នៅថ្ងៃនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្ស Human Rights Watch បានសរសេរក្នុងរបាយការណ៍ពិភពលោកឆ្នាំ២០១៩របស់អង្គការនេះថា នាយករដ្ឋមន្រ្តីហ៊ុន សែនបានប្រើការបង្ក្រាបលើសិទ្ធិមនុស្សនិងប្រើការបោះឆ្នោតក្លែងបន្លំដើម្បីពង្រឹងការក្តាប់អំណាចរបស់លោកតាមប្រព័ន្ធឯកបក្ស។
នៅឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានបន្ថែមការបង្ក្រាបលើគណបក្សប្រឆាំងលើប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ លើអ្នកការពារសិទ្ធិមនុស្សក្នុងស្រុក មេដឹកនាំសហជីព និងសកម្មជនដទៃទៀត។
អាជ្ញាធរបានប្រើប្រព័ន្ធតុលាការពុករលួយនិងបម្រើនយោបាយធ្វើជាអាវុធនយោបាយដើម្បីកាត់ទោសអ្នកគាំទ្រសិទិ្ធមនុស្សនិងអ្នកដែលមានទស្សនៈប្រឆាំង។
ក្នុងឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានបំផ្លាញប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដោយប្រមាញ់អ្នករិះគន់ រំលាយគណបក្សប្រឆាំងដ៏សំខាន់ និងការរៀបចំការបោះឆ្នោតដែលធានាថា ការគ្រប់គ្រងផ្តាច់ការរបស់លោកប្រាកដនឹងបន្ត។ នេះបើតាមលោក Brad Adams ប្រធានអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំអាស៊ី។ លោកហ៊ុនសែនបានរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលមានគោលបំណងបង្កើតឱ្យមានប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ខណៈដែលហត្ថលេខីភាគច្រើនរបស់កិច្ចព្រមព្រៀងនេះបានងាកមុខចេញធ្វើមិនដឹង។
រដ្ឋាភិបាលបានរឹតបន្តឹងលើសិទ្ធិសេរីភាពបញ្ចេញមតិនិងសេរីភាពជួបប្រជុំដោយសន្តិវិធីដោយអនុម័តវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនិងច្បាប់សហជីព រួមទាំងច្បាប់ប្រមាថព្រះមហាក្សត្រនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
សហរដ្ឋអាមេរិកបានជំរុញឱ្យមានការកែលម្អសិទ្ធិមនុស្សតាមរយៈច្បាប់ Magnitsky សម្រាប់ដាក់ទណ្ឌកម្មចំពោះការរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ស្របពេលដែលសហភាពអឺរ៉ុបបានធ្វើការពិនិត្យមើលឡើងវិញជាផ្លូវការនូវការអនុគ្រោះពាណិជ្ជកម្មលើគ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ Everything but Arms ដែលឲ្យប្រទេសកម្ពុជារួចពីការបង់ពន្ធជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។ ទន្ទឹមនឹងនេះដែរ ចិនបានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា ដោយមិនគិតពីសិទ្ធិមនុស្ស។
លោក Brad Adams និយាយថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានបង្ហាញពីភាពជាអ្នកដឹកនាំប្រឆាំងនឹងការបោះឆ្នោតកាលពីខែកក្កដា ដោយដកមូលនិធិគាំទ្រការបោះឆ្នោត និងមិនបញ្ជូនអ្នកអ្នកសង្កេតការណ៍បោះឆ្នោត ហើយទីបំផុតបានដាក់ទណ្ឌកម្មដើម្បីលើកស្ទួយសិទ្ធិមនុស្សទាមទារឱ្យមានកំណែទម្រង់រដ្ឋាភិបាល។ រដ្ឋាភិបាលនៃប្រទេសម្ចាស់ជំនួយផ្សេងទៀតគួរតែធ្វើតាមហើយឲ្យលោកហ៊ុនសែនទទួលខុសត្រូវចំពោះអំពើរំលោភបំពានរបស់លោក៕