ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​នៅ​មិន​ទាន់​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍


ក្មេង​ស្រីៗ​លេង​សី​នៅ​ក្នុង​ខេត្តតាកែវ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០១៣។ (នូវ ពៅលក្ខិណា VOA)
ក្មេង​ស្រីៗ​លេង​សី​នៅ​ក្នុង​ខេត្តតាកែវ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី១៩ ខែតុលា ឆ្នាំ២០១៣។ (នូវ ពៅលក្ខិណា VOA)

រដ្ឋាភិបាល​កម្ពុជា​អាច​មាន​អ្វី​ដែល​គេ​នឹង​ចាត់​ទុកថា​ជា​មោទនភាព​ នោះ​គឺ​ជោគជ័យ​ក្នុង​ការ​ខិតខំ​ប្រឹង​ប្រែងកាត់​បន្ថយ​ភាព​ក្រីក្រឱ្យ​បាន ​ពាក់​កណ្តាល​នៅ​ត្រឹម​ខែ​កញ្ញា ​ឆ្នាំ​២០១៥។ ​

កាលបរិច្ឆេទ​នេះ ​គឺ​ជា​ពេលវេលា​ដែលបណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ​ ទាំងអស់​ដោយ​រួម​ទាំង​កម្ពុជា​ផងដែរ​នឹង​មាន​កាតព្វកិច្ច​រាយការណ៍​ពី​ សមិទ្ធិផល​ក្នុងការខិតខំ​ប្រឹង​ប្រែង​ឱ្យ​សម្រេច​បាន​នូវ​គោល​ដៅ​ដ៏​ធំ​ មួយ​ចំនួនដែល​រដ្ឋ​សមាជិក​បាន​សន្យា​កាលពី​ឆ្នាំ​២០០០​ថា​នឹង​សម្រេច​ឱ្យ​ បាន​នៅ​ឆ្នាំ​២០១៥​នេះ។

គោល​ដៅ​ចំនួន​៨​របស់​អង្គការ​សហប្រជាជាតិ​ដែល ​កម្ពុជាយល់​ព្រម​ធ្វើ​តាម​ត្រូវ​បាន​ហៅ​ថា​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ​។ គោលដៅ​ទាំង​នោះ​ទាក់​ទង​នឹង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​និង​សុខភាព​របស់​ប្រជា​ពលរដ្ឋ។

គោលដៅ​ទាំង​៨​ រួម​មាន គោលដៅ​ទីមួយ ការកាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​នោះ​ឱ្យ​បាន​ពាក់​កណ្តាល ទីពីរ ​ជំរុញ​ការអប់រំ​សម្រាប់​ថ្នាក់​បឋម​សិក្សា ទីបី​ លើក​កម្ពស់​សមភាព​យេនឌ័រ​និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី ​គោលដៅ​ទីបួន ​ទីប្រាំ​និង​ទី៦​ទាក់​ទង​នឹង​ការ​កាត់​បន្ថយ​អត្រា​មរណភាព​កុមារ លើក​កម្ពស់​សុខភាព​មាតា ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ជំងឺ​អេដស៍​ គ្រុនចាញ់​និង​ជំងឺ​ដទៃ​ទៀត ហើយ​គោល​ដៅ​ទី៧​គឺ​ត្រូវ​ការពារ​បរិស្ថាន​និង​ព្រៃ​ឈើ​របស់​ប្រទេស ​និង​គោល​ដៅ​ចុង​ក្រោយ​ជា​ការ​ចូលរួម​របស់ប្រទេស​ម្ចាស់ជំនួយក្នុង​ការ​ជួយឱ្យ​ប្រទេស​ក្រីក្រ​សម្រេចបានគោល​ដៅទាំង​អស់នោះ។ សម្រាប់​កម្ពុជា​បាន​បន្ថែម​គោលដៅ​ទី​៩​មួយ​ទៀត​គឺ​ការ​ដោះមីន​ហើយ​ទាំងអស់​នេះ​ហៅ​ថា​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា។ គោលដៅ​ទាំង​អស់​នេះ​មាន​ចំណុច​ដៅ​និង​សូចនាករ​ត្រឹម​ត្រូវ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន ត្រឹម​ឆ្នាំ​២០១៥។

លោក ​ថេង បញ្ញាធន ​អគ្គលេខាធិការ​នៃ​ក្រសួង​ផែនការ​បាន​បញ្ជាក់​ពី​សមិទ្ធិផល​របស់​កម្ពុជា​មក​ទល់​នឹង​ពេល​នេះ៖

«ប៉ុន្មាន ​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ការកាត់​បន្ថយ​ភាព​ក្រីក្រ​នេះ​គឺ​កម្ពុជា​យើង​ សម្រេច​បាន​ជោគជ័យ​ខ្លាំង​មែនទែន។ អញ្ចឹង​ហើយ​បាន​ជា​អង្គការ​សហប្រជាជាតិ​គេ​បាន​ជ្រើសរើស​យក​កម្ពុជា​យើង​ជា​ ប្រទេស​គំរូ​...ក្នុង​ការ​សម្រេច​បាន​នូវការ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​ លឿន​ហើយ​ហ្នឹង​ការសម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​បាន​ច្រើន»។​

របាយការណ៍ ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍របស់​កម្ពុជា​ចេញ​ផ្សាយ​ដើមឆ្នាំ​២០១៤​បង្ហាញ ​ទាំង​ជោគជ័យ​និង​បញ្ហា​ប្រឈម​ក្នុង​ការ​សម្រេច​ឱ្យ​បាន​គោល​ដៅ​មួយ​ចំនួន ​ក្នុង​នោះមាន​គោល​ដៅ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​អាច​សម្រេច​ បានជោគជ័យតែ​កម្រិត​ថ្នាក់​ជាតិ​ក្នុង​ខណៈ​ពេល​ដែល​បរាជ័យ​នៅ​ក្នុង​ ខេត្ត​ជាច្រើន ពោល​គឺ ​កម្ពុជា​សម្រេច​បាន​តែ​ការកាត់​បន្ថយ​ចំនួន​ពលរដ្ឋ​ដែល​រស់​នៅ​ក្រោម​ បន្ទាត់នៃ​ភាព​ក្រីក្រ​និង​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​ហូប​អំបិល​មាន​ជាតិ​ អ៊ីយ៉ូដ​កើនឡើង​ច្រើនប៉ុណ្ណោះ​ ក្រៅ​ពីនោះ​មិន​អាច​ធ្វើ​បាន​ទេ​ ដូច​ជា​ កង្វះ​អាហា​រូបត្ថម្ភ​កុមារ​នៅ​តែ​មានច្រើន​ មិន​អាច​កាត់​បន្ថយ​ចំនួន​កុមារ​ខ្វះ​ទម្ងន់ ​នៅ​មាន​ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ ​និង​ចំនួន​ស្រ្តី​និង​កុមារដែល​មាន​ជំងឺ​ស្លេក​ស្លាំង​គឺ​នៅ​តែ​ច្រើន​ ដដែល។

អត្រា​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​មាន​ការថយ​ចុះមក​ត្រឹម ១៨,៩​ភាគរយ​នៅ​ឆ្នាំ​២០១២​គឺ​មុន​គោល​ដៅ​ដែល​ព្យាយាម​បញ្ចុះ​មក​ត្រឹម​១៩,៥​ ភាគរយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ថេង បញ្ញាធន។

ប៉ុន្តែ​ លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា​ខេត្ត​ដាច់​ស្រយ៉ាល​មួយ​ចំនួន​អត្រា​នៃភាព​ក្រី​ ក្រ​មាន​នៅ​ខ្ពស់​នៅ​ឡើយ​ ជា​ឧទាហរណ៍​ខេត្ត​រតនគិរី​មាន​រហូតដល់​ ២៨,៦ភាគរយ។

អត្រា​នៃ​ភាព​ក្រី​ក្រ​នៅ​តាម​ជន​បទ​នេះ​មាន​ផល​ប៉ះពាល់​ មក​លើ​ការសិក្សា​របស់​សិស្សានុសិស្ស​ផង​ដែរ។ មាន​សិស្ស​ជាច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​តាម​រោងចក្រ​និង​ក្រៅ ​ប្រទេស​នៅ​មុន​ពេល​ពួកគេ​បញ្ចប់​ការសិក្សា​ថ្នាក់​ទី៩។

លោក​ហង់ ជួនណារ៉ុន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ ​បាន​ពន្យល់​ថា៖

«ក្នុង ​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ក្នុង​គោលដៅ​ទីពីរ​នេះ​គឺ​មាន​តែ​សូច​នាករ​ មួយ​ទេ​ដែល​យើង​អាច​មិន​សម្រេច​បាន​គឺ​អត្រា​រួម​នៃ​ការ​សិក្សា​មធ្យម​ សិក្សា​បឋមភូមិ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​៧៤​ភាគរយ។ ដោយឡែក​សូចនាករ​ផ្សេង​ទៀត​ដូច​ជា​អក្ខរភាព​ អត្រា​ពិត​នៃ​ការ​សិក្សា​កម្រិត​បឋម​សិក្សា​ក្តី​និង​សមភាព​នៃ​យេន​ឌ័រក្តី​ គឺ​ថា​យើង​សម្រេច​បាន»។​

ប៉ុន្តែ​ក៏​នៅមាន​ក្រុម​កុមារ​មួយ​ចំនួន​ដែល អង្គការ​យូនីសេហ្វ​យល់​ឃើញ​ថានៅ​ មិន​ទាន់​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រាន់​នៅ​ឡើយ​នោះ​គឺ​៖

«កូនចៅ ​របស់​ក្រុម​គ្រួសារ​ក្រីក្រ​ ជនជាតិ​ភាគតិច ​និង​អ្នក​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​មិន​ត្រូវបាន​យក​ចិត្ត​ ទុកដាក់​នៅ​គ្រប់​លទ្ធផល​នៃ​ការអប់​រំ​ទាំង​អស់ ​តម្រូវ​ការ​ចាំបាច់​របស់​ពួកគេ​ ការផ្តល់​សេវា​ជូន​ និង​ឧបសគ្គ​សង្គម»។​

គោល ​ដៅ​ទីបី​ទាក់​ទង​នឹង​ការលើក​កម្ពស់​យេនឌ័រ​និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ ស្រ្តី​ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ​ទេ​ ជាពិសេស​លើ​ការលុប​បំបាត់​គំលាត​យេនឌ័រ​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ។

លោកស្រី​ធីតា ឃឹះ ​នាយិកាអង្គការ​សីលការ​បាន​បញ្ជាក់​ថា៖

​ «សួរ​ថា​ហេតុអ្វី​គាត់​លើក​គោលដៅ​ហើយ​គាត់​ធ្វើ​អត់​បាន​គឺ​គាត់​គ្មាន​ មធ្យោបាយ​ពិសេស​ច្បាស់លាស់ថា​ដាក់​ស្ត្រី​គ្រាន់​តែ​ថា​ដាក់​ប៉ុន្តែ​ អត់​មាន​វិធាន​ការ​សមធម៌​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យស្ត្រី​បាន​ទទួល​តួរ​នាទី​ និង​បាន​ឱកាស​ក្នុងការ​បាន​តំណែង​ជា​តំណាង​ប្រជា​ពលរដ្ឋ។ យើង​មាន​ស្ត្រី​នៅ​ក្នុង​ប្រទេស​យើ​ងដល់​ទៅ​៥២​ភាគរយ​ក៏​ប៉ុន្តែ​ដល់​តំណាង​ យើង​មាន​តែត្រឹម​ឥឡូវ​នេះ​២០​ភាគរយ​ហើយ​នៅ ​ថ្នាក់​មូលដ្ឋាន​យើង​មាន​១៧,៧​ភាគរយ»។​

គោលដៅ​ដែល​រដ្ឋាភិបាល​សន្យា​ ​សម្រេច​ឱ្យ​បាន​គឺ​ ឱ្យ​ចំនួន​សមាជិក​សភា​ជា​ស្ត្រី​មាន​ដល់​ទៅ​៣០​ភាគរយ​នៅ​ឆ្នាំ​២០១៥​និង​ តំណាង​ស្រ្តី​នៅ​ថ្នាក់​មូលដ្ឋាន​ដល់​២៥​ភាគរយ។

​គោល​ដៅ​ទី​៧​ដែល​ សំដៅ​លើ​ការ​ថែរក្សា​គម្រប​ព្រៃ​ឈើ​របស់​កម្ពុជា​ឱ្យ​នៅ​សល់​៦០ភាគរយ​ក៏​ ទទួល​ការ​រិះគន់​ជាច្រើន​បើ​ទោះបី​ជា​រដ្ឋបាល​ព្រៃ​ឈើ​បាន​ប៉ាន់​ស្មាន​នៅ​ ឆ្នាំ​២០១០​ថា​មាន​នៅ​សល់​៥៧,៥៩ភាគរយ​ហើយ​ប្តេជ្ញា​ប្រឹង​ប្រែង​បន្ថែម​ឱ្យ​ ដល់​៦០​ភាគរយ​តាម​ផែនការ​នៅ​ឆ្នាំ​២០១៥។

រីឯ​ចំណុច​ដៅ​មួយ​ក្នុង​ គោលដៅ​ទី​៧​នេះ​គឺ​ការ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទូទាំង​ប្រទេស​ឱ្យ​បាន​ ដល់​៦៥​ភាគរយ​នៅ​ឆ្នាំ​២០១៥​នៅ​មិន​ទាន់​ដឹង​ច្បាស់​លាស់​នៅ​ឡើយ​ក្នុ​ង​ខណៈ ​ពេល​ដែល​ ក្រសួងរៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ ​អះអាង​ថា​បានចេញ​បណ្ណកម្មសិទ្ធិ​ជូន​ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​សរុប​ជាង​ ៣លាន​៨​សែន​បណ្ណ។ ​

ប៉ុន្តែ​របាយការណ៍​មិន​បាន​រៀបរាប់​ពី​ចំនួន​ ពលរដ្ឋ​ជាង​៧៧០.០០០​នាក់​ដែល​អង្គការ​សិទ្ធិ​មនុស្ស​រាយការណ៍​ថា​ត្រូវ​បាន​ បណ្តេញ​ចេញ​ពី​ទីលំនៅដ្ឋាន​ដោយ​សារ​ការ​អភិវឌ្ឍន៍​ទេ។

ថ្វីបើមាន​ រូប​ភាព​ស្រអាប់​សម្រាប់​ការឈាន​ទៅ​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​ ពិតប្រាកដ​ប៉ុន្តែ​អ្វី​ដែល​ប្រទេស​កម្ពុជាមានមោទនភាព​ខ្លាំង​គឺ ការសម្រេច​បាន​លើ​ទិសដៅ​នៃ​ការ​កាត់​បន្ថយ​មេរោគ​និង​ជំងឺ​អេសដ៍​ដែល​មាន​នៅ ​ក្នុង​គោលដៅ​ទី​៦ ​បើ​ទោះបី​ជាមិន​ទាន់សម្រេច​បាន​លើ​ទិសដៅ​ដទៃ​ទៀត​នៃ​គោល​ដៅ​នេះ​ក៏ដោយ​ ដូច​ជា​អត្រា​មនុស្ស​ស្លាប់​ដោយ​ជំងឺ​របេង​នៅ​ខ្ពស់ ​និង​នៅ តែ​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​នឹង​ជំងឺ​គ្រុនចាញ់។ ​

កម្ពុជា​បាន​ដាក់​ ទិសដៅ​កាត់​បន្ថយ​អត្រា​ប្រេវ៉ា​ឡង់​នៃ​មេរោគ​អេសដ៍​ក្នុង​ចំណោម​មនុស្ស​ពេញ​ វ័យ​អាយុ​ពី​១៥ដល់​៤៩ឆ្នាំ​ពី​២,៦ភាគរយ​ឱ្យ​មក​នៅ​ត្រឹម​១,៨ភាគរយ​នៅ​ឆ្នាំ​ ២០១៥​ប៉ុន្តែ​មាន​លទ្ធភាព​កាត់​បន្ថយ​ចុះ​មកនៅ​០,៧ភាគរយ​ ហើយ​បាន​កែ​តួលេខ​ថា​នឹង​សម្រេច​ឱ្យ​បាន​០,៤​ភាគរយ​នៅ​ឆ្នាំ​២០១៥​វិញ។

ការខិតខំ ​ធ្វើ​ឱ្យប្រជាជន​រស់​នៅ​ទី​ប្រជុំ​ជន​ចំនួន​៨០ភាគរយមាន​ទឹក​ស្អាត​ប្រើ ​ប្រាស់​សម្រេច​បាន​មុន​គោលដៅ​កំណត់​ចំនួន​បួនឆ្នាំ។

ថ្វីបើ​គោល​ដៅ​ នានា​នៃ​គោល​ដៅអភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​មួយ​ចំនួន​មិន​សម្រេច​បាន​តាម ​គោល​ដៅ​ដែល​បាន​ដាក់​តាំង​ពី​ឆ្នាំ​២០០០​ប៉ុន្តែ​ជំនួយ​បរទេស​សម្រាប់​ជួយ​ អភិវឌ្ឍន៍ ​កម្ចី​និង​ជំនួយ​ឥតសំណងមាន​ការ​កើនឡើង​លើស​ពី​អ្វី​ដែល​កម្ពុជា​រំពឹង​ ទុក។ នេះ​ជា​គោលដៅ​ទី៨​ដែល​ជា​ការ​ទទួល​ខុសត្រូវ​របស់​ប្រទេស​អ្នក​មាន​ឬម្ចាស់ ​ជំនួយ​ដល់​កម្ពុជា។

កម្ពុជា​ទទួល​ប្រាក់​ពី​បរទេសជាមធ្យម​១០០០​ លានដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ។ សម្រាប់​រយៈ​ពេលបីឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​នេះ​ដោយ​កើនឡើង​លើស​ពី ទ្វេដង​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០០១​ដែល​មាន​តែ​៤៧០​លានដុល្លារ​សម្រាប់​ ការអភិវឌ្ឍន៍​វិស័យនានា​ដែល​មាន​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នេះ។ គ្រាន់តែ​ក្នុង​ឆ្នាំ​២០១១ ​២០១២​និង​២០១៣​កម្ពុជា​ទទួល​បាន​ទឹក​ប្រាក់ពី​បរទេស​ជិត​១៤០០លាន​ក្នុង​ មួយឆ្នាំៗ។ ​

លោក​ចាន់ សុផល​ នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ (Center for Policy Studies) ​បាន​បញ្ជាក់​ថា៖​

«កន្លង ​មក​ប្រទេស​កម្ពុជា​យើង​បាន​ប្រើ​ប្រាស់​ទុន​ពីប្រាក់​កម្ចី​បរទេស​និង​ ជំនួយ​ឥតសំណង​ផងនោះ​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ​កើនឡើង​បន្តិច​ម្តងៗ។ នេះ​ជាការ​រួម​ចំណែក​មួយ​ក្នុង​ការបង្កើតនូវ​ហេដ្ឋារចនា​សម្ព័ន្ធធំៗ​ ជាច្រើន​ដែល​នឹង​ជំរុញ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចរាចរណ៍​ក្នុង​ការ​ ប្រកប​ពាណិជ្ជកម្ម​អាជីវកម្ម​ផ្សេងៗ​ដែល​នាំ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ជាង​ ៧ភាគរយក្នុង​មួយឆ្នាំ»។

ជា​អ្នក​សេដ្ឋកិច្ច​ លោកចាន់ សុផលបញ្ជាក់​ថា​ប្រសិន​បើ​ថវិកា​ទាំង​នោះ​អាច​ប្រើ​ប្រាស់​ប្រកប​ដោយ​ តម្លាភាព​និង​ប្រកប​ដោយ​អភិបាល​កិច្ច​ល្អ​នឹង​ទទួល​បាន​ផល​កាន់​តែច្រើន​ ជាងនេះ​ទៀត។​

​«លោក​សួរ​ថា​តើ​អាច​មាន​ប្រសិទ្ធភាព​ជាងនេះ​ឬទេ? ប្រហែល​ជា​អាចជាមាន​ប្រសិន​បើ​រដ្ឋាភិបាល​មាន​ការ​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ ដិតដល់​ពី​គុណភាព​នៃ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​សាងសង់​ដោយ​ប្រាក់​ជំនួយ​ឬ​ ប្រាក់​កម្ចី​ហើយ​អំពីថ្លៃ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឬគម្រោងផ្សេងៗ​ទាំង​នោះ ​។ ប្រសិន​បើ​ជាមាន​ការ​ពិនិត្យ​ដិតដល់​ប្រហែល​ជា​យើង​អាច​ទាញ​ប្រសិទ្ធភាព​ ខ្ពស់​ជាងនេះ​ទៀត»។​

របាយការណ៍​ដំបូង​នៃ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ​ដែល​បាន​ដាក់​ទៅ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​និង​របាយការណ៍​ចុងក្រោយ​ដែល​ចេញ ​នៅឆ្នាំ​២០១៤​មាន​តួលេខ​ខុសគ្នាមួយ​ចំនួនក្នុង​ការ​កំណត់​គោលដៅ​និង​ ទិសដៅ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​។ ការប្រៀបធៀប​របាយការណ៍​ទាំងពីរ​ឃើញ​ថា​មាន​ការ​កែទម្លាក់​ទិសដៅ​ឱ្យ​មក​ទាប​ ជាងមុនខ្លះ​បើ​ទោះបី​ជាមន្ត្រី​រដ្ឋាភិបាល​បាន​ប្រកែក​ថា​មិន​មាន​កែប្រែ​ ក៏ដោយ។

ក្នុង​នោះ​មាន​ដូច​ជា​ អត្រា​អក្ខរកម្ម​នៃ​អ្នក​ដែល​មាន​អាយុ​ពី​១៥ដល់​២៤​ឆ្នាំដែល​កាលពីជាង​១០​ មុន​កម្ពុជា​ដាក់​ថា​នឹងបង្កើន​ឱ្យ​ដល់​១០០​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០១៥​ ប៉ុន្តែ​បាន​ប្តូរទម្លាក់មក​ត្រឹម​តែ​៩៤,៥វិញ​នៅ​ក្នុង​របាយការណ៍​ឆ្នាំ​ ២០១៤។

អត្រា​មរណភាព​មាតា​ក្នុង​១០០.០០០កំណើត​រស់​ដែល​ពី​មុន​ដាក់​ថា​ នឹង​បន្ថយ​ឱ្យ​មានចំនួន​ស្រ្តី​ស្លាប់​តែ​១៤០​នាក់​នៅ​ឆ្នាំ​២០១៥​បាន​កែ​ សម្រួល​មក​ដាក់​ថា​២៥០​នាក់​វិញ។

បញ្ហា​ដីធ្លី​ដែល​ជា​បញ្ហា​ដ៏​ ក្តៅ​គគុក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​កំណត់​នៅក្នុង​គោលដៅ​ទី៧នៃ​គោលដៅ​ អភិវឌ្ឍន៍​សហស្សវត្សរ៍ត្រូវ​បាន​កែសម្រួល​ពី​គោលដៅ​ដើម​ថា​បង្កើន​អត្រា​ នៃ​ប្រជាជន​មាន​កម្មសិទ្ធិ​ដីធ្លី​ទូទាំង​ប្រទេស​ទាំងទីក្រុង​និង​ជន​បទ​ រហូត​ដល់​៦៥ភាគរយ​នៅ​ឆ្នាំ​២០១៥​ត្រូវ​បាន​កែសម្រួល​មក​នៅ​តែ​ត្រឹម​ ៤៣ភាគរយវិញ។

លោក​ថេង បញ្ញា​ធន​បានសម្តែង​ពី​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​តាម​គោលដៅ​ដែល​នៅ​សេសសល់​ទាំងនេះ​៖​

«ថ្វី ​ត្បិត​តែ​មាន​គោល​ដៅ​មួយ​ចំនួន​ទៀត​ដែល​យើង​អត់​ទាន់​សម្រេច​បាន​តាម​ការ​ កំណត់​របស់​យើង​នៅ​ឆ្នាំ​២០១៥​មែនក៏ប៉ុន្តែ​ជា​ជំហរ​របស់​រដ្ឋាភិបាល​ក៏​ដូច ​ជាការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​គឺ​យើង​បាន​រៀបចំ​ ជា​ក្របខណ្ឌ​ពន្លឿន​សម្រាប់​ឱ្យឈាន​ទៅ​ដល់​ការ​សម្រេច​បាន​គោលដៅ​ អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​ទាំងអស់​នេះ»។​

ក្របខណ្ឌ​ពន្លឿន​ដែល​ រដ្ឋាភិបាល​ដាក់​ចេញ​នោះ​គឺ​ទាក់​ទង​នឹង​វិស័យ​សង្គម​កិច្ច​និង​សេដ្ឋកិច្ច ​ដូច​ជា​រក្សា​កំណើន​សេដ្ឋកិច្ច​ឱ្យ​នៅ​ថេរ ​ការកសាង​ធន​ធាន​មនុស្ស​ អភិរក្ស​ធនធាន​ធម្មជាតិ​យក​មក​អភិវឌ្ឍន៍​ ជំរុញ​ឱ្យស្ត្រី​បាន​ចូលរួម​ស្មើគ្នា​ជាមួយ​នឹង​បុរស ​ថែរក្សា​សុខភាព​ពលរដ្ឋ​ជាពិសេស​កុមារ​និង​ស្រ្តី​ជាមាតា​និង​ការប្រើ​ ប្រាស់​ទឹកស្អាត​ជាដើម។

ការប្រើ​ប្រាស់​ទឹក​ស្អាត​និង​អនាម័យ​ក្នុង​ចំណោម​ពលរដ្ឋ​នៅជន​បទ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ៕

XS
SM
MD
LG