ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​ធ្វើ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​បន្តពី​​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍


រូបភាពឯកសារ៖ ទីស្នាក់ការ​អង្គការ​សហប្រជាជាតិមើល​តាម​កញ្ចក់​បង្អួច​ដែល​មាន​បិទ​រូប​ត្រាសម្គាល់ (logo)​របស់​អង្គការ​សហប្រជាជាតិ។
រូបភាពឯកសារ៖ ទីស្នាក់ការ​អង្គការ​សហប្រជាជាតិមើល​តាម​កញ្ចក់​បង្អួច​ដែល​មាន​បិទ​រូប​ត្រាសម្គាល់ (logo)​របស់​អង្គការ​សហប្រជាជាតិ។

គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការ​សហ​ប្រជាជាតិ​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា​នេះ ​ហើយ​ អ.ស.ហ នឹង​ចាប់​ផ្ដើម​គោល​ដៅថ្មី​មួយ​ដែល​ហៅ​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ដែល​មាន​រយៈពេល​១៥​ឆ្នាំ។​

កំណត់​និពន្ធ៖ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការ​សហ​ប្រជាជាតិ​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា​នេះ ​ហើយ​អង្គការ​សហ​ប្រជាជាតិ​នឹង​ចាប់​ផ្ដើម​គោល​ដៅថ្មី​មួយ​ដែល​ហៅ​ថា​ គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ ដែល​មាន​រយៈពេល​១៥​ឆ្នាំ។​ គោល​ដៅ​ទាំង​១៧​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នេះ​គឺ​មាន​បំណង​សំខាន់​មួយ​ដែល​ធានា​ឱ្យ​មាន​ការ​លើក​កម្ពស់​ជីវភាពរស់នៅ​ប្រកប​ដោយ​សុខុមាលភាព​សម្រាប់​ប្រជាជន​ទូទៅ។ នាង ​អ៊ុំ​ សូនីតា​នៃ​ VOA​ នៅ​រាជធានី​ភ្នំពេញ​បាន​ធ្វើ​កិច្ច​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​ទៅ​ទីក្រុង​ញូវយ៉ក​ជាមួយ​លោក ​Nik Sekhran​ នាយក​ផ្នែក​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពនៃ​ការិយាល័យ​កម្មវិធី​អភិវឌ្ឍន៍​របស់​អ.ស.ប. (UNDP)​ សម្រាប់​គោល​នយោបាយ​ និង​កម្មវិធី​ជំនួយ។​ សូម​លោក​អ្នកស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​ត​ទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ តើ​ហេតុអ្វី​បាន​ជា​អង្គការ​សហ​ប្រជាជាតិ​ចាប់​ផ្តើម​គោលដៅ​អភិវឌ្ឍន៍​ថ្មី​នេះ?​

Nik Sekhran៖ ពិភពលោក​កំពុង​ប្រឈម​នឹង​បញ្ហា​ធំ​មួយ​ចំនួន។​ សព្វថ្ងៃ​មនុស្ស​៨៣៦​លាន​នាក់​នៅ​ទូទាំង​សកល​លោក​កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​ ដែល​ពួក​គេ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​១,២៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។​ ពួក​គេ​រស់នៅ​ដោយ​ខ្វះ​ទឹក​ស្អាត​ ខ្វះ​ទីជម្រក និងកង្វះតម្រូវ​ការ​បឋមៗ​ជាច្រើន។ ​លើស​ពី​នេះ​ទៅ​ទៀត​ ពិភពលោក​កំពុង​តែ​រង​ការ​គំរាម​កំហែង​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ និង​ការ​ប្រើប្រាស់​ធនធាន​ហួស​ដែន​កំណត់។​

VOA៖ វា​គឺ​ជា​ការ​ចាប់ផ្តើម​គោលដៅ​ថ្មី​មួយ​របស់​អង្គការ​សហ​ប្រជាជាតិ ​ដូច្នេះ​លោក​អាច​ប្រាប់​បាន​ទេ​ថា ​អ្វី​ទៅ​ជា​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នេះ? ហើយ​វា​មាន​សារៈសំខាន់​អ្វីខ្លះ​ដល់​ប្រជាជន​ ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល?​

Nik Sekhran៖ គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​គឺ​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​បន្ត​របៀប​វារៈ​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​បំពេញ​នូវ​ចន្លោះ​ប្រហោង​ ដែល​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​នៃ​អង្គការ​សហ​ប្រជា​ជាតិ​មិនបាន​បំពេញ ហើយ​ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​ថ្មី​មួយ​ចំនួន​ដែល​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ឲ្យបាន​គ្រប់គ្រាន់​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការ​សហប្រជាជាតិ ​ដូច​ជា​ការ​ធានា​ឲ្យបាន​ការ​អភិរក្ស ​និង​ប្រើប្រាស់​មហា​សមុទ្រ​នៅ​លើ​ពិភពលោក​ប្រកប​ដោយ​និរន្ត​ភាព ​និង​ការ​ធានា​ការ​អភិវឌ្ឍឲ្យមាន​សន្តិភាព ​ដែល​រួម​បញ្ចូល​នូវ​សង្គម​ទាំង​មូល ​ដោយ​ភាព​យុត្តិធម៌​ ហើយ​គោលដៅ​ថ្មី​នេះ​ក៏​យក​ចិត្តទុក​ដាក់​ទៅ​លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​នា​ពេល​អនាគត ​និង​វិសមភាព​ទៅ​គ្រប់​វិស័យ​ទាំង​អស់។​

VOA៖ តើ​លោក​គិត​ថា​ គោល​ដៅ​ថ្មី​នេះ​នឹងមាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ទៅដល់​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​ ក៏ដូច​ជាប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូចជា​ប្រទេស​កម្ពុជា​ជា​ដើម?​

Nik Sekhran៖ វា​អាច​ជួយ​ច្រើន​ បើ​សិន​ជា​មាន​កិច្ច​ខំ​ប្រឹងប្រែង​រួម​គ្នា​ពី​សំណាក់​វិស័យ​សាធារណៈ​ រដ្ឋាភិ​បាល ​វិស័យ​ឯកជន​ ស្ថាប័ន​អភិវឌ្ឍន៍ ​ដូច​ជា​កម្មវិធី​អភិវឌ្ឍន៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​ធនាគារ​អភិវឌ្ឍន៍​ ដូច​ជា​ធនាគារ​ពិភព​លោក ​ដើម្បីចូល​រួម​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ ដែល​ប្រទេស​នៅ​ជុំវិញ​ពិភព​លោក​កំពុង​ជួប​ប្រទះ​ ឧទាហរណ៍​ដូច​ជា ​ករណី​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​បញ្ហា​ភាព​ក្រីក្រ​ បញ្ហា​បរិស្ថាន។ល។ ​ជាង​នេះ​ទៅ​ទៀត​នោះ​ គោល​ដៅថ្មី​នេះ​មាន​មហិច្ឆតា​ធំ​ណាស់។​ ​គោល​ដៅ​ចម្បងដែល​យើង​ចង់​ធ្វើឲ្យ​បាន​សម្រេច​ ​គឺ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ខ្លាំង​នៅ​ជុំវិញ​ពិភពលោក​ក្នុង​ឆ្នាំ​២០៣០ ​ហើយ​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​

VOA៖ ​តើ​លោក​អាច​ប្រាប់​បាន​ទេ​ថា ​តើ​វា​នឹង​ជួយ​អ្វីខ្លះ​នៅ​ក្នុង​ការ​លើក​តម្កើង​សិទ្ធិ​ស្ត្រី​នៅ​ជុំវិញ​ពិភពលោក​ ក៏​ដូច​ជា​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ?​

Nik Sekhran៖ ​សមភាព​យ៉េនឌ័រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​គឺ​ជា​គោល​បំណង​សំខាន់​នៃ​គោលដៅ​ទី​៥​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​មាន​ចីរភាព​នេះ។​ យើង​បាន​រក​ឃើញ​ថា ​នៅ​ពេល​ដែល​ពិភពលោក​គ្មាន​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​នោះ ​វា​នឹង​ធ្វើ​ឲ្យមាន​វិសមភាព​កាន់​តែ​ខ្ពស់​ ហើយ​វា​នឹងប៉ះ​ពាល់​ដល់​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស។​ ដូច្នេះ​បើ​យើង​ផ្តល់​អំណាច​ដល់​ស្ត្រី​ នោះ​យើង​នឹង​នាំ​មក​នូវ​សុខុមាល​ភាព​ដល់​ប្រជាជន​ទាំង​អស់​គ្នា។ ​គោល​ដៅ​អភិវឌ្ឍន៍​មានចីរភាព​នេះ​កំពុង​តែ​ព្យាយាមធានា​ធ្វើឲ្យស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​បុរស​នៅ​ក្នុង​ការ​ទទួល​បាន​ការ​ងារ​ធ្វើ ​ និងធានា​ថា ស្រ្តី​មាន​សិទិ្ធ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ។​

VOA៖ តើ​លោក​គិត​ថា​ ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​មាន​ចីរភាព​នេះ​នឹង​ជួប​នឹង​បញ្ហា​ ឬ​កង្វល់​អ្វីខ្លះ?​

Nik៖ ​វា​គឺ​ជា​របៀប​វារៈ​ដែល​មានមហិច្ឆតា​ធំ​ណាស់​ ហើយ​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ​គឺត្រូវ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ និង​ពិភព​លោក​ទាំងមូល​ ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​រួម​ចំណែក​ដែល​ចាប់​ផ្តើ​ម​ពី​ថ្នាក់​មូលដ្ឋាន ​រួម​នឹង​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល។​ ទាំង​នេះ​គឺ​ជា​បញ្ហា​ប្រឈម​ធំ​មួយ។​ លើស​ពី​នេះ​ យើង​នៅ​តែ​ប្រឈម​ជា​មួយ​បញ្ហាបច្ចុប្បន្ន។ ​យើង​កំពុង​ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ពី​ការ​ប្រែប្រួល​អាកាសធាតុ។​ លើស​ពី​នេះ​ទៅ​ទៀត​ បើ​តាម​ការ​ស្រាវជ្រាវ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ យើង​បាន​ដឹង​ថា អត្រា​មាន​ការងារ​ធ្វើ​បាន​ធ្លាក់​ចុះ​៤,៦​ភាគ​រយ​ ដែល​ជា​តួលេខគួរ​ឲ្យកត់​សម្គាល់។​ ដូច្នេះ​យើង​មាន​កង្វល់​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​ធានា​ឲ្យប្រជាជន​ទាំង​អស់​ទទួល​បាន​ការ​ងារ​ធ្វើ​ ហើយ​ប្រជាជន​សរុបនឹង​កើន​ឡើង​១១​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២១០០​ បើ​យោង​តាម​ការ​សិក្សា​ចុង​ក្រោយ។​ ដូច្នេះ​ត្រូវមាន​ការ​ធានា​ឱ្យ​មាន​កំណើនអត្រាការងារ​ធ្វើ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​កើន​ឡើង​ និង​ការ​ធានា​បំពេញ​តាម​តម្រូវការ​បឋម​របស់​ពួក​គេ​ ព្រម​ទាំង​កាត់​បន្ថយ​វិសមភាព​នៅ​លើ​ពិភព​លោក​ ព្រោះ​យើង​ចង់​បាន​ពិភពលោក​ដែល​គ្មាន​ភាព​ក្រីក្រ​ខ្លាំង​។ អ្វី​ទាំង​អស់​នេះ​ហើយ​គឺ​ជា​បញ្ហា​ប្រឈម​ដែល​យើង​ជួប​ប្រទះ។​

VOA៖ ​ជា​ចុង​ក្រោយ​តើ​លោក​មាន​អ្វី​បន្ថែម​ទៀត​ទេ?​

Nik Sekhran៖ ដើម្បី​ឲ្យ​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នេះ​ទទួល​បាន​ជោគជ័យ យើង​ត្រូវ​ទាមទារ​ឲ្យមាន​ការ​គាំទ្រ​ពី​មនុស្ស​គ្រប់​គ្នា។​ យើង​ត្រូវ​ការ​ការ​ចូល​រួម​ពីសំណាក់​វិស័យ​ឯកជន ​វិស័យ​សាធារណៈ​ និង​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក។​ លើស​ពី​នេះ​ទៀត​ យើង​ត្រូវ​ការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​សារ​ទៅ​ដល់​សាធារណជន​ និង​រដ្ឋាភិបាល។ ​ទាំង​អស់​នេះ​គឺជា​រឿង​សំខាន់​ណាស់ ​ព្រោះ​យើង​នឹង​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ​ ប្រសិន​បើ​គ្មាន​ការ​ចូល​រួម​នេះ៕

XS
SM
MD
LG