ន។

លោក​ ហ៊ុន សែន​ ថា​ ការណ៍​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិត្តិយស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឲ្យ​ធ្វើ​បែប​នោះ​ឡើយ។

ទំព័រហ្វេសប៊ុក​លោក​ ហ៊ុន សែន​ បាន​សរសេរក្នុងន័យដើមថា៖ «ជាមួយគ្នានោះ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​ព្រមាន​ចាត់​វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អនឡាញ​មួយ​ចំនួន ដែលមាន​ការ​ស្លៀក​ពាក់​ស៊ិចស៊ី​ ជ្រុល​និយម ​ហើយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ (Live)​ លក់ផលិត​ផល​របស់​ខ្លួន​លើបណ្តាញ​សង្គមផ្សេងៗ ដែល​នេះ​ក៏ជា​ការ​ប៉ះពាល់​ដល់តម្លៃ ​សីលធម៌​ និង​កិត្តិយស​ស្ត្រី​ខ្មែរ​យើង​ផងដែរ»។

VOA ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​នាយឧត្តម​សេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បានទេ​ នៅ​ថ្ងៃ​ចន្ទនេះ។

អ្នក​ស្រី ​ភឿង សកុណា​ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ​ មាន​ប្រសាសន៍​ប្រាប់ VOA​ ថា​ ក្រសួង​នឹង​មាន​វិធានការ​បឋម ​ដែល​នឹង​អញ្ជើញ​ស្ត្រី​ដែល​មាន​ស្លៀក​សម្លៀក​បំពាក់​ស៊ិចស៊ី​ទាំង​នោះ​មក​អប់រំ ​ដោយ​មិន​មាន​ទាន់​មាន​វិធានការ​ពិន័យ​ជាប្រាក់​ ឬ​ក៏​ការ​ដាក់​ទោសទណ្ឌ​នោះ​ទេ ​ព្រោះ​កម្ពុជា​គ្មាន​ច្បាប់​តម្រូវ​ឲ្យ​ដាក់​ទោសទណ្ឌ​នោះ​ឡើយ។

អ្នកស្រី​ថា​ វិធានការ​ដែល​ចាំបាច់​បំផុត​នោះ​ គឺ​ការ​បិទ​គណនីហ្វេសប៊ុក​របស់​អ្នកដែល​មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​តែម្តង។

«វិធាន​ការ​ដូច​ខ្ញុំ​ថា អីចឹង​ អប់រំ​គឺ​ជា​បញ្ហា​ទីមួយ​ដែល​យើង​ត្រូវ​ប្រើ​ប្រាស់​ បន្ទាប់​មក​ទៀត​យើង​នឹង​សហការ​ បើ​គាត់​នៅ​តែ​ប្រើ​ដដែលៗ​ចឹង​ អាហ្នឹង​យើង​សហការ​ជាមួយ​នឹង​ខាង​មហាផ្ទៃ ជាមួយ​នឹង​ខាង​ប៉ូលីស​ គឺ​ធ្វើ​កា​របិទ​នៅអាស្អី​គេ​ media social media ហ្នឹង​ច៎ា ពេល​គាត់​ផ្សព្វផ្សាយ​ហ្នឹង​ទៅ​ ហើយ​ខ្ញុំគិត​ថា​ បើសិន​ជា​គាត់​បិទ​ហ្នឹង​ទៅ​ គាត់​ទៅ​បើក​មួយ​ទៀត គាត់​ធ្វើចឹង​ទៀត​ យើង​ឃើញ​យើង​បិទទៀត​ទៅ​ យើង​ហៅ​អប់រំ​ទៀត​មក​ច៎ា»។

ចំណែក​អ្នកស្រី រស់​ សុភាព​ ​នាយិកា​អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​យល់​ថា​ ការ​ផ្សាយ​លក់​ផលិត​ផល​តាម​បណ្តាញ​អ៊ិនធឺណិត​ ក្នុង​នោះ​គឺ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយ​ស្ត្រី​មាន​ស្លៀកពាក់​ស៊ិចស៊ី​នោះ​ គឺ​ជា​សិទ្ធិ​របស់​ស្រ្តី​ទាំង​នោះ។ អ្នកស្រី​ពន្យល់​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ពិចារណា​លើ​វិធានការ វិធានការ​នោះ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្រប​តាម​ការ​គោរព​សិទ្ធិ​មនុស្ស។​

«អីចឹង​តាម​សីលធម៌​ ក្រម​សីលធម៌​ បើ​យើង​អនុវត្ត​ យើង​មើល​ថា​ តើ​ក្រមសីលធម៌​ណា​ដែល​វា​ យើង​ហៅ​ថា​ វា​គាំទ្រ​ដល់​សិទ្ធិមនុស្ស​ និង​សិទ្ធិបុគ្គល​ និង​ក្រម​សីលធម៌​ណា​ដែល​វា​ប្រឆាំង​នឹង​សិទ្ធិមនុស្ស​អ៊ីចឹង​ណ៎ា! អីចឹង​ការ​ធ្វើ​ការ​ងារ​នេះ​ វា​ត្រូវ​ការ​អ្នក​ចូលរួម​ជាមួយ​នឹង​អ្នកពាក់​ព័ន្ធ​ច្រើន​ ហើយ​យើង​ពិបាក​នឹង​និយាយ​ថា​ ទៅ​ដល់​អ្នក​ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ភ្លាមៗ​ចឹង​វា វា​មិន​អាច​ដោះ​ស្រាយ​បាន​ វា​ទៅ​ជា​ធ្វើ​ឲ្យ​ វា​ទៅ​ជា​ធ្លាក់​ទៅ​ដល់​ការ​ធ្វើ​ឲ្យ​ប្រជាជន​គាត់​ភ័យ​ខ្លាច អីចឹង»។ ​

VOA ​មិន​ទាន់​អាច​ទាក់​ទង​នារី​ដែល​ស្លៀកពាក់​ស៊ិចស៊ី​ផ្សាយ​លក់​ផលិត​ផល​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​ទេ​ ដោយ​ទូរស័ព្ទ​រោទិ៍​ តែ​គ្មាន​អ្នក​ទទួល។ ក៏​ប៉ុន្តែ​ម្ចាស់ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ Fanta Skincare បាន​ថ្លែងគាំទ្រ​ដល់​ប្រសាសន៍រ​បស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​ គីម ផារ៉ា​ ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ ​Fanta Skincare ដែល​មាន​នារី​ស្រស់​ស្អាត​មួយរូប​តែង​តែ ​live ​ឬ​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​លក់​ផលិតផល​សម្រក​ទម្ងន់​នោះ​ និយាយថា​ លោក​សង្កេត​ឃើញ​មាន​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល​ស្លៀកពាក់​ស៊ិចស៊ី​ហួសហេតុ​មែន​ ដែល​គួរ​មានវិធានការ​ឆ្លើយតប។

«ត្រូវតែ​ធ្វើ​ហើយ​បង ព្រោះ​គាត់​ថ្នាក់​ដឹកនាំ​ធំ​អីចឹងហ្ហា៎។ ប៉ុន្តែ​យើង​មើល​ដែរ​ ព្រោះ​ ព្រោះ​ខាង​ខ្ញុំ​គឺ​គាត់ ​live ដូច​មែន​ថា​ខ្ញុំ​ថា​ ខ្ញុំត្រូវ​ទេ​ ព្រោះ​ពេល​គាត់ live គឺ​គាត់​មែន​ស្លៀក​ពាក់​ចេញ​មកគឺដូច​គេ​ទូទៅ​ទេ​ ព្រោះ​គេ​ទូទៅ​ ភាគច្រើន​គេ​ពាក់​ គឺ​ចេញ​មក​គឺ​មិនមែនថា​ វា​អាច​ថា​ជា​អាវទ្រនាប់​ ក៏​ម៉េច​ខ្ញុំ​អត់​ច្បាស់​ ប៉ុន្តែ​គ្រាន់​តែ​មើល​ទៅ​វាវាល​ខ្លាំង​មែនទែន​ហ្មង​ តែ​ដល់​ពេល​ខាង ខាង​ខ្ញុំ live នេះ​គឺ​មើល​ទៅ​ពាក់​រ៉ូប​ដូច​ធម្មតា​ សាមញ្ញ​ធម្មតា​ តែគ្រាន់​តែ​វា​រាង​ស៊ិចស៊ី​ វា​មែន​ថា​ទៅ​ដល់​អី​ទាំងអស់​អីណាស់​ណា​អី​ចឹង»។

បណ្តាញ​សង្គមហ្វេសប៊ុក​ត្រូវគេសង្កេត​ឃើញថា​ បាន​ក្លាយ​ជា​ទីកន្លែង​បង្ហោះ​រូបភាព បញ្ចេញ​មតិស្រប​និង​ផ្ទុយរដ្ឋាភិបាល​ និង​ជា​កន្លែង​លក់ផ្សព្វផ្សាយ​ផលិតផល​ដ៏​ពេញនិយម​ផង​ដែរ៕

XS
SM
MD
LG