ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រៀម​ខ្លួន​ទទួល​យក​គោលដៅ​អភិវឌ្ឍន៍​ថ្មី​របស់​អ.ស.ប.


រូបឯកសារ៖ ក្មេងស្រី​ខ្មែរ​ម្នាក់​ជិះកង់​នៅ​ក្បែរ​តំបន់​សំណង់​​អនាធិបតេយ្យ​ដែល​នៅ​ជាយ​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ ក្មេងស្រី​ខ្មែរ​ម្នាក់​ជិះកង់​នៅ​ក្បែរ​តំបន់​សំណង់​​អនាធិបតេយ្យ​ដែល​នៅ​ជាយ​រាជធានី​ភ្នំពេញ។

អ្នក​ជំនាញ​បាន​ប្រាប់​វីអូអេ​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ដើម្បី​បំពេញ​និង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ថ្មី​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​ពង្រឹង​ស្ថាប័ន​រដ្ឋបាល​របស់​ខ្លួន​ ហើយនឹង​​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ។​

កម្ពុជា​មិនទាន់​សម្រេច​បាន​គោល​ដៅ​មួយ​ចំនួន​នៅ​ឡើយ​ទេ​ បើ​ទោះ​ជា​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​អនុវត្ត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ក៏​ដោយ​ ដោយ​គោល​ដៅ​ទាំង​អស់​នេះ​មាន​គោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​ជា​សកល។​

បើ​ទោះជា​យ៉ាង​នេះ​ក្ដី​ កម្ពុជា​ក៏​បាន​សម្រេច​គោលដៅ​មួយ​ចំនួន​ផង​ដែរ។ ​ស្រប​ពេល​ដែល​ការ​កំណត់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការ​សហប្រជាជាតិ​នេះ​ជិត​មក​ដល់​នោះ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​ និង​អ្នក​ធ្វើការ​ខាង​អភិវឌ្ឍន៍​កំពុង​សម្លឹង​មើល​អ្វី​ដែល​កម្ពុជា​សម្រេច​បាន​ និង​អ្វី​ដែល​មិន​ទាន់​បាន​ធ្វើ​ ដើម្បី​រៀបចំ​ខ្លួនសម្រាប់​ការ​ចាប់​ផ្ដើម​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហ​ប្រជាជាតិ។​

បញ្ហា​ទាំង​អស់​នេះ​នឹង​ត្រូវ​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង​ញូយ៉ក​ក្នុង​ខែ​កញ្ញា​នេះ។​

អ្នក​ជំនាញ​បាន​ប្រាប់​វីអូអេ​នា​ពេល​ថ្មី​ៗ​នេះ​ថា​ ដើម្បី​បំពេញ​និង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ថ្មី​នេះ​ ប្រទេស​កម្ពុជា​ត្រូវ​ពង្រឹង​ស្ថាប័ន​រដ្ឋបាល​របស់​ខ្លួន​ ហើយនឹងរក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ផង​ដែរ។​

លោក​ស្រី ​ឃឹះ ធីតា ​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ​ (Silka) ​ដែល​ជា​អង្គការ​អភិវឌ្ឍន៍ផ្តោត​លើ​ស្ត្រី ​បាន​ប្រាប់​វីអូអេ​ថា ​ប្រទេស​កម្ពុជា​បាន​កំណត់​គោល​ដៅ​ដែល​គ្មាន​ភាព​ពិត​ប្រាកដ​មួយ​ចំនួន​ ជា​ពិសេស​សម្រាប់​ស្ត្រី។​

លោកស្រី​បាន​បន្ត​ថា៖​ «សួរ​ថា ​ហេតុអ្វី​គាត់​លើក​គោលដៅ​ហើយ​ គាត់​ធ្វើ​អត់​បាន​ គឺ​គាត់​គ្មាន​មធ្យោបាយ​ ពិសេស​ ច្បាស់​លាស់​ថា ​ដាក់​ស្ត្រី។​ គ្រាន់​តែ​ថា ​ដាក់ ​ប៉ុន្តែ​អត់​មាន​វិធាន​ការ​សមធម៌​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យស្ត្រី​បាន​ទទួល​តួនាទី​ និង​បាន​ឱកាស​ក្នុងការ​បាន​តំណែង​ជា​តំណាង​ប្រជា​ពលរដ្ឋ​ទេ។ ​យើង​មាន​ស្ត្រី​នៅ​ក្នុង​ប្រទេស​យើង​ដល់​ទៅ​៥២​ភាគរយ​ ក៏​ប៉ុន្តែ​ដល់​តំណាង​យើង​មាន​តែ​ត្រឹម ​ឥឡូវ​នេះ ​២០​ភាគរយ។​ ហើយ​នៅ​ថ្នាក់​មូលដ្ឋាន​យើង​មាន​១៧,៧​ភាគរយ»។​

លោក​ស្រី​រស់ សុភាព​ នាយិកា​អង្គការ​យ៉េនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​បាន​និយាយ​ថា ​ការ​ផ្តល់​សិទ្ធិ​អំណាច​របស់​ស្ត្រី​មិន​ទាន់​បាន​ទទួល​ជោគ​ជ័យ​នៅ​ឡើយ​ ហើយ​គម្លាត​ប្រាក់​ឈ្នួល​នៅ​តែ​ជា​បញ្ហា។​

ទោះជា​យ៉ាងណា​ក្តី​ កម្ពុជា​ក៏​មានជោគជ័យ​ដែរ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ ជំងឺ​គ្រុន​ចាញ់​ និង​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត។​

លោក​ថេង បញ្ញាធន ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​នៃ​ក្រសួង​ផែនការ​ បាន​និយាយ​ថា៖​ «គោល​ដៅ​ធំៗ ​យើង​សម្រេច​បាន​ហើយ។​ ប៉ុន្តែ​គោលដៅ​ខ្លះ ​យើង​មិន​ទាន់​សម្រេច​បាន​នោះ​ទេ​ ជាពិសេស​គោល​ដៅ​ទី​៧​ ដែល​ទាក់ទង​នឹង​រឿង​បរិស្ថាន​ នៅ​មាន​ជួប​បញ្ហា​ប្រឈម​ច្រើន»។​

ទោះ​ជា​យ៉ាង​ណា​ក្ដី​ ភាព​ក្រីក្រ​នៅ​តែ​មាន​នៅ​ក្នុង​ប្រទេស ​ហើយ​ការ​ចាក​ចេញ​ពី​ភាព​ក្រីក្រ​នៅ​តែ​មាន​កម្រិតតិច​តូច​នៅ​ឡើយ។​

លោកស្រី​ឃឹះ ធីតា​បាន​ឱ្យ​ដឹង​ថា​ ដើម្បី​បំពេញ​តាម​គោលដៅ​អភិវឌ្ឍន៍​ថ្មី​នេះ​ ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ជ្រើសរើស​យក​គោលដៅ​អាទិភាព​មួយ​ចំនួន​ឱ្យ​បាន​ត្រឹមត្រូវ​ រួមទាំង​ការ​បែង​ចែក​ថវិកា​ឲ្យបាន​ល្អ ​ព្រមទាំងធ្វើការ​ដោយឯករាជ្យ​ផង​ដែរ។​

លោកស្រី​ឃឹះ ធីតា​បាន​និយាយ​ថា៖​«ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍ដោយ​ចីរភាព​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ ​ស្ថាប័ន​ទាំងអស់​ត្រូវតែ​ពិចារណា​និង​ធ្វើ​ការ​ជាមួយ​គ្នា​ ធ្វើ​យ៉ាងណា​ឲ្យមាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​និង​ប្រមូល​ព័ត៌មាន​ទាំងខាង​រដ្ឋាភិបាល​ ខាង​វិស័យ​ឯកជន​ សង្គម​ស៊ីវិល​ ហើយនឹង​ប្រជា​ពលរដ្ឋ ​ដើម្បី​ធានា​ឲ្យ​មាន​សមត្ថភាព​ក្នុង​ការ​សម្រប​សម្រួល​ឲ្យមាន​ការ​សហការ​គ្នា​បាន​ល្អ»។​

លោកស្រី​បាន​បន្ត​ថា៖​«កម្ពុជា​នឹង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ធនធាន​ ព្រមទាំង​បញ្ហា​មួយ​ចំនូន​ទៀត​ ដោយ​សារ​ប្រព័ន្ធ​រដ្ឋបាល​របស់​យើង​មិន​សូវ​មាន​ប្រសិទ្ធភាព»។​

លោក​ស្រី​រស់ សុភាព​បាន​ឱ្យ​ដឹង​ថា ​លោកស្រី​មាន​ភាព​សប្បាយ​រីករាយ​ដែល​កម្ពុជា​នឹង​ចូលរួម​ក្នុង​ការ​ទទួល​យក​គោលដៅ​អភិវឌ្ឍន៍​ចីរភាព​នេះ​ហើយ​លោកស្រី​បាន​ថ្លែង​ថា៖​ «វា​អនុញ្ញាត​ឱ្យ​ប្រទេស​យើង​មាន​ឱកាស​ប្រៀប​ធៀប​លទ្ធផល​របស់​ខ្លួន​ និង​អ្នក​ដទៃ​ ហើយ​នេះ​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល»។​

លោក​ចាន់ សុផល​ អ្នក​វិភាគ​សេដ្ឋកិច្ច​ និង​ជាប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នេះ​អាច​នាំ​មក​នូវ​បញ្ហា​ប្រឈម​ចំពោះ​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល​ខ្លី។​

លោក​បាន​ថ្លែង​ថា៖ ​«ប្រសិន​បើ​យើង​ចង់​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​នោះ ​វា​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ធានា​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​រយៈ​ពេល​វែង។​ ដូច្នេះ​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល​ខ្លី​អាច​បង្កើត​ការ​ស្រងាក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ»។​

មន្រ្តី​នៅ​ក្រសួង​ផែនការ​បាន​បដិសេធ​មិន​ផ្ដល់​មតិ​ទៅ​លើ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នេះ​ទេ​ ​ដោយ​លើក​ឡើង​ថា​ កម្ពុជា​មិន​ទាន់​បាន​អនុម័ត​គោល​ដៅ​អភិវឌ្ឍន៍​ចីរភាព​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕​

XS
SM
MD
LG